ក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យអន្តជាតិល្បីៗចំនួន៧ រួមទាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផង ចង់ឃើញការអភិវឌ្ឍវិស័យអគ្គិសនីប្រកបដោយនិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋនៅតាមដងទន្លេសាប និងទន្លេមេគង្គ។ គេបារម្ភថា អ្នករស់នៅផ្នែកខាងក្រោមទន្លេមេគង្គ នឹងប៉ះពាល់បើទំនប់វារីអគ្គិសនីណាមួយត្រូវបានបង្កើត ហើយសិក្សាមិនច្បាស់លាស់។
សាស្ត្រាចារ្យ និងនិស្សិតសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គមប្រមាណ ៤០នាក់ នាំគ្នាជិះទូកម៉ាស៊ីនបីគ្រឿងប្រដាប់ដោយអាវពោង និងម៉ាស៊ីនថតរូប ចុះសិក្សាអំពីសក្ដានុពលសេដ្ឋកិច្ច និងស្ថានភាពរស់នៅរបស់ពលរដ្ឋក្នុងឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១៧ ខែមីនា។ ក្រុមនេះបានរកឃើញថា ពលរដ្ឋស្ទើរទាំងអស់នៅតំបន់ឆ្នុកទ្រូ ពឹងផ្អែកលើផលត្រី និងដំណាំរួមផ្សំ។
ប្រធានដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត សៀក សូផាត ដែលជាសហដឹកនាំក្រុមអ្នកសិក្សានេះថ្លែងថា លោកចង់ឲ្យអ្នកចូលរួមទាំងអស់ដឹងពីស្ថានភាពទូទៅនៃផ្ទៃបឹងទន្លេសាបឋិតនៅប៉ែកខាងក្រោមទន្លេមេគង្គ។ ពួកគេបានឃើញពីចរន្តសេដ្ឋកិច្ចរបស់ពលរដ្ឋលើផ្ទៃទឹកតាមរយៈការលក់ដូរបន្លែផ្លែឈើ និងផលនេសាទ៖ «សំខាន់យើងឲ្យគាត់មកស្វែងយល់ អ៊ីចឹងអ្វីដែលគាត់វាយតម្លៃយ៉ាងម៉េចហ្នឹង គឺស៊ីសងលើការអង្កេតរបស់អ្នកចូលរួមជនជាតិបរទេសនីមួយៗ។ ទន្លេមេគង្គ និងទន្លេសាបមានទំនាក់ទំនងគ្នាឲ្យគាត់មកឃើញឲ្យបានច្បាស់លាស់។ ទី២ទៀត អាចមើលទូទៅនៃសកម្មភាពនេសាទ និងធ្វើហៅថា ពាណិជ្ជកម្មត្រីជាតំណាងឲ្យទន្លេសាបទាំងមូលហើយ អាហ្នឹងសកម្មភាពនៅកន្លែងវាស្រដៀងគ្នាទេ»។
លោក សៀក សូផាត បន្ថែមថា សកម្មភាពចុះសិក្សាពីផលប៉ះពាល់បរិស្ថានទឹក និងការអភិវឌ្ឍលើវិស័យវារីអគ្គិសនីដូចគ្នា បានធ្វើកាលពីឆ្នាំ២០១០ ម្ដងរួចហើយនៅសាកលវិទ្យាល័យកាន់ថឺ ប្រទេសវៀតណាម។ ការចុះសិក្សាដូចនេះ គឺជាផ្នែកមួយនៃការចងក្រងឯកសារទុកដើម្បីងាយដល់អ្នកធ្វើគោលនយោបាយ ឬអ្នកវាយតម្លៃផលប៉ះពាល់សង្គម ឬបរិស្ថានយកធ្វើជាអំណះអំណាង។
ចំណែកអ្នកដឹកនាំក្រុម និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក លោក អាលែន ផតឃីន (Alan Potkin) ផ្ដល់អនុសាសន៍ថា រដ្ឋាភិបាល ជាពិសេសពលរដ្ឋដែលរស់នៅតាមដងទន្លេ ត្រូវដឹងឲ្យបានច្បាស់ពីការប្រែប្រួលចរន្តទឹក និងបរិស្ថានពេលទំនប់វារីអគ្គិសនីត្រូវបានបង្កើតឡើង។ រដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធត្រូវមានការសិក្សាច្បាស់លាស់មុននឹងធ្វើទំនប់ណាមួយ៖ «មនុស្សម្នាទើបនាំគ្នាគិតពីរឿងនេះ ហើយគ្មានការសម្របសម្រួលណាមួយសោះឡើយក្នុងចំណោមក្រុមហ៊ុននានា នៅក្នុងបណ្ដាទេសដែលមានគម្រោងទំនប់វារីអគ្គិសនី ហើយខ្ញុំមិនគិតថា រដ្ឋាភិបាលកម្ពុជា បានគិតគូរដល់ការប្រែប្រួលនៃលំហូរទឹកក្នុងដងទន្លេមេគង្គ ដែលមានសារសំខាន់ខ្លាំងដល់ការរក្សាតុល្យភាពនៃប្រពន្ធអេកូឡូស៊ី ការនេសាទត្រី និងជីវភាពរស់នៅរបស់មនុស្សដែលអាស្រ័យផលពីបឹងទន្លេសាបឡើយ។ ទន្លេសាបមានសារសំខាន់ខ្លាំងណាស់ក្នុងវិស័យជលផលសម្រាប់តំបន់អាស៊ីអាគ្នេយ៍»។
រដ្ឋាភិបាលកាលពីឆ្នាំ២០០៣ បានកំណត់ទីតាំងដែលមានសក្ដានុពលសម្រាប់ការអភិវឌ្ឍថាមពលវារីអគ្គិសនីចំនួន ៦០កន្លែងនៅទូទាំងប្រទេសកម្ពុជា ដែលទីតាំងទាំងនោះភាគច្រើនស្ថិតនៅតាមដងទន្លេមេគង្គ និងដៃទន្លេមេគង្គ។
ក្រសួងរ៉ែ និងថាមពល នៅពេលថ្មីៗនេះបញ្ជាក់ពីឆន្ទៈរបស់រដ្ឋាភិបាលថា នឹងមិនអនុញ្ញាតឲ្យមានគម្រោងវិនិយោគនៅតាមដងទន្លេនោះទេ ប្រសិនបើវាប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជន និងបរិស្ថាន៕