Clik here to view.

តំណាងរាស្ត្របក្សសង្គ្រោះជាតិ គ្រោងពឹងរដ្ឋាភិបាលអង់គ្លេស ឲ្យជួយដោះស្រាយវិបត្តិនយោបាយនៅប្រទេសកម្ពុជា ស្របពេលដែលរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងប៉ុនប៉ងរម្លាយគណបក្សប្រឆាំង និងធ្វើទុក្ខបុកម្នេញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិល។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ គ្រោងជួបរដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស លោក បូរ៊ីស ចនសុន (Boris Johnson) នៅក្នុងខែវិច្ឆិកានេះ ដើម្បីឲ្យក្រសួងការបរទេសអង់គ្លេស ជួយចាត់វិធានការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា។
អ្នកស្រី មូរ សុខហួរ ប្រាប់សារព័ត៌មាន ឌឹ តេឡេក្រាហ្វ (the Telegraph) កាលពីថ្ងៃទី២៩ ខែតុលា ថា បើគ្រាន់តែចេញសេចក្តីថ្លែងការណ៍គឺគ្មានប្រសិទ្ធិភាពនោះទេ។ អ្នកស្រីបន្ថែមទៀតថា លោក ហ៊ុន សែន បានអានសេចក្តីថ្លែងការណ៍ច្រើនណាស់ហើយ ហើយគាត់ប្រហែលជាបោះវាចោលក្នុងធុងសំរាមបាត់អស់ហើយដែរ។
អ្នកស្រី មូរ សុខហួរ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាច្រើនរូបផ្សេងទៀត បានចាកចេញពីប្រទេសកម្ពុជា ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមចាប់មន្ត្រីសង្គ្រោះជាតិ ដទៃទៀត ដែលលោកចោទថា ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ និងឃុបឃិតជាមួយបរទេស ក្នុងករណីចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
អ្នកស្រី មូរ សុខហួរ កំពុងតស៊ូមតិជាមួយសហគមន៍អន្តរជាតិ ដើម្បីឲ្យមានវិធានការដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា រួមទាំងការដាក់ទណ្ឌកម្ម ដូចជាការបិទទិដ្ឋាការចំពោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផង ដើម្បីឲ្យដោះលែងលោក កឹម សុខា ឈប់ធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង និងស្តារស្ថានការណ៍នយោបាយកម្ពុជា ឲ្យវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ដើម្បីឲ្យការបោះឆ្នោតជាតិខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕