Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ត្អូញត្អែរ​ថា​នេសាទ​ត្រី​លែង​បាន​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ

$
0
0

ប្រជា​នេសាទ​នៅ​ខែត្រ​ស្ទឹងត្រែង ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ បញ្ហា​នេះ ពួក​គេ​បាន​ទម្លាក់​កំហុស​លើ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដែល​បាន​បិទ​ទឹក​ទន្លេ​ទាំងស្រុង។

ការ​ត្អូញត្អែរ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ចាប់​ផ្ដើម​បិទ​ទឹក​ទន្លេ​សេសាន​កាល​ពី​ខែ​មករា ឆ្នាំ​២០១៧ បង្ក​ឲ្យ​ពលរដ្ឋ​មាន​មុខ​របរ​នេសាទ និង​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ កំពុង​រង​ផល​ប៉ះពាល់​ជា​បណ្ដើរៗ​រួម​មាន ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល បញ្ហា​ផ្លូវ​ចិត្ត សន្តិសុខ​ស្បៀង និង​ប៉ះពាល់​បំណិន​ជីវិត ជាដើម។

ប្រជា​នេសាទ​រស់នៅ​ឃុំ​កោះស្រឡាយ ស្រុក​សៀមបូក លោក ថង ម៉ីន វ័យ ៦០​ឆ្នាំ កត់​សម្គាល់​ថា រយៈពេល​ជាង ២​ខែ​កន្លង​ទៅ​នេះ អ្នក​នេសាទ​នៅ​ឃុំ​កោះស្រឡាយ មិន​អាច​ចាប់​ត្រី​បរិភោគ​បាន​ដូច​ឆ្នាំ​មុនៗ និង​ត្រូវ​ចំណាយ​ពេល​ច្រើន​ម៉ោង​ទម្រាំ​ចាប់​ត្រី​បរិភោគ​បាន​តិចតួច។ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត​មាន​ទម្លាប់​បង់​សំណាញ់​ចាប់​ត្រី​ផ្គត់ផ្គង់​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ ក៏​កំពុង​ប្រឈម​ដែរ ព្រោះ​ស្ទើរ​តែ​មិន​អាច​ចាប់​ត្រី​បាន​សោះ​ក្នុង​មួយ​ថ្ងៃ។

លោក​រំឭក​ថា កាល​ពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​មុនៗ​ដល់​តែ​ដល់​ខែ​មករា រហូត​ដល់​ខែ​មេសា អ្នក​ភូមិ​មាន​ទម្លាប់​នេសាទ​ត្រី​ទុក​សម្រាប់​ធ្វើ​ប្រហុក និង​ផ្អក ហើយ​សល់​លក់​ថែម​ទៀត ក៏ប៉ុន្តែ​ឆ្នាំ​នេះ​ពួក​គាត់​កំពុង​ប្រឈម​បាត់បង់​មុខ​របរ​នេះ។ លោក​កត់​សម្គាល់​ថា ពលរដ្ឋ​រស់នៅ​ដង​ទន្លេ​មេគង្គ​ប៉ែក​ខាង​ក្រោម ដូចជា​នៅ​កោះ​ព្រះ និង​កាំងចាម ក៏​ជួប​បញ្ហា​នេះ​ដែរ៖ «ចាប់​ពី​ខែ​មួយ ឆ្នាំ​២០១៧ អត់​ឃើញ​ត្រី​សោះ ទោះ​បី​ជា​តាម​សៀមបូក កោះ​ព្រះ ក៏​គេ​រក​ត្រី​ហូប​មិន​បាន​ដូច​គ្នា​ដែរ រក​តែ​ត្រី​រៀល​ហូប​មិន​បាន​ដែរ ពុំ​មែន​តែ​អត់​តែ​ខ្ញុំ​ទេ កន្លែង​គេ​ក្រោមៗ​ក៏​អត់​ដែរ»

អ្នក​នេសាទ​ម្នាក់​ទៀត​រស់នៅ​ឃុំ​ស្រែគរ ស្រុក​នេសាទ លោក សួន លួន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មីនា ថា ស្ថានភាព​ទឹក​នៅ​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ផ្ដើម​ប្រែប្រួល​ខុស​ប្រក្រតី​ក្រោយ​ពី​ក្រុមហ៊ុន​សេសាន​ក្រោម​ពីរ បិទ​ទន្លេ​ទាំងស្រុង បង្ក​ឲ្យ​អ្នក​ភូមិ​ស្ទើរ​តែ​មិន​អាច​នេសាទ​បាន​ត្រី​សោះ ហើយ​ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​ទិញ​ម្ហូប​បរិភោគ​ប្រចាំ​ថ្ងៃ៖ «ឥឡូវ​រក​អត់​សូវ​បាន​ទេ​ក្មួយ! បង់​មួយ​ថ្ងៃ​ដល់​ល្ងាច អត់​បាន​ត្រី​មួយ​ទេ ពិបាក​ណាស់! គឺ​ពិបាក​មែនទែន គឺ​ប៉ះពាល់​ជីវភាព​ទាំងអស់​ក្នុង​មូលដ្ឋាន»

ឆ្លើយតប​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ទទួល​ស្គាល់​ថា ក្រុមហ៊ុន​បាន​បិទ​ទន្លេ​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៧ ក៏ប៉ុន្តែ​ពុំ​ទាន់​បិទ​ទឹក​ទាំងស្រុង​នោះ​ទេ ហើយ​ទឹក​អាច​ហូរ​តាម​ទ្វារ​ទំនប់​បាន។ លោក​ថា ក្រុមហ៊ុន​កំពុង​សាងសង់​ប្រឡាយ​ពង្វាង​ទឹក ដែល​អនុញ្ញាត​ឲ្យ​ត្រី​អាច​បន្លាស់​ទី​បាន។ លើស​ពី​នេះ ការ​អភិវឌ្ឍ​ប្រឡាយ​ពង្វាង​ទឹក គឺ​ធ្វើ​ប្រវែង ១​គីឡូម៉ែត្រ​ពី​ទំនប់​វារីអគ្គិសនី បាន​ផ្ដើម​សាងសង់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦។ លោក​ថា ក្រុមហ៊ុន​នឹង​កសាង​ប្រឡាយ​ពង្វាង​ទឹក​ឲ្យ​រួច​រាល់​ឲ្យ​បាន​មុន​ខែ​ឧសភា ឆ្នាំ​២០១៧ ខាង​មុខ៖ «ខែ​៥ បិទ​ទឹក តែ​ដល់​ខែ​៣ ជិត​ហើយ សម្រុក​ធ្វើ​អា​ហ្នឹង​តើ។ មាន​ប្រឡាយ​មួយ​ពង្វាង​ចូល​ទៅ​បាត​អាង​វិញ ឡើង​ទៅ​លើ​វិញ។ ចឹង​ត្រី​ហែល​បញ្ច្រាស​ឡើង​ទៅ​លើ​បាន»

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល កាល​ពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ប្រសិន​បើ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បើក​ឲ្យ​ដំណើរការ វា​បង្ក​ឲ្យ​បរិមាណ​ត្រី​ក្នុង​អាង​ទន្លេ​មេគង្គ និង​ទន្លេសាប​ធ្លាក់​ចុះ​ប្រមាណ ១០% (,%) និង​កាត់​បន្ថយ​លំហូរ​ដី​ល្បាប់​ប្រហែល ៦% ទៅ ៨% ហើយ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​រស់​តាម​ដង​ទន្លេ​មេគង្គ ប្រឈម​ការ​ប៉ះពាល់​ជីវភាព និង​សន្តិសុខ​ស្បៀង។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា ក្រុម​ការងារ​ក្រសួង​បរិស្ថាន និង​ក្រសួង​រ៉ែ បាន​ចុះ​ពិនិត្យ​ស្ថានភាព​កសាង​ប្រឡាយ​ពង្វាង​ទឹក​ទំនប់​នេះ​រួច​ហើយ។ ដោយឡែក​សមត្ថកិច្ច​ជំនាញ​ថ្នាក់​ខែត្រ មាន​រដ្ឋបាល​ជលផល មន្ទីរ​កសិកម្ម ព្រម​ទាំង​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ក៏​បាន​សហការ​គ្នា​រៀបចំ​ផ្លូវ​សម្រាប់​ត្រី​ឡើង​ចុះ​ដែរ។ លោក​អះអាង​ថា រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​អំពី​ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី​ដោយសារ​ទំនប់​វារីអគ្គិសនី​នោះ​ទេ៖ «នេសាទ​ដូច​សព្វ​មួយ​ដង​ដូច​គ្នា ពេល​ខ្លះ​គាត់​នេសាទ​បាន ពេល​ខ្លះ​គាត់​នេសាទ​អត់​បាន តែ​ប្រសិន​បើ​មាន​ទឡ្ហីករណ៍​ណា​មួយ​ទៀត យើង​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ ជួន​វា​ប្រែប្រួល​យ៉ាង​ដូចម្តេច​ពាក់ព័ន្ធ​ទៅ​នឹង​សេវា​សុខភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​ហ្នឹង»

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន សង្កេត​ឃើញ​ថា ក្រុមហ៊ុន​បាន​បិទ​ទន្លេ​បណ្ដាល​ឲ្យ​ទឹក​ហៀរ​តាម​ទ្វារ​ទឹក​មាន​កម្ពស់​ខ្ពស់ ពុំ​អនុញ្ញាត​ឲ្យ​ត្រី​ធ្វើ​ចរាចរ​បាន​នោះ​ទេ ជាពិសេស​គំរាម​កំហែង​លក្ខខណ្ឌ​ជីវសាស្ត្រ​របស់​ត្រី។ លោក​ថា មក​ទល់​ពេល​នេះ ក្រុមហ៊ុន​បាន​បិទ​ទន្លេ​ទាំងស្រុង ក៏ប៉ុន្តែ​ក្រុមហ៊ុន​ពុំ​ទាន់​កសាង​ប្រឡាយ​ពង្វាង​ទំនប់​រួច​រាល់ បណ្ដាល​ឲ្យ​រាំង​ខ្ទប់​ដំណើរ​របស់​ត្រី និង​ប៉ះពាល់​ការ​បន្ត​ពូជ​របស់​ត្រី​នៅ​រដូវ​ត្រី​ពង​កូន។ លោក​បារម្ភ​ថា ភាព​អនាធិបតេយ្យ​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ច្រើន ដូចជា​ប្រើ​ចរន្ត​អគ្គិសនី​ឆក់ បោក​គ្រាប់បែក និង​ប្រើ​ថ្នាំ​បំពុល​ជាដើម ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ថយ​ចុះ​បរិមាណ​ត្រី​តាម​ដង​ទន្លេ​ដែរ៖ «ឥឡូវ​បង្ហៀរ​មាន​កម្ពស់​ខ្ពស់​ខ្លាំង​ពី​បាត​ទន្លេ ត្រី​មិន​អាច​ឡើង​រួច​ទេ មាន​ន័យ​ថា​ត្រី​ត្រូវ​រាំង​ខ្ទប់​បាត់​ហើយ ប៉ុន្តែ​ទឹក​មិន​ទាន់​ខ្ទប់​ទេ»

កាល​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១០ អ្នក​នេសាទ​នៅ​តាម​ដង​ទន្លេ​ទាំង​បី​នៃ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី បាន​បង្ហាញ​មោទនភាព​ចំពោះ​មច្ឆជាតិ​ដង​ទន្លេ ដែល​ផ្ដល់​នូវ​ភាព​សម្បូរ​ត្រី​ជាច្រើន​ប្រភេទ​មិន​ដូច​បច្ចុប្បន្ន​នោះ​ឡើយ។ ពលរដ្ឋ​អាច​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ចាប់​ត្រី​ចិញ្ចឹម​ជីវិត ទ្រទ្រង់​ជីវភាព​គ្រួសារ មិន​ចាំបាច់​ចំណាយ​ប្រាក់​ទិញ​នៅ​ទីផ្សារ ហើយ​មាន​អ្នក​ភូមិ​ខ្លះ​អាច​រក​ចំណូល​ពី​ការ​នេសាទ​លក្ខណៈ​គ្រួសារ និង​សល់​លក់​ចេញ​ទៅ​ទីផ្សារ​ទៀត​ផង។

តំបន់​ទន្លេ​បី រួម​មាន​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង គឺ​ជា​ប្រភព​នៃ​ជម្រក​ត្រី​ក្នុង​តំបន់​រួម​មាន ត្រី​ប៉ាសេអ៊ី ត្រី​ប៉ាវា​មុខ​ពីរ ឬ​ត្រី​ប៉ាកក និង​ត្រី​ក្អែក ជាដើម ហើយ​ត្រី​ទាំងនោះ​ច្រើន​រស់នៅ​ចំណុច​ប្រសព្វ​គ្នា​រវាង​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ជា​តំបន់​សម្បូរ​ថ្ម និង​ដង្ហើម​ទឹក​ហូរ​ធម្មជាតិ មាន​អុកស៊ីហ្សែន​ខ្ពស់ ក៏ប៉ុន្តែ​បច្ចុប្បន្ន ទន្លេ​សេសាន​ត្រូវ​បាន​បិទ​ទាំងស្រុង បង្ក​ការ​រាំង​ខ្ទប់​ដំណើរ​ឡើង​ចុះ​របស់​ត្រី​គ្រប់​ប្រភេទ និង​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​ទន្លេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles