Clik here to view.

កម្ពុជាមានគម្រោងបិទច្រករបៀងទាំងអស់ ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។
ថ្លែងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ច្រកព្រំដែនអន្តរជាតិថ្មីនៅប៉ោយប៉ែត កាលពីថ្ងៃទី៣០ ខែតុលា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា នៅតាមច្រករបៀងតូចៗទាំងនោះ ពុំមានមន្ត្រីចាំយាមត្រឹមត្រូវ និងពុំបានផ្ដល់ផលប្រយោជន៍អ្វីឡើយ។ លោក ស ខេង បន្តថា កម្ពុជាបានបើកច្រកព្រំដែនអន្តរជាតិជាច្រើន នៅតាមព្រំដែនកម្ពុជា-ថៃ ហើយច្រកទ្វារប៉ោយប៉ែតនេះ មានសារសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលសម្បូរណ៍អ្នកទេសចរធ្វើដំណើរឆ្លងកាត់។
អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ឲ្យដឹងថា អគារថ្មីកម្ពស់ ៣ជាន់របស់ព្រំដែនអន្តរជាតិនៅប៉ោយប៉ែត ដែលទើបសាងសង់រួច នឹងប្រើប្រាស់សម្រាប់ចេញលិខិតឆ្លងដែន និងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរ និងពលករទៅធ្វើការនៅប្រទេសថៃ។ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ទើបបានជួសជុលនិងធ្វើឲ្យស្អាតល្អឡើងវិញ ដោយប្រើពេល១៨ខែ៕