Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ម្ចាស់​លេខ​ទូរស័ព្ទ​ក្នុង​សារ​បែក​ធ្លាយ​ស្នើ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ឯកជន

$
0
0

បុគ្គល​ដែល​អះអាង​ថា ខ្លួន​គឺ​ជា​ម្ចាស់​លេខ​ទូរស័ព្ទ​មាន​នៅ​ក្នុង​សារ​បែក​ធ្លាយ​ដែល​ជន​អនាមិក​ផ្ញើ​ទៅ​កាន់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាល​ពី​ដើម​ខែ​មីនា ស្នើ​ឲ្យ​មាន​ការ​គោរព​ចំពោះ​សិទ្ធិ​បុគ្គល​ឯកជន។ អ្នក​ទាំង​នេះ គឺ​ជា​ម្ចាស់​លេខ​ទូរស័ព្ទ​ដែល​ក្នុង​សារ​បែក​ធ្លាយ​បង្ហាញ​ថា បាន​ទាក់ទង​ទៅ​ឈ្មោះ Sam Rainsy។

បើ​ទោះ​ជា​មិន​បាន​ស្នើ​ចំៗ​ឲ្យ​សមត្ថកិច្ច​រដ្ឋាភិបាល​ចាត់​វិធានការ​ចំពោះ​អ្នក​លួច​ថត​សារ​ឆ្លើយឆ្លង រួច​បញ្ចេញ​ក៏ដោយ តែ​បុគ្គល​ដែល​អះអាង​ថា ខ្លួន​ជា​ម្ចាស់​លេខ​ទូរស័ព្ទ​ដែល​មាន​នៅ​ក្នុង​សារ​បែក​ធ្លាយ​ទាំង​នោះ សម្ដែង​ការ​មិន​សប្បាយ​ចិត្ត និង​មិន​ចង់​អោយ​គេ​លួច​ថត​សំឡេង ឬ​សារ​ឆ្លើយឆ្លង​ឯកជន​របស់​ខ្លួន​ឡើយ។

​កាល​ពី​ដើម​ខែ​មីនា ជន​អនាមិក​ដែល​ហៅ​ខ្លួន​ឯង​ថា "អង្គរបុរី" បាន​ផ្ញើ​សារ​ឆ្លើយឆ្លង​ជា​អក្សរ​តាម​ទូរស័ព្ទ​ជាង ១០០​ទំព័រ​ទៅ​កាន់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ហើយ​ក៏​ត្រូវ​បាន​លោក សម រង្ស៊ី ផ្ញើ​បន្ត​ទៅ​កាន់​បណ្ដាញ​សារព័ត៌មាន។ នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ទាំង​នោះ​មាន​ទាំង​សារ​ឆ្លើយឆ្លង​ដែល​មាន​ឈ្មោះ​ភរិយា និង​កូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កូន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន អ្នក​ជំនួញ និង​លោក សម រង្ស៊ី ផង​ដែរ។

ចំពោះ​សារ​ឆ្លើយឆ្លង​ជាមួយ​ឈ្មោះ Sam Rainsy គេ​ឃើញ​មាន​សារ​ចេញ​ពី​លេខ​ទូរស័ព្ទ​ចំនួន ៤ ផ្ញើ​ទៅ​កាន់​ឈ្មោះ Sam Rainsy ធ្វើ​ឡើង​ចន្លោះ​ខែ​កញ្ញា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ប៉ុន្តែ​លេខ​ទូរស័ព្ទ​ដែល​ជា​របស់​ឈ្មោះ Sam Rainsy ត្រូវ​បាន​គេ​ស្គាល់​ថា ជា​លេខ​ទូរស័ព្ទ​របស់​ភរិយា​លោក សម រង្ស៊ី គឺ​អ្នកស្រី ជូឡុង សូមូរ៉ា។

ក្នុង​ចំណោម​លេខ​ទូរស័ព្ទ​ទាំង​៤ ដែល​មាន​សារ​ឆ្លើយឆ្លង​ជាមួយ​ឈ្មោះ Sam Rainsy មាន​លេខ​ទូរស័ព្ទ​ចំនួន ៣ អាស៊ីសេរី​អាច​ទាក់ទង​បាន រី​ឯ​លេខ​ទូរស័ព្ទ​របស់​ឈ្មោះ Sam Rainsy ដែល​គេ​ដឹង​ថា ជា​របស់​អ្នកស្រី ជូឡុង សូមូរ៉ា នោះ អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា។

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ជាមួយ​ឈ្មោះ Sam Rainsy អ្នក​ផ្ញើ​និយាយ​ពី​ទំនាក់ទំនង​ជា​លក្ខណៈ​គ្រួសារ ជា​អ្នក​ស្គាល់​គ្នា មិន​ពាក់ព័ន្ធ​បញ្ហា​នយោបាយ ឬ​ជំនួញ​អ្វី​ឡើយ។

ជូឡុង សូមូរ៉ា ២០១៥ ៨៥៥
អ្នកស្រី ជូឡុង សូមូរ៉ា ភរិយា​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​ជា​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA RFA

ម្ចាស់​សារ​ម្នាក់​ដែល​នៅ​ក្នុង​សារ​បែក​ធ្លាយ​បង្ហាញ​ថា ឈ្មោះ Vann ធ្វើ​ការ​នៅ​គ្លីនិក លី ស្រីវីណា ហើយ​ដែល​បាន​ផ្ញើ​សារ​ទៅ​កាន់​ឈ្មោះ Sam Rainsy ឲ្យ​ទៅ​ដឹក​ពី​គ្លីនិក។ នៅ​ពេល​អាស៊ីសេរី ទាក់ទង​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា គាត់​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ដោយ​ហេតុ​ថា គាត់​មិន​នឹក​ស្មាន​ថា មាន​មនុស្ស​លួច​ថត​សារ​ឆ្លើយឆ្លង​របស់​គាត់​សោះ ហើយ​គាត់​ទើប​ដឹង​នៅ​ពេល​អាស៊ីសេរី ហៅ​ទៅ​សួរ​បញ្ជាក់​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា គាត់​ទទួល​ស្គាល់​ថា រូប​គាត់​ពិត​ជា​ឈ្មោះ Vann និង​ជា​វេជ្ជបណ្ឌិត​ធ្វើ​ការ​នៅ​គ្លីនិក លី ស្រីវីណា ឈ្មោះ​ពេញ​ហៅ​ថា ឃឹម វណ្ណ។

វេជ្ជបណ្ឌិត ឃឹម វណ្ណ បញ្ជាក់​ថា គាត់​ធ្លាប់​ផ្ញើ​សារ​ទៅ​កាន់​ភរិយា​លោក សម រង្ស៊ី គឺ​អ្នកស្រី ជូឡុង សូមូរ៉ា ឲ្យ​ជួយ​បញ្ជូន​មនុស្ស​មក​ដឹក​គាត់​នៅ​គ្លីនិក ដើម្បី​ទៅ​មើល​ថែទាំ​ម្ដាយ​អ្នកស្រី ជូឡុង សូមូរ៉ា កាល​ដែល​ម្ដាយ​អ្នកស្រី​នៅ​មាន​ជីវិត។

បើ​ទោះ​ជា​វេជ្ជបណ្ឌិត ឃឹម វណ្ណ ហាក់​មិន​បាន​បារម្ភ​ពី​អត្ថន័យ​នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ព្រោះ​តែ​ជឿជាក់​ថា វា​គ្រាន់តែ​ជា​សារ​ឯកជន​ធម្មតា​ក្ដី វេជ្ជបណ្ឌិត​រូប​នេះ​មិន​សប្បាយ​ចិត្ត​ឡើយ នៅ​ពេល​មាន​មនុស្ស​លួច​ចូល​ថត​សារ​ឆ្លើយឆ្លង​ឯកជន​របស់​អ្នកស្រី។

អ្នកស្រី ឃឹម វណ្ណ ថា គេ​គួរ​គោរព​សិទ្ធិ​ឯកជន​របស់​បុគ្គល​គ្រប់​រូប៖ «មនុស្ស​យើង​មិន​គួរ​ណា​ហែក​កេរ្តិ៍​អ្នក​ដទៃ​ទេ មិន​គួរ​ណា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ​ទេ ម្យ៉ាង​ទៀត​វា​ជា​ការ​ស្មោះត្រង់​ទាំង​អស់​គ្នា​សម្រាប់​មនុស្ស គ្នា​គួរ​តែ​រក្សា​សិទ្ធិ​របស់​គេ»

​ចំណែក​ម្ចាស់​លេខ​ទូរស័ព្ទ​មួយ​រូប​ទៀត​ទទួល​ស្គាល់​ថា លេខ​ទូរស័ព្ទ​ដែល​គេ​បង្ហាញ​នៅ​ក្នុង​សារ គឺ​ពិត​ជា​លេខ​របស់​ខ្លួន​មែន ប៉ុន្តែ​បដិសេធ​ថា មិន​បាន​ផ្ញើ​សារ​ណា​មួយ​ទៅ​កាន់​លោក សម រង្ស៊ី នោះ​ទេ។ ម្ចាស់​ទូរស័ព្ទ​រូប​នេះ​មិន​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល ឬ​ភ័យ​ព្រួយ​ឡើយ ប៉ុន្តែ​ថា បើ​អាស៊ីសេរី មិន​ហៅ​ទៅ​សួរ រូប​គេ​ក៏​មិន​ដឹង​ថា មាន​បញ្ហា​បែក​ធ្លាយ​សារ​អ្វី​នោះ​ដែរ។ ម្ចាស់​ទូរស័ព្ទ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​បញ្ជាក់​ថា រូបគេ​ក៏​ជា​បុគ្គលិក​នៅ​គ្លីនិក លី ស្រីវីណា ដែរ។

​បើ​ទោះ​ជា​និយាយ​ថា មិន​មាន​ការ​បារម្ភ​ពី​ការ​លួច​ថត​សារ​ឆ្លើយឆ្លង​ឯកជន​របស់​ខ្លួន​នៅ​ពេល​នេះ តែ​ម្ចាស់​ទូរស័ព្ទ​រូប​នេះ​ក៏​ហាក់​បារម្ភ​ពី​ការ​លួច​ថត​នៅ​ពេល​ខាង​មុខ ដោយ​បញ្ជាក់​ថា គេ​នឹង​ដូរ​លេខ​ទូរស័ព្ទ​ថ្មី៖ «និយាយ​រួម​ទៅ​គឺ​ខ្ញុំ​អត់​ដឹង​អី​ទាំង​អស់ ពេល​បង​និយាយ​អ៊ីចឹង​ទើប​ខ្ញុំ​ដឹង​ខ្លួន​ថា មាន​គេ​លួច​ចម្លង​សារ។ តាំង​ពី​ដើម​មក​ខ្ញុំ​អត់​ដែល​ដឹង​ទេ (ចុះ​ហេតុ​អី​បាន​ចង់​ដូរ​លេខ?) ព្រោះ​ខ្ញុំ​គិត​ថា ខ្ញុំ​អត់​ដែល​មាន​ទំនាក់ទំនង​អី​ផង​ហើយ​សុខៗ​បង Call (ទូរស័ព្ទ) មក​ប្រាប់​ថា ខ្ញុំ​មាន​ទំនាក់ទំនង​អ៊ីចឹង ដល់​អ៊ីចឹង​ទៅ​ខ្ញុំ​គិត​ថា លេខ​ហ្នឹង​ដឹង​ខ្ញុំ​ប្រើ​ធ្វើ​អី​ផង (មាន​ន័យ​ថា​បារម្ភ​ខ្លាច​គេ​តាម​មើល​សារ​ទៀត ឬ​យ៉ាងម៉េច?) អត់​ព្រួយ​បារម្ភ​ទេ ព្រោះ​អី​គិត​មើល​ទៅ​វា​មិន​មាន​ផល​ប្រយោជន៍​អី​សម្រាប់​ខ្ញុំ​ដែរ តែ​ប្រសិនបើ​ខ្ញុំ​ទុក​ទៀត​ទៅ ដូច​ថា​ខ្ញុំ​ត្រូវ​មាន​រឿង​អី​ផ្សេងៗ​ទៀត»

​រីឯ​ម្ចាស់​លេខ​ទូរស័ព្ទ​មួយ​ទៀត​ដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង និយាយ​ថា គាត់​មិន​សប្បាយ​ចិត្ត​ឡើយ​នៅ​ពេល​មាន​មនុស្ស​ចូល​លួច​ថត​សារ​ឆ្លើយឆ្លង​របស់​គាត់ បើ​ទោះ​ជា​គាត់​ថា សារ​របស់​គាត់​ជា​សារ​ឯកជន​ធម្មតា​លក្ខណៈ​គ្រួសារ​ក្តី។ ទោះ​ជា​យ៉ាង​ណា ម្ចាស់​ទូរស័ព្ទ​រូប​នេះ ក៏​មិន​មាន​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​មាន​វិធានការ​អ្វី​នោះ​ដែរ។

ម្ចាស់​ទូរស័ព្ទ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​ពលរដ្ឋ​រូប​នេះ​អះអាង​ថា នៅ​ប្រទេស​គេ គេ​ការពារ​ណាស់​សិទ្ធិ​ឯកជន​របស់​ពលរដ្ឋ​ម្នាក់ៗ គេ​មិន​អនុញ្ញាត​អោយ​អ្នក​ណា​ម្នាក់​មក​លួច​ថត​សំឡេង ឬ​សារ​ឆ្លើយឆ្លង​របស់​បុគ្គល​ឯកជន​នោះ​ទេ។​

​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​លេខ​ទូរស័ព្ទ​ដែល​សារ​បង្ហាញ​ថា មាន​ឈ្មោះ Sam Rainsy ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​ទេ។ ប៉ុន្តែ​លេខ​ទូរស័ព្ទ​ដែល​បង្ហាញ​ក្នុង​សារ​នោះ ធ្លាប់​ត្រូវ​បាន​គេ​ដឹង​ថា ជា​លេខ​ដែល​ភរិយា​លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមូរ៉ា ជា​អ្នក​កាន់។

ជិត​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​លួច​ថត​សំឡេង​សន្ទនា​បុគ្គល​ឯកជន​តាម​ទូរស័ព្ទ ឬ​ការ​លួច​ថត​សារ​ឆ្លើយឆ្លង សឹងតែ​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​សង្គម​កម្ពុជា បើ​ទោះ​ជា​អ្នកឃ្លាំមើល​ព្រឹត្តិការណ៍​សង្គម និង​អ្នក​ច្បាប់​កំពុង​សម្ដែង​ក្ដី​បារម្ភ​ពី​ការ​រំលោភ​សិទ្ធិ​បុគ្គល​ឯកជន និង​ចាត់​ទុក​សកម្មភាព​លួច​ថត​សំឡេង​ជា​បន្តបន្ទាប់​នេះ ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ​ខ្មែរ និង​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​ក្ដី។

​អ្នកឃ្លាំមើល​ព្រឹត្តិការណ៍​សង្គម​មើល​ឃើញ​ថា ការ​បណ្ដែតបណ្ដោយ​របស់​សមត្ថកិច្ច​ខ្មែរ​ក្នុង​ការ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​សកម្មភាព​លួច​ថត​សំឡេង​សន្ទនា​បុគ្គល​ឯកជន​ដោយ​ជន​អនាមិក ហាក់​ធ្វើ​ឲ្យ​ជនខិលខូច​មិន​មាន​ការ​បារម្ភ​ក្នុង​ការ​ប្រឈម​នឹង​ទោស​ទណ្ឌ​ចំពោះ​ទង្វើ​របស់​ខ្លួន។

​ចាប់​តាំង​ពី​សារ​សំឡេង​សន្ទនា​ត្រូវ​បាន​ជន​អនាមិក​ទម្លាយ​មក គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​វែក​មុខ​ជន​ប្រព្រឹត្ត​បាន​ម្នាក់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​ជន​ដែល​សំឡេង​របស់​ខ្លួន​ត្រូវ​បាន​គេ​លួច​ទម្លាយ​ទៅ​វិញ ត្រូវ​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​តុលាការ​កាត់​ទោស ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។

​កាល​ពី​ពេល​ថ្មីៗ​នេះ ជន​អនាមិក​ឈ្មោះ សីហា ថែម​ទាំង​បាន​លួច​ថត​សំឡេង​សន្ទនា​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ហើយ​ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន ហ្វ្រេស ញូវ (Fresh News) យក​មក​ផ្សព្វផ្សាយ​បន្ត។ ចំពោះ​ការ​ទម្លាយ​សារ​សន្ទនា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ជន​អនាមិក​ឈ្មោះ សីហា ដែល​ហ៊ាន​ថត​សំឡេង​សន្ទនា​ឯកជន​លោក​នោះ​ទេ តែ​បាន​សរសើរ​ជន​អនាមិក សីហា ដែល​មាន​សមត្ថភាព​ថត​សំឡេង​របស់​លោក។

លើស​ពី​នេះ លោក ហ៊ុន សែន ថែម​ទាំង​បាន​ចេញ​មុខ​បង្ខំ​ឲ្យ​លោក កឹម សុខា ទទួល​ស្គាល់​សំឡេង​សន្ទនា​ជាមួយ​លោក និង​បាន​បបួល​លោក កឹម សុខា ទៅ​ស្បថ​នៅ​ព្រះអង្គ​ដងកើ​មុខ​ព្រះ​បរម​រាជវាំង​ទៀត បើ​ប្រធាន​បក្ស​ប្រឆាំង​នេះ​បដិសេធ​មិន​ទទួល​ស្គាល់​សំឡេង​របស់​ខ្លួន។ បន្ថែម​ពីលើ​នេះ លោក ហ៊ុន សែន ក៏​បាន​គំរាម​បញ្ចេញ​សារ​ឆ្លើយឆ្លង​រវាង​លោក និង​លោក កឹម សុខា ថែម​ទៀត។

ប្រហែល​ជា​អាច​មក​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​របស់​សមត្ថកិច្ច ឬ​ការ​ព្រងើយកន្តើយ​របស់​រដ្ឋាភិបាល​នេះ​ហើយ ទើប​ជន​ខិលខូច​លួច​ថត​សំឡេង​សន្ទនា​ឯកជន​អ្នក​ដទៃ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​របស់​ខ្លួន។ ជាក់ស្ដែង​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ សីហា នៅ​តែ​លួច​ថត​សំឡេង​សន្ទនា​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ហាក់​មិន​ខ្លាច​ញញើត​ក្នុង​ការ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ឡើយ។ ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំមើល​ព្រឹត្តិការណ៍​សង្គម​មើល​ឃើញ​បញ្ហា​លួច​ថត​សំឡេង​ឯកជន​នេះ ថា​គឺ​ជា​ជំងឺ​សង្គម​មួយ​ដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ចាត់​វិធានការ​បញ្ឈប់ ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​រស់​នៅ​ដោយ​មិន​ភ័យខ្លាច​ថា​សិទ្ធិ​ឯកជន​របស់​ខ្លួន​ត្រូវ​បាន​គេ​រំលោភបំពាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles