Quantcast
Viewing all articles
Browse latest Browse all 11174

អង្គការ​ការពារ​អ្នកកាសែត​ស្នើ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​អ្នក​កាសែត​ខេមបូឌា​ដេលី

Image may be NSFW.
Clik here to view.

ស្ថាប័ន​អ្នកកាសែត​អន្តរជាតិ ចាត់​ទុក​ការ​ចោទ​ប្រកាន់ អ្នក​កាសែត​ពីរ​រូប ដោយសារ​ការ​បំពេញ​ការងារ​ជា​អ្នកយកព័ត៌មាន ថា ជា​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​យាយី និង​ចងពៀរ​អ្នករាយការណ៍​ព័ត៌មាន របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។

គណៈកម្មាធិការ​ការពារ​អ្នកកាសែត ដែល​ជា​អង្គការ​អន្តរជាតិ​មួយ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក (New York) សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១១ ខែ​តុលា នេះ ថ្កោលទោស​ការ​យក​ប្រព័ន្ធ​តុលាការ ធ្វើទុក្ខបុកម្នេញ​អ្នកកាសែត​ខ្មែរ​ម្នាក់​ឈ្មោះ​លោក អូន ភាព និង​អាមេរិកាំង​ម្នាក់​ឈ្មោះ​លោក ហ្សំប៊ឺរ ភីធ័រ (Zsombor Peter) ដែល​ធ្លាប់​ធ្វើការ​ឲ្យ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ពេលនេះ បាន​បិទទ្វារ​ទៅ​ហើយ។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល អង្គការ​ការពារ​អ្នកកាសែត​នេះ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​រាល់​បទ​ចោទ​ប្រកាន់ មក​លើ​អ្នកកាសែត​ទាំងពីរ​រូប​នេះ។

តំណាង​ជាន់ខ្ពស់​ប្រចាំ​អាស៊ីអាគ្នេយ៍ របស់​អង្គការ​ការពារ​អ្នកកាសែត លោក សន គ្រីសភីន (Shawn Crispin) ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់​យុទ្ធនាការ​របស់​រដ្ឋាភិបាល ដែល​ធ្វើ​ទុក្ខបុកម្នេញ មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នកយកព័ត៌មាន អាច​បំពេញ​ការងារ​របស់​ខ្លួន ដោយ​គ្មាន​ការ​ភិតភ័យ ពី​ការ​ធ្វើបាប ឬ​ចង​អាឃាត។

ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​រតនគិរី លោក ជា ពេជ្រ សម្រេច​ចោទប្រកាន់ អតីត​អ្នកកាសែត ខេមបូឌា ដេលី លោក អូន ភាព និង​លោក Zsombor Peter ពី​បទ​ញុះញង់ កាលពី​ថ្ងៃ​ទី២២ ខែ សីហា កន្លង​ទៅ​នេះ ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​អតីត​មេឃុំ​ប៉ាតេ ខេត្ត​រតនគីរី លោក រម៉ាម យួត ដែល​ប្ដឹង​អ្នក​ទាំងពីរ ថា រំលោភ​សិទ្ធិ​រក្សា​ការសម្ងាត់​បោះឆ្នោត ដោយសារ​សម្ភាសន៍​អ្នកភូមិ ក្នុង​ពេល​គណបក្ស​នយោបាយ កំពុង​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ កន្លង​ទៅ​នេះ។

មេធាវី​ការពារ​ក្ដី​អ្នកកាសែត​គឺ​លោក សេក សោភ័ណ្ឌ ធ្លាប់​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ថា កូនក្ដី​ទាំងពីរ​របស់​លោក បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់​របស់​ដើម​ចោទ​ថា ជា​ការ​មិន​ពិត។

កាសែត ខេមបូឌា ដេលី ត្រូវ​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ដោយ​រង​សម្ពាធ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​យក​លេស ថា​កាសែត​នេះ​ជំពាក់​ពន្ធ​រដ្ឋ​រយៈពេល ១០ ឆ្នាំ ដែល​គិត​ជា​ទឹកប្រាក់​ជាង ៦​លាន ៣​សែន ដុល្លារ មក​ដាក់​បន្ទុក​ដ៏​ធ្ងន់ ឲ្យ​ម្ចាស់​កាសែត​នេះ សង​ក្នុង​រយៈពេល​ដ៏​ខ្លី។ ម្ចាស់​កាសែត ខេមបូឌា ដេលី អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល (Deborah Krisher Steele) ធ្លាប់​បាន​បដិសេធ ថា​កាសែត​អ្នកស្រី​ជំពាក់​ពន្ធ​រដ្ឋ ដ៏​ច្រើន​សន្ធឹក​បែបនេះ និង​អះអាង​ថា អ្នកស្រី​នឹង​ចូលខ្លួន​ទៅ​បង់ ប្រសិនបើ​មានការ​ធ្វើ​សវនកម្ម​ត្រឹមត្រូវ តាម​នីតិវិធី​ច្បាប់។

នាយក​ផ្នែក​ស្រាវជ្រាវ របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក អ្នកស្រី ជេនីហ្វើរ ឌុនហែម (Jennifer Dunham ) ចាត់​ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ រឹតតែ​ធ្វើ​ឲ្យ​ចំណាត់ថ្នាក់​សេរីភាព​នៅ​កម្ពុជា ធ្លាក់​ចុះ និង​មាន​លក្ខណៈ​អាក្រក់​ខ្លាំង មិន​ខុស​ពី​ប្រទេស​កុម្មុយនិស្ត​នៅ​ក្បែរ​ខាង ដូចជា​ប្រទេស​វៀតណាម ឡាវ និង​ចិន។ ទោះជា​យ៉ាង​នេះ​ក្តី អ្នកស្រី ជេនីហ្វើរ ឌុនហែម មិន​ដឹង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ចេះ​ខ្វាយខ្វល់​រឿង​ចំណាត់ថ្នាក់​អាក្រក់​នេះ​ផង​ដែរ ឬ​យ៉ាងណា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles