
លោកមេធាវី គី តិច រួមនឹងមេធាវីបួនរូបទៀត ដែលតំណាងឲ្យក្រសួងមហាផ្ទៃ បានដាក់ឯកសារភស្តុតាងបន្ថែម នៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ ដោយអះអាងយ៉ាងមុតមាំថា ក្រសួងមហាផ្ទៃ នឹងឈ្នះក្ដីដូចអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ភ្នាល់។
លោក គី តិច៖ «បើនិយាយអំពីភាគរយនៃការសង្ឃឹមរបស់ក្រុមមេធាវីរបស់យើងខ្ញុំ ដូចខ្ញុំបានបញ្ជាក់រួចហើយ ដោយសារភស្តុតាងមានភាពច្បាស់លាស់ និង រឹងមាំក្រុមមេធាវីអាចវាយតម្លៃថា សឹងថា ១០០% ក្នុងការឈ្នះក្ដីក្នុងការណ៍ដែលតុលាការយកទៅពិនិត្យ និងសម្រេចក្នុងការំលាយគណបក្សសង្គ្រោះជាតិ»។
ប៉ុន្តែអ្នកច្បាប់ចាត់ទុកថា ទោះជាដាក់ភស្តុតាងបន្ថែមច្រើនយ៉ាងណា ក៏រឿងនេះគ្មានយុត្តិធម៌សម្រាប់គណបក្សសង្គ្រោះជាតិនោះដែរ។ មេធាវីការពារក្តីរបស់លោក កឹម សុខា មួយរូបបញ្ជាក់ថា លោក កឹម សុខា មិនបានចាត់ចែងឲ្យមានមេធាវីការពារក្ដីរឿងប្ដឹងរំលាយគណបក្សនយោបាយនេះទេ ព្រោះលោកចាត់ទុកថា វាជារឿងនយោបាយ៖ «ភស្តុតាងដែលគេដាក់ហ្នឹងមិនដឹងជាភស្តុតាងស្អីផង ខ្ញុំមិនយល់ដែរ ពីព្រោះថា នៅក្នុងរឿងព្រហ្មទណ្ឌមួយពាក់ព័ន្ធនឹងបទល្មើសភស្តុតាង គឺមានជាសាក្សី ឬវត្ថុដែលពាក់ព័ន្ធក្នុងបទល្មើស។ រឿងនេះគឺជារឿងនយោបាយ មិនដឹងថា យកភស្តុតាងទៅប្រើក្នុងស្អី។ ម្យ៉ាងទៀតលោក កឹម សុខា គេចោទថា ក្បត់ជាតិ។ តែយើងសួរថា មកទល់ពេលនេះតុលាការបានកំណត់លោក កឹម សុខា ជាជនក្បត់ជាតិ ឬនៅ? នៅទេ! ដូច្នេះ តើការរំលាយបក្សហ្នឹងផ្អែកលើស្អី? ដូច្នេះ គ្មានទេយុត្តិធម៌ក្នុងរឿងរំលាយបក្សនេះ»។
ភស្តុតាងដែលក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ អះអាងថា រឹងមាំខ្លាំងដែលមិនធ្លាប់មានពីមុនមកនេះគឺគ្មានអ្វីក្រៅពីសេចក្ដីថ្លែងការណ៍របស់ក្រុមមេធាវីដែលមានកម្រាស់ ៦២ទំព័រ ឯកសារភស្តុតាងថ្មី ៤កញ្ចប់ទៀតគម្រប់ ២៦កញ្ចប់ និងបញ្ជីឈ្មោះមន្ត្រីគណបក្សសង្គ្រោះជាតិ រួមទាំងតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ផងសរុប ១១៧នាក់ ដែលក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ អះអាងថា នឹងត្រូវហាមឃាត់ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ បើសិនជាគណបក្សសង្គ្រោះជាតិ រំលាយមែននោះ។
មតិជាតិ និងអន្តរជាតិ ចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាលមកលើគណបក្សប្រឆាំងថា ជារឿងនយោបាយ និងបានថ្កោលទោសរដ្ឋាភិបាលកម្ពុជា យ៉ាងចាស់ដៃ។ តំណាងរាស្ត្រសហរដ្ឋអាមេរិក ជាច្រើនរូបកំពុងស្នើច្បាប់ និងសេចក្ដីសម្រេចដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជា និងទាមទារឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
សវនាការតុលាការកំពូលក្នុងរឿងក្ដីរំលាយគណបក្សសង្គ្រោះជាតិ នឹងចាប់ផ្ដើមនៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ។ សន្តិសុខត្រូវបានរឹតបន្តឹងដោយសារក្រសួងមហាផ្ទៃ បានប្រកាសហាមប្រាមមិនឲ្យពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ ជួបប្រជុំគ្នាដើម្បីតវ៉ាទោះអហិង្សាក្ដី៕