Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

"ជនបរទេស​ដែល​ប្រើប្រាស់​មធ្យោបាយ​ទុច្ចរិត​ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ​គួរ​ត្រូវ​ទទួល​ទោស"

$
0
0

ក្រុម​អ្នក​ឃ្លាំមើល​ផ្នែក​នយោបាយ និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ឡើង​ថា ជនបរទេស​ដែល​ប្រើប្រាស់​មធ្យោបាយ​ទុច្ចរិត ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ​គួរ​ត្រូវ​ទទួលទោស។ កាល​ពី​ដើម​ខែ​មីនា នេះ សារ​ទូរស័ព្ទ​រវាង​ជនបរទេស​ម្នាក់ និង​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ បាន​បង្ហាញ​ថា អ្នក​ទាំង​ពីរ​បាន​ឃុបឃិត​គ្នា​ដើម្បី​ផ្ដល់​សញ្ជាតិ​ខ្មែរ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​យន្តការ​ផ្លូវ​ច្បាប់។

ក្រុម​អ្នក​ច្បាប់​អះអាង​ថា ប្រសិនបើ​ជន​ណា​មាន​បំណង​ប្រើ​យុទ្ធសាស្ត្រ​បំភិតបំភ័យ​ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បី​ដោះដូរ​នឹង​ការ​បាន​សញ្ជាតិ​ខ្មែរ​នោះ គឺ​ជន​នោះ​កំពុង​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ក្នុង​ការ​ធ្វើ​ឲ្យ​ចលាចល​ដល់​ស្ថិរភាព និង​សន្តិសុខ​សង្គម ចំណែក​ឯ​សម្របសម្រួល​វិញ​ក៏​អាច​មានទោស​ដូច​គ្នា​ដែរ។

មេធាវី​នៃ​ការិយាល័យ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ហុង គឹមសួន បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ជនបរទេស​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​បំផ្លាញ​ភាព​សុខដុមរមនា​របស់​ពលរដ្ឋ​ខ្មែរ ដើម្បី​បម្រើ​មហិច្ឆតា​របស់​ក្រុម​ណា​មួយ ជន​នោះ​អាច​ចាត់​ទុក​ជា​ចារកម្ម​ក្នុង​ការ​ធ្វើ​វិទ្ធង្សនា​បំផ្លាញ​សុខ​សន្តិភាព​របស់​ប្រទេស៖ «ជនបរទេស​ទាំង​ឡាយ​ណា​ដែល​មក​បំផ្លាញ​សេចក្តី​សុខ ឬ​សុខ​សន្តិភាព និង​បំផ្លាញ​ការ​អនុវត្ត​ច្បាប់​ដ៏​ល្អ​របស់​ពលរដ្ឋ​ខ្មែរ គឺ​ត្រូវ​តែ​ចោទ​ប្រកាន់​ជន​នោះ ឬ​ខ្មាំង​នោះ​ពី​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»

ការ​អះអាង​របស់​លោក ហុង គឹមសួន ធ្វើ​ឡើង​ក្រោយ​សារ​ឆ្លើយឆ្លង​ឯកជន​ជាង ១០០​ទំព័រ​របស់​គ្រួសារ​ត្រកូល "ហ៊ុន" និង​មន្ត្រី​រដ្ឋាភិបាល ត្រូវ​បាន​បញ្ចេញ​ឲ្យ​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា។

ក្នុង​សារ​បែក​ធ្លាយ​នោះ ជនជាតិ​ប៉ាគីស្ថាន ម្នាក់​ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ (Joseph Matthews) បាន​សរសេរ​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ដើម្បី​សុំ​សញ្ជាតិ​ខ្មែរ​តាម​រយៈ​ការ​ដោះដូរ​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា Psychological Tactics: Fear Factor ឬ​ជា​ភាសា​ខ្មែរ​ហៅ​ថា យុទ្ធ​វិធី​បែប​ចិត្តសាស្ត្រ​សម្រាប់​ការ​បំភិតបំភ័យ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បោះ​ឆ្នោត។ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ចូសេហ្វ ម៉ាស៊ូ បាន​សរសេរ​មក​កាន់​លោក ហ៊ុន ម៉ាណែត ម្ដង​ទៀត ដោយ​បង្ហាញ​ពី​សេចក្ដី​ត្រេកអរ​ដែល​បុរស​រូប​នេះ​ទទួល​សញ្ជាតិ​ខ្មែរ​ដូច​បំណង ហើយ​ប្ដេជ្ញា​បម្រើ​គ្រួសារ​ត្រកូល "ហ៊ុន" តាម​ជំនាញ និង​សមត្ថភាព។

អាស៊ីសេរី មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ និង​លោក ហ៊ុន ម៉ាណែត បាន​នៅ​ឡើយ​ទេ។

អ្នក​ឃ្លាំមើល​នយោបាយ​នៅ​កម្ពុជា អះអាង​ថា សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ករណី​បាន​សញ្ជាតិ​ខ្មែរ តាម​រយៈ​ការ​ដោះដូរ​យុទ្ធសាស្ត្រ​ក្នុង​បំណង​ទុច្ចរិត​មក​លើ​ពលរដ្ឋ។

អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ពលរដ្ឋ​អាច​តវ៉ា​បញ្ហា​សញ្ជាតិ​នេះ​តាម​រយៈ​យន្តការ ឬ​នីតិវិធី​របស់​រដ្ឋ​សភា៖ «យើង​អាច​តវ៉ា​បាន​តាម​រយៈ​សភា ហើយ​បើ​បាន​ដឹង​អ៊ីចឹង​គឺ​តំណាងរាស្ត្រ​ណា​មួយ​អាច​កោះហៅ​ជន​ពាក់ព័ន្ធ​មក​សាកសួរ ហើយ​អាច​ធ្វើ​ការ​ស៊ើប​អង្កេត​ថែម​ទៀត​ផង»

ឡៅ ម៉ុងហៃ ២០១៧ ៨៥៥
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​នាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ បាន​បដិសេធ​ថា លោក​មិន​ដែល​ទទួល​បាន​លិខិត​អន្តរាគមន៍​ណា​មួយ​ពី​លោក ហ៊ុន ម៉ាណែត ដើម្បី​ជួយ​ជនជាតិ​ប៉ាគីស្ថាន ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ នោះ​ឡើយ។ លោក​បន្ត​ថា ជន​ណា​ក៏ដោយ​ឲ្យ​តែ​មាន​សញ្ជាតិ​ខ្មែរ ជន​នោះ​អាច​ជ្រើសរើស​គណបក្ស​នយោបាយ​ណា​ដែល​ខ្លួន​ពេញ​ចិត្ត៖ «មិន​ដែល​ឃើញ​មាន​ហត្ថលេខា​របស់​ឯកឧត្ដម ហ៊ុន ម៉ាណែត ដើម្បី​អន្តរាគមន៍​សុំ​សញ្ជាតិ​ឲ្យ​ជនជាតិ​ប៉ាគីស្ថាន​ម្នាក់​ហ្នឹង​ផង។ និយាយ​ឲ្យ​ចំ​មិន​ខ្វល់​ថា ជន​ជាតិ​ណា​ជា​ជន​ណា​ទេ គឺ​ក្រោយ​ពី​ការ​ស៊ើបសួរ​តាម​ផ្លូវ​ច្បាប់​រួច​ហើយ ពេល​នោះ​ជំនាញ​គឺ​គេ​ធ្វើ​តាម​ជំនាញ​ហើយ»

​មាត្រា​៨ នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ ចែង​ថា ជន​បរទេស​ដែល​អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន​លុះ​ត្រា​មាន​លិខិត​បញ្ជាក់​ថា មាន​គំនិត​មារយាទ និង​សីលធម៌​ល្អ​ដែល​ចេញ​ដោយ​មេ​ឃុំ ឬ​ចៅសង្កាត់​នៃ​ទី​លំនៅ​របស់​ខ្លួន។ មាន​លិខិត​ថ្កោលទោស​បញ្ជាក់​ថា ពុំ​ដែល​មាន​ទោស​ពី​បទ​ព្រហ្មទណ្ឌ​ណា​មួយ ហើយ​រស់​នៅ​ជាប់​លាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៧​ឆ្នាំ។ ចេះ​និយាយ សរសេរ យល់​ដឹង​ពី​ប្រវត្តិ និង​ទទួល​យក​បាន​ពី​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ។ មាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ។

ចំណែក​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា ជន​ទាំង​ឡាយ​ណា​ដែល​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ដោយ​មធ្យោបាយ​ណាមួយ ជន​នោះ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ដល់ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ដល់ ៤​លាន​រៀល។

ការ​បែក​ធ្លាយ​សារ​សន្ទនា​ជា​សំឡេង​ក្ដី ឬ​ជា​សំណេរ​ក្ដី​ហាក់​កំពុង​ពេញ​និយម​ខ្លាំង​នៅ​កម្ពុជា ខណៈ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ខិត​ជិត​ចូល​មក​ដល់។ សារ​ខ្លះ​គេ​ឃើញ​មាន​ការ​បែក​ធ្លាយ​ក្នុង​បំណង​បំផ្លាញ​ប្រជាប្រិយភាព​របស់​ក្រុម​បក្ស​ប្រឆាំង ប៉ុន្តែ​សារ​ខ្លះ ក៏​មាន​ការ​ភ្លាត់ស្នៀត​បែក​ធ្លាយ​សារ​ពី​ក្រុម​អ្នក​មាន​អំណាច​ដែល​បង្ហាញ​អាថ៌កំបាំង​នៃ​ការ​ធ្វើ​ជំនួញ និង​ការ​ប្រើ​យុទ្ធសាស្ត្រ​ដើម្បី​បំភិតបំភ័យ​ពលរដ្ឋ​សម្រាប់​ក្ដោបក្ដាប់​អំណាច​ដែរ។

​កន្លង​មក​មាន​ការ​បែក​ធ្លាយ​សារ​របស់​គ្រួសារ​ត្រកូល "ហ៊ុន" គឺ​នៅ​បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​ខ្សែអាត់​សំឡេង​របស់​មន្ត្រី​បក្ស​ប្រឆាំង​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​លើ​គណនី​ហ្វេសប៊ុក (Facebook) មួយ​ឈ្មោះ "សីហា" កាល​ពី​ខែ​កុម្ភៈ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក គណនី​ហ្វេសប៊ុក ឈ្មោះ "សីហា" នេះ បាន​បង្ហោះ​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថែម​ទៀត។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា លោក ហ៊ុន សែន បាន​ប្រកាស​ទទួល​ស្គាល់​ថា សំឡេង​នៅ​ក្នុង​ខ្សែអាត់​នោះ​ពិត​ជា​សំឡេង​របស់​លោក។ លោក ហ៊ុន សែន ថែម​ទាំង​គំរាម​បញ្ចេញ​ខ្សែអាត់​សំឡេង​នេះ​បន្ថែម​ទៀត ប្រសិនបើ​លោក កឹម សុខា គណបក្ស​ប្រឆាំង​មិន​ព្រម​ទទួល​ស្គាល់​សំឡេង​ដែល​បែក​ធ្លាយ​នោះ៖ «អ្នក​ឯង​ចង់​សាក​ទេ! បើ​ចង់​សាក ខ្ញុំ​ទម្លាយ​ចេញ​ទាំង​អស់ ទាំង​ពី​ក្នុង WhatsApp SMS។ តិច​លោ​អ្នក​ឯង​ថា​ខ្ញុំ​ជា​មនុស្ស​មិន​បាន​ការ? គ្រាន់​តែ​ស្តុក​ឯកសារ​ដែល​អ្នក​ឯង SMS មក​ខ្ញុំ។ អ្នក​ឯង WhatsApp មក​ខ្ញុំ អ្នក​ឯង Telegram មក​ខ្ញុំ អ្នក​ឯង Line មក​ខ្ញុំ។ អ្នក​ឯង​ចង់​ឲ្យ​ខ្ញុំ​បញ្ចេញ​ទេ ខ្ញុំ​នឹង​បញ្ចេញ​ឲ្យ​អ្នក​ឯង​មើល​ទាំង​អស់ ហើយ​ចាំ​មើល​វា​យ៉ាង​ម៉េច»

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នកឃ្លាំមើល​និយាយ​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន ជា​ការ​គំរាម​ខុស​ច្បាប់ និង​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែត អាដាម (Brad Adams) បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក ហ៊ុន សែន ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នូវ​ការ​គំរាម​ប្រើ​អំពើ​ហិង្សា​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ៖ «ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដែល​លោក ហ៊ុន សែន ទទួល​ស្គាល់​ជា​សាធារណៈ​ថា សំឡេង​ក្នុង​ខ្សែអាត់​ដែល​បែក​ធ្លាយ​នោះ​ជា​សំឡេង​ពិត​របស់​លោក។ លោក ហ៊ុន សែន គិត​ថា ការ​បែក​ធ្លាយ​ខ្សែអាត់​សំឡេង​នោះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​លោក កឹម សុខា អាម៉ាស់​មុខ តែ​តាម​ការពិត​វា​ជា​ការ​គំរាមកំហែង​ប្រើ​អំពើ​ហិង្សា​ដោយ​ផ្ទាល់​ប្រឆាំង​នឹង​ក្រុម​បក្ស​ប្រឆាំង។ នេះ​ជា​បទល្មើស​ឧក្រិដ្ឋ​មួយ ដូច្នេះ​លោក ហ៊ុន សែន បាន​សារភាព​ថា លោក​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ក្នុង​កិច្ច​សន្ទនា​នោះ។ ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​ទទួលស្គាល់​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា បាន​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​ច្បាប់​ទូរគមនាគមន៍ និង​ច្បាប់​ព្រហ្មទណ្ឌ​របស់​ប្រទេស តាម​រយៈ​កា​រលួយ​ថត​សំឡេង​អ្នក​ដទៃ និង​បំពាន​សិទ្ធិ​ឯកជន​របស់​អ្នក​ដទៃ»

មាត្រា​៩៧ នៃ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​ចែង​ថា ការ​លប​ស្តាប់ ឬ​ការ​លប​ថត​ការ​សន្ទនា​ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍ ដោយ​បុគ្គល​ដែល​ពុំ​មែន​ជា​ភាគី​នៃ​ការ​សន្ទនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ទទួល​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ ២​លាន​រៀល។ លើកលែង​តែ​ការ​ស្ដាប់ ឬ​ការ​ថត​ការ​សន្ទនា​នោះ ធ្វើ​ឡើង​ដោយ​មាន​ការ​យល់​ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles