ពាក្យស្លោក "ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ" របស់គណបក្សប្រឆាំង ត្រូវរងការរិះគន់ និងប្រតិកម្មយ៉ាងខ្លាំងពីបក្សកាន់អំណាច ក្រោយត្រូវបានដាក់ចេញនៅក្នុងសារនយោបាយរបស់ខ្លួន។ ដើម្បីបញ្ចៀសពីភាពចម្រូងចម្រាស និងកុំឲ្យមើលឃើញពីការវិវាទផ្នែកនយោបាយកាន់តែវែងឆ្ងាយទៅទៀត គណបក្សប្រឆាំងសម្រេចថា នឹងមិនប្រើប្រាស់ពាក្យស្លោកនេះក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតខាងមុខទៀតនោះទេ។
នេះអាចចាត់ទុកថា ជាការបញ្ជាក់ជំហរលើកទី១ហើយពីសមាជិកសភារបស់គណបក្សសង្គ្រោះជាតិ ចាប់តាំងពីសារនយោបាយនេះត្រូវបានបក្សកាន់អំណាចប្រតិកម្ម និងគំរាមប្ដឹងទៅតុលាការថែមទៀតនោះ។
ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅខាងមុខពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី១៧ ខែមីនា លោក សុន ឆ័យ បញ្ជាក់ថា នៅក្នុងកម្មវិធីនយោបាយគណបក្សប្រឆាំងសម្រាប់បម្រើឲ្យការបោះឆ្នោត និងយុទ្ធនាការស្វែងរកសំឡេងឆ្នោតឃុំ-សង្កាត់ខាងមុខនេះ គឺគណបក្សនឹងមិនប្រើពាក្យស្លោកនេះទៀតទេ៖ «គណបក្សសង្គ្រោះជាតិ នឹងរៀបចំគោលនយោបាយ ៥ចំណុចដែលចែកចាយទៅពលរដ្ឋ។ នឹងមិនមានចែងពាក្យស្លោកនេះទេ»។
កម្ពុជានឹងចាប់ផ្ដើមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ ដែលមានឃុំ-សង្កាត់សរុបចំនួន ១.៦៤៦ នៅទូទាំងប្រទេស។
គណបក្សប្រជាជនកម្ពុជា ប្រតិកម្មភ្លាមៗ ក្រោយសារនយោបាយដែលបក្សប្រឆាំងដាក់ចេញជាថ្មីម្ដងទៀត នៅក្នុងពិធីសមាជវិសាមញ្ញរបស់ខ្លួនកាលពីថ្ងៃទី២ ខែមីនា កន្លងទៅនេះ ទាក់ទិនពាក្យស្លោក "ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ"។ ប៉ុន្តែពាក្យស្លោកដែលធ្វើឲ្យបក្សកាន់អំណាចមិនពេញចិត្តនេះ បក្សប្រឆាំងធ្លាប់ប្រើប្រាស់រួចមកហើយ កាលពីបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០១២។
បើទោះជាបែបណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ហាក់មិនទាន់ទុកចិត្តថា ជំហរលុបពាក្យស្លោកនេះ អាចប្រាកដមួយរយភាគរយនោះនៅឡើយទេ៖ «យើងខ្ញុំស្វាគមន៍ហើយបញ្ហាហ្នឹង ប៉ុន្តែនេះប្រហែលជាបណ្ដោះអាសន្នទេតាមមើល។ គាត់និយាយអ៊ីចឹង កាលណាមានឱកាសគាត់ថែមទៀតហើយ ព្រោះមិនទាន់ដកចេញពីគោលនយោបាយទាំង ៥ចំណុចនោះទេ។ អ៊ីចឹងយើងជឿជាក់លុះត្រាតែគាត់បង្ហាញជំហរច្បាស់លាស់ ហើយអនុវត្តជាក់ស្ដែងថា ដកចេញហើយ ទុកតែ៤ អាហ្នឹងបានវាច្បាស់»។
យ៉ាងនេះក្តី អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា យល់ឃើញថា វាហាក់ដូចជាចម្លែកដែលសុខៗបក្សកាន់អំណាចចាប់ប្រតិកម្មចំពោះសារនយោបាយរបស់បក្សប្រឆាំងរឿងដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រនេះ។
ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១០ ខែមីនា អ្នកស្រីថា ពុំមានបញ្ញត្តនៃច្បាប់ណាមួយរកឃើញថា សារនយោបាយបែបនេះត្រូវមានទោសនោះឡើយ៖ «ខ្ញុំគិតថានេះជាអ្វីដែលគណបក្សសង្គ្រោះជាតិ ត្រូវប្រឈម ខណៈគណបក្សនេះត្រូវប្រឈមនូវបណ្ដឹងជាច្រើនរួចមកហើយ។ ខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិបាកនឹងយល់ថា តើពាក្យស្លោកនោះបណ្ដាលឲ្យមានបញ្ហាត្រង់ណា ថាតើចំណុចត្រង់ណាជាបទឧក្រិដ្ឋចេញមកពីការប្រើពាក្យស្លោកនោះ? ពីព្រោះថា មេឃុំ មន្ត្រីឃុំ និងមន្ត្រីរាជការទាំងអស់គួរបម្រើប្រជារាស្ត្រអ៊ីចឹងហើយ។ ការដាក់មេឃុំ ឬដកមេឃុំ គឺអាស្រ័យទៅលើកម្រិតនៃការពេញចិត្តរបស់ប្រជាជនចំពោះមេឃុំទាំងនោះទេ ហើយនោះគឺជាដំណើរការធម្មតានៃលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះមេឃុំណាដែលបម្រើប្រជាពលរដ្ឋបានល្អ នឹងទទួលបានតំណែងបន្តទៀត។ ចំណែកមេឃុំណាបម្រើរាស្ត្រមិនបានអាចនឹងត្រូវផ្លាស់ប្ដូរចេញ។ នេះហើយជាហេតុផលដែលត្រូវបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នោះ។ ងាកមកពាក្យនោះវិញ ខ្ញុំបានស្រាវជ្រាវមើលច្បាប់ជាច្រើន រួមទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ តែខ្ញុំនៅតែរកមិនឃើញថា មានបញ្ញត្តិជាដុំកំភួនណាមួយដែលធ្វើជាមូលដ្ឋានដាក់ពាក្យប្ដឹងអ្នកប្រើពាក្យស្លោកនោះឡើយ»។
ហេតុផលដែលនាំឲ្យសារនយោបាយនេះ ចាក់ចំបេះដូងបក្សកាន់អំណាច ហើយនាំឲ្យមានប្រតិកម្មនេះ ត្រូវបានលោក សុខ ឥសាន ពន្យល់ថា ទី១ នេះជាការមើលងាយចំពោះមេឃុំ ឬចៅសង្កាត់ ទោះបីមេឃុំ ឬចៅសង្កាត់ទាំងនោះមកពីខាងបក្សនយោបាយណាមួយក៏ដោយ ធាតុពិត ពួកគេក៏ត្រូវបម្រើការងារសម្រាប់ប្រយោជន៍សាធារណៈដែរ។ ទី២ នេះអាចចាត់ទុកថា ជាការប្រមាថដល់តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីពលរដ្ឋ។
ជុំវិញភាពចម្រូងចម្រាសរឿងសារនយោបាយនេះ គណបក្សកាន់អំណាចអះអាងថា អាចនឹងប្ដឹងទៅតុលាការនៅមុនការបោះឆ្នោតឃុំ-សង្កាត់នេះ ប្រសិនបើការដោះស្រាយក្នុងដំណាក់កាលក្រសួងមហាផ្ទៃ និង គ.ជ.ប មិនដាច់ស្រេច ជាពិសេសសារនយោបាយនេះនៅតែលេចឮមិនឈប់ឈរទៀត។ អ្នកវិភាគបញ្ហាសង្គមយល់ឃើញថា ហេតុផលតែម្យ៉ាងគត់ដែលនាំឲ្យបក្សកាន់អំណាចមិនសប្បាយចិត្តនឹងសារនយោបាយនេះ អាចបារម្ភចំពោះជោគវាសនានៃលទ្ធផលឆ្នោតខាងមុខ ជាជាងប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មេឃុំ-ចៅសង្កាត់៕