Quantcast
Viewing all articles
Browse latest Browse all 11174

"លោក ហ៊ុន សែន ចង់​ចំណេញ​នយោបាយ​ដែល​រំលឹក​ពី​ការ​តស៊ូ​ជាមួយ​សម្ដេច សីហនុ"

Image may be NSFW.
Clik here to view.

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កោត​សរសើរ​ចំពោះ​ស្នា​ព្រះហស្ត​របស់​ព្រះ​បាទ​សម្ដេច នរោត្តម សីហនុ ថា​ជា​ក្សត្រ​ដែល​លះបង់​ពេញ​មួយ​ជីវិត​របស់​ទ្រង់ ដើម្បី​ជាតិ និង​មាតុភូមិ។ ការ​ថ្លែង​ពី​ការ​ទុក្ខសោក របស់​លោក ហ៊ុន សែន នៅ​ចំ​ខួប ៥ឆ្នាំ​នៃ​ការ​យាង​ចូល​ទិវង្គត​គិត​ត្រឹម​ថ្ងៃ​ទី១៥ ខែ​តុលា នេះ​ត្រូវ​បាន​អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ចង់​ចំណេញ​នយោបាយ ពី​ព្រះ​កិត្តិនាម​របស់​ព្រះ​មហាក្សត្រ។

ព្រះ​កិត្តិនាម​ព្រះមហាក្សត្រ​បាន​ក្លាយ​ជា​គោលដៅ នៃ​ការ​វាយប្រហារ​ផ្នែក​នយោបាយ​ជា​ថ្មី​ឡើង​វិញ ស្រប​ពេល​កម្ពុជា​កំពុង​មាន​វិបត្តិ​ផ្នែក​នយោបាយ ដែល​បញ្ហា​នេះ​អ្នក​វិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា លោក ហ៊ុន សែន រំលឹក​ឡើង​វិញ​ពី​បូជនីយកិច្ច របស់​ព្រះបាទ​សម្ដេច នរោត្ដម សីហនុ នេះ​អាច​ជា​ហេតុផល​នយោបាយ​ច្រើន​ជាង។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​សង្គម មើល​មិន​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី អនុវត្ត​តាម​ព្រះរាជ​បំណង របស់​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម នោះ​ទេ ជា​ពិសេស​រឿង​ការ​ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ​នេះ។ អ្នក​វិភាគ​រូប​នេះ​ចាត់​ទុក​ថា ការ​គោរព ការ​ដឹងគុណ វា​មិន​ខុស​នោះ​ឡើយ ប៉ុន្តែ​សំខាន់​ត្រង់​ការ​អនុវត្ត គឺ​វា​ហាក់​ផ្ទុយ​ឆ្ងាយ​ពី​អ្វី​ដែល​ជា​គោល​បំណង​ដើម របស់​ព្រះ​មហាក្សត្រ។

ការ​លើក​ឡើង​ដូច​នេះ ស្រប​ពេល​លោក ហ៊ុន សែន បាន​រៀបរាប់​យ៉ាង​ច្រើន នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក អំពី​ការ​ប្រឹងប្រែង​របស់​ព្រះ​បាទ​សម្ដេច នរោត្តម សីហនុ នៅ​ចំ​ថ្ងៃ​នៃ​ការ​យាង​ចូល​ទិវង្គត របស់​ព្រះអង្គ កាល​ពី ៥ឆ្នាំ​មុន។ លោក ហ៊ុន សែន ចាត់​ទុក​សកម្មភាព​នានា​នោះ​ថា ជា​វីរភាព​ដ៏​ឧត្ដុង្គឧត្ដម ដែល​ពលរដ្ឋ​កម្ពុជា នៅ​តែ​ចង់​ចាំ និង​មិន​អាច​បំភ្លេច​បាន។ ប៉ុន្តែ​លោក ហ៊ុន សែន នៅ​ពេល​នេះ​វិញ រង​ការ​រិះគន់​ពី​ក្រុម​អ្នក​ប្រឆាំង​ថា កំពុង​តែ​ជិះ​សេះ​លែង ដាក់​ការ​គាប់​សង្កត់ និង​សម្លុត​គំរាមកំហែង ក្នុង​ពី​​អវត្តមាន​ព្រះ​បាទ​សម្ដេច នរោត្តម សីហនុ ទៅ។

ព្រះបាទ​សម្ដេច នរោត្ដម សីហនុ ព្រះ​អង្គ​ក្រៅ​ពី​មាន​ភាព​ប៉ិនប្រសប់​ក្នុង​ការ​ដឹកនាំ​ប្រទេស ឲ្យ​ស្គាល់​ភាព​រុងរឿង ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ហើយ ទ្រង់​ក៏​ជា​ក្សត្រ ទាមទារ​បាន​នូវ​ឯករាជ្យ ពី​បារាំង ហើយ​អាច​មាន​ភាព​បត់បែន​ផ្នែក​នយោបាយ​ថែម​ទៀត។ ព្រះ​អង្គ​ត្រូវ​បាន​ពលរដ្ឋ​ចាត់​ទុក​ថា ជា​ក្សត្រ​ដែល​ជួយ​សម្របសម្រួល ជម្លោះ​ផ្ទៃ​ក្នុង​នយោបាយ​បាន​យ៉ាង​ល្អ។

ថ្វី​បើ​នៅ​ពេល​នេះ លោក ហ៊ុន សែន មើល​ទៅ​ហាក់​ដឹងគុណ និង​សរសើរ​ពី​ស្នា​ព្រះ​ហត្ថ​របស់​ព្រះ​អង្គ​មិន​ដាច់​ពី​មាត់ តែ​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី រង់​ការ​រិះគន់​គឺ​ការ​ព្យាយាម​កម្ចាត់​បក្ស​ប្រឆាំង និង​សំឡេង​ក្រុម​អ្នក​រិះគន់​ចេញ​កែវ​ភ្នែក​របស់​លោក។

នៅ​ក្នុង​រដ្ឋធម្មនុញ្ញ មាត្រា ២០ កំណត់​ថា ព្រះមហាក្សត្រ​ទ្រង់​ទទួល​សវនាការ​ជា​ផ្លូវ​ការ​ពីរ​ដង​ក្នុង​មួយ​ខែ ឱ្យ​នាយករដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី​ចូល​​គាល់​រាយការណ៍​ទូល​ថ្វាយ​ទ្រង់​ជ្រាប​អំពី​សភាពការណ៍ នៃ​ប្រទេស​ជាតិ។ ប៉ុន្តែ អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា រដ្ឋាភិបាល​កម្រ​ឃើញ ទូល​ថ្វាយ​ចំពោះ​មុខ​ព្រះ​មហាក្សត្រ ជុំវិញ​សភាពការណ៍​នយោបាយ ដូច​ដែល​មាន​បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​នោះ​ទេ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ទទួល​ស្គាល់​ពី​ការ​លះបង់ និង​ការ​បំពេញ​កាតព្វកិច្ច ក្នុង​តួនាទី​ជា​ព្រះ​មហាក្សត្រ​​បាន​យ៉ាង​ល្អ របស់​ព្រះបរមរតនកោដ្ឋ។ លោក​បន្ត​ថា ក្នុង​ពេល​នេះ​វិញ ព្រះរាជ​អន្តរាគមន៍​របស់​ព្រះមហាក្សត្រ ពិត​ជា​មាន​សារសំខាន់ និង​ចាំបាច់​បំផុត សម្រាប់​វិបត្តិ​នយោបាយ ដែល​កំពុង​ជាប់​គាំង។ ប៉ុន្តែ​លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ព្រះ​វត្តមាន​របស់​ព្រះ​មហាក្សត្រ​នៅ​ពេល​នេះ​វិញ ហាក់​ដូច​ស្ងប់ស្ងាត់​ក្នុង​ពេល​ស្ថាន​ភាព​នយោបាយ កាន់​តែ​អាប់អួ​ទៅ បើ​ទោះ​កាតព្វកិច្ច និង​តួនាទី​របស់​ព្រះ​អង្គ ត្រូវ​បាន​ធានា និង​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ហើយ​ក៏​ដោយ​ចុះ។ លោក​បន្ត​ថា គេ​ហាក់​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន ទៅ​លើ​តួនាទី​របស់​រដ្ឋាភិបាល ចំពោះ​អង្គ​ព្រះ​មហាក្សត្រ ដែល​មាន​ភារកិច្ច​ទូល​ថ្វាយ​ទ្រង់ ក្នុង​ពេល​ប្រទេស​មាន​វិបត្តិ​នយោបាយ​កើត​ឡើង។

រដ្ឋធម្មនុញ្ញ មាត្រា ៨ ចែង​ថា ព្រះមហាក្សត្រ​ ព្រះ​អង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​ និង​និរន្តរភាព​ជាតិ។ លើស​ពី​នេះ​ទៀត ព្រះមហាក្សត្រ​ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ ជា​ពិសេស ព្រះមហាក្សត្រ​ ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញា​កណ្ដាល ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀងទាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles