Quantcast
Viewing all articles
Browse latest Browse all 11174

មន្ត្រី​បក្ស​សង្គ្រោះជាតិ​ខេត្ត​បាត់ដំបង​បារម្ភ​ពី​ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​មិន​បាន​២០​ភាគរយ

Image may be NSFW.
Clik here to view.

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​បាត់ដំបង កំពុង​ព្រួយបារម្ភ​ខ្លាចក្រែង ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មិនបាន​ដល់​២០​ភាគរយ ហើយ​អាច​នឹង​ប៉ះពាល់​ដល់​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ ព្រោះ​រយៈពេល​នៃ​ការ​ចុះឈ្មោះ នៅសល់​ជាង​មួយ​សប្ដាហ៍​ទៀត​នឹង​ត្រូវ​បញ្ចប់​ហើយ។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​បាត់ដំបង លើក​ឡើង​ថា នៅ​តាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត គ្រប់​ទីកន្លែង នៅ​ក្នុង​ខេត្ត​មួយ​នេះ រហូត​មក​ដល់​ពេល​នេះ ស្ទើរ​តែ​មិនមាន​ពលរដ្ឋ​ណា​ម្នាក់ ទៅ​ចុះ​ឈ្មោះ​ឡើយ។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​បាត់ដំបង លោក ជា ជីវ មានប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ តុលា នេះ​ថា បញ្ហា​ចម្បង ដែល​ធ្វើ​ឲ្យ​ចំនួន​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​បាន​តិច ដោយសារ​គណៈកម្មការ​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ខ្វះ​ការ​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ អះអាង ទៀត​ថា ប្រសិនបើ​នៅ​គណៈកម្មការ​ចុះឈ្មោះ​បោះឆ្នោត នៅ​តែ​មិន​ខ្វល់​រឿង​ការ​ចុះឈ្មោះ​បោះឆ្នោត​ទៀត គឺ​ប្រជាពលរដ្ឋ ដែល​មិនទាន់​ចុះឈ្មោះ នៅ​ក្នុង​ខេត្ត​មួយ​នេះ នឹង​បាត់បង់​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៨ ជា​ពុំខាន ពីព្រោះ​មក​ទល់​ពេល​នេះ ទើបតែ​មាន​អ្នក​មក​ចុះឈ្មោះ បាន​ប្រហែល ១៥​ភាគរយ ប៉ុណ្ណោះ៖ «បើសិនជា​ចំនួន​តិច ដូច្នេះ​ឆន្ទៈ​នៃ​ការបោះឆ្នោត​នឹង​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ដឹកនាំ​ប្រទេស​បាន​តាម​អំពើ​ចិត្ត។ ប៉ុន្តែ​បើ​ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​បាន​ច្រើន ដូច្នោះ​គណបក្ស​កាន់​អំណាច​នឹង​មិន​អាច​ធ្វើ​អ្វី​សម្រេច​តែ​ចិត្ត​គាត់​បាន​ដូច​ពេល​មុន​ទៀត​ទេ»

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត ខេត្ត​បាត់ដំបង លោក វន ពន ទទួល​ស្គាល់​ថា ពិតជា​មាន​ប្រជាពលរដ្ឋ មក​ចុះឈ្មោះ​បោះឆ្នោត បាន​តិចតួច​ប្រាកដ​មែន ក៏​ប៉ុន្តែ​លោក​អះអាង ថា​មន្ត្រី​គណៈកម្មការ​ចុះឈ្មោះ​បោះឆ្នោត បាន​ខំប្រឹង​ជំរុញ​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន អស់ពី​សមត្ថភាព​ហើយ តែ​គ្មាន​មនុស្ស​មក​ចុះឈ្មោះ។ លោក​បន្ថែម​ទៀត ថា អ្នក​ដែល​មិន​បាន​មក​ចុះឈ្មោះ ភាគច្រើន​គឺ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក ទៅ​ក្រៅ​ប្រទេស៖ «ឥឡូវ​យើង​ធ្វើ​រហូតដល់​ចាស់ជរា​យើង​ចុះទៅ​ដល់​ផ្ទះ​ទៀត​ផង។ ខ្ញុំ​សួរ​ទៅ​មន្ត្រី​របស់​ខ្ញុំ គេ​ថា​អស់ហើយ​អ្នក​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​នោះ បើ​នៅ​ក៏​មានតែ​មនុស្ស​ចាស់ជរា​ទេ។ យើង​ចង់​បាន​ថា តើ​មាន​អនុសាសន៍​យ៉ាង​មិច​ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​បាន​ច្រើន សូម​លើក​សំណើ​យើង​នឹង​យក​ទៅ​អនុវត្តន៍»

មន្ត្រី​គណបក្សប្រឆាំង សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា នៅ​ថ្ងៃ​បញ្ចប់​នៃ​ការ​ចុះ​ឈ្មោះ យ៉ាង​ច្រើន​ពលរដ្ឋ​ទៅ​ចុះឈ្មោះ មិន​ដល់​២០​ភាគរយ​នោះ​ទេ។ បញ្ហា​នេះ​អាច​នឹង​ប៉ះពាល់ ដល់​លទ្ធផល​នៃ​ការបោះឆ្នោត នៅ​ពេល​ខាងមុខ ព្រោះ​មិន​ឆ្លុះ​បញ្ចាំ​ពី​ឆន្ទៈ​ពិតប្រាកដ របស់​ប្រជាពលរដ្ឋ​ឡើយ។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា បញ្ហា​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​តិច​នេះ មួយ​ផ្នែក​ធំ បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ ធ្វើ​ចំណាកស្រុក។ លោក​អះអាង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សមាជិកសភា​តំណាងរាស្ត្រ ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់ បោះឆ្នោត​ថ្មី ធ្វើ​យ៉ាង​ណា​ឲ្យ​ពលករ​នៅ​ក្រៅ​ប្រទេស អាច​ចុះឈ្មោះ​បោះឆ្នោត​បាន៖ «ដូច្នេះ​សរុប​មក​យើង​ឃើញ​ថា ប្រជាពលរដ្ឋ​ជាង​មួយ​លាន​នាក់ នឹង​ត្រូវ​បាត់បង់​សិទ្ធិ​បោះឆ្នោត ហើយ​ការ​បាត់បង់​សិទ្ធិ​នេះ​យើង​មិន​អាច​ថា គ្រប់គ្រាន់ ឬ​មិន​គ្រប់​គ្រាន់ តែ​យើង​ចង់​និយាយ​ថា សិទ្ធិ​ប្រជាពលរដ្ឋ​មិន​ត្រូវ​បាន​ធានា​ឲ្យ​បាន​គ្រប់គ្រាន់ ក្នុង​ការ​ផ្ដល់​សេវា​ចុះឈ្មោះ​បោះឆ្នោត​ជូន​ពលករ​ដែល​ធ្វើ​ចំណាកស្រុក»

ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួច នៅ​ខេត្ត​បាត់ដំបង គិត​ត្រឹម​ថ្ងៃ​ទី៣០ តុលា មាន ៣២.៦៣៧ នាក់ ក្នុងចំណោម​អ្នក​ដែល​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី មាន​ជាង ២០​ម៉ឺន​នាក់ ក្នុង​នោះ​អ្នក​ដែល​ផ្ទេរ​ឈ្មោះ​ចូល​ពី​ខាងក្រៅ មាន ៣.០៨២នាក់ និង​ប្ដូរ​ការិយាល័យ​បោះឆ្នោត​មាន ១.១៥៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles