Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ​ខ្លះ​នៅ​ស្រុក​មេមត់​នឹង​យក​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ដាក់​ចូល​គោលនយោបាយ​បក្ស

$
0
0

បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ​ជាំ និង​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា ពួកគេ​នឹង​លើក​យក​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​ពលរដ្ឋ​ទៅ​ជជែក​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ខ្លួន ដើម្បី​ដាក់​បញ្ចូល​ក្នុង​គោលនយោបាយ​គណបក្ស​ពួក​គេ។ ការ​លើក​ឡើង​នេះ នៅ​ក្នុង​វេទិកា​កិច្ចពិភាក្សា​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៦ និង​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា។

បញ្ហា​ប្រឈម​ដែល​តំណាង​ប្រជាពលរដ្ឋ​លើក​ឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​តុ​មូល​ដែល​រៀបចំ​ឡើង​ដោយ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក រួម​មាន​បញ្ហា​ថ្នាំញៀន ល្បែង​ស៊ីសង កុងត្រូល​ជជុះ បញ្ហា​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ការ​រើសអើង​គណបក្ស​នយោបាយ និង​ការ​បម្រើ​សេវា​សាធារណៈ​ថ្នាក់​មូលដ្ឋាន។ ក្រៅ​ពី​នេះ បញ្ហា​ប្រឈម​ខ្លាំង​របស់​ប្រជា​កសិករ គឺ​តម្លៃ​កសិផល​ចុះ​ថោក ឬ​គ្មាន​ទីផ្សារ និង​បញ្ហា​អយុត្តិធម៌​សង្គម​ជាដើម។

បញ្ហា​ទាំង​នេះ តំណាង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ​មួយ​ចំនួន​មក​ពី​គណបក្ស​ផ្សេងៗ ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច លើក​ឡើង​ថា ពួកគេ​នឹង​យក​សំណូម​របស់​ពលរដ្ឋ​ដាក់​ទៅ​ថ្នាក់ដឹកនាំ​គណបក្ស​ដើម្បី​បញ្ចូល​ក្នុង​គោលនយោបាយ​របស់​ខ្លួន។

​បេក្ខជន​ឈរ​ឈ្មោះ​លេខ​រៀង​ទី​២ នៅ​ឃុំ​ជាំ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ួច អឿន ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នោះ​មាន​ប្រសាសន៍​ថា វា​ជា​វេទិកា​ល្អ​សម្រាប់​ផ្ដល់​ឱកាស​ឱ្យ​ពលរដ្ឋ និង​តំណាង​គណបក្ស​នយោបាយ​នៅ​ក្នុង​ឃុំ​អាច​ដឹង​អំពី​តម្រូវការ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ បន្ថែម​ពី​នេះ លោក​ប្ដេជ្ញា​ថា នឹង​ខិតខំ​ធ្វើ​តាម​សំណូមពរ​មួយ​ចំនួន​ដែល​ពលរដ្ឋ​ស្នើ​ឡើង ហើយ​អាច​ដោះស្រាយ​នៅ​ថ្នាក់​ឃុំ​បាន ដូចជា​ការបម្រើ​សេវា​សាធារណៈ​ដោយ​គ្មាន​ការ​រើសអើង និង​បង្កើត​ឱ្យ​មាន​វប្បធម៌​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​មុន​ពេល​មាន​ការ​អភិវឌ្ឍ​ណា​មួយ​នៅ​ថ្នាក់​មូលដ្ឋាន។ ជាង​នេះ​ទៀត ប្រសិនបើ​បញ្ហា​ប្រឈម​ទាំង​នោះ ថ្នាក់​ឃុំ​មិន​អាច​សម្រេច​បាន ខាង​លោក​នឹង​បញ្ជូន​សំណើ​របស់​ពលរដ្ឋ​ទៅ​ថ្នាក់​ស្រុក ឬ​ខេត្ត ដើម្បី​ជជែក​គ្នា ហើយ​ដាក់​បញ្ចូល​ក្នុង​គោលនយោបាយ​គណបក្ស​ថែម​ទៀត។

លោក អ៊ួច អឿន៖ «ខ្ញុំ​សូម​លើក​ម្ដង​ទៀត​ ​ទី​១ ធ្វើ​ឯកសារ។ ពាក់ព័ន្ធ​ឯកសារ​ទាំង​ឡាយ​ណា​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ខ្ញុំ​អត់​រើសអើង។ ទី​ពីរ ការ​ផ្លាស់ប្ដូរ​យោបល់​មុន​នឹង​អភិវឌ្ឍ​អ្វី​មួយ ត្រូវតែ​ផ្លាស់ប្ដូរ​យោបល់​នឹង​ពលរដ្ឋ»។

​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ត្បូងឃ្មុំ បាន​រៀបចំ​កិច្ចពិភាក្សា​បែប​នេះ​ចំនួន ៤​ឃុំ​រួច​មក​ហើយ ចំណែក​ទីស្នាក់ការ​សមាគម​អាដហុក នៅ​ខេត្ត​ផ្សេងៗ​ទៀត ក៏​បាន​រៀបចំ​កិច្ចពិភាក្សា​ដូចគ្នា​នេះ​ដែរ។

វេទិកា​នីមួយៗ គឺ​មាន​អ្នក​ចូលរួម​មាន​ប្រមាណ ៣០​នាក់ ដោយ​មាន​តំណាង​ប្រជាពលរដ្ឋ និង​តំណាង​គណបក្ស​នយោបាយ​ដែល​បាន​ឈរ​ឈ្មោះ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នៅ​ពេល​ខាង​មុខ។

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ជាំ លោក ជីម ខេន មាន​ប្រសាសន៍​ថា ប្រសិនបើ​គណបក្ស​របស់​ខ្លួន​មាន​វាសនា​ឈ្នះ​ការ​បោះឆ្នោត​ឃុំ​នៅ​ពេល​ខាង​មុខ បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ពលរដ្ឋ​លើក​ឡើង ពួកគាត់​នឹង​យក​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់​លើ ឬ​ថ្នាក់​ជាតិ​ដើម្បី​រក​វិធី​ដោះស្រាយ ព្រម​ទាំង​បញ្ចូល​ក្នុង​គោលនយោបាយ​បក្ស​របស់​ខ្លួន​ជាដើម៖ «អ្វី​ដែល​ប្រជាពលរដ្ឋ​លើក​ឡើង​ព្រឹក​មិញ​ហ្នឹង ខ្ញុំ​ថត​ទុក​ហើយ ខ្ញុំ​នឹង​យក​ទៅ​ពិភាក្សា​ជាមួយ​ប្រធាន​គណបក្ស ហើយ​នឹង​យក​ទៅ​ផ្សព្វផ្សាយ​ដល់​ថ្នាក់​ស្រុក»

​លោក​បន្ថែម​ថា បញ្ហា​ប្រឈម​ខ្លាំង​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក គឺ​បញ្ហា​គ្រឿងញៀន ដែល​បង្ក​ភាព​អសន្តិសុខ​នៅ​ក្នុង​សង្គម ព្រមទាំង​បញ្ហា​ដាក់​កុងត្រូល​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។

​មិន​ខុសគ្នា​នេះ បេក្ខជន​ឈរ​ឈ្មោះ​លេខ​រៀង​ទី​២ ឃុំ​ទន្លូង គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ទេព បិះ ឱ្យ​ដឹង​ថា បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​មូលដ្ឋាន​មួយ​ចំនួន​នៅ​មិន​ទាន់​អាច​ដោះស្រាយ​បាន ដូចជា​បញ្ហា​ដីធ្លី ការ​រើសអើង​គណបក្ស​នយោបាយ និង​ការ​បំបិទ​សិទ្ធិ​សេរីភាព។ លោក​ថា ប្រសិនបើ​គណបក្ស​លោក​ឈ្នះ​ការ​បោះឆ្នោត​ឃុំ សំណូមពរ​របស់​ពលរដ្ឋ​មួយ​ចំនួន​នឹង​ត្រូវ​​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​គោលនយោបាយ​គណបក្ស​សម្រាប់​ឈាន​ទៅ​រក​ដំណោះស្រាយ៖ «ខ្ញុំ​ក៏​មិន​ដឹង​ថា អាច​ធ្វើ​បាន ឬ​អត់​ទេ។ ប៉ុន្តែ​យ៉ាង​ណា​ខ្ញុំ​សូម​ជម្រាប​ប្រាប់​បងប្អូន​ទាំង​អស់​គ្នា​ថា ខ្ញុំ​នឹង​ប្រឹង​អស់ពី​លទ្ធភាព​ដើម្បី​ជួយ​ជាតិ និង​អភិវឌ្ឍ​ជាតិ​របស់​យើង»

​តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំ​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ លោក ងួន សេងត្រៃ ឱ្យ​ដឹង​ថា អ្វី​ដែល​លោក​លើក​ឡើង​នៅ​ក្នុង​កិច្ចពិភាក្សា ដូចជា​បញ្ហា​សន្តិសុខ​នៅ​តាម​មូលដ្ឋាន បញ្ហា​តម្លៃ​កសិផល​របស់​កសិករ​មាន​តម្លៃ​ថោក ឬ​គ្មាន​ទីផ្សារ។ ក្រៅ​ពី​នេះ ការ​រើសអើង​គណបក្ស​នយោបាយ ឬ​ការ​ប្រកាន់​បក្ខពួក​នៅ​តែ​កើត​មាន ព្រម​ទាំង​បញ្ហា​សេវា​សុខភាព​នៅ​មិន​ទាន់​ល្អ​ប្រសើរ និង​រឿង​អយុត្តិធម៌​ផ្សេងៗ​នៅ​ក្នុង​សង្គម៖ «ពួក​យើង​ខ្ញុំ​ស្នើ​ទៅ​អាជ្ញាធរ​ឃុំ​ហ្នឹង​ឱ្យ​ជួយ​គិតគូរ​ឡើង​វិញ ជុំវិញ​បញ្ហា​ទាំង​ហ្នឹង​ដើម្បី​ស្នើ​ឱ្យ​គណបក្ស​នយោបាយ​របស់​គាត់​នីមួយៗ​ ដើម្បី​ធ្វើ​រឿង​ហ្នឹង​ឡើង​វិញ»

ប្រភព​ដដែល​បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ឃុំ-​សង្កាត់ គឺ​មាន​សារសំខាន់ ពីព្រោះ​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ពិតប្រាកដ​នៅ​ថ្នាក់​មូលដ្ឋាន។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា កិច្ចពិភាក្សា​នេះ ជា​ការ​ផ្ដល់​ឱកាស​ដល់​តំណាង​ប្រជាពលរដ្ឋ និង​បេក្ខជន​ឃុំ​នីមួយៗ​បាន​ស្វែង​យល់​ពី​តម្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​តែ​ប៉ុណ្ណោះ ពលរដ្ឋ​អាច​តាមដាន​ចំពោះ​ការ​សន្យា​របស់​តំណាង​គណបក្ស​នយោបាយ​ទាំង​នោះ​ថា តើ​ពួកគេ​អាច​ធ្វើ​បាន ឬ​អត់? ហើយ​ពួកគេ​អាច​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត ឬ​ទេ? ចំណែក​ប្រជាពលរដ្ឋ​អាច​តាមដាន​រាល់​បញ្ហា​នេះ ដើម្បី​ងាយស្រួល​ក្នុង​ការ​សម្រេចចិត្ត​នៅ​ពេល​បោះឆ្នោត​ខាង​មុខ៖ «ចង់​ឱ្យ​គណបក្ស​នីមួយៗ​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​ធ្វើការ​ជាមួយ​គណបក្ស​របស់​ពួកគាត់​ថ្នាក់​លើ​ឱ្យ​បញ្ចូល​បញ្ហា​ទាំង​អស់​របស់​ពួកគាត់​ហ្នឹង​ទៅ​ក្នុង​គោលនយោបាយ​បក្ស​គាត់​ដើម្បី​ឱ្យ​ពួកគាត់​បាន​អនុវត្ត​អា​ហ្នឹង»

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ ឬ​សង្កាត់ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រេច​កំណត់​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។

​លោក នាង សុវ៉ាត បញ្ជាក់​ថា វេទិកា​តុ​មូល​បែប​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ឃុំ​ចំនួន​ពីរ​ទៀត នៅ​ក្នុង​ស្រុក​មេមត់ និង​ស្រុក​តំបែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles