តុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿងលោក ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី ទាក់ទងឃាតកម្មលោក កែម ឡី ថ្ងៃទី៣០ ខែមីនា ខាងមុខនេះ។ គម្រោងប្រកាសសាលក្រមនេះ ធ្វើឡើងក្នុងពេលសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះករណីនេះ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នេះ។
សំណុំរឿងលោក សម រង្ស៊ី មួយករណីទៀតហើយ ដែលនឹងត្រូវតុលាការប្រកាសសាលក្រម ខណៈអតីតប្រធានគណបក្សប្រឆាំងរូបនេះ ហ៊ុមព័ទ្ធដោយបណ្ដឹង និងកំពុងមានទោសមិនអាចវិលចូលស្រុកវិញបាន។
សវនាការជំនុំជម្រះមិនមានវត្តមានភាគីដើមបណ្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភាគីចុងចម្លើយលោក សម រង្ស៊ី នោះទេ មានតែវត្តមានមេធាវីការពារក្ដីរបស់ភាគីទាំងពីរ ចៅក្រមជំនុំជម្រះ លោក អ៊ី ថាវរៈ និងព្រះរាជអាជ្ញារង លោក លី សុផាណា សួរដេញដោល និងបង្ហាញភស្តុតាងមានដូចជា វីដេអូ និងសំឡេងរបស់លោក សម រង្ស៊ី ដែលបានផ្ដល់សម្ភាសន៍មកអាស៊ីសេរី កាលពីឆ្នាំ២០១៦។
មេធាវីការពារក្ដីរបស់លោក ហ៊ុន សែន គឺលោក គី តិច មានប្រសាសន៍ឲ្យដឹងថា តាមរយៈវីដេអូលោក សម រង្ស៊ី និយាយនៅប្រទេសបារាំង និងការផ្ដល់សម្ភាសន៍របស់លោក សម រង្ស៊ី នៅវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ បញ្ជាក់ថា ពាក្យថាការបាញ់សម្លាប់លោក កែម ឡី ថ្ងៃនេះ ជាអំពើភេរវកម្មមួយទៀតរៀបចំឡើងដោយរដ្ឋអំណាច ដែលលោក សម រង្ស៊ី និយាយនោះគឺសំដៅទៅរដ្ឋាភិបាល៖ «ការធ្វើសវនាការមួយព្រឹកនេះ ខ្ញុំយល់ថា សម រង្ស៊ី ពិតជាមានចេតនាធ្វើអំពើបរិហារកេរ្តិ៍ជាសាធារណៈ ទម្លាក់កំហុស បង្កការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងអំពើរបស់គាត់ទាំងប៉ុន្មានកន្លែងនេះ»។
ប៉ុន្តែមេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី គឺលោក សំ សុគង់ មិនយល់ដូច្នេះទេ។ លោកថា ពាក្យរដ្ឋអំណាចដែលកូនក្ដីលោកនិយាយមិនសំដៅរដ្ឋាភិបាលនោះទេ។ លោកបន្តទៀតថា ការចោទប្រកាន់នេះ គ្មានធាតុផ្សំគ្រប់គ្រាន់ដើម្បីចោទប្រកាន់កូនក្តីរបស់លោកដូចការចោទប្រកាន់របស់លោក ហ៊ុន សែន នោះទេ៖ «ពាក្យថារដ្ឋអំណាចនេះ គឺអាចក្រុមមនុស្សមួយក្រុមតូច ឬមួយក្រុមធំ ណាមួយគាត់តាំងខ្លួនជារដ្ឋអំណាចអះអាងដោយខ្លួនឯង មិនមែនរដ្ឋអំណាចថាជារដ្ឋអំណាច»។
លោក ហ៊ុន សែន បានដាក់ពាក្យប្ដឹង លោក សម រង្ស៊ី ពីបទញុះញង់ និងបរិហារកេរ្តិ៍ជាសាធារណៈ និងទារសំណងជាប្រាក់ ១០០រៀល កាលពីដើមខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីលោក សម រង្ស៊ី បានធ្វើអត្ថាធិប្បាយ និងសរសេរនៅហ្វេសប៊ុក របស់លោកថា ការបាញ់សម្លាប់លោក កែម ឡី ជាអំពើភេរវកម្មមួយទៀតរៀបចំឡើងដោយរដ្ឋអំណាច។ សំណុំរឿងនេះដែរ លោក ហ៊ុន សែន ឈ្នះក្ដីអ្នកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ម្ដងរួចហើយ។
ចំណែកអ្នកវិភាគនយោបាយ លោកសាស្ត្រាចារ្យ សូ ចន្ថា យល់ថា ប្រសិនរដ្ឋាភិបាល ឬលោក ហ៊ុន សែន បើមិនចង់មានឲ្យមានការចោទប្រកាន់លើករណីឃាតកម្មបណ្ឌិត កែម ឡី ទេ ត្រូវរកឃាតកពិតមកផ្ដន្ទាទោស។ លោកបន្តថា ជនជាប់ចោទ ឈ្មោះ អឿត អាង ពិបាកធ្វើឲ្យសាធារណជនជឿថា ជាឃាតកសម្លាប់លោក កែម ឡី ណាស់៖ «ការលើកឡើងរបស់ឃាតកនោះ គឺការជំពាក់លុយដ៏តិចតួចបំផុត ហើយឈានដល់ការសម្លាប់អ៊ីចឹង យើងមកយកពិនិត្យមើលទៅលើកឡើងទាំងអស់នេះ និងភស្តុតាងទាំងអស់នេះហើយដែលធ្វើសាធារណៈមតិមិនអស់សង្ស័យថា តើជួបសម្លាប់តែម្នាក់គត់ជាឃាតក ឬមានជនសមគំនិតផ្សេងទៀតនោះ»។
លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ភ្លាមៗនោះ ក្រុមប៉ូលិសចាប់បានបុរសម្នាក់សារភាពថា ឈ្មោះ ជួប សម្លាប់ ថាជាអ្នកបាញ់សម្លាប់លោកកែម ឡី ដែលសំណុំរឿងនេះ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៣ ខែមីនា។ ប៉ុន្តែសាធារណជនមួយចំនួនធំមិនជឿថា ជននេះជាឃាតកសម្លាប់លោក កែម ឡី ឡើយ។
ទាក់ទងការចោទប្រកាន់របស់លោក ហ៊ុន សែន មកលើលោក សម រង្ស៊ី។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ អតីតប្រធានគណបក្សប្រឆាំងរូបនេះ បើមានអ្នកប្ដឹងលោកមិនត្រូវប្ដឹងលោកនៅតុលាការក្នុងស្រុកខ្មែរទេ ត្រូវក្លាហានហ៊ានប្ដឹងលោកនៅតុលាការប្រទេសបារាំង ឬតុលាការប្រទេសផ្សេងទៀត៕