Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​នេសាទ​សមុទ្រ​នៅ​ព្រះសីហនុ​បន្ត​បារម្ភ​ខ្លាច​បាត់បង់​ផ្ទៃ​បឹង​កង្កែប

$
0
0

ប្រជាពលរដ្ឋ​នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បន្ត​ព្រួយ​បារម្ភ​ខ្លាច​ផ្ទៃ​បឹង​កង្កែប ត្រូវ​គេ​រំលោភ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ព្រោះ​រាល់​ថ្ងៃ​នេះ​មាន​សកម្មភាព​បោះ​បង្គោល​ឈើ និង​ដឹក​ដី​ចាក់​ចូល​ទៅ​ក្នុង​ផ្ទៃ​បឹង​កង្កែប ដោយ​គ្មាន​អាជ្ញាធរ​ហាម​ឃាត់។ ឆ្លើយ​តប​បញ្ហា​នេះ តំណាង​ភាគី​អ្នក​បោះ​បង្គោល​ឈើ​ចូល​បឹង​កង្កែប​បំភ្លឺ​ថា ពួកគេ​មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​សម្រាប់​ចិញ្ចឹម​កូន​បង្គា គ្រែង​ឈាម ត្រី​ឆ្ពង់ និង​ត្រី​សមុទ្រ​ជា​ច្រើន​ប្រភេទ​ទៀត​តាម​បែប​ធម្មជាតិ។

អ្នក​នេសាទ​សមុទ្រ​មួយ​ចំនួន​រស់​នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​ការ​បោះ​បង្គោល​ឈើ និង​ការ​ដឹក​ដី​ចាក់​លុប​ចូល​ទៅ​ក្នុង​ផ្ទៃ​ទឹក​បឹង​កង្កែប ថា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​រំលោភ​ផ្ទៃ​បឹង​ទឹក​ប្រៃ​មាន​ដុះ​ដើម​កោង​កាង​នេះ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

ក្រុម​អ្នក​នេសាទ​បាន​ស្នើ​ដល់​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម លោក នេន ចំរើន ពិសេស​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ជួយ​បំភ្លឺ​ជុំវិញ​សកម្មភាព​បោះ​បង្គោល​ឈើ និង​ចាក់​ដី​ចូល​ទៅ​ក្នុង​ផ្ទៃ​បឹង​កង្កែប រាល់​ថ្ងៃ​នេះ ថា​មាន​ច្បាប់​អនុញ្ញាត ឬ​ក៏​អត់​ច្បាប់ ហើយ​មាន​គោលបំណង​អ្វី​ឲ្យ​ពិត​ប្រាកដ?

​អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ ដែល​បាន​ចុះ​ទៅ​ដល់​ទីតាំង​មាន​បោះ​បង្គោល​ឈើ​ចូល​ទៅ​ក្នុង​ផ្ទៃ​ទឹក​បឹង​កង្កែប កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ខែ​មីនា។ លោក​ស្នើ​ដល់​អាជីវករ និង​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ជួយ​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ​ភូមិ​អុង ឃុំ​រាម ប្រមាណ ៨០​គ្រួសារ ដែល​មាន​ចម្ងល់​ទៅ​លើ​សកម្មភាព​បោះ​បង្គោល​ឈើ និង​ចាក់​ដី​ចូល​បឹង​កង្កែប រាល់​ថ្ងៃ​នេះ។

លោក ប៊ួន ណារិទ្ធ សំណូមពរ​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ មុន​នឹង​អនុញ្ញាត​ច្បាប់​ជូន​ក្រុមហ៊ុន ឬ​ក្រុម​អាជីវករ ស្នើ​សុំ​អភិវឌ្ឍ​អ្វី​មួយ​គួរ​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នីមួយៗ ឲ្យ​ពួកគាត់​បាន​ដឹង​ជាមុន៖ «គួរ​តែ​រៀបចំ​គម្រោង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​សហគមន៍​ជុំវិញ​បឹង​កង្កែប ប្រហែល ៨០​គ្រួសារ ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់​អំពី​គម្រោង​ចិញ្ចឹម​បង្គា​សាកល្បង​នេះ ហើយ​ពួកគាត់​ក៏​អាច​ទទួល​បាន​ផលប្រយោជន៍​អំពី​គម្រោង​របស់​អាជីវករ​នេះ​ផង​ដែរ»

បឹង​កង្កែប ព្រះសីហនុ ៨៥៥ ២០១៧
បង្គោល​ឈើ​ដែល​ត្រូវ​បាន​គេ​បោះ​ចូល​ទៅ​ក្នុង​ផ្ទៃ​បឹង​កង្កែប នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Den Ayuthyea RFA/Den Ayuthyea

​អ្នក​ផ្ដួចផ្ដើម​សមាគម​វារីវប្បកម្ម​សមុទ្រ​ទឹកប្រៃ លោក រី យ៉ា ដែល​តំណាង​ឲ្យ​ឈ្មោះ សេង ញ៉ក់ ជា​អ្នក​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​បោះ​បង្គោល​ឈើ​ចូល​ទៅ​ក្នុង​ផ្ទៃ​ទឹក​បឹង​កង្កែប ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី នៅ​មាត់​បឹង​កង្កែប កាល​ពី​ថ្ងៃ​សុក្រ ទី​១៧ ខែ​មីនា។ លោក​បំភ្លឺ​ថា ក្រុម​ការងារ​លោក​មិន​បាន​ដឹក​ដី​ចាក់​លុប​ផ្ទៃ​បឹង​កង្កែប ដើម្បី​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​បុគ្គល​ដូច​ប្រជា​នេសាទ​ភូមិ​អុង ឃុំ​រាម ព្រួយ​បារម្ភ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​ជា​កិច្ច​សហការ​រវាង​វិស័យ​ឯកជន​របស់​អ្នក​ឯក​គ​ទេស​បង្កាត់​ពូជ​ត្រី​សមុទ្រ ជាមួយ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់សោម ដោយ​មាន​ការ​អនុញ្ញាត​ច្បាប់​ឲ្យ​ធ្វើ​វារីវប្បកម្ម​នេះ​ត្រឹមត្រូវ​ពី​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន៖ «គឺ​យើង​សហការ​ចិញ្ចឹម​ពូជ​ត្រី​សមុទ្រ​ធម្មជាតិ​នៅ​លើ​ផ្ទៃ​ទឹក​បឹង​កង្កែប ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ។ ទី​២ យើង​មាន​គំនិត​ចង់​បង្កើត​វារីវប្បកម្ម​បែប​ធម្មជាតិ ដើម្បី​ផ្គត់ផ្គង់​ប្រជាកសិករ​នៅ​ក្នុង​តំបន់ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ធ្វើ​ចំណាក​ស្រុក។ ទី​៣ យើង​នឹង​ធ្វើ​ថ្នាល​បណ្ដុះ​ពូជ ឬ​ផលិត​ពូជ​ត្រី​សមុទ្រ​ទឹកប្រៃ ដើម្បី​ចែកចាយ​ដល់​វារីវប្បកម្ម​គោលដៅ»

លោក រី យ៉ា ឲ្យ​ដឹង​ទៀត​ថា ក្រុម​ការងារ​លោក​ក៏​មាន​បំណង​ចង់​បង្កើត​ឲ្យ​មាន​ជា​មន្ទីរ​ពិសោធន៍​បង្កាត់​ពូជ​ត្រី​ទឹក​ប្រៃ​នៅ​កម្ពុជា ​​ដើម្បី​ឈាន​ដល់​បង្ហាត់​បង្រៀន និង​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ដែល​ចង់​ចិញ្ចឹម​ត្រី​សមុទ្រ ឬ​ធនធាន​សមុទ្រ នៅ​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង ៤ មាន​ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្ត​កោះកុង៖ «យើង​ក៏​នឹង​ជំរុញ​ផ្ដួចផ្ដើម​បង្កើត​ជា​សមាគម​មួយ​ឈាន​ដល់​បង្កើត​ជា​សាលា​វារីវប្បកម្ម​នៅ​តាម​តំបន់​ឆ្នេរ ដើម្បី​ធ្វើ​បទ​បង្ហាញ​ជូន​ដល់​ប្រជាកសិករ​គោលដៅ ដែល​ពួកគាត់​ខ្វះ​បទពិសោធន៍ ខ្វះ​ជំនាញ និង​ខ្វះ​បច្ចេកទេស»

​ទាក់ទិន​បញ្ហា​នេះ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧ មាន​ចុះ​ហត្ថលេខា និង​បោះត្រា លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម បាន​ជម្រាប​ជូន​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន អំពី​ការ​ស្នើ​សុំ​ចិញ្ចឹម​បង្គា​លក្ខណៈ​ធម្មជាតិ​លើ​ផ្ទៃ​បឹង​កង្កែប ស្ថិត​ក្នុង​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់។

នៅ​ក្នុង​លិខិត​ដដែល​នោះ លោក នេន ចំរើន បាន​ផ្ដល់​យោបល់​ជូន លោក យន្ត មីន ថា ការ​ធ្វើ​វារីវប្បកម្ម​គ្រប់​ត្រូវ​បាន​រាជរដ្ឋាភិបាល​ជំរុញ និង​លើក​ទឹក​ចិត្ត។ ហេតុ​នេះ ចំពោះ​ការ​ស្នើ​សុំ​ចិញ្ចឹម​បង្គា​ធម្មជាតិ​នៅ​ភូមិ​អុង ឃុំ​រាម របស់​ឈ្មោះ សេង ញ៉ក់ សញ្ជាតិ​ខ្មែរ អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​សង្កាត់​ទឹកល្អក់៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ គួរ​តែ​អនុញ្ញាត​តាម​សំណើ​ស្នើ​សុំ។

កាល​ណោះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ឯកភាព​ផ្ដល់​ការ​ចិញ្ចឹម​បង្គា ឬ​ត្រី​សមុទ្រ​ជា​លក្ខណៈ​ធម្មជាតិ ក្រោយ​រយៈពេល ២​ថ្ងៃ ស្រប​តាម​យោបល់​របស់​លោក នេន ចំរើន ដោយ​ចុះ​ហត្ថលេខា​ឯកភាព​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៧។

បឹង​កង្កែប ជា​បឹង​ធម្មជាតិ​ទឹកប្រៃ មាន​ដុះ​ដើម​កោងកាង ហ៊ុមព័ទ្ធ​នៅ​ជុំវិញ​បរិវេណ​មាត់​បឹង​មួយ​នេះ​រាប់ពាន់​ហិកតារ។ បច្ចុប្បន្ន​នេះ​ផ្ទៃ​រង​ទឹក​ភ្លៀង ឬ​បរិវេណ​នៅ​ជុំវិញ​មាត់​បឹង និង​ផ្ទៃ​បឹង​កង្កែប ស្ទើរ​ទាំង​ស្រុង​មាន​បុគ្គល​មួយ​ចំនួន​បាន​បោះ​បង្គោល​ថ្ម និង​ចាក់​ដី​ចូល​ទៅ​ក្នុង​ផ្ទៃ​បឹង​ទឹក​ប្រៃ​មួយ​នេះ​ដើម្បី​សម្គាល់​ព្រំ​ដី​កម្មសិទ្ធិ​រៀងៗ​ខ្លួន​យ៉ាង​អនាធិបតេយ្យ និង​គ្មាន​ការ​ទប់ស្កាត់​ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles