Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ជីវប្រវត្តិ​សង្ខេបរបស់​​លោក សុខ អាន

$
0
0

លោក សុខ អាន មាន​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ហើយ​លោក​បំពេញ​តួនាទី​មួយ​នេះ​អស់​រយៈពេល​ជិត ២០​ឆ្នាំ។ ស្រប​គ្នា​នេះ​ លោក​មាន​តួនាទី​ជា​ច្រើន​ផ្សេង​ទៀត រហូត​ដល់​ជីវិត​ចុង​ក្រោយ។ មុខ​ពេល​លោក​ស្លាប់​ពីរ​ថ្ងៃ ព្រះមហាក្សត្រ​បាន​ប្រោស​ប្រទាន​គោរមងារ​ដល់​លោក សុខ អាន ជា​សម្ដេច​វិបុល​បញ្ញា ដោយសារ​លោក​មាន​ស្នាដៃ​ចូលរួម​កសាង​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​សង្គម។ រដ្ឋាភិបាល​បាន​ប្រកាស​ថា លោក សុខ អាន បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា និង​បាន​បញ្ជូន​ត្រឡប់​ពី​ប្រទេស​ចិន មក​កម្ពុជា​វិញ ដើម្បី​រៀបចំ​ពិធី​បុណ្យ​សព​តាម​ទំនៀមទម្លាប់​ខ្មែរ។

លោក សុខ អាន ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជា​មន្ត្រី​ជិតស្និទ្ធ ឬ​ជា​មន្ត្រី​ដៃ​ស្ដាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាល​ពី​អំឡុង​ទសវត្សរ៍​ទី​៨០ លោក សុខ អាន ដែល​ចេះ​ភាសា​អង់គ្លេស បារាំង និង​ភាសា​វៀតណាម យ៉ាង​ស្ទាត់​ជំនាញ ត្រូវ​បាន​លោក ហ៊ុន សែន កាល​ពី​ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស ជ្រើសតាំង​ឱ្យ​ធ្វើ​ជា​លេខា​ផ្ទាល់ខ្លួន​របស់​លោក។ ក្រោយ​មក លោក ហ៊ុន សែន បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​១៩៨៥ និង​ជា​មនុស្ស​ទី​១ ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​កម្ពុជា។

លោក សុខ អាន ដែល​ជា​បញ្ញវន្ត​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​ដ៏​ច្រើន​ផង​នោះ និង​ធ្លាប់​ជួយ​ជ្រោមជ្រែង​កិច្ចការ​ឱ្យ​លោក ហ៊ុន សែន រាប់​មិន​អស់ ក៏​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​ច្រើន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន តាម​លំដាប់លំដោយ រហូត​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លោក សុខ អាន មិន​បាន​លេច​មុខ​ជា​សាធារណៈ ឬ​ក៏​អម​ដំណើរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ណា​មក​ណា​ដូច​សព្វដង​នោះ​ទេ លុះ​មក​ដល់​ដើម​ខែ​មីនា ទើប​លេច​ដំណឹង​ថា លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា ទើប​គេ​ប្រកាស​ឱ្យ​ដឹង​ថា លោក​ទទួល​មរណភាព។

លោក សុខ អាន កើត​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​១៩៥០ និង​ជា​អ្នក​ស្រុក​ខេត្ត​តាកែវ ស្ថិត​ក្នុង​ភូមិ​កំពង់ ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គីរីវង់។ លុះដល់​ដល់​វ័យ​ជំទង់ លោក សុខ អាន គឺ​ជា​ក្មេង​ប្រុស​បញ្ចប់​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​១៩៦៧។

​មក​ដល់​អំឡុង​ឆ្នាំ​១៩៧២ លោក សុខ អាន បាន​ទទួល​សញ្ញាប័ត្រ​ជា​បន្តបន្ទាប់ ដូចជា​ផ្នែក​ការទូត​ជាន់​ខ្ពស់​ផ្នែក​ភូមិវិទ្យា ប្រវត្តិវិទ្យា សង្គមវិទ្យា នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​ពី​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​១៩៧៥ លោក​បាន​ចូលរួម​កម្មវិធី​បណ្ដុះបណ្ដាល​ផ្នែក​ការទូត​ជាន់​ខ្ពស់។ ពាក់ព័ន្ធ​នឹង​បទពិសោធន៍​ការងារ​របស់​លោក សុខ អាន ដែល​ដកស្រង់​ពី​គេហទំព័រ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ថា នៅ​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៧២ លោក សុខ អាន បាន​ធ្វើ​ជា​សាស្ត្រាចារ្យ​នៃ​ក្រសួង​អប់រំ​ជាតិ នៅ​ខេត្ត​តាកែវ ជា​នាយក​អនុវិទ្យាល័យ​ព្រះបាទ​ជាន់​ជុំ​ខេត្ត​តាកែវ និង​ជា​សាស្ត្រាចារ្យ​ទុតិយភូមិ​នៅ​ខេត្ត​សៀមរាប។ ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨៨ លោក​បាន​ធ្វើ​ជា​ប្រធាន​មន្ទីរ​នៃ​ក្រសួង​ការបរទេស និង​ជា​លេខា​ផ្ទាល់​លោក ហ៊ុន សែន ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​សន្តិភាព​កម្ពុជា និង​ជា​អគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌា។

ពី​ឆ្នាំ​១៩៨៨ ដល់​ឆ្នាំ​១៩៩១ លោក​ធ្វើ​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ យូណេស្កូ (UNESCO) កម្ពុជា។ ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០៤ លោក​បាន​ធ្វើ​ជា​ប្រធាន​ខុទ្ទកាល័យ​មជ្ឈិមបក្ស​របស់​កាន់​អំណាច អនុរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ (SNC) ជា​សហ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ ពី​ឆ្នាំ​១៩៩៣ មក​ដល់​ឆ្នាំ​២០១៧ ជា​សមាជិក​រដ្ឋសភា​មណ្ឌល​តាកែវ ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ហើយ​កាល​ពី​ឆ្នាំ​២០១៣ លោក សុខ អាន បាន​ធ្វើ​ជា​ប្រធាន​មហា​សន្និបាត​សម័យ​ប្រជុំ​លើក​ទី​៣៧ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ជាដើម។

ក្រៅ​ពី​មុខ​តំណែង​ដ៏​ច្រើន​ដែល​លោក​ធ្លាប់​កាន់ និង​កំពុង​កាន់​ទាំង​នេះ លោក សុខ អាន នៅ​មាន​តំណែង​ជា​ច្រើន​ផ្សេង​ទៀត ដូចជា​ប្រធាន​ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋបាល ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ប្រធាន​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ប្រធាន​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា ប្រធាន​ក្រុមប្រឹក្សាភិបាល​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ប្រធាន​ក្រុម​ការងារ​ដើម្បី​កាត់​ទោស​ខ្មែរ​ក្រហម ព្រម​ទាំង​ក្រុមប្រឹក្សាភិបាល​សាលា​ភូមិន្ទ​រដ្ឋបាល​ជាដើម។

ការ​ក្ដោបក្ដាប់​តួនាទី​របស់​លោក សុខ អាន ទាំង​នេះ ក៏​រង​ការ​រិះគន់​ថា ជា​ការ​ប្រមូល​ផ្ដល់​អំណាច និង​មិន​ផ្ដល់​ឱកាស​ឱ្យ​អ្នក​ដទៃ។

អ្វី​ដែល​ជា​ស្នាដៃ​របស់​លោក សុខ អាន គឺ​លោក​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចរចា​ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បី​កៀរគរ​រក​ជំនួយ​ពី​បស្ចិមប្រទេស បង្កើត​តុលាការ​ខ្មែរ​ក្រហម និង​បាន​ឱ្យ​តុលាការ​នេះ​ដំណើរ​ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក។ ក្រៅ​ពី​នេះ លោក សុខ អាន ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ស្នើ​ឱ្យ​ដាក់​បញ្ជូន​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ និង​បាន​ជួយ​ខ្នះខ្នែង​ប្ដឹង​តវ៉ា​រហូត​ទទួល​បាន​ជ័យជំនះ​លើ​សំណុំរឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ ពី​ប្រទេស​ថៃ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។

ការ​បាត់បង់​លោក សុខ អាន ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ថា គឺ​ជា​ការ​បាត់បង់​ដ៏​ធំធេង​របស់​ប្រទេស​ជាតិ។ ចំណែក​មន្ត្រី​ជំនាញ​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សាលាក្ដី​ខ្មែរក្រហម លោក ដេវីដ សេហ្វើរ  (David Scheffer) បាន​ចាត់​ទុក​លោក សុខ អាន ថា ជា​តួអង្គ​ចរចា​ដ៏​គួរ​ឱ្យ​គោរព និង​ដ៏​សំខាន់ ក្នុង​ការ​ស្នើ​ឱ្យ​មាន​ការ​ស្វែង​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​ដោយសារ​របប​ខ្មែរ​ក្រហម។ លោក ដេវីដ សេហ្វើរ បន្ថែម​ថា បើ​គ្មាន​វត្តមាន​របស់​លោក សុខ អាន ប្រហែល​តុលាការ​កាត់​ក្ដី​ខ្មែរ​ក្រហម ក៏​មិន​អាច​លេច​រូបរាង​ដែរ។

បើ​និយាយ​អំពី​ជីវិត​អាពាហ៍ពិពាហ៍​វិញ លោក សុខ អាន បាន​រៀបការ​ជាមួយ​ក្រមុំ​ឈ្មោះ ថេង អាយអាន្នី ហើយ​បន្ទាប់​មក​អ្នក​ទាំង​ពីរ ប្រសូតិ​បុត្រ​ដំបូង​ជា​កូនស្រី​ឈ្មោះ សុខ សូម៉ា និង​កូន​ប្រុស​បន្ទាប់​ចំនួន ៤​នាក់​ទៀត ឈ្មោះ សុខ ពុទ្ធិវុធ សុខ សូកាន សុខ សូកេន និង សុខ សង្វារ។ ក្នុង​ចំណោម​កូនៗ​ទាំង​នេះ សុទ្ធតែ​ទទួល​បាន​តួនាទី​ខ្ពង់ខ្ពស់ និង​ជា​តំណាងរាស្ត្រ​វ័យ​ក្មេង​របស់​គណបក្ស​កាន់​អំណាច​ដែរ។

កូន​ប្រុស​ច្បង​របស់​លោក សុខ អាន គឺ​លោក សុខ ពុទ្ធិវុធ បាន​ទទួល​តួនាទី​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ត្រូវ​ជា​កូន​ប្រសា​របស់​លោក ហ៊ុន សែន។ កូន​ប្រុស​ទី​២ សុខ សូកេន មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ជា​កូនប្រសា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ។ កូន​ប្រុស​ទី​៣ សុខ សូកាន តំណាងរាស្ត្រ​មណ្ឌល​តាកែវ និង​កូន​ប្រុស​ពៅ សុខ សង្វារ មាន​តួនាទី​ជា​អគ្គនាយក​រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។

​សម្ដេច​វិបុល​បញ្ញា សុខ អាន ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ជា​ផ្លូវការ​ថា បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង​ជាង ៦​ល្ងាច ថ្ងៃ​ទី​១៥ ខែ​មីនា ក្នុង​អាយុ ៦៦​ឆ្នាំ ដោយ​រោគាពាធ​នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ប៉ុន្តែ​ប្រភព​មួយ​ចំនួន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​មរណភាព​នៅ​ម៉ោង​ជាង ៩​ព្រឹក ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​មីនា ក្រោយ​ពេល​ដែល​លោក​ត្រូវ​គេ​បញ្ជូន​មក​ពី​ប្រទេស​បារាំង ដល់​ប្រទេស​ចិន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ពេល​នោះ មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ថា​ជា​ព័ត៌មាន​មិន​ពិត។

ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​គោរមងារ​ជា "សម្ដេច​វិបុល​បញ្ញា សុខ អាន" កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា។ ការ​គោរមងារ​នេះ ដោយសារ​លោក សុខ អាន បាន​ចូលរួម​ដឹក​នាំ​ប្រជាជាតិ​កម្ពុជា តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ឆ្នាំ​១៩៩៣ កសាង​នូវ​សន្តិភាព​ជាតិ ឯកភាព​ជាតិ សេដ្ឋកិច្ច​ជាតិ ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ការពារ​លទ្ធិប្រជាធិបតេយ្យ និង​មាន​ស្ថិរភាព សន្តិសុខ​សង្គម​បាន​ល្អ​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles