ខណៈដែលការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៧ និង២០១៨ កាន់តែខិតជិតមកដល់ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជា បានសម្ដែងក្ដីព្រួយបារម្ភចំពោះលទ្ធភាពដែលរដ្ឋាភិបាលអាចត្រៀមប្រើប្រាស់កម្លាំងយោធានៅពេលបោះឆ្នោតខាងមុខនេះ។ ពួកគេថា ការធ្វើយោធូបនីយកម្មណាមួយនៅក្នុងការបោះឆ្នោតខាងមុខនេះ គឺជាការគំរាមកំហែង និងបំភិតបំភ័យដល់ដំណើរការបោះឆ្នោត និងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។ ប៉ុន្តែមន្ត្រីនាំពាក្យគណបក្សកាន់អំណាចថា ការត្រៀមដាក់កម្លាំងប្រដាប់អាវុធនេះគឺដើម្បីធានាបរិយាកាសល្អសម្រាប់ការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ ត្រឹមត្រូវ សេរី និងយុត្តិធម៌តែប៉ុណ្ណោះ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា និចហ្វិក (NICFEC) ឬហៅថា គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក សំ គន្ធាមី ថ្លែងថា ប្រជាពលរដ្ឋ និងសង្គមស៊ីវិលចង់ឃើញដំណើរការបោះឆ្នោតមួយដែលមានសភាពស្ងប់ស្ងាត់ល្អ ប្រកបដោយសន្តិភាព និងពុំមានការគំរាមកំហែង ឬបំភិតបំភ័យណាមួយតាមរយៈការសម្ញែងកម្លាំងយោធានៅតាមកន្លែងសាធារណៈ។
លោក សំ គន្ធាមី៖ «បើសិនជាមានចលនាចល័តទ័ពក្នុងរយៈពេល... យើងមានការព្រួយបារម្ភ។ បើសិនជាអត់មានទេ មានសភាពស្ងប់ស្ងាត់ទេ វាមិនអីទេ។ មិនថា អ្នកបោះឆ្នោតក៏មានការបារម្ភខ្លាច... ប៉ុន្តែដំណើរការឥឡូវយើងវាល្អហើយ អត់ទាន់ឭដំណឹងថាមានការចល័តទ័ពអីទេ»។
លោក សំ គន្ធាមី បញ្ជាក់ទៀតថា អ្វីដែលប្រជាពលរដ្ឋ និងសង្គមស៊ីវិល ចង់បានបំផុតគឺការរក្សាភាពស្ងប់ស្ងាត់ និងការប្រកួតប្រជែងដោយស្មើភាពគ្នា។ លោកស្នើថា ភាគីទាំងអស់ដែលពាក់ព័ន្ធនឹងការបោះឆ្នោត គួរតែគោរពលទ្ធផលបោះឆ្នោតទាំងអស់គ្នា។
ថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចលុបចោលសមយុទ្ធយោធាស្ដីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្មជាមួយប្រទេសអូស្ត្រាលី ក្រោមហេតុផលថា ខ្លួនកំពុងជាប់រវល់រៀបចំការបោះឆ្នោត។ នេះមិនមែនជាលើកទីមួយទេ ដែលកម្ពុជា សម្រេចចិត្តក្រោមហេតុផលយ៉ាងដូច្នេះ។ កាលពីដើមឆ្នាំ២០១៧ នេះ កម្ពុជាក៏បានសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយលុបចោលសមយុទ្ធយោធា «ឆ្មាំអង្គរ» ជាមួយសហរដ្ឋអាមេរិកផងដែរ ក្រោមហេតុផលដដែលនេះ។
ព្រឹត្តិការណ៍ខាងលើនេះ ហាក់ឆ្លុះបញ្ចាំងឲ្យឃើញជាថ្មីអំពីលទ្ធភាពដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចកំពុងត្រៀមប្រើប្រាស់កម្លាំងយោធា ឬធ្វើយោធូបនីយកម្មនៅក្នុងការបោះឆ្នោតខាងមុខនេះសម្រាប់ស្ថានភាពអាសន្នណាមួយ។
លោកបណ្ឌិត ខាល ថៃយ័រ (Carlyle Thayer) សាស្ត្រាចារ្យកិត្តិយសសភាកងទ័ពការពារជាតិអូស្ត្រាលី ធ្លាប់បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកនៅពេលថ្មីៗនេះថា ការសម្រេចលុបចោលសមយុទ្ធយោធានេះ គឺឆ្លុះបញ្ចាំងឲ្យឃើញពីមូលហេតុដែលថា រដ្ឋាភិបាលកម្ពុជា របស់លោក ហ៊ុន សែន កំពុងកើតជំងឺសរសៃប្រសាទ ខ្លបខ្លាចបរាជ័យផ្នែកនយោបាយ ខណៈដែលការបោះឆ្នោតកាន់តែខិតជិតមកដល់។
លោកបណ្ឌិត ខាល ថៃយ័រ ក៏បានបញ្ជាក់បន្ថែមផងដែរថា លោក ហ៊ុន សែន មិនចង់ឲ្យមានវត្តមានមន្ត្រីយោធាបរទេសនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលទាំងនៅមុន និងនៅក្រោយការបោះឆ្នោតឃុំ-សង្កាត់នៅពាក់កណ្ដាលឆ្នាំនេះ ក៏ដូចជាក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ខាងមុខនេះ ដោយសារតែលោកភ័យខ្លាចថា កម្លាំងយោធាបរទេសទាំងនោះអាចជាប់ផុង ឬជ្រៀតជ្រែកធ្វើការអន្តរាគមន៍ក្នុងនយោបាយផ្ទៃក្នុងប្រទេសកម្ពុជា ដោយប្រការណាមួយ។
ពាក់ព័ន្ធនឹងបញ្ហាត្រៀមប្រើកម្លាំងយោធាក្នុងពេលបោះឆ្នោតខាងមុខនេះ លោកបណ្ឌិត ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងពីរ គឺក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។
លោកថា មានការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់នៅពេលបោះឆ្នោតខាងមុខ៖ «ច្បាប់បោះឆ្នោតនិយាយអំពីការការពារសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ការបោះឆ្នោត។ អ៊ីចឹង គ.ជ.ប. បានចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងពីរ គឺក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។ ដោយឡែកការរៀបចំកម្លាំងដើម្បីការពារការិយាល័យចុះឈ្មោះបោះឆ្នោតគឺជាតួនាទីរបស់ខាងប៉ូលិសជំហានដំបូង។ បើកម្លាំងប៉ូលិសមិនគ្រប់គ្រាន់ទេ គឺទៅយកខាងទាហាន ឬប៉េអឹមបន្ថែមទៀត។ អ៊ីចឹងគឺមានការពាក់ព័ន្ធទៅនឹងក្រសួងការពារជាតិ ដែលសម្រេចការលុបចោលការធ្វើសមយុទ្ធជាមួយនឹងបណ្ដាប្រទេសផ្សេងៗ»។
យ៉ាងណាក៏ដោយ លោកបណ្ឌិត ហង្ស ពុទ្ធា ព្យាយាមបដិសេធមិនឆ្លើយលម្អិតអំពីគម្រោងដាក់ពង្រាយកម្លាំងយោធានេះទេ ថាតើនឹងត្រូវធ្វើឡើងយ៉ាងដូចម្ដេចខ្លះទាំងនៅមុន និងនៅក្រោយការបោះឆ្នោតខាងមុខនេះ។ លោកគ្រាន់តែបញ្ជាក់ថា គ.ជ.ប កំពុងតែពិភាក្សាទៅលើការកាត់បន្ថយចំនួនកងកម្លាំងប្រដាប់អាវុធដើម្បីជៀសវាងកុំឲ្យមានចំណាប់អារម្មណ៍ ឬការភ័យខ្លាចណាមួយ។ នៅពេលដែលចោទសួរថា ប្រសិនបើមានបាតុភាពដាក់ពង្រាយសម្ញែងកម្លាំងយោធា ដូចព្រឹត្តិការណ៍ក្រោយការរាប់សន្លឹកឆ្នោតការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ តើ គ.ជ.ប នឹងចាត់វិធានការបែបណាខ្លះដើម្បីទប់ទល់នឹងបញ្ហាគំរាមកំហែងនេះ លោក ហង្ស ពុទ្ធា គ្រាន់តែផ្ដល់ចម្លើយយ៉ាងខ្លីថា ភាគីទាំងបី ពោលគឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប នឹងអង្គុយជុំគ្នាដើម្បីដោះស្រាយទៅលើបាតុភាពទាំងឡាយដែលកើតមានឡើងនេះ។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រលយពាក្យថា លោកនឹងប្រើប្រាស់កម្លាំងយោធាប្រសិនបើលោកចាញ់ឆ្នោត៖ «មានអ្នកខ្លះហ៊ានទាំងអះអាងថា ដល់ឆ្នាំ២០១៨ នឹងត្រូវបង្ក្រាប បង្ក្រាបយើងទៅទៀត ព្រោះយើងអត់ទទួលលទ្ធផលបោះឆ្នោត។ វាអាចទាយដល់ឆ្នាំ២០១៨ វាថា អាចឈ្នះ ហើយបើមិនប្រគល់អំណាចវានឹងបង្ក្រាប។ ហ៊ឹស! ទ័ពនៅនឹងដៃអញសោះ! វាទៅរួច...»។
ព្រមជាមួយគ្នានោះដែរ នៅក្នុងការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទរវាងលោក ហ៊ុន សែន និងលោក កឹម សុខា ដែលបានសន្ទនាកាលពីចុងខែកញ្ញា ឆ្នាំ២០១៦ លោក ហ៊ុន សែន ក៏បានថ្លែងព្រមានលោក កឹម សុខា ថា លោកមិនខ្លាចអ្នកណាទាំងអស់ រួមទាំងសហរដ្ឋអាមេរិក ផងដែរ៖ «បើសិនថា ខា (កឹម សុខា) ឯងនៅតែភ្ជាប់ខ្លួន គឺ ខា ឯងក៏គ្រោះថ្នាក់ដែរ។ ខ្ញុំអត់ កុំថា ១ កុំថា ២ សូម្បី ៥ ក៏ខ្ញុំលេងដែរ។ ប៉ុន្តែសូមកុំភ្លេចថា... ហើយខ្ញុំអត់ខ្លាចទៀត ទោះបីថា អាមេរិកលើកទ័ពចូលស្រុកខ្មែរ សាកល្បងមើល៍ទៅ! ខ្ញុំអត់មានត្រូវការខ្លាចអ្នកណាទេ! បើចង់ប្រទេសនេះ ចង់កើតមានសង្គ្រាមស៊ីវិលឡើងវិញ ខ្ញុំដាក់ ១ចាន ឲ្យបោសសម្អាតឲ្យស្អាតតែម្ដង!»។
ក្រៅពីការព្រលយពាក្យគំរាមប្រើកម្លាំងយោធាពីសំណាក់លោក ហ៊ុន សែន ផ្ទាល់ សារបែកធ្លាយរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានសារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយជាបន្តបន្ទាប់នៅពេលថ្មីៗនេះ ក៏ហាក់រឹតតែបានបញ្ជាក់អំពីការត្រៀមប្រើយុទ្ធសាស្ត្របំភិតបំភ័យនៅក្នុងពេលបោះឆ្នោតខាងមុខនេះដែរ។
នៅក្នុងសារឆ្លើយឆ្លង (SMS) រវាងលោក ចូសេហ្វ ម៉ាត់ស៊ូ (Joseph Matthews) ជនជាតិប៉ាគីស្ថាន ជាមួយកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត លោក ចូហ្វេស ម៉ាត់ស៊ូ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ បានសរសេរសារប្រាប់លោក ហ៊ុន ម៉ាណែត អំពីគម្រោងសំណើយុទ្ធសាស្ត្របោះឆ្នោត៖ «ខ្ញុំបានសរសេរគម្រោងសំណើដែលអាចក្លាយជាឧបករណ៍មួយ នៃយុទ្ធសាស្ត្របោះឆ្នោតឆ្នាំ២០១៧-២០១៨។ គម្រោងសំណើនេះមានចំណងជើងថា របៀបបង្កើនការជួបទាក់ទងផ្ទាល់របស់សម្តេចតេជោជាមួយសហគមន៍នៅតាមតំបន់ជនបទ តំបន់ដែលគ្មានការអភិវឌ្ឍ និងតំបន់ដែលគ្មានអ្នកណាអាចទៅដល់។ វាជាសំណើថ្មី តែអាចអនុវត្តបានយ៉ាងពិតប្រាកដ។ ប្រសិនបើលោកចង់បាន ខ្ញុំអាចផ្ញើអ៊ីមែលជូនលោកបាន ឬតាមការស្នើសុំរបស់លោក»។
បន្ថែមពីលើនេះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ចូសេហ្វ ម៉ាត់ស៊ូ ក៏បានសរសេរសារមួយទៀតទៅលោក ហ៊ុន ម៉ាណែត អំពីយុទ្ធវិធីបំភិតបំភ័យ៖ «ខ្ញុំទើបតែបានផ្ញើអ៊ីមែលមួយអំពីយុទ្ធវិធីបែបចិត្តសាស្ត្រ កត្តាបំភិតបំភ័យ! ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្របោះឆ្នោតរបស់យើង។ សូមលោកមេត្តាពិនិត្យមើលអ៊ីមែលរបស់លោកឥឡូវនេះ»។
ការព្រលយពីលទ្ធភាពប្រើកម្លាំងយោធា និងការត្រៀមអនុវត្តយុទ្ធវិធីចិត្តសាស្ត្របំភិតបំភ័យខាងលើនេះ ក៏មិនបានធ្វើឲ្យលោកបណ្ឌិត មាស នី នៅសម្ងំស្ងៀមមិនព្រួយបារម្ភទាល់តែសោះនោះឡើយ។ លោកថ្លែងថា កងកម្លាំងប៉ូលិសមានតួនាទីសំខាន់សម្រាប់រៀបចំជួយរក្សាសណ្ដាប់ធ្នាប់នៅពេលបោះឆ្នោត ហើយបើសិនជានៅក្នុងប្រទេស ឬសង្គមណាដែលអសន្តិសុខ ប៉ូលិសអាចត្រូវអនុញ្ញាតឲ្យកាន់អាវុធប្រុងប្រៀប ក្រែងលោមានអ្នកមកឆាឆៅនៅកន្លែងបោះឆ្នោត។ ប៉ុន្តែ បើមិនមានស្ថានភាពអ្វីចោទនោះទេ ប៉ូលិសមិនត្រូវអនុញ្ញាតឲ្យមានកាន់អាវុធនោះទេ។
លោក មាស នី៖ «សម្រាប់កងយោធាគឺមិនមានតួនាទីអីដើម្បីយកមកដាក់ពង្រាយនៅតាមមណ្ឌលបោះឆ្នោតទេ។ គឺកងយោធាគេដាក់យកទៅការពារនៅតាមព្រំប្រទល់ ឬខ្សែក្រវាត់ គឺគេមិនយកមកដាក់ពង្រាយនៅតាមមណ្ឌលបោះឆ្នោតទេ។ ប៉ុន្តែ សម្រាប់ការយកកងយោធាមកប្រើក្នុងការដាក់ពង្រាយនៅតាមកន្លែងបោះឆ្នោតនោះ នេះគឺជារឿងមួយដែលខុសពីតួនាទីដើមរបស់កងយោធាហើយ»។
ជាមួយគ្នានេះដែរ លោកបណ្ឌិត មាស នី ក៏បានសម្ដែងក្ដីព្រួយបារម្ភផងដែរ ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាល ជាពិសេសចាប់តាំងពីឆ្នាំ២០១៣ មក ដោយលោកសង្កេតឃើញថា មានមន្ត្រីកងកម្លាំងប្រដាប់អាវុធមួយចំនួន ត្រូវបានចាត់តាំងឲ្យក្លាយជាអភិបាលខែត្រ។ លោកចោទសួរថា ហេតុអ្វីបានជារដ្ឋាភិបាលចាប់ផ្ដើមប្រើប្រាស់មន្ត្រីកងកម្លាំងប្រដាប់អាវុធឲ្យទៅកាន់កាប់ប្រព័ន្ធរដ្ឋបាលរបស់ប្រទេសយ៉ាងដូច្នេះ?
យ៉ាងណាក៏ដោយ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបដិសេធចំពោះការព្រួយបារម្ភខាងលើនេះរបស់ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត និងអ្នកវិភាគនយោបាយកម្ពុជា។ លោកថា ការត្រៀមដាក់កម្លាំងប្រដាប់អាវុធនៅពេលបោះឆ្នោតខាងមុខនេះ គឺរដ្ឋាភិបាលពុំមានចេតនាអាក្រក់អ្វីទេ ពោលគឺដើម្បីធានាបរិយាកាសល្អសម្រាប់ការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ ត្រឹមត្រូវ សេរី និងយុត្តិធម៌ប៉ុណ្ណោះ។ លោកថា រាជរដ្ឋាភិបាលបានបង្កើតគណៈបញ្ជាការសន្តិសុខសម្រាប់ធានាដល់សុវត្ថិភាពដល់ការបោះឆ្នោតដែលប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជាតិ និងអន្តរជាតិចង់បាន៖ «ការប្រមូលផ្តុំកងកម្លាំងប្រដាប់អាវុធនេះ គឺថា ជាការត្រៀមរៀបចំកម្លាំងដើម្បីធានាសុវត្ថិភាពដល់គ្រប់ការិយាល័យបោះឆ្នោតទាំងអស់ ដែលមានរហូតទៅដល់ជាង ២ម៉ឺនកន្លែងឯណោះ។ អ៊ីចឹងមិនមែនជារឿងធម្មតាប៉ុន្មានទេ ក្នុងការទទួលខុសត្រូវចំពោះសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង ឲ្យអញ្ជើញទៅចូលបោះឆ្នោតឲ្យបានរលូននេះ»។
នៅអំឡុងការបោះឆ្នោតសាកលកាលពីឆ្នាំ១៩៩៣ ដែលមានអ៊ុនតាក់ ជាអ្នកមើលការខុសត្រូវ និងត្រួតពិនិត្យ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា របស់លោក ធ្លាប់បានប្រើប្រាស់កម្លាំងយោធា ដើម្បីគំរាមធ្វើអបគមន៍បំបែកខែត្រទាំង៧ នៅភូមិភាគបូព៌ាទន្លេមេគង្គជារដ្ឋមួយផ្សេងទៀត ជាថ្នូរនឹងការសម្រុះសម្រួលផ្នែកនយោបាយដែលអនុញ្ញាតឲ្យខ្លួនអាចបន្តអំណាចបាន។ ក្រៅពីនេះក៏មានផងដែរ ការធ្វើរដ្ឋប្រហារយោធាខែកក្កដា ឆ្នាំ១៩៩៧ និងការសម្ញែងកម្លាំង និងគ្រឿងបរិក្ខារយោធាជាសាធារណៈក្នុងឆ្នាំ២០១៣ ក្រោយពេលប្រកាសលទ្ធផលឆ្នោតមួយសន្ទុះដែលស្ដែងឲ្យឃើញពីបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សកាន់អំណាច៕