Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ឃុំ​ក្រយា​ស្នើ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អាន​ម៉ារ៉ាឌី

$
0
0

ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បារម្ភ​ថា ក្រុមហ៊ុន អាន ម៉ារ៉ាឌី អាច​នឹង​ចូល​ឈូស​ឆាយ​ដំណាំ​ពួក​គាត់​បន្ត​ទៀត។ ក្តី​បារម្ភ​នេះ ក្រោយ​ពេល​ខាង​ក្រុមហ៊ុន​បាន​ចូល​ទៅ​ឈូស​ឆាយ​ផល​ដំណាំ​ពលរដ្ឋ​ជា​ច្រើនសា ប៉ុន្តែ​អាជ្ញាធរ​នៅ​មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅ​ឡើយ។

អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន និង​ពលរដ្ឋ ធ្លាប់​មាន​ការ​ដោះស្រាយ​រួច​មក​ហើយ ប៉ុន្តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​ទទួល​យក​ការ​សម្របសម្រួល​នោះ។

ប្រជាពលរដ្ឋ​ចំនួន ១១​គ្រួសារ ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ខេត្ត ជួយ​ពន្លឿន​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អាន ម៉ារ៉ាឌី ឲ្យ​បាន​ឆាប់​រហ័ស។

ការ​ស្នើ​នេះ ពីព្រោះ​ពលរដ្ឋ​ត្រូវការ​ដីធ្លី​សម្រាប់​បង្កបង្កើនផល​ពិត​ប្រាកដ និង​ជៀសវាង​ក្រុមហ៊ុន​ចូល​មក​ឈូស​ឆាយ​ផល​ដំណាំ​របស់​ពួក​គាត់​ជា​ថ្មី​ទៀត។

តំណាង​ពលរដ្ឋ​នៅ​ភូមិ​ឈើទាលជ្រុំ ឃុំ​ក្រយា មាន​វ័យ​ជាង ៦០​ឆ្នាំ លោក សន សឿន មាន​ប្រសាសន៍​ថា ដី​របស់​លោក​ជាង ១០​ហិកតារ​ដែល​ធ្លាប់​កាន់​កាប់​តាំង​ពី​ទសវត្សរ៍​ទី​៩០ មក ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន អាន ម៉ារ៉ាឌី ចូល​ឈូស​ឆាយ​យក​កាល​ពី​ឆ្នាំ​២០០៧ ដោយ​មិន​មាន​សំណង ឬ​ការ​ដោះដូរ​ឡើយ។ លោក​បន្ត​ថា ផល​ដំណាំ​ជាច្រើន រួម​ទាំង​ឡ​ដុត​ឧស​របស់​ពួក​គាត់ ក៏​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​បំផ្លាញ​ចោល​ដែរ៖ «នែ! ដី​ខំ​កាន់​កាប់​ជា​យូរ​ណាស់​មក​ហើយ ស្រាប់​តែ​ក្រុមហ៊ុន​យកៗ​ដោយ​គ្មាន​សំណង​គ្មាន​អ្វី​សោះ»

ប្រភព​ដដែល​បញ្ជាក់​ថា ពលរដ្ឋ ១១​គ្រួសារ គឺ​មាន​ទំហំ​ផ្ទៃដី​សរុប​ប្រមាណ ៥០​ហិកតារ។ ក្រោយ​ពេល​ឈូស​ឆាយ​ដី​របស់​ពួក​គាត់​អស់ ក្រុមហ៊ុន​មិន​បាន​យក​ទៅ​ដាំ​ដំណាំ​អ្វី​ទេ ដោយ​ទុក​ដី​ទំនេរ​ចោល ទើប​នៅ​ឆ្នាំ​២០១៥ ពលរដ្ឋ​ក៏​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់ និង​ដាំ​ដំណាំ​ផ្សេងៗ​នៅ​លើ​ដី​របស់​ខ្លួន​ឡើង​វិញ ប៉ុន្តែ​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០១៧ ក្រុមហ៊ុន​ក៏​បាន​យក​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយ​ជា​ថ្មី​ទៀត។

ក្រៅ​ពី​ពលរដ្ឋ ១១​គ្រួសារ​នេះ ក៏​មាន​អ្នក​ភូមិ​នៅ​ឃុំ​ក្រយា ជាច្រើន​គ្រួសារ​ទៀត កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន អាន ម៉ារ៉ាឌី ដែរ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សង្គម​ស៊ីវិល។

អ្នក​ភូមិ​មួយ​រូប​ទៀត​ដែល​មិន​មែន​ជា​ពលរដ្ឋ​ស្ថិត​នៅ​ក្នុង​ពលរដ្ឋ​ចំណោម ១១​គ្រួសារ លោកស្រី តុត មុំ ឲ្យ​ដឹង​ថា ពួក​គាត់​មិន​បាន​ធ្វើ​ការងារ​ពេញ​ដៃ​ពេញ​ជើង​ឡើយ ដោយសារ​តែ​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នៅ​មិន​ទាន់​ដោះស្រាយ ហើយ​ខាង​ក្រុមហ៊ុន​ចេះ​តែ​ចូល​ឈូស​ឆាយ​ដំណាំ​របស់​ពួក​គាត់៖ «ជួយ​ឲ្យ​សម្ដេច​តេជោ ហ៊ុន សែន ជួយ​ឲ្យ​និស្សិត​វាស់វែង​ឲ្យ​ដាច់​ស្រឡះ​ពី​ក្រុមហ៊ុន​ផង​ទៅ​លោកគ្រូ»

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន អាន ម៉ារ៉ាឌី បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ មីនា។

យ៉ាង​នេះ​ក្តី មេ​ភូមិ​ឈើទាលជ្រុំ លោក អ៊ួច អឿន មាន​ប្រសាសន៍​ថា មិន​មែន​តែ​ពលរដ្ឋ​នៅ​ភូមិ​របស់​លោក​ទេ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន អាន ម៉ារ៉ាឌី ប៉ុន្តែ​មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត​ក៏​កំពុង​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ដូច​គ្នា​ដែរ។ លោក​ថា ទំនាស់​ដីធ្លី​នេះ​កើត​ឡើង​ក្រោយ​ពេល​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ​កាល​ពី​ឆ្នាំ​២០០៧ ប៉ុន្តែ​មាន​ផ្ទៃដី​មួយ​ចំនួន ក្រុមហ៊ុន​មិន​បាន​អភិវឌ្ឍ ទើប​ពលរដ្ឋ​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់។ តែ​យ៉ាង​ណា លោក​បញ្ជាក់​ថា មាន​ពលរដ្ឋ​មួយ​ចំនួន គឺ​កាន់​កាប់​មុន​ពេល​ក្រុមហ៊ុន​ចូល​មក៖ «តាម​កន្លែង​ហ្នឹង​ពី​ដើម ខ្ញុំ​បាន​ចូល​មក​កាន់​កាប់​មុន​គេ​មុន​ឯង តែ​ក្រោយ​មក​មាន​ក្រុមហ៊ុន​គេ​ចូល​ធ្វើ ក៏​ផ្អាក​អស់​មួយ​សា​ទៅ»

មេ​ភូមិ​ដដែល​អះអាង​ថា អាជ្ញាធរ​ស្រុក និង​ខេត្ត ក៏​បាន​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ប៉ុន្តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​ទទួល​យក​ការ​ដោះស្រាយ​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ ដែល​បាន​ចុះ​អង្កេត​លើ​ករណី​នេះ លោក ញូង សាមឿន មាន​ប្រសាសន៍​ថា ពិត​ជា​មាន​ការ​ឈូស​ឆាយ​ដំណាំ​របស់​ប្រជាពលរដ្ឋ​មែន ដោយ​ខាង​ក្រុមហ៊ុន​សំអាង​ថា​ជា​ដី​របស់​ខ្លួន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រាជ​រដ្ឋាភិបាល៖ «យើង​យល់​ឃើញ​ថា​បើ​ទោះ​បី​ជា​ដី​របស់​ប្រជាពលរដ្ឋ​នៅ​ប្លុក​ដី​ក្រុមហ៊ុន ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ក៏ដោយ ក៏​ត្រូវ​មាន​ការ​ដោះស្រាយ​សំណង​សមរម្យ​ណា​មួយ​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ទៀត​ថា ក្រៅ​ពី​ពលរដ្ឋ ១១​គ្រួសារ​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​មក​អង្គការ​លីកាដូ គឺ​មាន​ពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ទៀត​នៅ​ឃុំ​ក្រយា កំពុង​ប្រឈម​ជាមួយ​ក្រុមហ៊ុន ទាំង​ក្រុមហ៊ុន​ខ្មែរ និង​ក្រុមហ៊ុន​បរទេស។ លោក​ថា ដើម្បី​ដោះស្រាយ​វិវាទ​ទាំងនោះ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​មាន​ឆន្ទៈ​ពិត​ប្រាកដ និង​មិន​ត្រូវ​ព្រងើយ​កន្តើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles