Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បក្ស​ប្រឆាំង​នឹង​ដឹកនាំ​ប្រតិភូ​ចូលរួម​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ

$
0
0

នៅ​ថ្ងៃ​ជូន​ដំណើរ​នៃ​សព​លោក សុខ អាន នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា គណបក្ស​ប្រឆាំង​នឹង​ដឹកនាំ​ប្រតិភូ​មួយ​ក្រុម ទៅ​គោរព​​វិញ្ញាណក្ខន្ធ​​សព រួច​ហើយ​ចូលរួម​ដង្ហែ​រហូត​ដល់​ទី​បូជា​សព​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ។ អ្នក​នាំ​ពាក្យ​ពី​ខាង​បក្ស​កាន់​អំណាច​យល់​ឃើញ​ថា នេះ​ជា​រឿង​ល្អ​ដែល​អ្នក​នយោបាយ​ចេះ​យកអាសា​គ្នា​ពេល​មាន​ទុក្ខ​សោក។ អ្នក​វិភាគ​សង្គម​ចាត់​ទុក​ការ​លះបង់​ពេល​វេលា​របស់​បក្ស​ប្រឆាំង និង​ការ​បន្ទន់​ឥរិយាបថ​ផ្នែក​នយោបាយ​នៅ​ពេល​នេះ ថា​គឺ​ជា​វិធី​ផ្សះផ្សា​ភាព​ប្រេះឆា​ដ៏​ល្អ​បំផុត។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ការ​ចូលរួម​គោរព​បុណ្យ​សព និង​ដង្ហែ​រហូត​ដល់​ទី​បច្ឆា​នៅ​មុខ​វត្តបទុមវតី​នេះ គឺ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ពី​កម្លាំង​សាមគ្គីភាព និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នៃ​ក្រុម​គ្រួសារ​សព បើ​ទោះ​ជា​នេះ​ពុំ​មែន​ជា​បក្ស​តែ​មួយ​ក៏​ដោយ​ចុះ។

ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ប្រតិភូ​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក សុន ឆ័យ និង​លោក ប៉ុល ហំម នឹង​ទៅ​គោរព​វិញ្ញាណក្ខន្ធ និង​ចូលរួម​ដង្ហែ​សព​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ជូន​ដំណើរ​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជាមួយ​នឹង​សមាជិក​ដទៃ​ទៀត​របស់​បក្ស​កាន់​អំណាច​ដែរ។ អ្នកស្រី​បន្ត​ថា ដោយ​ឡែក​ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក កឹម សុខា មាន​ភារកិច្ច​ដែល​ពុំ​អាច​ចូលរួម​បាន៖ «»។

រដ្ឋាភិបាល​បាន​ប្រកាស​ថា លោក សុខ អាន បាន​ទទួល​មរណភាព​ក្រោយ​ពី​ព្រះមហាក្សត្រ ប្រោស​ព្រះរាជទាន​គោរមងារ​លោក​ជា "សម្ដេច​វិបុល​បញ្ញា សុខ អាន" កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​ហើយ​នៃ​ពិធី​បុណ្យ​សព ដែល​ត្រូវ​រំកិល​ចេញ​ពី​គេហដ្ឋាន​ទៅ​បូជា​នៅ​មុខ​វត្ត​បទុមវតី។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច សាទរ​ចំពោះ​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម​គោរព និង​ដង្ហែ​សព​លោក សុខ អាន ទៅ​ទី​បច្ឆា។ លោក​បន្ត​ថា អ្នក​នយោបាយ​គួរ​ធ្វើ​បែប​នេះ​ដើម្បី​បង្ហាញ​ពី​កម្លាំង​សាមគ្គីភាព បើ​ទោះ​ជា​ឈ្លោះ គួរ​ឈ្លោះ​គ្នា​ត្រឹម​កម្មវិធី​នយោបាយ​បាន​ហើយ។ ដោយ​ឡែក​ទំនាក់ទំនង​រវាង​បុគ្គល និង​បុគ្គល​វា​គឺ​ជា​រឿង​មួយ​ផ្សេង ទើប​ធ្វើ​ឲ្យ​ជាតិ​រុងរឿង និង​ជឿនលឿន​ទៅ​មុខ​បាន៖ «»។

ជុំវិញ​ពិធី​បុណ្យ​សព​នេះ រដ្ឋាភិបាល​ក៏​រង​ការ​រិះគន់​ពី​ការ​ស្នើ​លុយ​ជិត ១​លាន​ដុល្លារ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ចំណាយ​នៅ​ក្នុង​កម្មវិធី​បុណ្យ​សព​នេះ​ដែរ។ ក្រុម​អ្នក​រិះគន់​នៅ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ចោទ​ប្រកាន់​ថា នេះ​ជា​ការ​ចំណាយ​ថវិកា​ជាតិ​ដ៏​ច្រើន​លើសលប់។ យ៉ាង​ណា​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​ថ្លែង​ការពារ​ថា ការ​ស្នើ​សុំ​ថវិកា​ដ៏​ច្រើន​នេះ ដើម្បី​យក​មក​រៀបចំ​កម្មវិធី​បុណ្យ ក្រៅ​ពី​ដើម្បី​ធ្វើ​ឲ្យ​សក្ដិសម​ទៅ​នឹង​កិត្តិយស​របស់​លោក សុខ អាន ហើយ​សេសសល់​ពី​នេះ បើ​ថវិកា​ចាយ​មិន​អស់​ទេ​នឹង​ត្រូវ​បង្វិល​ចូល​ទៅ​ក្នុង​ថវិកា​រដ្ឋ​វិញ​ទេ។

ដោយ​ឡែក លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​យល់​ឃើញ​ថា ការ​បន្ទន់​ឥរិយាបថ​មួយ​ជំហាន​បន្ថែម​ទៀត​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត។ លោក​បន្ត​ថា នេះ​ពុំ​មែន​ជា​ការ​បង្ហាញ​ភាព​ទន់​ជ្រាយ​របស់​បក្ស​ប្រឆាំង​ទេ ក៏ប៉ុន្តែ​វា​ជា​ការ​បង្ហាញ​សីលធម៌​សមរម្យ ចេះ​អធ្យាស្រ័យ និង​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ​ទៅ​វិញ​ថែម​ទៀត​ផង៖ «»។

ថ្វី​បើ​ពេល​នេះ​មើល​ទៅ​បរិយាកាស​នយោបាយ ហាក់​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​បន្តិច ទន្ទឹម​នឹង​នេះ​សម្ពាធ​នយោបាយ​មួយ​ថ្មី​ទៀត បាន​ផ្ទុះ​ឡើង​ភ្លាម​ដែរ។ ក្រោយ​ពី​មាន​សារ​ឆ្លើយឆ្លង​រវាង​លោក លឹម គឹមយ៉ា តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ និង​លោក ហ៊ី យឿន អគ្គលេខាធិការ​រង​ព្រឹទ្ធសភា​ពី​ខាង​បក្ស​ប្រឆាំង​សន្ទនា​តាម​ទូរស័ព្ទ រិះគន់​សព​លោក សុខ អាន ហើយ​ត្រូវ​បាន​ហ្វេសប៊ុក​ឈ្មោះ សីហា ទម្លាយ​ចេញ។ អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់។

ទាក់ទិន​រឿង​នេះ អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ព្រមាន​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ថា​នឹង​ប្ដឹង​រឿង​នេះ​ទៅ​តុលាការ ប្រសិន​បើ​អ្នក​ទាំង​ពីរ​​មិន​ចេញ​មុខ​សូមទោស​ជា​សាធារណៈ​ទេ។

អាស៊ីសេរី ពុំ​អាច​សុំ​ប្រតិកម្ម​បាន​ទេ​ពី​លោក លឹម គឹមយ៉ា និង​លោក ហ៊ី យឿន នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា។ យ៉ាង​ណា ក្រុម​ដែល​គាំទ្រ​បក្ស​កាន់​អំណាច​ចាត់​ទុក​សារ​ឆ្លើយឆ្លង​នេះ​ថា ជា​រឿង​អសីលធម៌ និង​ថ្កោលទោស ​ដែល​ត្រូវ​ទាមទារ​ដោះស្រាយ​តាម​ច្បាប់។

ជុំវិញ​ការ​បញ្ចេញ​សំឡេង​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​ទាក់ទិន​នឹង​មរណភាព​លោក សុខ អាន នេះ អ្នកស្រី មូរ សុខហួរ បញ្ជាក់​​ថា ជំហរ​ថា ​គណបក្ស​ប្រឆាំង​គឺ​មិន​អនុញ្ញាត​ឲ្យ​សមាជិក​បក្ស​ប្រើប្រាស់​ភាសា​មិន​សមរម្យ​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​ប្រមាថ​ដោយ​សម្ដី ឬ​មើលងាយ​អ្នក​ដទៃ នោះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ផ្ទាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles