សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យជាង ៦០នាក់ បានជួបជុំគ្នាស្វែងយល់ពីច្បាប់ចរាចរណ៍ និងការប្រុងប្រយ័ត្ននៅពេលបើកបរដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។
នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា មានប្រសាសន៍នៅថ្ងៃទី១៨ ខែមីនា ថា សិក្ខាសាលានេះមានបំណងអប់រំឲ្យយុវជនយល់ដឹងពីច្បាប់ចរាចរណ៍ និងការប្រុងប្រយ័ត្ននៅពេលបើកបរបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងចេះប្រមើលមើលពីហានិភ័យនៅពេលបើកបរលើដងផ្លូវ។
ការប្រមើលមើលពីហានិភ័យដូចជា មានអ្នកថ្មើរជើង អ្នកជិះម៉ូតូ ជិះកង់ឆ្លងកាត់ ដែលមិនអាចស្មានបាន ត្រូវចេះកំណត់ និងវាយតម្លៃពីស្ថានភាពដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៖ «នៅពេលដែលយើងបើកបរយើងត្រូវមានការយកចិត្តទុកដាក់នៅលើផ្លូវឲ្យបានច្រើន ព្រោះអីគ្រោះថ្នាក់វាអាចកើតឡើងគ្រប់ពេលវេលា។ យើងត្រូវប្រយ័ត្នពេលខ្លះរថយន្តដែលនៅខាងមុខ គាត់បើកត្រង់ពេលខ្លះគាត់អាចបត់ឆ្វេង បត់ស្ដាំ ឬនៅខាងមុខវាអាចមានម៉ូតូមានឡានឆ្លងកាត់ អ៊ីចឹងនៅពេលដែលមានកត្តាណាមួយដែលវាអាចកើតឡើង យើងត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា។ បញ្ចៀសនូវការប្រើប្រាស់ទូរស័ព្ទ ឬក៏ការនិយាយ ការស្ដាប់វិទ្យុ ម៉ាញ៉េ វាអាចធ្វើឲ្យការផ្ដោតអារម្មណ៍មានការថយចុះ គាត់ប្រឈមគ្រោះថ្នាក់ច្រើន ហើយធ្វើឲ្យអារម្មណ៍គាត់វាអត់មូល»។
យុវជនគឺជាអ្នករងគ្រោះ និងជាអ្នកបង្កហេតុ មានអាយុចន្លោះពី ១៥ឆ្នាំ ទៅ ៣៥ឆ្នាំ មាន ៤០% ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ សិក្ខាសាលាស្ដីពីសុវត្ថិភាពចរាចរណ៍សម្រាប់យុវជននៅក្នុងរាជធានីភ្នំពេញ ធ្វើឡើងដោយមានការគាំទ្រពីសាកលវិទ្យាល័យតូក្យូ (Tokyo) ប្រទេសជប៉ុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលមានសិស្សមកពីវិទ្យាល័យចំនួន៥ និងនិស្សិតមកពីសាកលវិទ្យាល័យចំនួន២ ចូលរួម៕