Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​បក្ស​ប្រឆាំង​ថា​អ្នក​រត់​ទៅ​បក្ស​កាន់​អំណាច​ភាគ​ច្រើន​មិន​មែន​ទៅ​ដោយ​ស្ម័គ្រចិត្ត

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម អះអាង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​មន្ត្រី​ក្នុង​ជួរ​គណបក្ស​របស់​ខ្លួន​មួយ​ចំនួន​តូច បាន​រត់​ទៅ​ចូល​ជា​សមាជិក​ថ្មី​ជាមួយ​គណបក្ស​កាន់​អំណាច​ខ្លះ​មែន ប៉ុន្តែ​ភាគ​ច្រើន​នៃ​មន្ត្រី​ទាំង​នោះ ជា​អតីត​មន្ត្រី​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចាស់។ ទន្ទឹម​គ្នា​នេះ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​អះអាង​ទៀត​ថា អ្នក​ដែល​រត់​ទៅ​ទាំង​អំបាលម៉ាន​នោះ គឺ​ផ្ដើម​ចេញ​ពី​ការ​អូសទាញ​របស់​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​នៅ​តាម​មូលដ្ឋាន។

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម មាន​ជំនឿ​ថា បើ​ទោះ​បី​ជា​មាន​មន្ត្រី​គណបក្ស​របស់​ខ្លួន​បាន​រត់​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ខ្លះ​ក៏​ពិត​មែន​ក្តី ក៏ប៉ុន្តែ​ស្មារតី​របស់​សមាជិក​គណបក្ស​នៅ​តាម​មូលដ្ឋាន​នៅ​តែ​មាន​សាមគ្គីភាព ដោយ​មិន​ងាករេ​នោះ​ឡើយ។

លោក សាន សឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា នេះ​ថា រហូត​មក​ទល់​ពេល​នេះ មាន​មន្ត្រី​គណបក្ស​លោក​ចំនួន ១៣​នាក់ បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម រូប​នេះ អះអាង​ថា អ្នក​ដែល​ទៅ​ចុះចូល​នោះ ភាគ​ច្រើន​ដោយសារ​ការ​អូសទាញ​ពី​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​នៅ​តាម​មូលដ្ឋាន៖ «ខ្ញុំ​បាន​ជួប​ពួកគាត់​នៅ​តាម​ការប្រជុំ​ផ្សេង និង​ដឹង​ថា ពួកគាត់​បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​មិន​បោះបង់ចោល​ឆន្ទៈ​ប្រជាពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​តួនាទី និង​មុខ​តំណែង​ទាំង​នេះ។ ភាគច្រើន​ពួកគាត់​ប្ដេជ្ញា​ដូច្នេះ។ ពួកគាត់​រហូត​ដល់​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​រម្លាយ​មែន​នោះ ពួកគាត់​សុខចិត្ត​វិល​ត្រឡប់​ទៅ​ធ្វើ​ជា​កសិករ​វិញ»

​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤​នាក់ បាន​ទៅ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​មាន​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ព្រៃឈរ គណបក្ស​ប្រឆាំង​ម្នាក់ សមាជិក​ក្រុមប្រឹក្សា​ស្រុក​កងមាស ម្នាក់ និង​ក្រុមប្រឹក្សា​ឃុំ ២​នាក់។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក សាន សឿន ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​មន្ត្រី​ដែល​ចាក​ចេញពី​គណបក្ស​ប្រឆាំង​ទៅ​ចុះចូល​គណបក្ស​កាន់​អំណាច​នៅ​ខេត្ត​កំពង់ចាម​នោះ រួមមាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម រួម​ទាំង​មេ​ឃុំ​មួយ​រូប​ផង។

មន្ត្រី​គណបក្ស​កាន់​អំណាច​វិញ ចាត់​ទុក​ថា អ្នក​ចុះចូល​គណបក្ស​ប្រជាជន​មាន​ចំនួន​ច្រើន។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ទទួល​ស្គាល់​ថា អ្នក​ដែល​ចាក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដោយសារ​ការ​អំពាវ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បើក​ចំហ និង​មាន​ការ​សន្ដោស​ប្រណី​ដល់​អ្នក​ដែល​មិន​ដឹង​អី៖ «ពីព្រោះ​មូលហេតុ​ដែល​សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​អំពាវនាវ​ជា​ចំហ​នេះ ដោយសារ​លោក​មាន​មនោសញ្ចេតនា និង​មាន​ព្រហ្ម​វិហារធម៌​ចំពោះ​បងប្អូន​ថ្នាក់​ក្រោមៗ ដែល​មិន​ដឹង​រឿង​អី ហើយ​លុះ​ទៅ​ដោយ​ការ​ដឹកនាំ​របស់​ប្រធាន​គណបក្ស​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ជាតិ។ ឲ្យ​បងប្អូន​ឲ្យ​ទទួល​រង​ផលវិបាក ដោយ​ប្រធាន​តែ​ម្នាក់​ឯង វា​អត់​យុត្តិធម៌​សោះ ព្រោះ​គ្នា​នៅ​ថ្នាក់ក្រោម​អត់​បាន​ដឹង»

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ធ្លាប់​អះអាង​ប្រាប់​អាស៊ីសេរី កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា ចំនួន​អ្នក​ដែល​ចាកចេញ​នោះ គឺ​ជា​ចំនួន​តិចតួច​បំផុត បើ​ប្រៀបធៀប​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ឆ្នោត​ទាំង ៥.០០៧​នាក់ និង​ជាប់​ជា​មេឃុំ-​ចៅសង្កាត់​ជិត ៥០០​ឃុំ-​សង្កាត់ នៅ​ទូទាំង​ប្រទេស​នោះ។ លោក សុន ឆ័យ មិន​ត្រឹមតែ​មិន​ព្រួយបារម្ភ​ចំពោះ​ការ​ចាក​ចេញ​នេះ​ទេ ប៉ុន្តែ​លោក​ថែម​ទាំង​អះអាង​បន្ថែម​ទៀត​ថា ដោយសារ​ចំនួន​អ្នក​ចាកចេញ​វា​តិចតួច​ស្ទើរតែ​គ្មាន​ដូច្នេះ វា​បង្ហាញ​ភាព​រឹង​មាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខ្លាំងក្លា​មែន​ទែន។

ស្រប​ពេល​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​រឹងមាំ និង​ជឿជាក់​លើ​ភាព​មិន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​របស់​មន្ត្រី និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដែល​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​ចុះ​​ចូល​ដែល​ពេលខ្លះ​ពួកគេ​ពិពណ៌នា​ថា ដូច​ទឹកបាក់​ទំនប់​ជាដើម។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​សម្បូរ​បែប​ដូច​គណបក្ស​កាន់​អំណាច ព្រោះ​វិទ្យុ​ហ្វេស.អឹម (FM) ក្នុង​ស្រុក​ដែល​គណបក្ស​ប្រឆាំង​ជួល​ម៉ោង​ផ្សាយ ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បិទ​ស្ថានីយ​វិទ្យុ និង​ការ​ផ្សាយ​តាំង​ពី​ខែ​កញ្ញា កន្លង​ទៅ។ មន្ត្រី​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រើ​មធ្យោបាយ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​មេ​ឃុំ ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​តាម​បណ្ដា​ខេត្ត​នៅ​ទូទាំង​ប្រទេស ដែល​មិន​ចុះ​ចូល​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ទោះបី​មាន​ការ​អំពាវនាវ​អូសទាញ និង​គំរាមកំហែង​ឲ្យ​ចុះចូល​យ៉ាង​ណា​ក្ដី។

ទាក់ទង​នឹង​ការ​ចេញ​នេះ លោក សុន ឆ័យ ធ្លាប់​អះអាង​ហើយ​ថា គ្មាន​មន្ត្រី​ជាប់​ឆ្នោត​ណា​មួយ​អាច​ចាក​ចេញ​ក្នុង​តួនាទី និង​មុខតំណែង​ដែល​ខ្លួន​ជាប់​ឆ្នោត​ដោយ​រាស្ត្រ​បោះ​ឲ្យ​នោះ​ទេ។ លោក​បញ្ជាក់​ថា ជា​ស្វ័យប្រវត្តិ​មន្ត្រី​ជាប់​ឆ្នោត​ដែល​ចាកចេញ នឹង​ចាកចេញ​ដោយ​សម្បកខ្លួន​ប៉ុណ្ណោះ ព្រោះ​តួនាទី​ត្រូវ​អស់​ជា​ស្វ័យប្រវត្តិ ពេល​ដែល​គាត់​ប្ដូរ​បក្ស ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចាត់ចែង​រើស​មនុស្ស​ដែល​មាន​នៅ​ក្នុង​បញ្ជី​បេក្ខជន​បន្ទាប់ មក​ជំនួស​តំណែង​នោះ។ ដូច្នេះ មាន​ន័យ​ថា ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅ​តែ​គ្រប់​ចំនួន​ដដែល។

​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ចាត់​ទុក​អ្នក​នយោបាយ​ដែល​ចេញ​ពី​គណបក្ស​មួយ​ទៅ​ចូល​គណបក្ស​មួយ​ទៀត​នេះ​ថា ជា​ការ​ស្វែងរក​លាភសក្ការៈ ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​ច្រើន​ជាង​ការ​ផ្លាស់ប្ដូរ​ជីវភាព​នយោបាយ ដើម្បី​ការ​រីកចម្រើន​នៅ​ក្នុង​សង្គម​ជាតិ។ ប៉ុន្តែ​លោក​បណ្ឌិត មាស នី កត់សំគាល់​ទៀត​ថា អ្នកនយោបាយ​ប្រភេទ​នេះ មាន​មិន​ច្រើន​ឡើយ​នៅ​កម្ពុជា ហើយ​ពួកគាត់​ភាគច្រើន​ជា​មនុស្ស​ផ្លាស់ប្ដូរ​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ច្រើន​លើក​ច្រើន​សា៖ «បើ​សិន​ដូច​គណបក្ស​ប្រឆាំង​បាន​អះអាង ដែល​ថា មន្ត្រី​ដែល​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​អតីត​មន្ត្រី​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បើ​រឿង​នេះ​ពិត​មែន វា​ជា​រឿង​ចរន្ត​ធម្មតា​ទេ ព្រោះ​បើ​តាម​យើង​ស្ដាប់​មើល​ទៅ ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ហ្នឹង​ក៏​កំពុង​ប្រមែប្រមូល​មនុស្ស​គគ្រឹកគគ្រេង​ដែរ តាំង​ពី​ក្រោយ​មាន​រឿង​មាន​ការ​បែងចែក​កៅអី​របស់​គណបក្ស​សង្គ្រោះ​ជាតិ»

លោក​បណ្ឌិត មាស នី បន្ថែម​ទៀត​ថា អ្នក​នយោបាយ​ដែល​ចុះ​ចូល​ទៅ​គណបក្ស​ថ្មី​នេះ គឺ​ជា​រឿង​ធម្មតា​របស់​អ្នក​នយោបាយ ប៉ុន្តែ​លោក​ថា បើ​ធៀប​នឹង​ការ​បោះ​ឆ្នោត​កាល​ពី​ពេល​កន្លង​ទៅ គឺ​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​អ្នក​ចុះចូល​តិច​ជាង​ឆ្នាំ​មុនៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles