
មេឃុំចៅសង្កាត់គណបក្សសង្គ្រោះជាតិ នៅតាមបណ្ដាខេត្តមួយចំនួន មិនហ៊ានទៅធ្វើការបម្រើប្រជាពលរដ្ឋនោះទេ ដោយគេចពីអាជ្ញាធរដែលតាមចែចូវឲ្យទៅរួមរស់ជាមួយគណបក្សកាន់អំណាច។
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅតាមបណ្ដាខេត្តមួយចំនួន សម្ដែងការព្រួយបារម្ភជាខ្លាំងទៅនឹងស្ថានការណ៍នយោបាយបច្ចុប្បន្ន ដែលជំរុញឲ្យពួកគាត់មិនអាចធ្វើការជូនម្ចាស់ឆ្នោតបាន។
ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង លោក ម៉ៅ វិបុល ឲ្យដឹងនៅថ្ងៃទី១៥ វិច្ឆិកា ថា មេឃុំចៅសង្កាត់គណបក្សលោក នៅស្ទើរគ្រប់ស្រុកត្រូវបានអាជ្ញាធរមូលដ្ឋានគណបក្សកាន់អំណាចសម្លុតគំរាមកំហែង ខណៈដែលពួកគេមិនព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៖ «សូមឲ្យរដ្ឋាភិបាលគោរពច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ ព្រោះសង្គមប្រជាធិបតេយ្យយកពលរដ្ឋជាធំតែឥឡូវនេះអាជ្ញាធរយកអំណាចមកគាបសង្កត់ និងបំភិតបំភ័យដល់មន្ត្រីគណបក្សសង្គ្រោះជាតិ»។
ករណីអាជ្ញាធរគំរាមកំហែងក្រុមប្រឹក្សាឃុំសង្កាត់បក្សប្រឆាំងនេះ ពុំមែនមាននៅខេត្តស្វាយរៀងមួយប៉ុណ្ណោះទេ នៅខេត្តកំពង់ចាម និងមួយចំនួនទៀតក៏មានបញ្ហានេះដែរ។
ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម លោក សាន សឿង មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំសង្កាត់គណបក្សលោកភាគច្រើន រត់គេចខ្លួនមិនហ៊ានចូលធ្វើការបម្រើប្រជាពលរដ្ឋនោះទេ។ លោកអះអាងថា សមត្ថកិច្ចគណបក្សកាន់អំណាចមានមន្ត្រីប៉ូលិស ទាហាន កងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរឃុំស្រុក និងខេត្តជាដើម ប្រើរូបភាពថ្មីគឺការគំរាមកំហែងសម្លុតកាន់តែខ្លាំង មកលើមន្ត្រីគណបក្សលោក ដើម្បីបង្ខំឲ្យពួកគេទៅជ្រកក្រោមដំបូលទេវតា៖ «មានឃុំខ្លះបងប្អូនគ្រាន់តែផឹកតែ ផឹកកាហ្វេក៏គេតាមថតតាមសួរនាំ ហើយគេប្រើពាក្យថា ប្រយ័តជាប់គុក ដោយសារបងប្អូនសមាជិកក្រុមប្រឹក្សាឃុំខ្លះ គាត់ជួបជាមួយប្រជាពលរដ្ឋដែលជាធម្មតាយើងត្រូវមានទំនាក់ទំនងគ្នា ហើយបើគ្រាន់តែសកម្មភាពដូច្នេះ ក៏ទៅចោទប្រកាន់ឬក៏ទៅសួរនាំហាក់ដូចជាមានការភ័យស្លន់ស្លោយ៉ាងមិចទេ ខ្ញុំដូចមិនយល់»។
ឆ្លើយតបនឹងបញ្ហានេះអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកពុំបានដឹងពីការគំរាមកំហែងនេះទេ។ ប៉ុន្តែលោកអះអាងថា ករណីអាចជាការប្រឌិតក្នុងចេតនាដើម្បីបំពុលបរិយាកាស នៅមុនពេលតុលាការកំពូលជម្រះក្ដីរំលាយគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ៖ «ខ្ញុំគិតថា ការគំរាមសម្លាប់អីបានវាជាការគំរាម បើគ្រាន់ជាការឃោសនាគោលការណ៍នយោបាយរបស់គណបក្សមួយទៅគណបក្សមួយ ដើម្បីឲ្យមករួមរស់ជីវភាពជាមួយគណបក្សមួយ វាមានរឿងអី ប្រជាធិបតេយ្យគេធ្វើអ៊ីចឹង។ បើយើងមិនជឿគេ យើងនៅស្ងៀមទៅយើងមិនចូលទៅ ព្រោះនៅក្នុងច្បាប់មានចែងតើ»។
ទោះជាយ៉ាងណា រហូតមានទល់ពេលនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ជាច្រើននាក់ ដូចជានៅខេត្តបាត់ដំបង ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ និងខេត្តកំពតជាដើម អ្នកខ្លះបានរត់ទៅលាក់ខ្លួនរកទីសុវត្ថិភាពនៅទីស្នាក់ការគណបក្ស និងមួយចំនួនបានរត់គេចទៅក្រៅប្រទេស៕