ព្រៃឈើសង្ឃរុក្ខវ័ន្ត ទំហំជាង ១ម៉ឺន ៦ពាន់ហិកតារ ដែលស្ថិតនៅប្រជុំភូមិសាស្ត្រនៃស្រុកចំនួនបី គឺក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺជាព្រៃដ៏សំខាន់ដែលធ្លាប់ឈ្នះពានរង្វាន់អេក្វាទ័រអាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងជាព្រៃដែលលក់ឥណទានកាបូនទៅឲ្យអន្តរជាតិផង។
បច្ចុប្បន្ន ព្រៃឈើសង្ឃរុក្ខវ័ន្ត កំពុងរងការគំរាមកំហែងពីក្រុមអ្នករកស៊ីកាប់ឈើខុសច្បាប់ ព្រមទាំងអ្នកដាក់អន្ទាក់ និងប្រើឧបករណ៍ឆក់សម្លាប់សត្វព្រៃជាច្រើនប្រភេទ ដើម្បីជួញដូរខុសច្បាប់។ តើសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន្ត មានលទ្ធភាពទប់ស្កាត់ការគំរាមកំហែងទាំងនេះបានដែរឬទេ?
អ្នកគ្រប់គ្រងសហគមន៍សង្ឃរុក្ខវ័ន្តក្នុងខេត្តឧត្តរមានជ័យ ព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាល និងអង្គការអន្តរជាតិមិនជួយចាត់វិធានការទប់ស្កាត់ការលួចកាប់ឈើ ព្រមទាំងការលួចសម្លាប់សត្វព្រៃឲ្យទាន់ពេលវេលាទេ មិនយូរមិនឆាប់ ដើមឈើធំៗជាច្រើន ព្រមទាំងសត្វព្រៃផងនឹងបាត់បង់ពីព្រៃសហគមន៍នេះយ៉ាងឆាប់រហ័ស។
ការព្រួយបារម្ភរបស់អ្នកគ្រប់គ្រងព្រៃសហគមន៍នេះ កើតមានឡើងនៅស្របពេលដែលគេមើលឃើញថា បើទោះបីជាកម្លាំងប្រជាសហគមន៍ និងកម្លាំងទាហានខ្លះបានស្ម័គ្រចិត្តរួមគ្នាដើរល្បាតការពារព្រៃស្ទើរតែរៀងរាល់ថ្ងៃក៏ដោយ ក៏ក្រុមជនខិលខូចនៅតែឆ្លៀតឱកាសលួចចូលកាប់ឈើធំៗ ព្រមទាំងដាក់អន្ទាក់ និងប្រើឧបករណ៍ឆក់សម្លាប់សត្វព្រៃយកទៅលក់ដូរខុសច្បាប់ដដែល ពីព្រោះតែវិសាលភាពនៃព្រៃសហគមន៍ធំទូលាយ ប៉ុន្តែកម្លាំងល្បាតការពារនៅមានចំនួនតិចតួចនៅឡើយ។
ប្រធានសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន្ត គឺព្រះភិក្ខុ ប៊ុន សាលួត។ ព្រះអង្គមានថេរដីកាថា បច្ចុប្បន្ននេះ ព្រះអង្គ ព្រមទាំងប្រជាសហគមន៍ និងទាហានខ្លះទៀត តែងនាំគ្នាដើរល្បាតជាច្រើនដងក្នុង ១សប្ដាហ៍ៗ ទាំងយប់ទាំងថ្ងៃ ក៏ប៉ុន្តែនៅតែមានជនខិលខូចលួចចូលកាប់ឈើ ព្រមទាំងបរបាញ់សត្វព្រៃនៅតំបន់ការពារនេះ។
ព្រះភិក្ខុ ប៊ុន សាលួត មានថេរដីកាទៀតថា បច្ចុប្បន្ននេះព្រះអង្គនៅតែព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើ និងសត្វព្រៃជាច្រើនប្រភេទ ពីព្រោះតែនៅជុំវិញតំបន់ព្រៃសហគមន៍ គឺមានអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើននៅមិនទាន់សហការលើកិច្ចការពារនៅឡើយ៖ «គោលបំណងរបស់អាត្មា ចង់ឲ្យព្រៃឈើនេះបានគង់នៅរយពាន់ឆ្នាំ ហើយអាត្មាក៏ចង់ជម្រាបដែរ បើរាជរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា មិនយកចិត្តទុកដាក់ ហើយឲ្យអាត្មាប្រឹងតែម្នាក់ឯង គឺមិនងាយទេ»។
សហគមន៍សង្ឃរុក្ខវ័ន្ត បានបង្កើតឡើងតាំងពីឆ្នាំ២០០១ ដោយទទួលការពារព្រៃឈើទំហំជាង ១ម៉ឺន ៦ពាន់ហិកតារ។ តំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ក្រៅតែពីមានឈើប្រណីតធំៗរាប់ពាន់ដើម ក៏ជាជម្រកសត្វព្រៃដ៏សំខាន់ ដែលតភ្ជាប់ពីឧទ្យានជាតិគូលែនព្រហ្មទេពនៃខេត្តព្រះវិហារ ដែរ។
បច្ចុប្បន្ននេះមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ និងស្នាក់អាស្រ័យក្នុងតំបន់ព្រៃនេះ ដូចជាសត្វខ្ទីង ទន្សោង គោព្រៃ សត្វខ្លា ប្រើស ក្ដាន់ រមាំង ជ្រូកព្រៃ រីឯសត្វស្លាបមានជាច្រើនរយប្រភេទ ដូចជាសត្វសេក សត្វប្រវឹក មាន់ព្រៃ និងសត្វក្ងោក ជាដើម។
ប្រជាពលរដ្ឋខ្លះដែលរស់នៅជុំវិញតំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត បានស្ម័គ្រចិត្តជួយដើរល្បាតការពារព្រៃដែរ ក៏ប៉ុន្តែកម្លាំងអ្នកស្ម័គ្រចិត្តទាំងនោះមានតិចតួច ដោយសារតែគេពឹងផ្អែកលើមធ្យោបាយ និងធនធានដែលគេមានផ្ទាល់ខ្លួន។
មេភូមិចារចាស់ នៃឃុំលំទង លោក កែវ ធឿន មានប្រសាសន៍ថា រូបលោកស្រឡាញ់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនោះជាខ្លាំង រហូតដល់ប្រាប់ប្រពន្ធឲ្យជួយខ្ចប់បាយទឹកសម្រាប់លោកដើរល្បាតការពារព្រៃនៅពេលខ្លះ។ បុរសដដែលបញ្ជាក់ថា ពេលខ្លះលោកបានចេញលុយខ្លួនឯងចាក់សាំង ហើយជិះម៉ូតូបើកល្បាតការពារព្រៃផង៖ «ខេត្តសៀមរាប ឧត្តរមានជ័យ គឺមានព្រំប្រទល់នៅតំបន់នេះ ហើយក៏នៅសល់ព្រៃឈើតែតំបន់នេះទេ»។
សព្វថ្ងៃនេះ តំបន់ប្រតិបត្តិការសឹករងក្រុងសំរោង ក៏បានផ្ដល់ទាហានចំនួន ៦នាក់ឲ្យជួយដើរល្បាតការពារព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនេះដែរ។ កម្លាំងទាំងនោះតែងដើរល្បាតជាប់ជាមួយគណៈកម្មការសហគមន៍ និងប្រជាពលរដ្ឋមិនថាយប់ឬក៏ថ្ងៃឡើយ។
ទាហានម្នាក់ក្នុងចំណោមគ្នីគ្នា ៥នាក់ផ្សេងទៀតដែលតែងដើរល្បាតការពារព្រៃសហគមន៍ លោក ព្រឹន្ទបាលឯក អ៊ា ទិត្យ មានប្រសាសន៍ថា រូបគាត់ដែលចូលរួមដើរល្បាតការពារព្រៃឈើ និងពេលខ្លះដេកក្នុងព្រៃផង គឺដោយសារតែទឹកចិត្តស្រឡាញ់ព្រៃឈើ និងសត្វព្រៃជាច្រើនដែលគាត់បានជួប៖ «កាលពីដំបូងខ្ញុំនៅអង្គភាព គឺធ្លាប់បរបាញ់សត្វដែរ ប៉ុន្តែនៅពេលដែលខ្លួនឯងក្លាយជាអ្នកអភិរក្សអ៊ីចឹង គឺមានអារម្មណ៍ថាឃើញសត្វព្រៃបែរទៅជាស្រឡាញ់វា»។
កាលពីថ្ងៃទី១០ ខែមីនា ក្នុងពេលដែលសហគមន៍ការពារព្រៃឈើ និងសហគ្រិនភាពយុវជនបៃតងដើរល្បាតការពារព្រៃឈើ គឺពួកគេមានអារម្មណ៍ក្រៀមក្រំនៅពេលដែលឃើញឈើធ្នង់មួយដើមធំត្រូវគេលួចកាប់។
ស្ត្រីវ័យក្មេងមកពីអង្គការមាតាធម្មជាតិ នៃតំបន់អារ៉ែងខេត្តកោះកុង កញ្ញា លីម គីមស៊ បានបង្ហាញអារម្មណ៍សោកស្ដាយចំពោះការលួចកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ដូច្នេះ៖ «ខ្ញុំមានការសោកស្ដាយមែនទែនដែលជនល្មើសពូកែខាងលួចនេះ។ ខ្ញុំអត់ដឹងថា នៅក្នុងខួរក្បាលអ្នកលួចកាប់ឈើនេះ តើយល់ពីអ្វីដែលហៅថាការស្រឡាញ់ធម្មជាតិទេឬ?»។
កាលពីឆ្នាំ២០១០ ព្រះភិក្ខុ ប៊ុន សាលួត ជាប្រធានសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន្ត ធ្លាប់បានទទួលពានរង្វាន់អេក្វាទ័រអាស៊ី-ប៉ាស៊ីហ្វិក ទៅលើការងារការពារ និងថែរក្សាព្រៃឈើនេះបានល្អ ប៉ុន្តែបច្ចុប្បន្ន នៅជុំវិញព្រៃសហគមន៍នេះមិនទាន់មានផ្លូវល្អស្អាត ដើម្បីឲ្យសហគមន៍អាចធ្វើដំណើរងាយស្រួលក្នុងការល្បាតឲ្យទាន់ពេលវេលា និងសព្វទីកន្លែងនៅឡើយ ជាហេតុធ្វើឲ្យក្រុមជនខិលខូចនៅមានឱកាសលួចចូលទៅកាប់ឈើ ដាក់អន្ទាក់ ព្រមទាំងឆក់សម្លាប់សត្វព្រៃយកទៅជួញដូរជាហូរហែ៕