
សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ វិច្ឆិកា នេះ បើកសវនាការជំនុំជម្រះក្ដីលើសំណុំរឿងរបស់ចៅសង្កាត់ប៉ោយប៉ែត គណបក្សសង្គ្រោះជាតិ គឺលោក ចៅ វាសនា ដែលពាក់ព័ន្ធនឹងកម្មករអូសរទេះ តវ៉ានៅមុខទីស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីខែឧសភា ឆ្នាំ២០១៥ កន្លងទៅ។
នៅជុំវិញសាលាដំបូងខេត្តបន្ទាយមានជ័យ អាជ្ញាធរបានដាក់កម្លាំងការពារយ៉ាងតឹងតែង ខណៈសកម្មជនគណបក្សសង្គ្រោះជាតិ ជាច្រើននាក់ បានទៅឃ្លាំមើលនៅខាងមុខតុលាការ។
សាច់ញាតិ និងក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត គណបក្សប្រឆាំង ដែលបានចូលទៅស្ដាប់នៅក្នុងសវនាការនេះ សំដែងការមិនពេញចិត្តនឹងអង្គចៅក្រមជំនុំជម្រះ ដែលព្យាយាមសួរតែសំណួរដាក់បន្ទុកទៅលើជនត្រូវចោទ គឺលោក ចៅ វាសនា ដែលហាក់ពុំមានឱកាសបានឆ្លើយដោះបន្ទុកនោះទេ។
សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត លោក ឆាំ សុភ័ណ មានប្រសាសន៍ថា នៅក្នុងសវនាការនៅថ្ងៃទី១៣ វិច្ឆិកា មានជនត្រូវចោទចំនួន ២នាក់ ដែលអង្គជំនុំជម្រះលើកយកមកសាកសួរមុនគេ គឺលោក ចៅ វាសនា និងលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា។
លោកអះអាងថា លោក ចៅ វាសនា ដែលជាជនត្រូវចោទ បានព្យាយាមឆ្លើយបដិសេធស្ទើរគ្រប់សំណួររបស់តុលាការ ដោយអះអាងថា ខ្លួនពុំមានពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់ក្រុមកម្មករអូសរទេះនោះទេ៖ «គេចោទគាត់ទាំងកម្រោលតែម្ដង ហើយចៅក្រមមិនឲ្យលោក ចៅ វាសនា និយាយច្រើនទេ ទោះបីជាគាត់ខំបកស្រាយក៏គេមិនអោយដែរ។ ខ្ញុំឆ្ងល់តុលាការដូចដាក់បន្ទុកទៅលើគាត់តែមែនទែន ដូចចង់ឲ្យតែគាត់ទទួលខុសទាំងអស់។ ដូចមិនសមហេតុសមផលទេ ព្រោះគាត់មិនបានធ្វើខុសផងគេចោទគាត់ថាញុះញង់»។
នៅជុំវិញសាលាដំបូងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចដាក់កម្លាំងការពារយ៉ាងតឹងតែង ខណៈសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់បានទៅឃ្លាំមើលនៅខាងមុខតុលាការ ក្នុងនោះមានលោក ថាច់ ស៊ីថា ក៏បានចូលរួមដែរ។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ខេត្តបន្ទាយមានជ័យ កញ្ញា ផាត់ ម៉ារ៉ាឌី ដែលបានតាមក្នុងសំណុំរឿងនេះមានប្រសាសន៍ថា តុលាការគួរតែជំនុំជម្រះបញ្ចប់សំណុំរឿងនេះតែម្ដង ព្រោះបានអូសបន្ទាយជាច្រើនខែមកហើយ។ ចំណែកករណីដែលសាច់ញាតិដើមបណ្ដឹងមិនសប្បាយ ការសួរសំណួរដាក់បន្ទុកនោះ កញ្ញា ម៉ារ៉ាឌី អះអាងថា បញ្ហានេះគឺជានីតិវិធីរបស់អង្គចៅក្រមជំនុំជម្រះក្នុងការសាកសួរទៅលើជនត្រូវចោទ៖ «ខ្ញុំគិតថាជារឿងធម្មតា តែគ្រាន់តែថាពេលព្រឹកមានការជជែកតឹងសរសៃកបន្តិចទាក់ទងនឹងការបង្ហាញភស្តុតាងវីដេអូទាក់ទងការធ្វើបាតុកម្មហ្នឹង ដូច្នេះមេធាវីគាត់ប្រតិកម្មថា ការបង្ហាញភស្តុតាងបែបដេញទាន់ជាន់តែង ផ្ចាញ់ភ្លាមៗវាហាក់បីដូចកូនក្ដីរបស់គាត់មានអារម្មណ៍បាក់ស្បាត។ ប៉ុន្តែក្រោយមកក៏សម្រួលត្រូវគ្នាវិញ»។
ចៅសង្កាត់ប៉ោយប៉ែត ដើមកំណើតខ្មែរក្រោមរូបនេះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅមុខទីស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីខែឧសភា ឆ្នាំ២០១៥។ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ក្រុមកម្មករអូសរទេះប្រមាណ ១៥០នាក់ ធ្វើបាតុកម្មទាមទារឲ្យមន្ត្រីគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បញ្ឈប់យកពន្ធខ្ពស់ហួសហេតុលើការដឹកទំនិញចេញចូលតាមរទេះរុញបន្តទៀត។ ការតវ៉ានេះ បង្កឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមកម្មករអូសរទេះ និងកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យខូចរថយន្តរបស់គយ និងរដ្ឋាករក្រុងប៉ោយប៉ែត ចំនួន ៧គ្រឿង ព្រមទាំងកញ្ចក់របង ទ្វារ បង្អួចនៃទីស្នាក់ការគយខូចខាតមួយចំនួនទៀត។ ការតវ៉ាបង្កហិង្សាដាក់គ្នានេះ ដោយសារក្រុមកម្មករឃើញសមត្ថកិច្ចចាប់តំណាងក្រុមអ្នកតវ៉ាម្នាក់វាយធ្វើទារុណកម្ម ហើយពួកគេខឹង ក៏ផ្ទុះហិង្សាដាក់គ្នាតែម្ដង។
ចំណែកអ្នកជាប់បណ្ដឹងក្នុងសំណុំរឿងនេះរួមមាន ក្រុមកម្មករអូសរទេះចំនួន ១៥នាក់ លោក ចៅ វាសនា ចៅសង្កាត់ប៉ោយប៉ែត និងលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា។ រីឯសមត្ថកិច្ចពាក់ព័ន្ធនៅក្រុងប៉ោយប៉ែត ពុំមាននៅក្នុងបណ្ដឹងនោះឡើយ។
រហូតមកដល់ល្ងាចថ្ងៃទី១៣ វិច្ឆិកា ម៉ោងជាង៥រសៀល តុលាការនៅបន្តសាកសួរអ្នកពាក់ព័ន្ធក្នុងសំណុំរឿងនេះនៅឡើយ៕