Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​មួយ​ក្រុម​ទៀត​ប្រកាស​សុពលភាព​បង្កើត​សហគមន៍

$
0
0

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ភូមិ​ប៉ាតាង ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ប្រារព្ធ​ពិធី​ប្រកាស​សុពលភាព​បង្កើត​សហគមន៍​ផ្លូវការ​នៅ​ចំពោះ​មុខ​មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពង្រឹង​ឡើង​វិញ​នូវ​កិច្ច​អភិរក្ស​វប្បធម៌​ប្រពៃណី ជាពិសេស​ធនធាន​ធម្មជាតិ​មាន​ព្រៃ​ឈើ និង​ដីធ្លី​សហគមន៍​ឲ្យ​បាន​ល្អ​ប្រសើរ។

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ភូមិ​ប៉ាតាង ជាង ១០០​នាក់ រួម​ជាមួយ​មន្ត្រី​មូលដ្ឋាន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល តំណាង​ក្រសួង​ពាក់ព័ន្ធ បាន​ចូលរួម​ពិធី​ប្រកាស​សុពលភាព និង​លើក​ស្លាក​ទីស្នាក់ការ​សហគមន៍ ដើម្បី​បង្ហាញ​លិខិត​ទទួល​ស្គាល់​ផ្លូវការ​ពី​ក្រសួង​មហាផ្ទៃ។

ពិធី​សែនព្រេន​បែប​ប្រពៃណី និង​ការ​ប្រគំ​តន្ត្រី​គង រួម​ជាមួយ​របាំ​ចម្រៀង​ជនជាតិ​ដើម​ភាគតិច ត្រូវ​បាន​សហគមន៍​រៀបចំ​ធ្វើ​ដើម្បី​អបអរ​ពិធី​លើក​ស្លាក​ស្នាក់ការ និង​ទទួល​សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា បន្ទាប់​ពី​សហគមន៍​បាន​ប្រជុំ​ពេញ​អង្គ​ស្ដីពី​ការ​ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាង​លក្ខន្តិកៈ​សហគមន៍ និង​បាន​ដាក់​ឯកសារ​ស្នើសុំ​ចុះ​ឈ្មោះ​ទៅ​ក្រសួង​មហាផ្ទៃ។

ប្រធាន​គណៈកម្មការ​សហគមន៍​ភូមិ​ប៉ាតាង លោក សេវ លៀក បញ្ជាក់​ថា សុវត្ថិភាព​ដីធ្លី ព្រៃ​ឈើ​មាន​សារសំខាន់​ណាស់​ក្នុង​កិច្ច​ការពារ​វប្បធម៌​ប្រពៃណី និង​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច ដែល​បច្ចុប្បន្ន​កំពុង​ប្រឈម​ទៅ​នឹង​ការ​បាត់បង់​កាន់​តែ​ច្រើន។ ហេតុ​នេះ ការ​ចុះ​បញ្ជី​បង្កើត​សហគមន៍​ផ្លូវការ គឺ​ជា​ផ្នែក​មួយ​ដើម្បី​បំពេញ​លក្ខណៈ​សម្បត្តិ​រៀបចំ​ឯកសារ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។ លោក​អំពាវនាវ​ឲ្យ​សមាជិក​សហគមន៍​ទាំងអស់ ចូលរួម​អនុវត្ត​តាម​បទបញ្ជា​ផ្ទៃ​ក្នុង និង​លក្ខន្តិកៈ​សហគមន៍​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បង្កើន​ប្រសិទ្ធភាព​អំណាច សមត្ថភាព និង​ចំណេះ​ដល់​សហគមន៍ ដូច​នេះ​ពួក​គេ​មាន​សមត្ថភាព និង​ភាព​ជា​ម្ចាស់​ក្នុង​ការ​ការពារ​ដីធ្លី ព្រៃ​ឈើ អត្តសញ្ញាណ វប្បធម៌ ប្រពៃណី ការ​ប្រើប្រាស់ និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ប្រកប​ដោយ​និរន្តរភាព រួម​ចំណែក​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ប្រសើរ​ឡើង៖ «មាន​ផល​ប៉ះពាល់​ច្រើន​ណាស់​ដូចជា​ការ​រំខាន​ពី​ខាង​ក្រុមហ៊ុន​ឈូស​ឆាយ ខាង​សហគមន៍​ទៅ​ទប់ស្កាត់។ ពួក​ខ្ញុំ​បាន​ទៅ​តវ៉ា ក្នុង​នោះ​មាន​ចម្ការ​ចាស់ៗ​មិន​ទាន់​ដោះស្រាយ​បាន​សម្រេច​ទេ»

អង្គការ​គាំទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ហៅ​កាត់​ថា អាយ.ស៊ី.អេស.អូ (ICSO) បាន​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​រតនគិរី ដែល​គ្រប​ដណ្ដប់​លើ​ស្រុក​ចំនួន​៥ ឃុំ​ចំនួន​២១ និង​ភូមិ​ចំនួន​៥០ ជាមួយ​ក្រុម​គោលដៅ​នៃ ៥​ជាតិពន្ធុ ដូចជា ទំពួន គ្រឹង ចារ៉ាយ ព្រៅ កាចក់។ អង្គការ​នេះ​ក៏​បាន​គាំទ្រ​នូវ​គំនិត​ផ្ដួចផ្ដើម​របស់​សហគមន៍ ក្រោម​ការ​អនុវត្ត​គម្រោង​សំខាន់ៗ​រួម​មាន លើក​កម្ពស់​សេដ្ឋកិច្ច​សហគមន៍ ពង្រឹង​និង​អភិវឌ្ឍ​ស្ថាប័ន​អង្គការ​ជនជាតិ​ដើម​ភាគតិច និង​ពង្រឹង​ការ​ចុះ​បញ្ជី​ដី​សហគមន៍​ជា​សមូហភាព។

ទស្សនទាន​របស់​អង្គការ​នេះ​បង្ហាញ​ថា បច្ចុប្បន្ន​នេះ ការ​អភិវឌ្ឍ និង​ការ​លំហូរ​នូវ​វប្បធម៌ ប្រពៃណី​ពី​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច ធ្វើ​ឲ្យ​ការ​គ្រប់គ្រង ប្រើប្រាស់ និង​ការ​ប្រតិបត្តិ​នានា​តាម​បែប​ប្រពៃណី​លើ​ដីធ្លី និង​ធនធាន​ធម្មជាតិ រួម​ទាំង​ព្រៃ​ឈើ ដូចជា​ការ​ធ្វើ​ចម្ការ​វិល​ជុំ ដី​ព្រៃ​ជំនឿ ដី​ព្រៃ​កប់​ខ្មោច អត្តសញ្ញាណ សិប្បកម្ម​តម្បាញ សិល្បៈ របាំ​វាយ​គង សម្លៀកបំពាក់ និង​សាមគ្គីភាព​របស់​ជនជាតិ​ដើម​ភាគតិច កំពុង​មាន​ការ​ប្រឈម​ទៅ​រក​ការ​ចុះ​ខ្សោយ ឬ​បាត់បង់​ជា​បណ្ដើរៗ។

មេ​ឃុំ​សេសាន លោក សែវ ស្វែន កត់​សម្គាល់​ថា ការ​ប្រកាស​សុពលភាព​បង្កើត​សហគមន៍​របស់​ជនជាតិ​ដើម​ភាគតិច​ភូមិ​ប៉ាតាង គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត ​និង​មាន​ការ​ឯកភាព​ផ្ទៃ​ក្នុង​សហគមន៍។ លោក​អំពាវនាវ​ឲ្យ​សមាជិក​សហគមន៍​គោរព​បទបញ្ជា​ផ្ទៃ​ក្នុង និង​លក្ខន្តិកៈ​សហគមន៍​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រួម​គ្នា​អភិរក្ស​ធនធាន​ធម្មជាតិ និង​ដីធ្លី​សហគមន៍​បាន​នៅ​គង់វង្ស៖ «តាម​ចិត្ត​អ្នក​ភូមិ ប៉ុន្តែ​យើង​ត្រូវ​ថែរក្សា​ព្រៃ​ឈើ​ឲ្យ​ដិតដល់ ហើយ​និង​ការពារ​ដីធ្លី​យើង​ផង​កុំ​ឲ្យ​លក់។ យើង​លក់​អត់​កើត​ទេ ព្រោះ​ដី​យើង​ជា​សមូហភាព»

ឃុំ​សេសាន ឋិត​ក្នុង​ស្រុក​អូរយ៉ាដាវ មាន​ភូមិ​ចំនួន​បី​ដែល​បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ និង​បាន​ចុះ​បញ្ជី​បង្កើត​សហគមន៍​នីតិបុគ្គល​ទទួល​ស្គាល់​ផ្លូវការ​ពី​ក្រសួង​មហាផ្ទៃ រួច​ហើយ។ បច្ចុប្បន្ន​ភូមិ​ទាំង​បី​កំពុង​ចងក្រង​ឯកសារ​ស្នើសុំ​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។

អភិបាល​រង​ខេត្ត​រតនគិរី លោក លី វិន ថ្លែង​ថា គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត បាន​អនុវត្ត​សម្រេច​ការ​ចុះ​បញ្ជី​ដី​សហគមន៍​ចំនួន​៥ ជា​កម្មសិទ្ធិ​សមូហភាព ក៏ប៉ុន្តែ​ការងារ​ប្រឈម​សំខាន់​ដែល​ធ្វើ​ឲ្យ​ការងារ​ចុះ​បញ្ជី​ដី​នេះ​យឺតយ៉ាវ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍​តំបន់​ខ្ពង់រាប ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​រដូវ​វស្សា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ចូលរួម។ លោក​បន្ត​ថា ការ​វាស់វែង​កំណត់​ព្រំ​ដី​តំបន់​ខ្លះ​ជាប់​ពាក់ព័ន្ធ​ក្បាល​ដី​ឯកជន ឬ​ដី​ក្រុមហ៊ុន​ដែល​មាន​ទំនាស់​ជាមួយ​ផ្ទៃដី​សហគមន៍។

លើស​ពី​នេះ​ទៀត ការ​ជួយ​អន្តរាគមន៍​ឲ្យ​សហគមន៍​យល់​ដឹង​ពី​ច្បាប់ វិធីសាស្ត្រ និង​ការ​អនុវត្ត​លក្ខន្តិកៈ​បទបញ្ជា​ផ្ទៃ​ក្នុង​សហគមន៍ រួម​ទាំង​ផែនការ​ប្រើប្រាស់​ដី សុទ្ធសឹងតែ​ត្រូវការ​ពេលវេលា និង​ថវិកា៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល ពិសេស​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​កម្មវិធី​វិនិយោគ​ឃុំ-សង្កាត់ ដូច​ផែនការ​ថវិកា​ខេត្ត-ក្រុង​ផង​ដែរ»

នៅ​ខេត្ត​រតនគិរី ជនជាតិ​ដើម​ភាគតិច​ចំនួន ៦៥​សហគមន៍​បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ និង​ចុះ​បញ្ជី​សហគមន៍​នីតិបុគ្គល​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​នៅ​ក្រសួង​មហាផ្ទៃ ក្នុង​នោះ​សហគមន៍​ចំនួន​២៥ បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត ដើម្បី​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles