Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

កម្ពុជា៖ គ្មាន​ការ​ស្នើ​សុំ​ពី​ម៉ាឡេស៊ី​ឲ្យ​ស៊ើប​អង្កេត​ករណី​ជនសង្ស័យ​​សម្លាប់​បង​ប្រុស​មេដឹកនាំ​កូរ៉េ​ខាង​ជើង

$
0
0

មន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ថា កម្ពុជា​មិន​ទទួល​បាន​ការ​ស្នើ​សុំ​ផ្លូវការ​ណា​មួយ​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី ដើម្បី​ចូលរួម​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ស្ត្រី​សង្ស័យ ២​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​សម្លាប់​លោក គឹម ជុងណាម (Kim Jong Nam) បង​ប្រុស​ម្ដាយ​ទីទៃ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គឹម ជុងអ៊ុន (Kim Jong Un) នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ នោះ​ទេ។ ការ​អះអាង​ដូច​នេះ ស្រប​ពេល​ដែល​មាន​សេចក្ដី​រាយការណ៍​ថា ស្ត្រី​សង្ស័យ​ជា​ឃាតក​ទាំង ២​នាក់ ម្នាក់​ជា​ជនជាតិ​វៀតណាម និង​ម្នាក់​ទៀត​ជា​ជនជាតិ​ឥណ្ឌូនេស៊ី ធ្លាប់​មក​ហាត់​សម​នៅ​កម្ពុជា ពី​របៀប​សម្លាប់​លោក គឹម ជុងណាម។

រឿង​ឃាតកម្ម​លើ​បង​ប្រុស​របស់​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង នៅ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) ប្រទេស​ម៉ាឡេស៊ី (Malaysia) ដែល​ធ្វើ​ឲ្យ​បណ្ដាញ​សារព័ត៌មាន​ជុំវិញ​ពិភពលោក​បន្ត​តាមដាន​ពី​ស្ថានការណ៍​នេះ ស្រាប់​តែ​មាន​សេចក្ដី​រាយការណ៍​ថា ស្ត្រី​ជា​ជនសង្ស័យ ២​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​សម្លាប់​លោក គឹម ជុងណាម ធ្លាប់​ធ្វើ​ដំណើរ​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា កាល​ពី​ខែ​មករា ដើម្បី​ហាត់​សម​ពី​របៀប​សម្លាប់​លោក គឹម ជុងណាម។

ស្ត្រី​ជា​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ ម្នាក់​ជា​ជាតិ​វៀតណាម ឈ្មោះ ដន ធី ហឿង (Doan Thi Huong) និង​ម្នាក់​ទៀត​ជា​ជនជាតិ​ឥណ្ឌូនេស៊ី ឈ្មោះ ស៊ីតិ អាយស្យ៉ា (Siti Aisyah)។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ម៉ាឡេស៊ី ស៊ើប​អង្កេត​ចាប់​ខ្លួន​បាន​ភ្លាមៗ​ក្រោយ​ពេល​ធ្វើ​សកម្មភាព​សម្លាប់​លោក គឹម ជុងណាម ហើយ​ដែល​វីដេអូ​នៃ​សកម្មភាព​សម្លាប់​នោះ ត្រូវ​បាន​គេ​ថត​ជាប់​ផង​ដែរ។

ស្រប​ពេល​ដែល​សមត្ថកិច្ច​ម៉ាឡេស៊ី កំពុង​ដុតដៃដុតជើង​ស៊ើបអង្កេត​អំពី​រឿង​នេះ ដើម្បី​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជនសង្ស័យ​ផ្សេង​ទៀត ស្រាប់​តែ​មាន​ព័ត៌មាន​ថា​ស្ត្រី​សង្ស័យ​ជា​ជនជាតិ​វៀតណាម និង​ឥណ្ឌូនេស៊ី ទាំង​ពីរ​នាក់​ធ្លាប់​មក​កម្ពុជា មុន​ពេល​ពួកគេ​ទៅ​ធ្វើ​សកម្មភាព​សម្លាប់​លោក គឹម ជុងណាម នៅ​ប្រទេស​ម៉ាឡេស៊ី។

សេចក្តី​រាយការណ៍​ចុង​ក្រោយ​មួយ​ឲ្យ​ដឹង​ថា នគរបាល​ស៊ើប​អង្កេត​កម្ពុជា មួយ​ក្រុម​ថែមទាំង​បាន​ចុះ​ប្រមូល​ភស្តុតាង​នៅ​សណ្ឋាគារ​ដែល​ស្ត្រី​ទាំង​ពីរ​ធ្លាប់​ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។

ទោះ​ជា​យ៉ាង​ណា អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ថា រហូត​មក​ទល់​ពេលនេះ​កម្ពុជា ពុំ​ទទួល​បាន​ការ​ស្នើ​សុំ​ការ​សហការ​ស៊ើបអង្កេត​ករណី​ស្ត្រី​ទាំង ២​នាក់​នេះ​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី នៅ​ឡើយ​។

លោក ខៀវ សុភ័គ បញ្ជាក់​ថា លោក​ក៏​មិន​បាន​ដឹង​ពី​ព័ត៌មាន​ដែល​ថា មាន​សមត្ថកិច្ច​ខ្មែរ​ចុះ​ពិនិត្យ​ដល់​សណ្ឋាគារ​ដែល​ស្ត្រី​ទាំង ២​នាក់​ធ្លាប់​ស្នាក់នៅ​នោះ​ដែរ ហើយ​លោក​មិន​ដឹង​ច្បាស់​ដែរ​ថា តើ​ស្ត្រី​ទាំង​២​នោះ​ពិត​ជា​បាន​មក​កម្ពុជា មែន ឬ​យ៉ាង​ណា​នោះ​ឡើយ។

អាស៊ីសេរី បាន​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។ ចំណែក​អធិការ​នគរបាល​ខណ្ឌ​៧មករា លោក នេត ស៊ីថុន មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី ដោយ​ខ្លី​មុន​បិទ​ទូរស័ព្ទ​ថា សមត្ថកិច្ច​ខាង​លោក​មិន​បាន​ចុះ​ពិនិត្យ​នៅ​សណ្ឋាគារ​ស្នាក់​នៅ​របស់​ស្ត្រី​ទាំង​២ ឡើយ។

ទោះ​ជា​យ៉ាង​ណា ករណី​ស្ត្រី​ដែល​ជា​ជនសង្ស័យ​សម្លាប់​បងប្រុស​មេដឹកនាំ​កូរ៉េ​ខាងជើង​នេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ថា ប្រសិនបើ​មាន​ការ​ស្នើ​ផ្លូវការ​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី ស៊ើប​អង្កេត​ពី​ករណី​នេះ សមត្ថកិច្ច​កម្ពុជា រីករាយ​នឹង​សហការ​ជាមួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles