មេឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលឈ្នះឆ្នោតដឹកនាំរដ្ឋបាលឃុំស្រែគរ នៃគណបក្ស សម រង្ស៊ី ចោទអភិបាលស្រុកសេសានថា មានចេតនាគំរាមកំហែងបំភិតបំភ័យផ្នែកនយោបាយទៅលើសកម្មជនគណបក្ស សម រង្ស៊ី ដែលឈរឈ្មោះបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ។
ការចោទប្រកាន់នេះ ធ្វើឡើងក្រោយពេលមួយថ្ងៃដែលអភិបាលស្រុកសេសាន លោក ពន្លឺ មង្គល កាលពីថ្ងៃទី១៦ ខែមីនា បានអញ្ជើញមកសាលាឃុំស្រែគរ ហើយណែនាំឲ្យមេឃុំដែលជាសមាជិកគណបក្ស សម រង្ស៊ី ធ្វើលិខិតលាលែងពីសមាជិកក្រុមប្រឹក្សាឃុំ។
មេឃុំស្រែគរ លោក សៀក មេគង្គ បញ្ជាក់ថា មន្ត្រីស្រុកប្រើប្រាស់វិធីនេះដើម្បីគំរាមកំហែងផ្នែកនយោបាយចំពោះសកម្មជនដែលឈរឈ្មោះបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។ លោកទទួលស្គាល់ថា ការឈរឈ្មោះជាបេក្ខជនគណបក្សសង្គ្រោះជាតិ ពិតជាធ្វើឲ្យសមាជិកភាពរបស់លោកក្នុងគណបក្ស សម រង្ស៊ី និងសមាជិកភាពក្នុងក្រុមប្រឹក្សាឃុំ ត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក៏ប៉ុន្តែមន្ត្រីស្រុកមិនត្រូវមកបង្ខំឲ្យលោកធ្វើលិខិតលាលែង ឬព្រមានកាត់ប្រាក់បៀវត្សពីមន្ត្រីឃុំឡើយ៖ «អាជ្ញាធរស្រុកធ្វើនេះជាការកៀបសង្កត់មួយទៅលើតំណាងគណបក្ខប្រឆាំងដែលជាប់ឆ្នោតកន្លងមក»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗបានណែនាំពីការអនុវត្តគោលការណ៍ និងនីតិវិធីចំពោះក្រុមប្រឹក្សាឃុំ-សង្កាត់ ឬក្រុមប្រឹក្សាស្រុក ខណ្ឌ និងខេត្ត ដែលទៅឈរឈ្មោះចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិថ្មី ក្នុងនោះបង្ហាញថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នឹងបាត់បង់តួនាទីរបស់ខ្លួនក្រោយពីបានទៅឈរឈ្មោះឲ្យគណបក្សសង្គ្រោះជាតិ វិញ។
អាស៊ីសេរីមិនអាចទាក់ទងសុំការបញ្ជាក់ពីអភិបាលស្រុកសេសាន លោក ពន្លឺ មង្គល បានទេ នៅថ្ងៃទី១៧ ខែមីនា។ ចំណែកអ្នកនាំពាក្យ និងជានាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់ថា ជាគោលការណ៍អាជ្ញាធរខេត្តបានណែនាំឲ្យអាជ្ញាធរក្រុងស្រុកផ្សព្វផ្សាយសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ទាក់ទិនការបាត់បង់សមាជិកភាព និងបេក្ខភាពក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ នៃសមាជិកភាពនៃគណបក្ស សម រង្ស៊ី ឬគណបក្សសិទ្ធិមនុស្សដែលសម្រេចចុះឈ្មោះក្នុងបញ្ជីបេក្ខជនបោះឆ្នោតឃុំ-សង្កាត់ នៃគណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតខាងមុខ៖ «ខ្ញុំអត់បានទទួលព័ត៌មានពីមន្ត្រីរដ្ឋបាលឃុំ ស្រុកថា បានទៅបង្ខំឲ្យគាត់លាលែងពីមេឃុំទេ។ គ្រាន់តែណែនាំឲ្យផ្សព្វផ្សាយដល់គ្រប់ក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបានជ្រាប និងអនុវត្តតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ»។
មាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្ដីពីគណបក្សនយោបាយចែងថា ពលរដ្ឋខ្មែរម្នាក់ៗមិនអាចជាសមាជិកគណបក្សនយោបាយលើសពីមួយក្នុងពេលតែមួយបានទេ។ ក្នុងករណីដែលបុគ្គលមួយរូបចូលជាសមាជិកគណបក្សនានាជាច្រើន សមាជិកភាពជាមួយគណបក្សចុងក្រោយត្រូវចាត់ទុកជាបានការ។ ចំណែកមាត្រា១៦ នៃច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ចែងថា ការបាត់បង់សមាជិកភាពគណបក្ស នឹងនាំឲ្យសាមីខ្លួនបាត់បង់សមាជិកភាពពីក្រុមប្រឹក្សាដែរ។
ទោះបីជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថា អង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី ទទួលស្គាល់ថា ការណែនាំរបស់ក្រសួងមហាផ្ទៃ ត្រឹមត្រូវតាមច្បាប់ ក៏ប៉ុន្តែប្រសិនមានការបង្ខំឲ្យធ្វើលិខិតលាលែង គឺជាការមិនត្រឹមត្រូវ៖ «គេដឹងច្បាប់ គេត្រូវតែលាជាស្វ័យប្រវត្តិអ៊ីចឹងហើយ មិនចាំបាច់ដឹកដៃបង្ខំគេឲ្យសរសេរលិខិតលាលែងទេ»។
របាយការណ៍របស់មន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ក្នុងចំណោមក្រុមប្រឹក្សាឃុំ-សង្កាត់នៃគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស សរុបជាង ៣.០០០នាក់នោះ គឺមានស្ទើរតែទាំងអស់បានប្ដូរទៅឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យគណបក្សសង្គ្រោះជាតិ៕