Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពិធី​គោរព​វិញ្ញាណក្ខន្ធ​ព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ គម្រប់​ខួប​៥​ឆ្នាំ

$
0
0

ថ្ងៃនេះ​ខួប​គម្រប់ ៥​ឆ្នាំ​នៃ​ថ្ងៃ​សោយ​ទិវង្គត​របស់​ព្រះ​បរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។ ព្រះមហាក្សត្រ និង​សម្ដេចម៉ែ ប្រារព្ធ​ព្រះរាជ​ពិធី​នៅ​ក្នុង​ព្រះបរមរាជវាំង ដោយមាន​ការចូលរួម​ពី​មន្ត្រី​ធំៗ​មួយ​ចំនួន។ ចំណែក​ក្រុម​ពលរដ្ឋ​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​រៀបចំ​ពី​ធី​សាសនា នៅមុខ​ព្រះបរមរាជវាំង​ឲ្យ​ពិធី​រាប់បាត្រ និង​សូត្រ​ធម៌​ជាដើម ខណៈ​នៅមុខ​ព្រះរាជវាំង​មិនបាន​រៀបចំ​ពិធី​សាសនា​នោះ។

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​ស្រាងៗ មក​ក្រុម​សព្វ​មុខមន្ត្រី​តាម​ក្រសួង​ស្ថាប័ន​នាំគ្នា​ដាក់​កម្រងផ្កា នៅមុខ​ព្រះ​បរមរូប​ព្រះបរមរត​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ ក្នុង​បវិវេណ សួនច្បារ​វិមានឯករាជ្យ ព្រោះ​ថ្ងៃ​ទី​១៥ ខែ​តុលា នេះ ជា​ខួប​គម្រប់ ៥​ឆ្នាំ នៃ​ថ្ងៃ​សោយ​ទិវង្គត​របស់​ព្រះអង្គ។ តំណាល​គ្នា​នេះ​សំឡេង​ត្រែ​ក៏​លាន់លឺ​ទ្រហឹង​ពេញទី​ធ្លា​នោះ​ដែរ។

ពិធី​នេះ​មិន​ឃើញ​មានការ​ចូលរួម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​កំពូល​មក​ដាក់​កម្រង​ផ្កា​ទេ​នៅ​ព្រះបរមរូប​ទេ។ ប៉ុន្តែ លោក ហ៊ុន សែន សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ដោយ​បួងសួង​ឲ្យ​កម្ពុជា​មាន​សុខ​សន្តិភាព និង​រីកចម្រើន។

ដោយឡែក ពលរដ្ឋ​ជា​អ្នក​លក់​ដូរ​នៅ​ខេត្ត​កំពង់ធំ លោកស្រី ធាវី បាន​ស្កាត់​មក​ដាក់​កម្រង​ផ្កា​នៅមុខ​ព្រះ​បរមរូប​ក្នុង​ក្រុងភ្នំពេញ និយាយ​ថា សព្វថ្ងៃ​នេះ​ពលរដ្ឋ​មាន​លំបាក​ច្រើន គឺ​បញ្ហា​ជីវភាព​ជាង​នេះ​ទៅ​ទៀត អ្នកនយោបាយ​ឈ្លោះ​ទាស់ទែង​គ្នា។ ពលរដ្ឋ​រូប​នេះ​ស្នើ​ទៅ​អ្នកនយោបាយ​គ្រប់​គណបក្ស​ត្រូវ​ចេះ​សាមគ្គី​ជួយ​ជាតិ និង​ជួយ​ពលរដ្ឋ ឲ្យ​ដូច​សម្ដេច សីហនុ បាន​ធ្វើ​កាលពី​ទ្រង់​នៅ​ព្រះជន្ម។

ពលរដ្ឋ​ម្នាក់ លោក ដាង ច័ន្ទវុត្ថា ដែល​បាន​មក​ដាក់​ផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមរតនកោដ្ឋ ព្រះបាទ​សម្ដេច នរោត្តម សីហនុ ប្រាប់​ថា រយៈពេល​៥​ឆ្នាំ នៃ​សោយ​ទិវង្គត សម្តេច សីហនុ កន្លង​ទៅ​នេះ លោកស្រី​នៅតែ​ស្លាយ​អាល័យ​អាឡោះ ព្រះអង្គ​ព្រោះ​ជា​ក្សត្រ​ល្អ និង​ជា​អ្នកដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​មានការ​រីក​ចំ​រើប​គ្រប់​វិស័យ។ ពលរដ្ឋ​រូប​នេះ​យល់ថា រដ្ឋាភិបាល​គួរ​រៀបចំ​ខួប​គម្រប់ ៥​ឆ្នាំ នៃ​ថ្ងៃ​សោយ​ទិវង្គត​របស់​ព្រះអង្គ ឲ្យ​បាន​អធិក​អធម​យ៉ាង​នេះ ជាពិសេស​គួរ​មាន​ពិធី​រាប់បាត្រ​ព្រះ​សង្ឃ​រាប់ពាន់​អង្គ​នៅមុខ​ព្រះ​បរមរាជរាំង។

វិបត្តិ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​អាក្រក់​ទៅៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មាន​ផែនការ​រំលាយ​គណបក្ស​ប្រឆាំង​ចោល។ សហគមន៍​អន្តរជាតិ​ប្រឆាំង​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ផែនការ​រំលាយ​បក្ស​ប្រឆាំង ដោះលែង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អាច​បន្ត​ការងារ​របស់​ខ្លួន​ជា​ធម្មតា​ឡើងវិញ។

ក្រៅពី​ពលរដ្ឋ​បង្ហាញ​ការ​គោរព​ស្រលាញ់ របស់​អង្គ​ព្រះមហាវីរក្សត្រ ព្រះសង្ឃ​មួយ​អង្គ​គង់នៅ​វត្ត​ស្ទឹងមានជ័យ ព្រះតេជព្រះគុណ អ៊ិន ពុទ្ធី មាន​ថេរ​ដីកា​ស្នើ​ទៅ​ព្រះមហាក្សត្រ ព្រះ​បាទ សម្ដេច នរោត្តម សីហមុនី ចេញ​ព្រះភ័ក្ត្រ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ពេល​នេះ។ ព្រះ​តេជព្រះគុណ​បន្ត​ថា បើ​គ្មាន​ការ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ទេ លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ក្រោយ​ការបាត់បង់​គណបក្ស​សង្គ្រោះជាតិ​ពី​កម្ពុជា។

ក្រៅពី​មាន​ស្នាម​ព្រះហស្ត​ក្នុង​ដឹកនាំ​ជាតិ​មានការ​រីក​ចំរើន​ស្ទើរ​គ្រប់​វិស័យ មហាជន​ទូទៅ​ចាត់​ទុក​ព្រះ​សម្ដេច នរោត្តម សីហនុ ថា ជា​ក្សត្រ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ។ ព្រះបាទ​សម្ដេច នរោត្ដម សីហនុ បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគ​គាំងបេះដូង ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles