Clik here to view.

ប្រជាពលរដ្ឋកម្ពុជាយល់ថា នៅពេលស្ថានការណ៍នយោបាយឡើងកម្ដៅខ្លាំងដូចពេលបច្ចុប្បន្ននេះ ពួកគាត់ពិបាកក្នុងការប្រកបជីវភាពណាស់។ ពលរដ្ឋខ្លះអះអាងថា លែងហ៊ានដើរទៅណាឆ្ងាយព្រោះ ខ្លាចបែកបាក់គ្រួសារ ដោយសារតែស្ថានការណ៍នយោបាយប្រែប្រួល។
យុវជនម្នាក់ ឈ្មោះ សាវ័យ ជាប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ ព្រួយបារម្ភអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានតែឈ្មោះ ព្រោះតែស្ថានការណ៍នយោបាយតានតឹងខ្លាំង បានបង្ហាញឲ្យពលរដ្ឋ និង អន្តរជាតិយល់ថា កម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យមានតែសំបក។
និស្សិតនៃវិទ្យាស្ថានភាសាបរទេស ផ្នែកទំនាក់ទំនងអន្តរជាតិ លោក យីម លាងហ៊ី ក៏យល់ស្រដៀងគ្នាដែរ។ និស្សិតរូបនេះ អំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត បើទោះជាគណបក្សណាមួយត្រូវរំលាយ ឬគ្មានគណបក្សដែលពលរដ្ឋពេញចិត្តក៏ដោយ ក៏អាចបោះឆ្នោតដោយជារបៀបគូសវាសចោល ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា។
ចំណែកពលរដ្ឋរងគ្រោះដោយសារដីធ្លី នៅសហគមន៍អេសអូអេស (SOS) ជាប់ព្រលានយន្ដហោះពោធិចិនតុង អ្នកស្រី ច្រាយ នីម អះអាងថា ប្រសិនបើគណបក្សកាន់អំណាចរំលាយគណបក្សប្រឆាំងចោល ពលរដ្ឋមានជម្លោះដីធ្លីនឹងមិនទៅបោះឆ្នោតទេ ព្រោះពួកគេយល់ថា ក្រុមគណបក្សប្រជាជនកម្ពុជា បានយកសំឡេងឆ្នោត របស់ពលរដ្ឋទៅចាត់ចែងឲ្យគណបក្សដែលពលរដ្ឋមិនពេញចិត្ត ស្រេចតែចិត្តរបស់គណបក្សកាន់អំណាច។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ លោក ឯក សុវណ្ណា ស្នើឲ្យអ្នកនយោបាយគ្រប់ភាគីបន្ថយភាពតានតឹង។ លោក ឯក សុវណ្ណា ឲ្យដឹងថា នៅពេលដែលអ្នកនយោបាយរវល់តែឈ្លោះទាស់ទែងគ្នាខ្លាំង សកម្មភាពកាប់ព្រៃខុសច្បាប់ កាន់តែកើនឡើង។ ពលរដ្ឋរូបនេះ ក៏មិនពេញចិត្តចំពោះការដឹកនាំដែលមានតែគណបក្សកាន់អំណាច រំលាយបក្សប្រឆាំង ដើម្បីយកខ្លាំងតែម្នាក់ឯង ហើយដឹកនាំប្រទេសស្រេចតែចិត្តដែរ។
ក្រៅពីពលរដ្ឋ សង្គមស៊ីវិលក៏រកឃើញថា នៅពេលដែលស្ថានភាពនយោបាយតានតឹងបែបនេះ ក្រុមឈ្មួញ និងជនល្មើស រួមទាំងមន្ត្រីខិលខូច បានឆ្លៀតឱកាសកាប់ឈើ រំលោភយកដីពលរដ្ឋ និងប្រព្រឹត្តិអំពើពុករលួយកាន់តែខ្លាំង។
នៅពេលដែលស្ថានការណ៍នយោបាយកំពុងមានភាពតានតឹង ពលរដ្ឋក៏ព្រួយបារម្ភពីការចាប់ខ្លួនសកម្មជនបក្សប្រឆាំងកាន់តែច្រើនឡើង ដោយចោទពីបទផ្សេងៗ។ ពលរដ្ឋស្នើឲ្យអ្នកនយោបាយ ចងចាំបណ្ដាំរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលនៅមានព្រះជន្ម ដែលបានផ្ដាំឲ្យអ្នកនយោបាយខ្មែររួបរួមគ្នា និងថានៅពេលខ្មែររួមគ្នា គឺខ្មែរខ្លាំង៕