Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បក្ស​ប្រឆាំង​ស្នើ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​នៅ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី

$
0
0

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដោះលែង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក(ADHOC) ៤​រូប នៅ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ខាង​មុខ​នេះ។ គិត​ទៅ​ដល់​ចុង​ខែ​មេសា ឆ្នាំ​២០១៧ អ្នក​ទាំង​៥​ត្រូវ​បាន​ជាប់​ឃុំ​អស់​រយៈពេល​១​ឆ្នាំ​គត់។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ក្នុង​ការ​ដោះលែង​អគ្គលេខាធិការ​រង​គ.ជ.ប និង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដើម្បី​កែលំអ​និង​បន្ធូរបន្ថយ​កម្ដៅ​នយោបាយ ដោយ​មិន​ចាំបាច់​រង់ចាំ​ការ​ចរចា​នយោបាយ។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ លោក សុន ឆ័យ ថ្លែង​នៅ​ថ្ងៃ​ទី​១៧ មីនា បន្ទាប់​ពី​ចេញ​ពី​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង​អ្នក​តំណាងរាស្ត្រ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អគ្គលេខាធិការ​រង​គ.ជ.ប និង​មន្ត្រី​សង្គម​ស៊ីវិល នៅ​ពន្ធនាគារ​ព្រៃ​ស​ថា ការ​ជាប់​ពន្ធនាគារ​នេះ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ គឺ​ដោយ​សារ​បញ្ហា​នយោបាយ។ លោក​ថា ការ​បន្ត​ដាក់​ពួកគេ​នៅ​ក្នុង​ឃុំ គឺ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច​បាត់បង់​ប្រជាប្រិយ និង​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ដល់​សហគមន៍​អន្តរជាតិ​តាម​រយៈ​សេចក្ដីរាយការណ៍​ជុំវិញ​ការ​ឃុំ​ខ្លួន​នេះ៖ «មក​ម្ដងៗ​គឺ​ក្នុង​អារម្មណ៍​ក្ដុកក្ដួល​ណាស់ ការ​លំបាក​របស់​គាត់​មិនមែន​ជា​ពេលវេលា​ខ្លី​ទេ ខ្ញុំ ​ជឿ​ថា​មាន​នីតិវិធី​អ្វី​មួយ​ដោះស្រាយ​មិន​ចាំបាច់​រង់ចាំ​ការ​ចរចា​របស់​គណបក្ស​ក៏​បាន​ដែរ។ ខាង​រដ្ឋាភិបាល​អាច​រក​ឱកាស​ណា​មួយ​បុណ្យ​ចូល​ឆ្នាំ​ជាតិ​ខាង​មុខ​នេះ រក​វិធី​ដើម្បី​បន្ថយ​ទោស​ឬ​ក៏​លើក​លែង​ទោស​ឲ្យ។ មិញ​គាត់​ឲ្យ​យោបល់​មក​សុទ្ធ​តែ​យោបល់​ល្អ​ណាស់​ក្នុង​ការ​សម្របសម្រួល​បញ្ហា​ជាតិ​យើង​កុំ​ឲ្យ​ឃើញ​រូបភាព​ប្រឈម​ដាក់​គ្នា ការ​ទៅ​ចូលរួម​បុណ្យ​សព​សម្ដេច​វិបុល​បញ្ញា សុខ អាន ជា​ដើម យើង​នឹង​យក​ទៅ​ជម្រាប​ជូន​ឯកឧត្ដម កឹម សុខា ហើយ​ចាប់​ផ្ដើម​ពី​ការ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​នេះ»

ឆ្លើយតប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​ស្នើ​សុំ​នេះ គឺ​ជា​អន្ទាក់​ដាក់​កំហុស​មក​លើ​រាជ​រដ្ឋាភិបាល​ទៅ​វិញ ដែល​ជា​ល្បិច​នយោបាយ​មួយ​ដែល​គណបក្ស​ប្រឆាំង​ចង់​រួច​ខ្លួន។ លោក​ថា រឿង​នេះ​ជា​រឿង​ច្បាប់​និង​បុគ្គល​ដែល​មិន​អាច​ប្រើ​មនោសញ្ចេតនា​បាន​ទេ «បើ​អត់​មាន​កំហុស​ម៉េច​នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​តុលាការ រឿង​នេះ​មិន​មែន​រឿង​នយោបាយ​ទេ រឿង​ពាក់ព័ន្ធ​ឯកជន​តើ ប្ដឹង​ពី ខុម ចាន់តារាទី តើ។ តុលាការ​ចាត់​នីតិវិធី​តាម​បណ្ដឹង​របស់​ពលរដ្ឋ​ចេះ​តែ​យក​មក​ចូល​រឿង​នយោបាយ​និយាយ​មក​សុទ្ធ​តែ​ដាក់​ទ្រូ​ដាក់​លប​ពី​នាយ​ហ្មង។ បើ​ទទួល​ស្គាល់​ថា ឥឡូវ​ខ្ញុំ​ខុស​មែន ទុក​ឲ្យ​គេ​កាត់​ទោស​ទៅ កុំ​ប្ដឹង​ឧទ្ធរណ៍ ប្ដឹង​សារ​ទុក​វែង​ឆ្ងាយ​ត​ទៅ​ទៀត នេះ​បាន​ឆាប់​ចប់​រឿង​ហ្នឹង»

មន្ត្រី​អាដហុក​ទាំង ៤​រូប រួម​មាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី ព្រម​ទាំង​លោក នី ចរិយា មន្ត្រី គ.ជ.ប ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រយៈពេល​ជាង ១០​ខែ​មក​ហើយ​គិត​ចាប់​តាំង​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ «សូកប៉ាន់​សាក្សី» និង «សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី» ដែល​គេ​សង្ស័យ​ថា​ពាក់ព័ន្ធ​ក្នុង​រឿង​រ៉ាវ​ស្នេហា​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៨ មីនា បាន​លើក​ឡើង​ពី​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស គូស​បញ្ជាក់​ពី​ការ​គំរាម​កំហែង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ ដោយ​ការ​ប្រើ​តុលាការ​ក្នុង​រយៈពេល​មុន​ការ​បោះឆ្នោត។ ចំណែក​ការ​បន្ត​ឃុំ​ខ្លួន​ជាង ១០​ខែ​ដោយ​គ្មាន​ភស្តុតាង​ត្រឹមត្រូវ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ក៏​ត្រូវ​បាន​គេ​លើក​ឡើង​នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង​ហ្សឺណែវ ដែរ។

សម្ព័ន្ធ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) ដែល​មាន​អង្គការ​ជា​សមាជិក ១៧៨ ស្វាគមន៍​សេចក្ដី​សម្រេច​របស់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ ស្តីពី​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត (WGAD) ដែល​ចាត់​ទុក​ការ​ឃុំ​ខ្លួន​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប ថា​ជា​ទង្វើ​តាម​​ទំនើង​ចិត្ត និង​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ត្រូវ​គោរព​ច្បាប់ និង​ដោះលែង​អ្នក​ទាំង ៥​រូប ឲ្យ​មាន​សេរីភាព​ជា​បន្ទាន់ និង​ត្រូវ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​មក​លើ​ពួកគាត់។

ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ ស្តីពី​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​ចាត់​ទុក​ថា ការ​ដក​ហូត​សិទ្ធិ​សេរីភាព​តាម​តែ​ទំនើង​ចិត្ត​ពី​មន្រ្តី គឺ​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស និង​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles