Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​កាសែត​យល់​ឃើញ​ខុស​គ្នា​ជុំវិញ​ការ​គំរាម​របស់​លោក ឈាង វុន ទៅ​លើ​អ្នក​យក​ព័ត៌មាន VOA

$
0
0

អ្នក​កាសែត​យល់​ឃើញ​ផ្សេងៗ​គ្នា​ជុំវិញ​ការ​គំរាម​របស់​លោក ឈាង វុន សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា មក​លើ​អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA)។ លោក ឈាង វុន បាន​ហៅ​លោក ហ៊ុល រស្មី ជា​អ្នក​កាសែត​ដែល​បាន​តាំង​សំណួរ​អំពី​ការ​រិះគន់​ថា គណបក្ស​នយោបាយ​ដែល​យក​អាសនៈ​របស់​បក្ស​ប្រឆាំង ហើយ​អង្គុយ​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋសភា គឺ​ជា​តំណាង​ចោរ ថា​ជា​អ្នក​កាសែត​ញុះញង់ និង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា មើល​ឃើញ​ថា សមាជិក​សភា​ពី​ខាង​បក្ស​កាន់​អំណាច​លោក ឈាង វុន មិន​មាន​ចេតនា​អាក្រក់​ណា​មួយ​ប្រឆាំង​នឹង​អ្នក​យក​ព័ត៌មាន​សំឡេង​សហរដ្ឋអាមេរិក នោះ​ទេ។ លោក​កត់​សំគាល់​​ថា បញ្ហា​លោក ឈាង វុន និង​លោក ហ៊ុល រស្មី គ្រាន់​តែ​ជា​ការ​ខ្វែង​គំនិត​គ្នា​តិចតួច​ប៉ុណ្ណោះ៖ «ខ្ញុំ​បាន​ស្ដាប់​សម្ដី​របស់​គាត់​តាំង​ពី​ដើម​ដល់​ចប់ ក្នុង​នាម​ជា​អ្នក​កាសែត​ម្នាក់ ខ្ញុំ​យល់​ឃើញ​ថា ជា​ការ​ប៉ះ​សម្ដី​គ្នា​ទេ វា​មិន​មាន​ការ​បំពារបំពាន​អី​ធ្ងន់ធ្ងរ​ទេ​រឿង​ហ្នឹង​នោះ ពីព្រោះ​គាត់​ក៏​ប្រើ​សម្ដី​ទន់ភ្លន់​ទៅ​រក​អ្នក​កាសែត​យើង​វិញ​ដែរ។ គាត់​មិន​បាន​សម្លុត​គំរាមកំហែង​អី​ធំ​ដុំ​ទេ»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ​លោក ម៉ៃ ទិត្យថារា និពន្ធ​នាយក​កាសែត ខ្មែរ ថាម (Khmer Times) អះអាង​ថា សារ​របស់​លោក ឈាន វុន នេះ​គឺ​ជា​សញ្ញា​នៃ​ការ​គំរាមកំហែង និង​ជា​ការ​បន្ទុក​បន្ថែម​ប្រឆាំង​នឹង​សេរីភាព​សារព័ត៌មាន។

នៅ​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា លោក ឈាន វុន បាន​ប្រតិកម្ម​តប​​ទៅ​នឹង​សំណួរ​របស់​លោក ហ៊ុល រស្មី អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ថា​បាន​បម្រើ​ឲ្យ​បរទេស​ដើម្បី​ញុះញង់​ខ្មែរ៖ «កាល​ណា​យើង​យក​ព័ត៌មាន​មក​លើក​សួរ​បែប​ហ្នឹង​វា​ខុស​ច្បាប់ ហើយ​វា​ជា​ការ​រំលោភ​មួយ។ វិទ្យុ​វីអូអេ ក៏​ជា​វិទ្យុ​ផ្សាយ​សំឡេង​ដែល​ទទួល​លុយ​ពី​សហរដ្ឋអាមេរិក គឺ​ប្រើ​តែ​ភាសា​ហ្នឹង គឺ​ភាសា​ញុះញង់ និង​ភាសា​វាយ​ប្រហារ។ ភាសា​នេះ​មិន​ត្រូវ​នៅ​ក្នុង​រដ្ឋ​សភា​ទេ»

មាន​ត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្មជន​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌​របស់​ប្រទេស។ ម្យ៉ាង​វិញ​ទៀត ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​មាត្រា​៥ ចែង​ថា សារព័ត៌មាន​មាន​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល លើកលែង​តែ​ព័ត៌មាន​ណា​ដែល​បណ្ដាល​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​ជា​ដើម​ប៉ុណ្ណោះ។

ការ​ព្រមាន​របស់​លោក ឈាង វុន មក​លើ​អ្នក​កាសែត វី.អូ.អេ នេះ​ក្នុង​ពេល​រដ្ឋ​សភា​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ប្រជុំ​បែង​ចែក​ជ័យភណ្ឌ​នៃ​អាសនៈ​សភា​ទាំង ៥៥  របស់​បក្ស​ប្រឆាំង​ទៅ​អោយ​គណបក្ស​តូចតាច​ផ្សេង​ទៀត ក្រោយ​តុលាការ​កំពូល​រំលាយ​រួច កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​រូប​នេះ​បាន​ព្រមាន​ លោក ហ៊ុល រស្មី ថា​អាច​នឹង​ត្រូវ​បិទ​ផ្លូវ​ក្នុង​ការ​ចូល​យក​ព័ត៌មាន​នៅ​ក្នុង​រដ្ឋ​សភា នៅ​ពេល​ក្រោយ​ទៀត៖ «ប្រើ​អាកប្បកិរិយា សម្ដី​បែប​ប្រទេស​អាណានិគម​យក​មក​ប្រើ​ក្នុង​ស្ថាប័ន​ជាតិ​មួយ​ប៉ុណ្ណាប៉ុណ្ណី​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្មួយ​ដើរ​ផ្លូវ​ខុស​ហើយ។ ក្មួយ​លែង​ទៅ​ជា​ខ្មែរ​ហើយ។ ខ្ញុំ​មិន​ឆ្លើយ​ទេ ប៉ុន្តែ​ខ្ញុំ​ព្រមាន​ក្មួយ លើក​ក្រោយ​ខ្ញុំ​មិន​ឲ្យ​ក្មួយ​និយាយ​បែប​ហ្នឹង​ទៀត​ទេ។ អ្នក​មុខ​អ្នក​ការ​នៅ​ក្នុង​រដ្ឋសភា​ត្រូវ​ចាំ​មុខ​ទៅ បើ​គេ​មក​យក​ព័ត៌មាន​បាន បើ​អ្នក​សារព័ត៌មាន​មិន​បាច់​ចូល​រដ្ឋសភា​ក៏​បាន​ដែរ។ យើង​និយាយ​គ្នា​ឲ្យ​ច្បាស់»

បើ​ទោះ​ជា​បែប​ណា លោក ហ៊ុល រស្មី បាន​ប្រាប់​អាស៊ីសេរី​ថា លោក​នឹង​នៅ​តែ​បំពេញ​កិច្ចការ​របស់​ខ្លួន​ជា​ធម្មតា។ លោក​អះអាង​ថា ​លោក​ធ្លាប់​ជួប​បញ្ហា​ដូច​នេះ​ពីរ​ដង​ហើយ​ចាប់​តាំង​ពី​លោក​ធ្វើ​ជា​អ្នក​កាសែត។

ចំណែក​និពន្ធ​នាយក​កាសែត​ខ្មែរ ថាម លោក ម៉ៃ ទិត្យថារា វិញ​កត់​សំគាល់​ថា នេះ​មិនមែន​ជា​រឿង​ធម្មតា​ឡើយ ពីព្រោះ​ជា​សម្ដី​ចេញ​ពី​អ្នក​តំណាងរាស្ត្រ។ លោក​ចាត់​ទុក​សម្ដី​លោក ឈាង វុន ថា ជា​​សញ្ញា​ដ៏​គ្រោះថ្នាក់​ដែល​មិន​អាច​មើល​ស្រាល​បាន​ឡើយ៖ «ប្រសិន​បើ​គាត់​មាន​ប្រសាសន៍​បែប​ហ្នឹង​ខ្ញុំ​គិត​ថា វា​ជា​ការ​គំរាមកំហែង​ហើយ ដោយសារ​ឲ្យ​ចំណាំ​មុខ​អ្នក​សារព័ត៌មាន អ៊ីចឹង​មាន​ន័យ​ថា លើក​ក្រោយៗ​ទៀត ប្រហែល​គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​បាន​ទៅ​យក​ព័ត៌មាន​ទៀត ដោយ​គាត់​បាន​ផ្ដាំ​ផ្ញើ​អ៊ីចឹង​ទៅ​ហើយ»

អង្គការ ហ្វ្រីឌឹម ហៅស៍ (Freedom House) បាន​ចាត់​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា សព្វថ្ងៃ​នេះ​ថា ជា​ប្រទេស​គ្មាន​សេរីភាព ស្រប​ពេល​ដែល​រដ្ឋាភិបាល​ព្យាយាម​កម្ចាត់​បណ្ដាញ​សារព័ត៌មាន​​ឯករាជ្យ​មួយ​ចំនួន​ចេញ​កម្ពុជា។

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​បាន​បើក​ដំណើរការ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ទៅ​វិញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា។ ការ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ទាំង​កំពុង​ប្រតិបត្តិការ​នៅ​ឡើយ​នេះ នៅ​ពេល​រដ្ឋាភិបាល​ប្រើប្រាស់​ផ្លូវ​ច្បាប់​គាបសង្កត់​ក្រោម​ហេតុផល​មិន​សមរម្យ ដែល​ចោទ​ថា កាសែត​នេះ​ខកខាន​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ចូល​រដ្ឋ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ។ ស្ថិត​ក្រោម​សម្ពាធ និង​ហេតុផល​ដូច​គ្នា​នេះ ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ របស់​វិទ្យុ​អាស៊ីសេរី ក៏​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ដែរ។ អ្នក​ជំនាញ​វិស័យ​សារព័ត៌មាន​យល់​ឃើញ​ថា កាសែត​ដែល​អាច​នៅ​ឈរ​ជើង​បាន​មាន​តែ​ក្រុម​កាសែត​ដែល​​គាំទ្រ​រដ្ឋាភិបាល​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles