Clik here to view.

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់កម្លាំងនគរបាលនៅទូទាំងប្រទេស ត្រូវរិះរកគ្រប់មធ្យោបាយចុះអប់រំ និងចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យថយចុះនៅកម្ពុជា។ សំណើពង្រឹងច្បាប់ចរាចរណ៍នេះដោយសារតែ គ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃនេះ បានសម្លាប់មនុស្ស ៤នាក់ ក្នុង ១ថ្ងៃ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញការព្រួយបារម្ភជាថ្មីទៀត ចំពោះអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមាននៅកម្ពុជា នាពេលបច្ចុប្បន្ន។ លោកចាត់ទុកអត្រាគ្រោះថ្នាក់នេះ ថា មានតួលេខខ្ពស់នៅឡើយ ព្រោះតាមរបាយការណ៍បង្ហាញថា គ្រោះថ្នាក់នេះបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ៤នាក់ ក្នុង១ថ្ងៃ។ លោកបន្តថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ត្រីមាសទី៣ ឆ្នាំ២០១៧ បានកើតមានចំនួន ៨២៤លើក និងបានសម្លាប់មនុស្ស ៤២៦នាក់។
លោក ស ខេង ឲ្យដឹងដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី៣ នាទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
នាឱកាសនោះ លោក ស ខេង បានដាក់បទបញ្ជាទៅកម្លាំងសមត្ថកិច្ចក្រោមឱវាទនៅទូទាំងប្រទេស ឲ្យបន្តចុះអប់រំ និងពង្រឹងច្បាប់ចរាចរណ៍ជូនប្រជាពលរដ្ឋ នៅតាមរាជធានីខេត្តនីមួយៗ ឲ្យបានច្រើនថែមទៀត នាថ្ងៃខាងមុខ ដើម្បីឲ្យប្រាកដថា អ្នកជិះម៉ូតូគ្រប់ៗរូប ត្រូវតែពាក់មួកការពារសុវត្ថិភាព ហើយអ្នកបើកបររថយន្ត ត្រូវតែពាក់ខ្សែក្រវាត់ ទោះចម្ងាយផ្លូវជិត ឬឆ្ងាយបែបណាក្ដី។
ជាងនេះទៀត លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ភាគីពាក់ព័ន្ធ ឲ្យជួយបង្កើតសារអប់រំ ឬស្ប៉តផ្សព្វផ្សាយខ្លីៗឲ្យបានច្រើនទៀត សម្រាប់ចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ មានទូរទស្សន៍ជាដើម ដើម្បីអប់រំឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់ នៃការគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា។
លោក ស ខេង បានណែនាំដល់កម្លាំងនគរបាល នៅតាមរាជធានី-ខេត្ត ទូទាំងប្រទេស ត្រូវខិតខំរកមធ្យោបាយណែនាំ ដល់ប្រជាពលរដ្ឋឲ្យបង្កើនការគោរពច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំ ដើម្បីកាត់បន្ថយអត្រាស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ដែលរាល់ថ្ងៃនេះ បានសម្លាប់មនុស្ស ៤នាក់ក្នុង ១ថ្ងៃ ឲ្យថយចុះនៅឆ្នាំខាងមុខ។
ប្រធានអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន គាំទ្រសារអំពាវនាវ របស់ លោក ស ខេង ដែលបានណែនាំដល់កម្លាំងនគរបាលក្រោមឱវាទ ឲ្យបន្តចុះចុះអប់រំ និងចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅកាត់បន្ថយអត្រាស្លាប់ និងរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ លោកថា គ្រោះថ្នាក់ចរាចរណ៍នេះ បាននាំឲ្យខាតបង់ថវិកាជាតិអស់ច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំ ក្នុងនោះក៏បានបង្កើតឲ្យមានពិការភាព និងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ជនរងគ្រោះទាំងនោះ។
របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ មានចំនួន ៨២៤លើក សម្លាប់មនុស្ស ៤២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន ១.២១៦នាក់។ អត្រាគ្រោះថ្នាក់បានថយចុះ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦។
របាយការណ៍ដដែល ឲ្យដឹងទៀតថា រាជធានី-ខេត្ត ដែលមានចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ធំ ដោយជាមធ្យមមានមនុស្សស្លាប់ ៤នាក់ ក្នុង ១ថ្ងៃ។ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បណ្ដាលមកពីកត្តាល្បឿនបើកលឿនហួសច្បាប់កំណត់មានចំនួន ៣៦ភាគរយ មិនគោរពសិទ្ធអាទិភាព ១៧ភាគរយ និងបើកបរមិនប្រកាន់ស្កាំ ១៥ភាគរយ៕