Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ខឹង​លោក សម រង្ស៊ី ប្រដូច​រូប​លោក​ទៅ​នឹង​មេដឹកនាំ​ផ្ដាច់ការ​រលើ​លោក

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខឹង​នឹង​លោក សម រង្ស៊ី យ៉ាង​ខ្លាំង ដែល​ប្រដូច​រូបលោក​ទៅ​នឹង​មេដឹកនាំ​ផ្តាច់ការ និង​កាន់​អំណាច​យូរ​ជាង​គេ​នៅ​ពិភពលោក ដែល​ទើប​ទម្លាក់​ចេញ​ពី​អំណាច។ មន្ត្រី​ច្បាប់ និង​សិទ្ធិមនុស្ស​អន្តរជាតិ សុទ្ធតែ​ព្យាករ​ដូច​គ្នា​ថា មិន​យូរ​មិន​ឆាប់ លោក ហ៊ុន សែន នឹង​ចាប់​ផ្តើម​បោសសម្អាត​មនុស្ស​នៅ​ជួរ​បក្ស​កាន់​អំណាច​ខ្លួន​ឯង​ដែល​អ្នក​ទាំង​នោះ​មិន​ពេញ​ចិត្ត​នឹង​ការដឹកនាំ​បែប​ផ្តាច់ការ​របស់​លោក។

​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខឹង​ខ្លាំង​ទៅ​នឹង​អ្នក​ណា​ដែល​ប្រដូច​រូប​គាត់​ទៅ​នឹង​មេដឹកនាំ​ផ្តាច់ការ​ជាង​គេ​លើ​លោក ដូចជា​លោក សាដាម ហ៊ូសេន (Saddam Hussein ) លោក មូអាម៉ា ហ្គាដាហ្វ៊ី (Muammar Gaddafi) និង​លោក រ៉ូប៊ើត មូហ្គាបេ (Robert Mugabe) ជាដើម​នោះ។ ប៉ុន្តែ សារ​ខឹងសម្បា​របស់​លោក ហ៊ុន សែន លើក​នេះ គឺ​សំដៅ​ទៅ​លោក សម រង្ស៊ី។

ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​កាត់ដេរ​រាប់ពាន់​នាក់​នៅ​កោះពេជ្រ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​លួង​ចិត្ត​កម្មករ​ឲ្យ​ងាក​មក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា លោក ហ៊ុន សែន អះអាង​ថា លោក​គ្មាន​ចរិត​បំបែកបំបាក់​អ្នក​ដទៃ​ដូច​មេដឹកនាំ​ផ្តាច់កា​រទាំង​នោះ​ទេ៖ «មាន​អា​មួយ​នោះ មិន​ដឹង​ស្អី​វា! ថ្ងៃ​មុន​វា​ប្រកាស​ថា លោក ហ៊ុន សែន ធ្វើ​ដូច មូហ្គាបេ។ បើ ហ៊ុន សែន ធ្វើ​ដូច មូហ្គាបេ ខ្ញុំ​ត្រូវ​ធ្វើ​ជាង ៣០​ឆ្នាំ​ទៀត អា​ហ្នឹង​បាន​វា​ត្រូវ ព្រោះ មូហ្គាបេ អាយុ ៩៥​ឆ្នាំ»

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ប្រកាស​ចូល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ នៅ​ចំ​ថ្ងៃ​ដែល​លោក ហ៊ុន សែន រម្លាយ​គណបក្ស​ប្រឆាំង​បាន​សម្រេច លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៧ បាន​សរសេរ​សារ​នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា "ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ (Zimbabwe) អបអរសាទរ​ការ​ធ្លាក់​ពី​តំណែង​របស់​ជន​ផ្តាច់ការ រ៉ូប៊ើត មូហ្គាបេ ដែល​បាន​កាន់​អំណាច​ជាង ៣០​ឆ្នាំ​មក​ហើយ។ នៅ​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​នឹង​អបអរសាទរ​ដូច​គ្នា​អ៊ីចឹង​ដែរ ការ​ធ្លាក់​ពី​តំណែង​របស់​ជន​ផ្ដាច់ការ ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង ៣០​ឆ្នាំ​មក​ហើយ​ដែរ។ ដូច​នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ សូម​កងកម្លាំង​ប្រដាប់អាវុធ​ឈរ​ខាង​ប្រជារាស្ត្រ ហើយ​កុំ​ស្តាប់​បង្គាប់​ជន​ផ្ដាច់ការ​ទៀត"។ លោក សម រង្ស៊ី បញ្ជាក់​នៅ​ចុងបញ្ចប់​នៃ​សារ​នោះ​ថា "លោក ហ៊ុន សែន អស់​លក្ខណ៍​ហើយ"

ព្រឹត្តិការណ៍​ទម្លាក់​លោក រ៉ូប៊ើត មូហ្គាបេ ចេញ​ពី​តំណែង​នៅ​មួយ​ថ្ងៃ​មុន​លោក ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​នេះ ត្រូវ​បាន​លោក សម រង្ស៊ី ថ្លែង​ក្នុង​កម្មវិធី​ផ្សាយ​របស់​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ថា​នេះ​ជា​សញ្ញា​បញ្ជាក់​ថា ពេលវេលា​នៃ​ការ​ក្រាញ​អំណាច​របស់​មេដឹកនាំ​ផ្ដាច់ការ​រលើ​លោក​កាន់​តែ​ខើច​ខ្លី​ណាស់​ហើយ៖ «មិន​មែន​ជា​រឿង​ចៃដន្យ​ទេ។ អ្នក​កាន់​អំណាច​កាន់តែ​យូរ ពេល​វេលា​នៃ​ធ្លាក់​ពី​អំណាច​ក៏​កាន់តែ​ខិត​ជិត​មក​ដល់»

​អ្នក​ច្បាប់​អន្តរជាតិ ក៏​មើល​ឃើញ​អំពី​ថ្ងៃ​អវសាន​ដែល​ខិតជិត​ចូល​មក​ដល់​នៃ​បាត់បង់​អំណាច​របស់​លោក ហ៊ុន សែន ដែរ។ លោក រីឆាត រ៉ូជើរ (Richard Rogers) ដែល​គ្រោង​ដាក់​ភស្តុតាង​បន្ថែម​ប្រឆាំង​លោក ហ៊ុន សែន នៅ​ពេល​ឆាប់ៗ​នេះ ប្រាប់​អាស៊ីសេរី ថា ទង្វើ​របស់​លោក ហ៊ុន សែន កំពុង​ឈាន​ទៅ​បំផ្លាញ​ខ្លួន​ឯង​ហើយ នៅ​ពេល​បំផ្លាញ​អ្នក​ដទៃ​ដែល​នៅ​ជុំវិញ​ខ្លួន​អស់​ហើយ​នោះ៖ «យើង​ទាំង​អស់​គ្នា​ឃើញ​ទំនោរ​នៃ​ចុង​បញ្ចប់​របស់​លោក ហ៊ុន សែន ច្បាស់​ហើយ។ មនុស្ស​ដែល​ជា​គោលដៅ​ដែល​គាត់​បន្ត​កម្ចាត់ ព្រោះ​គាត់​កាន់​តែ​មាន​ជំងឺ​មិន​ទុក​ចិត្ត​អ្នកដទៃ​កាន់​តែ​ធ្ងន់ធ្ងរ​យ៉ាង​នេះ។ មិន​យូរ​ទេ គាត់​នឹង​កម្ទេច​មនុស្ស​របស់គាត់​តែម្តង។ គាត់​បាន​បំបាត់​មនុស្ស​បក្ស​ប្រឆាំង គាត់​បាន​បំបិទ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​បាន​ដូច​បំណង​ហើយ ដូច្នេះ​គាត់​នឹង​ចាប់​ផ្ដើម​ធ្វើ​ទុក្ខបុកម្នេញ​មនុស្ស​របស់​គាត់​វិញ​ម្ដង អាច​រហូត​ដល់​សម្លាប់​សមាជិក​ក្រុម​គ្រួសារ​គាត់​ថែម​ទៀត​ផង។  ដូច្នេះ ច្បាស់​ណាស់ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ឯង​នឹង​ក្លាយ​ជា​មុខ​សញ្ញា​កម្ចាត់​ចោល​របស់​លោក ហ៊ុន សែន នៅ​ពេល​បន្ទាប់​ទៀត​នេះ»

​បញ្ហា​មិន​ទុក​ចិត្ត​អ្នក​ដទៃ​នេះ ក៏​ឃើញ​កើត​មាន​នៅ​ក្នុង​របៀប​គ្រប់គ្រង​របស់​កម្មាភិបាល​ខ្មែរក្រហម​ក្នុង​របប​ខ្មែរ​ក្រហម​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩ ដែរ។ ការ​សម្លាប់​រង្គាល​ក្នុង​របប​ខ្មែរក្រហម កើត​ចេញ​ពី​ការ​ចោទ​អ្នក​ដទៃ​ដែល​មិន​ស្រប​នឹង​គំនិត​ខ្លួន ថា​ជា​ខ្មាំង​ប្រឆាំង​អង្គការ និង​ត្រូវ​សម្លាប់​ចោល។ ចុង​ក្រោយ​ពេល​មនុស្ស​ក្រៅ​អង្គការ​ត្រូវ​បាន​សម្លាប់​អស់ ពួក​ខ្មែរក្រហម​ក៏​បាន​ចាប់​ផ្ដើម​បោសសម្អាត​ផ្ទៃក្នុង​ដោយ​រួម​ទាំង​ការ​សម្លាប់​កម្មាភិបាល និង​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​បក្ស​ខ្លួន​ឯង​តែម្តង។ គុក​ទួលស្លែង គឺ​ជា​មន្ទីរ​ឃុំឃាំង សួរចម្លើយ ធ្វើ​ទារុណកម្ម​កម្មាភិបាល​ខ្មែរ​ក្រហម​ដែល​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា​ជា​ខ្មាំង។ វាលពិឃាត​ជើងឯក គឺ​ជា​ទី​ដែល​អ្នក​ទោស​ទាំង​នោះ​ត្រូវ​យក​ទៅ​សម្លាប់​ចោល។

​ចំណែក​ឯ​មន្ត្រីជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ ក៏​មើល​ឃើញ​ពី​សញ្ញា​នៃ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម ដែល​នាំ​ប្រទេស​កម្ពុជា ឲ្យ​រងគ្រោះថ្នាក់​ដោយ​អំណាច​ផ្ដាច់ការ​បែប​នេះ​នោះ​ដែរ។ នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) អះអាង​ថា លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​បទល្មើស​ទាំង​ក្នុង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា ជាពិសេស​សម្ដី​បញ្ជាក់​ពី​ចេតនា​ឧក្រិដ្ឋ​ក្នុង​ពេល​ថ្មីៗ​នេះ ដែល​លោក ហ៊ុន សែន បង្ហាញ​ការ​សោកស្ដាយ​ដែល​គាត់​មិន​បាន​បញ្ជា​ឲ្យ​សម្លាប់​ហ្វូង​បាតុករ ដែល​តវ៉ា​លទ្ធផល​បោះឆ្នោត ឆ្នាំ​២០១៣ ឲ្យ​អស់។

លោក ប៊្រែដ អាដាម ក៏​យល់​ឃើញ​ដែរ​ថា លោក ហ៊ុន សែន គួរ​មើល​ជោគវាសនា​របស់​មេដឹកនាំ​ផ្ដាច់ការ រ៉ូប៊ើត មូហ្គាបេ ដែល​នឹក​ស្មាន​ថា មនុស្ស​ក្នុង​បក្ស​គាត់​ពេញ​ចិត្ត ឬ​គាំទ្រ​គាត់​ជា​រៀង​ដរាប​មក ទោះ​ឃើញ​ពួកគេ​មិន​មាត់ៗ​ក៏ដោយ ប៉ុន្តែ​តាម​ការពិត​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​ការដឹកនាំ​បែប​នេះ​នោះ​ទេ គ្រាន់តែ​ពួកគេ​មិន​ហ៊ាន​និយាយ៖ «លោក ហ៊ុន សែន គ្មាន​ប្រជាប្រិយ​នៅ​ក្នុង​ជួរ​បក្ស​របស់​គាត់​នោះ​ទេ ព្រោះ​អី​មន្ត្រី​បក្ស​ដែល​មាន​គំនិត​ផ្ទុយ​ពី​គាត់ សុទ្ធតែ​ត្រូវ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​ក្នុង​ការ​កម្ចាត់​ចោល។ យើង​ដឹង​ស្រាប់​ហើយ លោក ហ៊ុន សែន ធ្លាប់​ចាប់​ខ្លួន​មនុស្ស​ដែល​ជា​ខ្សែ​លោក ជា ស៊ីម ជា​ច្រើន​កន្លង​មក។ ក្រោយ​មក​គាត់​បាន​ធ្វើ​ឲ្យ​ខ្សែ​លោក ស ខេង ចុះ​ខ្សោយ។ និយាយ​រួម មនុស្ស​នៅ​ក្នុង​បក្ស​កាន់​អំណាច​ដែល​មិន​ស្របតាម​ការ​ដឹកនាំ​បែប​ហិង្សា និង​ឃោរឃៅ​របស់​លោក ហ៊ុន សែន គឺ​សុទ្ធតែ​ត្រូវ​បាន​ផាត់​បោស​សម្អាត។ ការ​ថ្នាំងថ្នាក់​នេះ​កំពុង​កើត​មាន​យ៉ាង​ច្រើន​នៅ​ក្នុង​ជួរ​បក្ស​កាន់​អំណាច ហើយ​ខ្ញុំ​ជឿជាក់​ថា ថ្ងៃ​មួយ​វា​ផ្ទុះ​ឡើង​ជា​មិន​ខាន»

ទោះជា​យ៉ាងនេះ​ក្តី លោក ហ៊ុន សែន នៅ​តែ​អះអាង​ថា ការដឹកនាំ​របស់​លោក​នៅ​តែខ្លាំង៖ «អញ​សុំ​ប្រាប់​អ្ហែង​ទៅ​វិញ! មួយ​ជីវិត​របស់​គណបក្ស​ប្រជាជន ​ខ្លាំង​ជាង​គេ​គឺ​សាមគ្គីភាព»

លោក ហ៊ុន សែន អះអាង​បន្ថែម​ថា គាត់​ពូកែ​ខាង​យុទ្ធសាស្ត្រ​បំបែក​បក្ស​ប្រឆាំង​ដែល​សូម្បីតែ​មន្ត្រី​ជួរ​ផ្ទៃក្នុង​បក្ស​ក៏​មិន​ឲ្យ​ដឹង​ដែរ ពី​យុទ្ធសាស្ត្រ​បំបែក​បំបាក់​នេះ។ ទោះ​ជា​លោក ហ៊ុន សែន ថា ការ​អំពាវនាវ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល គឺ​ជា​ការ​ផ្ដល់​ឱកាស និង​ការ​បង្ហាញ​ពី​ចិត្តធម៌​របស់​លោក​ក្នុង​ការ​សន្ដោស​ប្រោសប្រណី​អ្នក​ដែល​មិន​ដឹង​អី​ក៏ដោយ ក៏​ទាំង​នៅ​ក្នុង​សារ​ផ្ទៃក្នុង​គណបក្ស និង​សារ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ​នេះ បង្ហាញ​ច្បាស់​អំពី​កលល្បិច​បំផ្លាញ​គណបក្ស​ប្រឆាំង ដូចជា​លើក​ថ្ងៃ​ឱសានវាទ​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​បង្ក​ការ​លំបាក​ដល់​មន្ត្រី​បក្ស​ប្រឆាំង​ក្នុង​ការ​រក​យុទ្ធសាស្ត្រ​ទប់ស្កាត់​ចេតនា ទិញ​ទឹក​ចិត្ត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​បែប​នេះ៖ «ក្បាច់​របស់​ឯង​មិន​ឈ្នះ​អញ​ទេ! អ្នក​ឯង​មិន​អាច​ប៉ាន់ស្មាន​ជំហាន​ដើរ​របស់ ហ៊ុន សែន ត្រូវ​ទេ»

​នៅ​លើ​ពិភពលោក មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​នៅ​សល់តែ​លោក ហ៊ុន សែន មួយ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក មូហ្គាបេ ធ្លាក់​ចេញ​ពី​អំណាច។ លោក ហ៊ុន សែន កាន់​អំណាច​អស់​រយៈពេល​ជាង ៣២​ឆ្នាំ​មក​ហើយ គិត​មក​ត្រឹម​ថ្ងៃ​នេះ។ មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ចាត់​ទុក​លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ និង​ជា​អ្នក​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ថា​ល្មម​ដល់​ពេល​លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង​កុំ​ចាំ​គេ​ទាញ​ទម្លាក់។ មេដឹកនាំ​ផ្ដាច់ការ​នៅ​លើ​ពិភពលោក​ដែល​ក្រាញ​អំណាច​យូរ​ឆ្នាំ សុទ្ធតែ​ធ្លាក់​ពី​តំណែង​ដោយ​ការ​ទាញ​ទម្លាក់​យ៉ាង​ហិង្សា និង​ដោយ​កំហឹង​ពី​មហាជន ឬ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​ខ្លួន​ឯង។

អតីត​មេដឹកនាំ​ប្រទេស​អ៊ីរ៉ាក់ លោក សាដាម ហ៊ូសេន ត្រូវ​បាន​ព្យួរ​ក​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០០៦។ អតីត​មេដឹកនាំ​ប្រទេស​លីប៊ី លោក មូអាម៉ា ហ្កាដាហ្វ៊ី ត្រូវ​បាន​កងកម្លាំង​ប្រដាប់​អាវុធ​លីប៊ី បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១១។ ចំណែក​មេដឹកនាំ​ផ្ដាច់ការ​ជា​ច្រើន​រូប​ទៀត ដែល​នៅ​រស់​រាន​មាន​ជីវិត ក្រោយ​ទម្លាក់​ពី​អំណាច និង​អ្នក​ខ្លះ​កំពុង​កាន់​អំណាច​នៅ​ឡើយ ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC បើក​ការ​ស៊ើប​អង្កេត និង​ផ្ដន្ទាទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ដែល​ប្រព្រឹត្ត​ក្នុង​ពេល​កំពុង​កាន់​អំណាច ដូច​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ ដោយសារ​ហេតុផល​នយោបាយ​នេះ​ជាដើម​ដែល​ជា​ធាតុ​ផ្សំ​បទល្មើស​ក្នុង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles