ធនាគារជាតិនៃកម្ពុជា ប្រកាសប្ដូរក្រដាសប្រាក់ថ្មីជូនសាធារណជនចំពោះក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។
សេចក្ដីជូនដំណឹងរបស់ធនាគារជាតិ បានឲ្យដឹងថា ដើម្បីជាការអបអរសាទរខួបលើកទី៣៧ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ធនាគារជាតិនៃកម្ពុជា នឹងទទួលប្ដូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ដោយផ្ដល់ក្រដាសថ្មីជូនសាធារណជនដែលមានតម្រូវការ។ ការប្ដូរក្រដាសប្រាក់នេះ នឹងប្រព្រឹត្តនៅថ្ងៃទី២០ មីនា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត លើកលែងតែស្នាក់ការកណ្ដាលតែប៉ុណ្ណោះ។
ធនាគារជាតិ អំពាវនាវឲ្យសាធារណជនចូលរួមចំណែកលើកទឹកចិត្ត និងគាំទ្រប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ៕