Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បក្ស​ធំ​ទាំង​ពីរ​ចាត់​ទុក​មរណភាព​លោក សុខ អាន ថា​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់

$
0
0

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រឆាំង​គ្នា​ដ៏​តានតឹង​បំផុត​នោះ បាន​ចាត់​ទុក​ការ​បាត់បង់​លោក សុខ អាន អតីត​ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថា​ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​មួយ​រូប។ ការ​ចាត់​ទុក​នេះ ក្នុង​ពេល​ថ្នាក់​ដឹកនាំ​កំពូលៗ​នៃ​ព្រឹទ្ធសភា រដ្ឋសភា រាជ​រដ្ឋាភិបាល មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​សរុប​ជាង ១​ពាន់​នាក់ បាន​នាំ​គ្នា​ជូន​ដំណើរ​ជា​លើក​ចុង​ក្រោយ​ចំពោះ​សព​លោក សុខ អាន ដើម្បី​យក​ទៅ​បូជា​នៅ​ខាង​មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មីនា។

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ការ​ចំណាយ​ពេលវេលា​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ទៅ​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច​ដើម្បី​ដង្ហែ​សព​លោក សុខ អាន ទៅ​បូជា ដែល​ជា​ការ​ជូន​ដំណើរ​លើក​ចុង​ក្រោយ​នោះ គឺ​ជា​វប្បធម៌​ដ៏​ល្អ​មួយ​ដើម្បី​ចង​ឲ្យ​ជាប់​នូវ​វប្បធម៌​ផ្សះផ្សា​ជាតិ​សម្រាប់​គណបក្ស​ទាំង​ពីរ។

នៅ​ថ្ងៃ​ទី​១៩ មីនា ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សំខាន់ៗ​ប្រហែល​ចំនួន ១០​នាក់ រួម​មាន​លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ លោក សុន ឆ័យ និង​លោក ម៉ៅ មុនីវណ្ណ ជាដើម បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ និង​ចូលរួម​ពិធី​បូជា​សព​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី សុខ អាន និង​រង់ចាំ​រហូត​ទាល់​តែ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ផ្ដល់​ភ្លើង​បូជា​សព ទើប​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំងនោះ​នាំ​គ្នា​ត្រឡប់​ទៅ​វិញ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ថ្លែង​ថា ថ្វីត្បិតតែ​មាន​ទស្សនៈ​នយោបាយ​ខុស​គ្នា​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ការ​ចូលរួម​ជូន​ដំណើរ​ចុង​ក្រោយ​នេះ គឺ​ដើម្បី​បង្ហាញ​អំពី​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​ម្នាក់ ដែល​ធ្លាប់​បំពេញ​ការងារ​ជា​តំណាងរាស្ត្រ​ជាមួយ​គ្នា​អស់​ជាច្រើន​ឆ្នាំ​កន្លង​មក៖ «ធនធាន​មនុស្ស​ទោះ​ជា​នៅ​គណបក្ស​ណា​ក៏ដោយ ធនធាន​មនុស្ស​សំខាន់ៗ​ដែល​ជា​អ្នក​ចេះ​ដឹង​ដូច​សម្ដេច សុខ អាន ហ្នឹង គឺ​គួរ​ឲ្យ​ស្ដាយ​ស្រណោះ»

លោក ប៉ុល ហំម ចាត់​ទុក​លោក សុខ អាន ថា​ជា​មនុស្ស​ស្លូតបូត​ម្នាក់ និង​មិន​សូវ​និយាយ​ស្ដី​ច្រើន​ឡើយ ហើយ​បើ​និយាយ​វិញ ក៏​ក្នុង​លក្ខណៈ​ស្លូតបូត និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​សតិ​អារម្មណ៍​របស់​មន្ត្រី​បក្ស​ផ្សេង​នោះ​ដែរ។

សព​របស់​លោក សុខ អាន ត្រូវ​បាន​រំកិល​ចេញ​ពី​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ យក​ទៅ​បូជា​នៅ​ខាង​មុខ​វត្ត​បទុមវតី ដោយ​មាន​អ្នក​ចូលរួម​ដង្ហែ​ជា​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ សិស្ស​និស្សិត និង​ពលរដ្ឋ​ជាច្រើន​នាក់។ ក្រោយ​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជ​ប្រទាន​គោរមងារ​ជា​សម្ដេច​វិបុល​បញ្ញា សុខ អាន បាន​ពីរ​ថ្ងៃ គឺ​កាល​ពី​ថ្ងៃ​ទី​១៥ មីនា រដ្ឋាភិបាល​ប្រកាស​ថា លោក សុខ អាន បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ហើយ​បន្ទាប់​មក លោក​ត្រូវ​បាន​គេ​បញ្ជូន​មក​ដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មីនា។ កម្មវិធី​បុណ្យ​បូជា​សព​លោក សុខ អាន គឺ​មាន​ការ​ចូលរួម​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ព្រម​ទាំង​ប្រធាន​ព្រឹទ្ធសភា និង​រដ្ឋសភា​ដែរ។

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រមុខ​រដ្ឋ​ស្ដីទី លោក សាយ ឈុំ បាន​ឡើង​ថ្លែង​វិយោគកថា​មុន​ពេល​បូជា​សព​លោក សុខ អាន ថា លោក សុខ អាន គឺ​ជា​កុលបុត្រ​ខ្មែរ​មួយ​រូប​ដែល​ពេញ​មួយ​ជីវិត​បាន​លះបង់​គ្រប់​យ៉ាង ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ​ជាតិ​លើ​វិស័យ​វប្បធម៌ និង​អក្សរសាស្ដ្រ​ជាតិ។ លើស​ពី​នេះ លោក សុខ អាន ក៏​ជា​អ្នក​ជំនាញ​ខាង​ការទូត​ដ៏​ល្បី​ម្នាក់​របស់​កម្ពុជា នៅ​ឆាក​អន្តរជាតិ។

លោក សាយ ឈុំ បន្ថែម​ថា ការ​បំពេញ​កិច្ចការ​ជាច្រើន​រាប់​មិន​អស់​សម្រាប់​បម្រើ​ជាតិ គឺ​លោក សុខ អាន មិន​បាន​គិត​អំពី​សុខភាព​ខ្លួន​ឯង​នោះ​ទេ ទើប​បណ្ដាល​ឲ្យ​មាន​សុខភាព​កាន់​តែ​ធ្ងន់ធ្ងរ​ជា​លំដាប់​រហូត​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ«ស្នាដៃ​របស់​សម្ដេច​វិបុល​បញ្ញា សុខ អាន ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​គុណធម៌​ដ៏​ឧត្តុង្គឧត្តម​នេះ​មិន​អាច​បំភ្លេច​បាន​ឡើយ»

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចាត់​ទុក​ការ​ចូលរួម​របស់​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ដង្ហែ​សព​លោក សុខ អាន យក​ទៅ​បូជា ថា​ដោយសារ​គណបក្ស​ទាំង​ពីរ​មិន​ដែល​យក​គ្នា​ធ្វើ​ជា​សត្រូវ ហើយ​កន្លង​មក គឺ​ធ្វើ​ការ​ប្រកួត​គ្នា​តាម​បែប​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ប៉ុណ្ណោះ៖ «យើង​មាន​ការ​សប្បាយ​រីករាយ​ណាស់​ដែល​មាន​ឯកឧត្តម​ជា​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ យើង​មិន​មាន​បញ្ហា​អី​ក្នុង​សតិ​អារម្មណ៍​ទេ ព្រោះ​ប្រទេស​យើង​អនុវត្ត​ទៅ​តាម​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​បក្ស។ យើង​តស៊ូ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ តែ​យើង​មិន​ចាត់​ទុក​គ្នា​ជា​សត្រូវ​នោះ​ទេ»

ពាក់ព័ន្ធ​នឹង​រឿង​នេះ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី យល់​ថា តាម​បំណង​របស់​លោក ចង់​ឲ្យ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទាំងអស់​នាំ​គ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក សុខ អាន ជា​លើក​ចុង​ក្រោយ ព្រោះ​ធ្វើ​បែប​នេះ​នឹង​អាច​ឲ្យ​បក្ស​ប្រឆាំង​រឹត​តែ​រក្សា​ឲ្យ​បាន​នូវ​វប្បធម៌​ឯកភាព​ជាតិ និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ប្រសិន​បើ​បក្ស​ណា​មួយ​ជួប​ទុក្ខ«ក្នុង​កាលៈទេសៈ​បែប​នេះ គណបក្ស​ប្រឆាំង​គួរ​តែ​ទៅ​ទាំងអស់ ដើម្បី​ចូលរួម​រំលែក​មរណទុក្ខ​ទៅ ហើយ​ប្រសិន​បក្ស​ប្រឆាំង​មាន​ទុក្ខ​វិញ​ម្ដង ខាង​គណបក្ស​ប្រជាជន​កម្ពុជា គេ​នាំ​គ្នា​មក​ឲ្យ​ច្រើន​ដែរ​ទៅ ជា​ប្រពៃណី​មួយ​ចង​ឲ្យ​ជាប់​នូវ​វប្បធម៌​ផ្សះផ្សា​ជាតិ»

ទោះ​ជា​យ៉ាង​ណា លោក​បណ្ឌិត មាស នី មិន​ទាន់​អាច​ព្យាករណ៍​បាន​ទេ​ថា ការ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក សុខ អាន ដោយ​បក្ស​ប្រឆាំង​ពេល​នេះ អាច​ធ្វើ​ឲ្យ​កម្ដៅ​នយោបាយ​ថយ​ចុះ​នោះ ព្រោះ​លោក​ថា​កន្លង​មក ការ​ឡើង​ចុះ​នៃ​កម្ដៅ​នយោបាយ គឺ​មិន​ទៀងទាត់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles