កម្មករចំនួនជាង ៣០នាក់ នៅរោងចក្រ ធាន ស៊ុង (Tien Sung) ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដួលសន្លប់ និងទន់ដៃជើង ចំនួន ២ថ្ងៃជាប់គ្នា ដោយសារហេតុការណ៍ឆេះបំពង់បូមខ្យល់នៃម៉ាស៊ីនភ្លើង។ យ៉ាងណាកម្មករដែលរងគ្រោះបានវិលត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែស្ថិតនៅក្រោមការតាមដានឃ្លាំមើលករណីអ្នកមានបញ្ហានៅមានស្ថានភាពមិនទាន់ស្រួល។
កម្មករជាង ១០នាក់បន្ថែមទៀតបានទន់ដៃជើង និងមានអាការៈមិនស្រួលខ្លួនត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារឥទ្ធិពលនៃក្លិនមិនល្អក្នុងរោងចក្រ ដែលបានឆេះបំពង់បូមខ្យល់នៃម៉ាស៊ីនភ្លើង កាលពីថ្ងៃទី១៧ មីនា។
អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ជាវ ប៊ុនរិទ្ធ មានប្រសាសន៍ថា កម្មករដែលចូលធ្វើការថ្ងៃទី១៨ ខែមីនា មានសភាពទន់ដៃជើង មានអារម្មណ៍ភិតភ័យ និងតក់ស្លុត បន្ថែមនោះ គឺដោយសារធុំក្លិនឆ្ងៀមនិងឈឺក្បាលសល់ពីចំហាយកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ដោយហេតុការណ៍ឆេះបំពង់បូមខ្យល់នៃម៉ាស៊ីនភ្លើង ធ្វើឲ្យហុយផ្សែងចូលទៅក្នុងអាគារផលិតកម្ម។
លោកថា កាលពីព្រឹកថ្ងៃ១៧ ខែមីនា មានកម្មករចំនួន ២០នាក់បានដួលសន្លប់ដោយគិតថា រោងចក្រឆេះ ទើបចុចកណ្ដឹងប្រកាសអាសន្នដែលធ្វើឲ្យកម្មករផ្អើល។ លោកបានបន្ទោសថា បញ្ហានេះមកពីរដ្ឋបាលខ្វះការយល់ដឹងពីវិធានការផ្សេងៗ៖ «បើយើងពិនិត្យជាក់ស្ដែងគឺពាក់ព័ន្ធទៅនឹងបំពង់ភ្លើងវាធ្លាយ ហើយផ្សែងបានធ្លាយចូលក្នុងរោងចក្រក៏បានណែនាំឲ្យខាងរោងចក្របើកកង្ហារបឺតយកក្លិនចេញ ព្រោះផ្សែងហ្នឹង ធុំឆ្ងៀមវាធ្វើឲ្យកម្មករឈឺក្បាល វិលមុខ ទន់ដៃទន់ជើងទៅ»។
លោក ជាវ ប៊ុនរិទ្ធ បន្តថា ក្រុមការងារគណៈកម្មការទប់ស្កាត់ករណីដួលសន្លប់បានចុះទៅពិនិត្យលក្ខណៈបច្ចេកទេសមើលបរិយាកាសជុំវិញរោងចក្រ អាគារពាក់ព័ន្ធ កម្ដៅ សម្ពាធខ្យល់ សំណើម ប្រព័ន្ធខ្យល់ចេញចូលតម្រូវឲ្យលាងសម្អាត ពិនិត្យមើលបន្ទប់ទឹក បង្គន់ឡូ តម្រូវឲ្យរោងចក្រកែលម្អរួចហើយ នៅថ្ងៃទី១៨ ខែមីនា។ ក្រុមការងារបច្ចេកទេសបានអប់រំពន្យល់ណែនាំដល់កម្មករ និងបណ្ដុះបណ្ដាលរដ្ឋបាលរោងចក្រឲ្យយល់ដឹងពីអំពីវិធីសង្គ្រោះ។
រោងចក្រ ធាន ស៊ុង ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានកម្មករជាង ១ពាន់នាក់។
ទោះយ៉ាងណាកម្មករដែលរងគ្រោះដួលសន្លប់ បានវិលត្រឡប់ទៅផ្ទះវិញហើយ ប៉ុន្តែស្ថិតនៅក្រោមការតាមដានឃ្លាំមើលករណីអ្នកមានបញ្ហានៅមានស្ថានភាពមិនទាន់ស្រួលខ្លួននោះខាងរោងចក្របន្តឲ្យពួកគេឈប់សម្រាក៕