
សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិនជាង៧០នាក់ នៅព្រឹកថ្ងៃទី១២ វិច្ឆិកា ជួបជុំគ្នានៅទីស្នាក់ការគណបក្សខេត្ត ដោយបានប្ដេជ្ញាជាថ្មីថា បើទោះបីជាតុលាការកំពូលរំលាយគណបក្សប្រឆាំងនៅពេលខាងមុខក្ដី ក៏ពួកគាត់នៅតែស្មោះស្ម័គ្រជាមួយម្ចាស់ឆ្នោតដោយមិនទៅជ្រកក្រោមដំបូងទេវតាឡើយ។
នេះជាសំឡេងប្ដេជ្ញា របស់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងមន្ត្រីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅតំបន់អតីតខ្មែរក្រហមគឺខេត្តប៉ៃលិន ដែលបានប្រកាសរួមគ្នានៅទីស្នាក់ការគណបក្សនោះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន ឃឹម ប៉ុន មានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាគណបក្សរបស់លោកនៅអតីតតំបន់ខ្មែរផ្ដាច់ខ្លួនទាំងអស់ មានបទពិសោធគ្រប់គ្រាន់ ក្នុងការតស៊ូដើម្បីបម្រើម្ចាស់ឆ្នោត ដោយជ្រកក្រោមទង់ព្រះអាទិត្យទៅមុខទៀត។ លោកអះអាងទៀតថា រហូតមកទល់ពេលនេះមិនទាន់មានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ណាម្នាក់ ក្បត់ឆន្ទៈម្ចាស់ឆ្នោតនៅឡើយទេ៖ «ការប្ដេជ្ញាចិត្តនេះ វាជាការពួកគាត់ចង់មកបង្ហាញឲ្យបងប្អូននៅខាងក្រៅបានឃើញ គឺគ្នាអត់ណាជួល ឬបង្ខំទេ គឺចេញពីទឹកចិត្ត។ ហើយនៅខេត្តប៉ៃលិននេះទឹកចិត្តរបស់ប្អូនគឺសស្រាក់សស្រាំ និងច្បាស់លាស់ ហើយខ្ញុំមានជំនឿថា ទោះមានការរំលាយគណបក្សហើយ ក៏មិនអ្នកចុះចូលដែរ»។
ចំណែកក្រុមប្រឹក្សាឃុំអូរអណ្ដូង ស្រុកសាលាក្រៅ គណបក្សសង្គ្រោះជាតិ អ្នកស្រី នុត សាវន ដែលបានចូលរួមប្រជុំពង្រឹងគណបក្សដែរថ្លែងថា មូលហេតុដែលអ្នកស្រីប្ដេជ្ញាមិនក្បត់ឆន្ទៈម្ចាស់ឆ្នោត ដោយសារឃើញមួយរយៈចុងក្រោយនេះ ស្ថានភាពនយោបាយឡើងកម្ដៅកាន់តែខ្លាំង ម្យ៉ាងទៀតអាជ្ញាធរបក្សកាន់អំណាច ក៏ចេះតែមកចែចូវពួកគាត់អោយចុះចូលបក្សខ្លួន ទើបអ្នកស្រីជួបជុំគ្នាដើម្បីបង្ហាញពីគោលជំហរអោយម្ចាស់ឆ្នោតថា ពួកគាត់មិនរត់ទៅណាចោលគណបក្សឡើយ៖ «ការចូលរួមនេះ គឺដើម្បីពង្រឹងក្នុងជួរគណបក្ស របស់ដែលគេមានបំណងចង់រំលាយគណបក្សខ្ញុំ ដូច្នេះពួកខ្ញុំចូលរួមពង្រឹងជំហរដាច់តស៊ូ បម្រើពលរដ្ឋ ដែលពួកគាត់បានបោះឆ្នោតឲ្យពួកខ្ញុំ។ ដូច្នេះយើងសមាជិកគណបក្សសង្គ្រោះជាតិដាច់ មិនក្បត់ឆន្ទៈពលរដ្ឋទេ»។
អ្នកវិភាគស្ថានការណ៍នយោបាយ លោក បណ្ឌិត មាស នី មានប្រសាសន៍ថា ការរួមកម្លាំងគ្នារបស់ក្រុមប្រឹក្សាគណបក្សប្រឆាំងនៅពេលនេះថា ជាសញ្ញាបញ្ជាក់ភាពរឹងមាំរបស់ប្រឆាំងនៅថ្នាក់មូលដ្ឋាន។ លោកចាត់ទុក ភាពរឹងមាំនេះថា ជាចំណុចខ្លាំងរបស់គណបក្សប្រឆាំងធ្វើឲ្យគួរប្រកួតមិនងាយបំបែកបាន៖ «វាជារឿងយុទ្ធសាស្ត្ររបស់អ្នកនយោបាយទាំង២បក្សនឹងទេ ដែលបក្សម្ខាងចង់ឃើញដៃគួរម្ខាងទៀតបែកបាក់ ដូច្នេះម្ខាងទៀតត្រូវតែបង្ហាញពីជំហរសាមគ្គីភាពទៅដើម្បីតទល់ចំពោះការចង់បាន របស់ភាគីម្ខាងទៀត។ ដូច្នេះខ្ញុំគិតថា នេះជាយុទ្ធសាស្ត្រថ្មីរបស់សង្គ្រោះជាតិព្រោះគណបក្សនេះមិនមានប្រព័ន្ធផ្សព្វផ្សាយ ដូចគូបដិបក្ខរបស់ខ្លួនទេ បានជាបង្ហាញការសាមគ្គីភាពនោះ»។
មួយរយៈចុងក្រោយនេះ មន្ត្រីគណបក្សប្រឆាំងនៅទូទាំងប្រទេសធ្វើយុទ្ធនាការពង្រឹងសាមគ្គីភាពនៅថ្នាក់មូលដ្ឋានកាន់តែខ្លាំង ដែលទំនងចង់បង្ហាញឆន្ទៈប្រាប់ទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្មីៗនេះ បានបង្ហោះវីដេអូឃ្លីបអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ទៅរួមរស់ក្រោមដំបូងទេវតានោះ។ អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ ក៏បានធានារក្សាតំណែងក្រុមប្រឹក្សាជូនមន្ត្រីដែលរត់ចោលជួរទាំងនោះឲ្យនៅដដែល ប្រសិនបើគណបក្សមួយនេះត្រូវបានតុលាការកំពូលរំលាយនៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខ៕