Clik here to view.

ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រិះគន់អាជ្ញាធរក្រុងនេះថា មិនព្រមរៀបចំទុកដាក់ធុងសំរាម នៅតាមដងផ្លូវនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឲ្យបានត្រឹមត្រូវ ដែលនាំឲ្យជះក្លិនស្អុយដល់អ្នកទេសចរណ៍។
ពលរដ្ឋនៅក្រុងប៉ោយប៉ែត លើកឡើងថា ការមិនរៀបចំទុកសំរាមឲ្យបានត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខម៉ាត់របស់ប្រទេស។
ពលរដ្ឋនៅក្រុងប៉ោយប៉ែតម្នាក់ ថ្លែងនៅថ្ងៃទី១៩ តុលា ថា ពួកគាត់រស់នៅក្រុងប៉ោយប៉ែតសោកស្ដាយយ៉ាងខ្លាំង ទៅនឹងអាជ្ញាធរក្រុងមួយនេះ ដែលបណ្ដោយឲ្យប្រជាពលរដ្ឋបោះចោលសំរាមពាសវាលពាសកាលតាមដងផ្លូវ ជាពិសេសរង្វង់មូលច្រកព្រំដែនតែម្ដង ពីព្រោះពុំមានធុងដាក់សំរាមឲ្យបានត្រឹមត្រូវនោះទេ។ ពលរដ្ឋរូបនេះ អះអាងថា ពួកគាត់ខ្មាសអ្នកទេសចរណ៍អន្តរជាតិដែរ ក៏ប៉ុន្តែដោយសារគ្មានអំណាច ដើម្បីរៀបចំបោសសំអាតផ្លូវចេញចូលនៅច្រកព្រំដែនមួយនេះឲ្យបានស្អាតដូចនៅប្រទេសថៃ។
អាស៊ីសេរីពុំទាន់អាចទាក់ទងអភិបាលក្រុងប៉ោយប៉ែត ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៩ តុលា។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា បញ្ហាការទុកដាក់សំរាមរញ៉េរញ៉ៃនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត កើតឡើងជាង២០ឆ្នាំហើយ ដោយពុំមានអាជ្ញាធរណារៀបចំឲ្យបានត្រឹមត្រូវនោះទេ។ លោកកត់សំគាល់ទៀតថា បញ្ហានេះ ដោយសារខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរក្រុងមួយនេះតែម្ដង ហើយកន្លងមកទាំងប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត និងអ្នកទេសចរណ៍ឆ្លងកាត់ តែងតែរិះគន់រឿងខ្វះអនាម័យនៅច្រកព្រំដែនមួយនេះញឹកញាប់ នៅតែគ្មានដោះស្រាយ។
លោក ស៊ុំ ច័ន្ទគា បន្ថែមទៀតថា បញ្ហានេះជាផ្នែកមួយធ្វើឲ្យអ្នកទេសចរណ៍ គេមិនចង់មកលេងកម្ពុជា ព្រោះពួកគេបារម្ភខ្លាចការខ្វះអនាម័យនេះធ្វើឲ្យប៉ះពាល់ដល់សុខភាព។
កាលពីឆ្នាំដើមឆ្នាំ២០១៧ ក្រសួងទេសចរណ៍វាយតម្លៃក្រុងប៉ោយប៉ែតនេះ ជាប់ជាទីក្រុងស្អាត ទទួលបានផ្ការំដួល ១ទង។ ប៉ុន្តែ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលនៅខេត្តបន្ទាយមានជ័យ ថាការវាយតម្លៃនេះមិនឆ្លុះបញ្ចាំងការពិតទេ ត្បិតអីទីក្រុងជាប់ព្រំដែនមួយនេះ នៅរដូវវស្សាតាមផ្លូវបែកភក់ ហើយដីហុយនៅពេលផ្លូវស្ងួត រីឯនៅតាមដងផ្លូវក៏ពុំមានការរៀបចំធុងសំរាម សម្រាប់ដាក់សំរាមដើម្បីរក្សាអនាម័យឲ្យបានត្រឹមត្រូវឡើយ៕