Quantcast
Viewing all articles
Browse latest Browse all 11174

ខែត្រ​កែប​មិន​ទាន់​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បក្ស​ប្រឆាំង​​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច

Image may be NSFW.
Clik here to view.

ខែត្រ​កែប នៅ​មិន​ទាន់​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​ជាប់​ឆ្នោត​ណា​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ឡើយ គិត​ត្រឹម​ថ្ងៃ​ផុត​ឱសានវាទ ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដាក់​កំហិត​ឲ្យ​អតីត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បក្ស​ប្រឆាំង​ចុះ​ចូល។

​ប្រធាន​ប្រតិបត្តិ​ខែត្រ​នេះ អះអាង​ថា មាន​តែ​សកម្មជន​ភាគ​តិច​តែប៉ុណ្ណោះ ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ដោយ​ឡែក ក្រុមប្រឹក្សាឃុំ​សង្កាត់ ទូទាំង​ខែត្រ​កែប ដែល​ជាប់​ឆ្នោត​ពី​ឆន្ទៈ​ពលរដ្ឋ មិន​ទាន់​មាន​នរណា​ម្នាក់​ចុះ​ចូល​នឹង​បក្ស​កាន់​អំណាច​ឡើយ បើទោះជា​រង​ការ​គំរាម​គ្រប់​រូបភាព​ពី​មន្ត្រី​បក្ស​កាន់​អំណាច​ក៏ដោយ។

​លោក នន់ តារា ប្រាប់​ថា អ្នក​ដែល​បាន​ទៅ​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ខែត្រ​កែប ភាគ​ច្រើន​គឺ​ជា​អតីត​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ អូស​ទាញ​បាន​កាល​ពី​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥។ លោក​បន្ត​ថា សម្រាប់​អ្នក​នយោបាយ ការ​អូសទាញ​មនុស្ស​ពី​គណបក្ស​ផ្សេង​ទៅ​គាំទ្រ​គណបក្ស​ខ្លួន​គឺ​ជា​រឿង​ធម្មតា៖ «បើ​និយាយ​ខែត្រ​កែប តាម​ផ្លូវ​ការ​អត់​មាន​ទេ ក្រុមប្រឹក្សា​ដែល​ជាប់​ឆ្នោត​ហ្នឹង តាំង​ពី​ណែនាំ​ជំទប់​ជាប់​ឆ្នោត​អត់​មាន​ទេ ប៉ុន្តែ​វា​ធ្វើ​មិនបាន​ពេក ទៅ​វា​យក​អាចក់អាចែមៗ បាន​ពីរ​បី​នាក់ ដូច​ជា​មិន​បាន​ចេញ​ជា​ផ្លូវការ​ទេ។ ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​អី​ផង ព្រោះ​អា​ហ្នឹង​អា​ខ្លះ​គ្មាន​ឥទ្ធិពល​អី​ទេ មក​ពី​គណបក្ស​ប្រជាជន​ពីរ​បី​នាក់ មក​ប្រជុំ​ យើង​ទាញ​មក​ គេ​ទាញ​ទៅ​វិញ​អី​អ៊ីចឹង​ទៅ។ មិន​មាន​ឥទ្ធិពល​អី​ទេ​ប៉ុន្មាន​នាក់​ហ្នឹង​នោះ​ខ្ញុំ​អ្នក​ទាញ​មក​ពី​គណបក្ស​ប្រជាជន ​យើង​សង្ស័យ​ដែរ យើង​ទាញ​ដើម្បី​បាន​សំឡេង​អី​អ៊ីចឹង​ទៅ​ឲ្យ​បាន​គ្នា​មក​ចូល​រួម​ច្រើន អ៊ីចឹង​អត់​មាន​ក្រុមប្រឹក្សា​ខ្ញុំ​ខាង កែប អត់​មាន​ទេ​ណា|»

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​រំលាយ​បក្ស​ប្រឆាំង​បណ្ដាល​ឲ្យ​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ បាត់បង់​ការងារ​ធ្វើ បាន​ដាក់​ឱសាវាទ​ឲ្យ​អតីត​សមាជិក​ក្រុមប្រឹក្សា​ទាំង​នោះ ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ត្រឹម​ម៉ោង ៩​យប់ ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​រក្សា​តួនាទី តំណែង​នៅ​ក្នុង​ឃុំ​សង្កាត់ និង​ថ្នាក់​ក្រុង​ស្រុក​ខណ្ឌ ខែត្រ​រាជធានី រហូត​ដល់​តំណែង​តំណាងរាស្ត្រ។ មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​នៅ​ពិភពលោក​រូប​នេះ ហៅ​ការ​ដាក់​កំហិត និង​ការ​ព្រមាន​ចាប់​ខ្លួន​អ្នក​ស្មោះស្ម័គ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចុះចូល​ជាមួយ​បក្ស​ខ្លួន​ថា ជា​ការ​ផ្ដល់​ឱកាស​សម្រាប់​ពួកគេ​បាន​ថែរក្សា​តួនាទី​របស់​ខ្លួន។

​អាស៊ីសេរី​មិន​អាច​ស្នើសុំ​ការ​បញ្ជាក់​ពី​អភិបាល​ខែត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ខែត្រ​កែប លោក កែន សត្ថា អំពី​ចំនួន​មនុស្ស​ដែល​គណបក្ស​ប្រជាជន​កម្ពុជា អូសទាញ​បាន​ពី​បក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​កែប បាន​ទេ នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា។ ប៉ុន្ដែ​សម្រាប់​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​គាំទ្រ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ​ហ្វ្រេសញូវ (Fresh News) នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា នេះ អះអាង​ថា សម្រាប់​ខែត្រ​កែប មាន​មនុស្ស​ចំនួន ៥​នាក់ បាន​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច គិត​ត្រឹម​ព្រលប់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា។

អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម ស៊ុនឌឿន មើល​ឃើញ​ថា ការ​ប្រើ​គ្រប់​វិធី​ដើម្បី​ទាក់ទាញ​សមាជិក​របស់​គណបក្ស​ប្រឆាំង​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច នឹង​មិន​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​មាន​តែ​ចំនួន​សមាជិក​ច្រើន ប៉ុន្តែ​សំឡេង​ឆ្នោត​គាំទ្រ​ពី​សមាជិក នឹង​មិន​មាន​ការ​កើន​ឡើង​នោះ​ទេ ព្រោះ​អ្នក​ខ្លះ​អាច​ចូល​រួម​ទាំង​មិន​ពេញ​ចិត្ត។

​លោក សាម ស៊ុនឌឿន បន្ដ​ថា ប្រសិនបើ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក​មើល​មិន​ឃើញ​ពី​ជ័យជំនះ ឬ​ការ​កើន​សំឡេង​របស់​គណបក្ស​កាន់​អំណាច​ដោយសារ​តែ​ការ​ទាញ​យក​សមាជិក​ក្រុមប្រឹក្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ៖ «ជា​ការ​លើក​ឡើង​ចំនួន​សមាជិក​ ឬ​មួយ​ប្រជាជន បើ​ប្រជាជន​វា​មាន​ជំនឿ​លើ​អី តើ​ជំនឿ​ប្រជាជន​កើន​លើ​អី? បើ​ប្រជាជន​ខ្មែរ​ដឹង​រឿង​ច្រើន​ណាស់​ឥឡូវ ចេះ​វិភាគ បើ​សមាជិក​ក្រុមប្រឹក្សា​វា​អ៊ីចឹង​ដែរ មិន​ថា​ប្រទេស​លោក​សេរី»

​អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខែត្រ​កែប លោក នន់ តារា អះអាង​ថា សកម្មភាព​ជោគជ័យ​របស់​បក្ស​កាន់​អំណាច​ដែល​អូសទាញ​បាន​សកម្មជន​មួយ​ចំនួន​ពី​បក្ស​ប្រឆាំង​វិញ​នោះ នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​កែប នោះ​ទេ ព្រោះ​សកម្មជន​ទាំង​នោះ​គឺ​ជា​អតីត​មនុស្ស​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​អូសទាញ​បាន​កាល​ពី​ពេល​កន្លង​មក​ដែរ។

​ខែត្រ​កែប ជា​ខែត្រ​តូច​ជាង​គេ​នៅ​កម្ពុជា។ ខែត្រ​នេះ​មាន​ស្រុក​១ និង​ក្រុង​១ និង​មាន​ឃុំ​សង្កាត់​ចំនួន​៥។ កាល​ពី​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​៧ ដែល​ទទួល​បាន​តំណែង​ជំទប់​ទី​២ ចំនួន ៥​ឃុំ។ ឯ​ក្រុមប្រឹក្សា​ក្រុង​កែប ចំនួន ២​នាក់ ក្រុមប្រឹក្សា​ស្រុក​ដំណាក់ចង្អើរ ចំនួន​ម្នាក់ និង​ក្រុមប្រឹក្សា​ខែត្រ​កែប ចំនួន ២​នាក់ ដែល​សរុប​ទូទាំង​ថ្នាក់​ខែត្រ ក្រុង​ស្រុក និង​ឃុំ​សង្កាត់ នៅ​ខែត្រ​កែប គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ១២​អាសនៈ។

​អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​កែប លោក នន់ តារា ឲ្យ​ដឹង​ថា សមាជិក​ក្រុមប្រឹក្សា​នៅ​ខែត្រ​កែប ក៏​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ រង​ការ​រំខាន និង​ការ​បង្ខំ​ឲ្យ​ចុះ​ចូល​ពី​បក្ស​កាន់​អំណាច មិន​ខុស​ពី​សមាជិក​ក្រុមប្រឹក្សា​ដទៃ​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទូទាំង​ប្រទេស​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles