Clik here to view.

សហគមន៍ការពារព្រៃឈើខែត្រមណ្ឌលគិរី សម្ដែងការសោកស្ដាយនៅគ្រាដែលតុលាការខែត្រនេះ តម្កល់រឿងមិនចាត់ការលើបណ្ដឹងរបស់តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ដែលបានប្ដឹងមន្ត្រី មានឥទ្ធិពលនៅមូលដ្ឋាន ថាឃុបឃិតគ្នាឈូសឆាយតំបន់ព្រៃការពារខុសច្បាប់។ ពួកគាត់ចាត់ទុក ការមិនអើពើរបស់តុលាការ គឺជាការរួមចំណែកបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។
តំណាងជនជាតិដើមភាគតិចព្នង ភូមិពូរ៉ាដែត ឃុំស្រែអំពូម ចាត់ទុកការតម្កល់រឿងមិនចាត់ការលើបណ្ដឹងរបស់ពួកគាត់ថា ជារឿងអយុត្តិធម៌។
ការអះអាងបែបនេះ ដោយសារសហគមន៍ពួកគាត់មានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា មន្ត្រីបម្រើការនៅរដ្ឋសភា ឈ្មោះ ឡេង គឹមឈាង និងមេប៉ុស្តិ៍រដ្ឋបាលស្រែអំពូម ឈ្មោះ រ៉ា បូរិទ្ធ បានកាប់រានឈូសឆាយព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃខុសច្បាប់។
អាស៊ីសេរី ពុំទាន់អាចទាក់ទង សុំប្រតិកម្មពីអ្នកទាំងពីរនេះ បាននៅឡើយនៅថ្ងៃទី១៥ តុលា ឆ្នាំ២០១៧។
តំណាងសហគមន៍ភូមិពូរ៉ាដែត មួយរូប គឺលោក តុប ថេប ឲ្យដឹងនៅថ្ងៃទី១៥ តុលា ថា ព្រៃសហគមន៍ពូរ៉ាដែត មានផ្ទៃដីជាង ១ពាន់ហិកតារ ដែលក្រសួងកសិកម្មបានចុះបញ្ជីជាព្រៃការពាររួចហើយ ក៏ប៉ុន្តែត្រូវបានឈ្មួញឃុបឃិត និងមន្ត្រីមូលដ្ឋាន លូចធ្វើប្លង់កម្មសិទ្ធិក្នុងបរិវេណដីព្រៃសហគមន៍ជាង ២០ ហិកតារ។ លោកអស់ជំនឿលើស្ថាប័នតុលាការ ដែលតម្កល់រឿងក្ដីនេះ ស្របពេលដែលសហគមន៍រកឃើញថា ដីព្រៃសហគមន៍ជាច្រើនហិកតារត្រូវគ្រប់គ្រងជាកម្មសិទ្ធិឯកជន និងមានប្លង់កម្មសិទ្ធិផង។
លោកថា តំណាងសហគមន៍បានមូលមតិគ្នាដាក់បណ្ដឹងទាស់ទៅសាលាឧទ្ធរណ៍ សុំឲ្យស៊ើបអង្កេតប័ណ្ណកម្មសិទ្ធិចុងចោទ ដែលចេញលើដីព្រៃការពារសហគមន៍ ក៏ប៉ុន្តែមកទល់ពេលនេះពុំទាន់មានពន្លឺលទ្ធផលនៅឡើយទេ។
លោក តុប ថេប សង្កត់ធ្ងន់ថា មន្ត្រីអយ្យការ និងតុលាការ ហាក់មិនបានបំពេញតួនាទីស៊ើបអង្កេតរកជនល្មើសអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនោះទេ បែរជាធ្វើមិនដឹងមិនឮ លើក្តីកង្វល់របស់សហគមន៍ ដែលចង់ឲ្យមានការអភិរក្សព្រៃឈើឲ្យគង់វង្ស។
លោកសង្ស័យថា មន្ត្រីអយ្យការ និងតុលាការលម្អៀងទៅរកអ្នកមានអំណាច ច្រើនជាងការអនុវត្តច្បាប់។
លិខិតជូនដំណឹងនេះឲ្យដឹងថា ព្រះរាជអាជ្ញាលោក ឡុង ហុងម៉េង សម្រេចតម្កល់រឿងឥតចាត់ការតាមដីកាចុះ កាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។
ព្រៃការពារសហគមន៍ភូមិពូរ៉ាដែត មានទំហំ ១.៣២៣ហិកតារ បានចុះបញ្ជីទទួលស្គាល់ដោយមន្ត្រីអាជ្ញាធរមូលដ្ឋាន និងជំនាញរដ្ឋបាលព្រៃឈើ ជាពិសេសមានការទទួលស្គាល់ពីក្រសួងកសិកម្ម តាំងពីឆ្នាំ២០០៩។ រហូតមកទល់ខែកក្កដា ឆ្នាំ២០១៦ សហគមន៍បានរកឃើញឈ្មោះ ឡេង គឹមឈាង យកគ្រឿងចក្រមកឈូសព្រៃសហគមន៍ជាង ២០ហិកតារដោយសំអាងថា ដីនោះខ្លួនបានទិញពីប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។
មេឃុំស្រែអំពូម លោក សេង ប៊ុននឿន បញ្ជាក់យ៉ាងខ្លីថា សំណុំរឿងនេះផុតពីសមត្ថភាពរបស់អាជ្ញាធរឃុំ ហើយលោកធ្លាប់បានរាយការណ៍ទៅថ្នាក់ស្រុករួចហើយ។
យ៉ាងណាមន្ត្រីអយ្យការខែត្រមណ្ឌលគិរីមួយរួបធ្លាប់បញ្ជាក់ថា ដីកាសម្រេចរបស់មន្ត្រីអយ្យការ គឺសំអាងទៅលើលិខិតសម្គាល់កម្មសិទ្ធិផ្លូវការរបស់ភាគីចុងចោទ ដែលចេញដោយក្រសួងជំនាញ ហើយសមាជិកសហគមន៍ភាគច្រើន និងមន្ត្រីមូលដ្ឋាន បានព្រមព្រៀងគ្នាទទួលយកសំណងរដ្ឋប្បវេណីពីចុងចោទ ដែលបានឈូសឆាយព្រៃលើសទំហំដីនៅក្នុងលិខិតសម្គាល់ដីកម្មសិទ្ធិចុងចោទរួចហើយ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រមណ្ឌលគិរី លោក សុក រដ្ឋា ចាត់ទុកការផ្តល់ប័ណ្ណកម្មសិទ្ធិរបស់មន្ត្រីជំនាញដល់បុគ្គលឯកជន ក្នុងតំបន់ព្រៃការពារ និងតំបន់ព្រៃឈើរបស់រដ្ឋ ថាជារឿងខុសច្បាប់ ដែលទាមទារឲ្យតុលាការ បើកការស៊ើបអង្កេតលើប័ណ្ណកម្មសិទ្ធិនោះ បើរកឃើញភាពមិនប្រក្រតីពាក់ព័ន្ធការធ្វើប័ណ្ណកម្មសិទ្ធិ គឺតុលាការមានឆន្ទានុសិទ្ធិគ្រប់គ្រាន់ មោឃភាពប័ណ្ណកម្មសិទ្ធិនោះ ផ្អែកតាមពាក្យបណ្ដឹងសហគមន៍ដែលប្ដឹងតវ៉ា។
សមាគមអាដហុក អង្កេតឃើញថា ប័ណ្ណកម្មសិទ្ធិទាំងបីប្លង់ដែលចុងចោទយកជាសំអាង ដើម្បីឈូសឆាយដីព្រៃសហគមន៍ ដែលធ្វើឡើងនៅអំឡុងឆ្នាំ២០១២ ក្នុងគោលនយោបាយស្បែកខ្លាដោយកាត់ឆ្វៀលដីប្រជាពលរដ្ឋកាន់កាប់ជាក់ស្ដែង។ ដីទាំងបីប្លង់មានទំហំជាង ១១ហិកតារជាប្រភេទដីព្រៃឈើ ឋិតក្នុងបរិវេណព្រៃការពារសហគមន៍ជនជាតិដើមភាគតិច ក៏ប៉ុន្តែ អ្នកទិញដីបានឈូសឆាយព្រៃពង្រីកយកដីរហូតដល់ជាង ២០ហិកតារ៕