
មន្ត្រីអង្គការសង្គមស៊ីវិលព្រួយបារម្ភអំពីចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដែលចេញលិខិតបញ្ជាទៅអភិបាលរាជធានី ខេត្តទូទាំងប្រទេស ឲ្យរៀបចំក្រុមការងារតាមដានឃ្លាំមើលអ្នកមានឧបាយកលទាំងឡាយណាដែលចង់ផ្ដួលរំលំរដ្ឋាភិបាល។ មន្ត្រីអង្គការសង្គមស៊ីវិលដដែលលើកឡើងថា បទបញ្ជានេះ នឹងធ្វើឲ្យប៉ះពាល់សិទ្ធសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
មន្ត្រីអង្គការសង្គមស៊ីវិលហៅវិធានការរបស់ក្រសួងមហាផ្ទៃនេះ ជាការព្រួយបារម្ភចំពោះប្រជាពលរដ្ឋហួសហេតុ។
ប្រធានបណ្ដាញគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍នៅថ្ងៃទី១៣ វិច្ឆិកា ថា ស្ថានការណ៍នយោបាយបច្ចុប្បន្នហាក់ឡើងកម្ដៅកាន់តែខ្លាំង ត្បិតក្រសួងមហាផ្ទៃ ចេញលិខិតបញ្ជាទៅអភិបាលខេត្តទូទាំងប្រទេសដែលហាមឃាត់ប្រជាពលរដ្ឋមិនឲ្យងើបតវ៉ាអំឡុងពេលតុលាការកំពូលជំនុំជម្រះក្ដីករណីរំលាយគណបក្សសង្គ្រោះជាតិ។
លោកចាត់ទុកថា វិធានការនេះថា ជាការរំលោភលើរដ្ឋធម្មនុញ្ញ ព្រោះវិធានការនេះបានបំបិទសិទ្ធិសេរីភាពក្នុងការតវ៉ាដោយសន្តិវិធីរបស់ពលរដ្ឋ៖ «តាមពិតវិធានការនេះគឺជាការទប់ស្កាត់ការតវ៉ាផង ហើយក៏ជាការបំភ័យផងទៅដល់អ្នកដែលគាំទ្រគណបក្សប្រឆាំង។ ដូច្នេះខ្ញុំគិតថា បើសិនពេលនោះមានការរារាំងការធ្វើដំណើររបស់ប្រជាពលរដ្ឋពីកន្លែងមួយទៅកន្លែងមួយ ខ្ញុំគិតថា ជាការរំលោភធ្ងន់ធ្ងរទៅដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ»។
លិខិតរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោក ស ខេង ចុះថ្ងៃទី១៣ វិច្ឆិកា បានស្នើឲ្យអភិបាលខេត្តរាជធានីទាំង២៥ រៀបចំក្រុមការងារប្រចាំបញ្ជាតាមដាន និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចនៅកម្ពុជា។ ក្នុងលិខិតដដែលនេះឲ្យដឹងទៀតថា ដើម្បីគ្រប់គ្រងតាមដានស្ថានការណ៍ និងដោះស្រាយបញ្ហាទាំងអស់នេះបានឆាប់រហ័ស ត្រូវរៀបចំក្រុមការងារសម្រាប់បញ្ជាតាមដានបញ្ហានេះ ចាប់ពីថ្ងៃទី១៥ វិច្ឆិកាតទៅ។
អ្នកវិភាគស្ថានការណ៍នយោបាយ លោកបណ្ឌិត មាស នី លើកឡើងថា វិធានការនេះទំនងដោយសាររដ្ឋាភិបាលព្រួយបារម្ភក្រែងមានការតវ៉ាអំឡុងពេលតុលាការកំពូលជម្រះក្ដីករណីរំលាយគណបក្សប្រឆាំង។ ទោះជាយ៉ាងណា លោកអះអាងថា ចំណាត់ការនេះគឺជារឿងសមស្របទៅនឹងស្ថានការណ៍បច្ចុប្បន្នក្នុងនាមអាជ្ញាធរដែនដី ដើម្បីការពារសន្តិសុខនៅក្នុងសង្គម៖ «ព្រោះអីការដែលរំលាយគណបក្សមួយដែលមានមនុស្សប្រមាណជាកន្លះនគរដែលគាំទ្រគណបក្សនោះ វាចង់មិនចង់វាត្រូវតែមានការប្រុងប្រយ័តខ្ពស់ មិនដូចមនុស្ស ៣នាក់ ព្រោះមនុស្ស ៣លាននាក់ច្រើនណាស់ បើសិនជាគេនាំគ្នាមកដេកនៅលើថ្នល់ក៏មិនដឹងធ្វើម៉េចគេដែរ។ដូច្នេះការព្រួយបារម្ភរបស់រដ្ឋាភិបាលត្រូវហើយ ព្រោះរឿងនេះមិនមែនរឿងតូចទេ»។
ទោះជាយ៉ាងណាអ្នកតាមដានស្ថានការណ៍នយោបាយរូបនេះ កត់សំគាល់ថា រហូតមកទល់ពេលនេះ លោកហាក់មិនឃើញសញ្ញាណាមួយ ដែលប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលអំឡុងពេលរំលាយគណបក្សប្រឆាំង នៅថ្ងៃទី១៦ វិច្ឆិកា នោះនៅឡើយទេ៕