ក្រុមពលរដ្ឋដែលមានទំនាស់ដីធ្លីនៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបក្នុងខណ្ឌជ្រោយចង្វារ កំពុងបារម្ភអំពីឱសានវាទរបស់សាលារាជធានីភ្នំពេញ ដែលកំណត់រយៈពេល ១ខែ ក្នុងការដកហូតដីពួកគាត់។ ប៉ុន្តែពួកគាត់បញ្ជាក់ជំហរជាថ្មីថា នឹងមិនទទួលយកដំណោះស្រាយរបស់សាលាក្រុងដែលដកហូតដីពួកគាត់ចំនួន ៩០% ហើយទុកឲ្យគាត់ ១០% នោះទេ។
ពលរដ្ឋរងគ្រោះដីធ្លីនៅភូមិដើមគ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោកស្រី គាត ថាវី មានប្រសាសន៍នៅឯការជួបជុំគ្នាប្រមាណ ៤០នាក់ នៅព្រឹកថ្ងៃទី១៨ ខែមីនា ថា ពួកលោកស្រីនៅតែរក្សាជំហរមិនទទួលយកដំណោះស្រាយនេះទេ៖ «ខ្ញុំមិនព្រមដាច់ខាត គឺជំហររបស់ខ្ញុំមិនយក ១០% ហ្នឹងដាច់ខាត។ សុំឲ្យឆ្វៀល ព្រោះមិនមែនពួកខ្ញុំមកចាប់យកឯណា។ មានប្លង់កម្មសិទ្ធិត្រឹមត្រូវ ខ្លះប្លង់រឹង ហើយតាំងពីឆ្នាំ១៩៩២ តាំងពីកន្លែងនេះ គ្មានទាន់ក្រុមហ៊ុនណាមកដាក់។ ខ្ញុំរស់នៅកន្លែងហ្នឹង តាំងពីឆ្នាំ១៩៨០ ខ្ញុំមករស់នៅទីនេះ។ បើនិយាយពីសង្គម ខ្ញុំត្រឡប់មកផ្ទះខ្ញុំវិញ។ ខ្ញុំនៅតាំងពីអាយុ ៩ឆ្នាំ។ ឥឡូវនេះ ខ្ញុំអាយុ ៦០ឆ្នាំហើយ»។
អ្នកភូមិមួយរូបទៀត គឺលោក ជា សុគន្ធ បញ្ជាក់បន្ថែមថា ពួកលោកមានសំណូមពរដល់សាលាក្រុង និងក្រុមហ៊ុន ឲ្យពិចារណា និងពិភាក្សាគ្នារកដំណោះស្រាយជាមួយអ្នកភូមិជាថ្មី ពេលដែលពួកលោកមិនព្រមទទួលយកដំណោះស្រាយឲ្យពលរដ្ឋយក ១០% ហើយសាលារាជធានីយក ៩០% នេះ៖ «គួរតែប្រជុំពិភាក្សារកដំណោះស្រាយណាមួយថ្មី ដើម្បីឲ្យយើងបានចប់ទាំងអស់គ្នា។ ឲ្យប្រជាជនបានមកដោយសមរម្យ ហើយសាលាក្រុងក៏បានទៅដោយសមរម្យ។ មិនមែនដី ១ពាន់ការ៉េឲ្យយើង ១០០ការ៉េ ចង់និយាយថា ១០% នៃផ្ទៃដី ពួកខ្ញុំអត់ទទួលយកបានទេ។ ពួកគាត់ បើសិនជាពួកគាត់មានដីនៅទីនេះ ខ្ញុំជឿថា ពួកគាត់ក៏មិនព្រមដូចជាពួកខ្ញុំដែរ។ ពួកគាត់មានប៉ុន្មានក៏ដោយ ក៏ពួកគាត់មិនព្រមបរិច្ចាគដីទៅឲ្យសាលាក្រុង ក៏ដូចជាក្រុមហ៊ុន ៩០% ហើយគាត់ទទួលយក ១០% ដែរ»។
ការបញ្ជាក់ជំហររបស់អ្នកភូមិក្នុងខណ្ឌជ្រោយចង្វារ នៅពេលនេះ គឺធ្វើឡើងក្នុងពេលរង់ចាំចម្លើយអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពួកគាត់បានដាក់ញត្តិទៅខុទ្ទកាល័យលោក កាលពីព្រឹកថ្ងៃទី១៥ ខែមីនា។ អ្នកភូមិជ្រោយចង្វារ រំពឹងថា លោកនាយករដ្ឋមន្ត្រីនឹងមានដំណោះស្រាយថ្មីប្រសើរជាងដំណោះស្រាយរបស់សាលារាជធានីភ្នំពេញ។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់ពលរដ្ឋម្ចាស់ដីដែលពាក់ព័ន្ធក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបតំបន់ជ្រោយចង្វារ ឲ្យទៅទទួលយកឯកសារប្រគល់ដី ១០%។ សេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានកំណត់ឱសានវាទរយៈពេល ១ខែ ហើយផុតរយៈពេលនេះ សាលារាជធានីភ្នំពេញឈប់ទទួលពិនិត្យដោះស្រាយរាល់បណ្ដឹងតវ៉ាទាមទារនានា និងមិនទទួលខុសត្រូវចំពោះការបាត់បង់ប្រយោជន៍របស់ម្ចាស់ដីទាំងនោះទៀតឡើយ។ មិនតែប៉ុណ្ណោះ រដ្ឋបាលសាលារាជធានីភ្នំពេញ នឹងដកហូតដីនោះទុកជាសម្បត្តិរដ្ឋ។
តំណាងសហគមន៍ជ្រោយចង្វារ លោក ជា សុផាត ថ្លែងថា ពួកលោកកំពុងបារម្ភអំពីឱសានវាទសាលារាជធានីភ្នំពេញនេះ៖ «ខ្ញុំតែងតែព្រួយបារម្ភដែរ។ ប៉ុន្តែខ្ញុំតែងតែដេកគិតដែរ។ ឱសានវាទរបស់សាលាក្រុងមិនមែនជាច្បាប់ទេ គឺគ្រាន់តែសេចក្ដីជូនដំណឹងមួយ ដែលបង្ខំឲ្យយើងទៅទទួលយក ហើយបើយើងមិនទទួលយក គឺគេអត់ទទួលដឹងឮ។ អ៊ីចឹងពួកខ្ញុំមានសិទ្ធិមិនទទួលស្គាល់ដែរ»។
ទោះជាយ៉ាងនេះក្ដី លោក ជា សុផាត ថ្លែងថា ដោយសារនៅពេលនេះ រាជរដ្ឋាភិបាលកំពុងរវល់ក្នុងពិធីបុណ្យសពលោក សុខ អាន ពួកលោកមិនទាន់មានផែនការតវ៉ាអ្វីទៀតទេ ក្រៅពីការប្រជុំពិគ្រោះយោបល់ និងពង្រឹងសាមគ្គីភាពសមាជិកសហគមន៍របស់លោក។ លោកឲ្យដឹងថា បញ្ហាទំនាស់ដីធ្លីនៅតំបន់ក្រុងរណបជ្រោយចង្វារ បច្ចុប្បន្ននេះ មានអ្នកភូមិជាង ២០០គ្រួសារ ដែលមិនទទួលបានដំណោះស្រាយក្នុងទំហំផ្ទៃដីជិត ២០០ហិកតារ៕