
សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤ ដើម្បីដកហូតអាសនៈបក្សប្រឆាំងនៅពេលរំលាយចោល យកទៅចែកគណបក្សផ្សេងៗទៀតនោះ មិនទាន់ដល់ដៃសភាពេញអង្គនៅឡើយទេ បើទោះជារដ្ឋសភាបើកកិច្ចប្រជុំកាលអនុម័ត លើច្បាប់មួយចំនួនកាលព្រឹកថ្ងៃ១២ ខែតុលា ក្ដី។ អ្នកនាំពាក្យរដ្ឋសភាមិនទាន់បញ្ជាក់ថា សេចក្ដីស្នើវិសោធនកម្មច្បាប់ទាំងនេះ នឹងត្រូវសភាប្រជុំអនុម័តនៅពេលណានៅឡើយទេ។
ក្រោយរងសម្ពាធពីអន្តរជាតិ ដែលចេញសេចក្ដីថ្លែងការណ៍បន្តបន្ទាប់គ្នា ប្រាប់ទៅរដ្ឋាភិបាលបញ្ឈប់ផែនការកម្ទេចគណបក្សប្រឆាំង។ នៅថ្ងៃទី១២ ខែតុលានេះ សភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា មិនទាន់យកវិសោធនកម្មច្បាប់ចំនួន៤ មកអនុម័តក្នុងកិច្ចប្រជុំ សភានៅឡើយទេ។
អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ឲ្យសារព័ត៌មានក្នុងស្រុកដឹងថា សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤នេះ ទើបបញ្ជូនទៅដល់ដៃគណៈកម្មាធិការជំនាញរដ្ឋសភា ក្រោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានត្រួតពិនិត្យ។ វិទ្យុបារាំងអន្តរជាតិបានដកស្រងសម្ដី លោក ឡេង ប៉េងឡុង ថា គណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ ដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ របស់លោក ប៉ែន បញ្ញា ជាអ្នកទទួលបន្ទុកដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ មុននឹងត្រូវបញ្ជូនទៅអង្គសភាដើម្បីអនុម័ត។
សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤ ដែលមានខ្លឹមសារដកហូតអាសនៈគណបក្សដែលត្រូវរំលាយ យកទៅចែកឲ្យគណបក្សដទៃទៀតនោះ រួមមាន៖ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលខ្លឹមសារនៃការសុំធ្វើវិសោធនកម្ម ច្បាប់ទាំងបួននេះ គឺដើម្បីយកអាសនៈរបស់គណបក្ស ដែលត្រូវតុលាការរំលាយ ទៅចែកឲ្យគណបក្សផ្សេងៗ។
ក្នុងកិច្ចប្រជុំសភាលើកទីមួយនៃការបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ ដោយមានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង សភាបានលើកឡើងរបៀបវារៈចំនួន៦ ដើម្បីអនុម័តទាក់ទងវិស័យពាណិជ្ជកម្ម និងសេចក្ដីព្រាងស្ដីពីទំនាក់ទំនងអន្តរជាតិ ក្នុងពេលនោះសភាក៏ទទួលបានព្រះរាជសារព្រះមហាក្សត្រដែរ។
ដូចការគ្រោងទុកសមាជិកសភាគណបក្សសង្គ្រោះជាតិឯណោះវិញ គ្មានតំណាងរាស្ត្រណាម្នាក់ចូលរួមក្នុងកិច្ចប្រជុំនេះទេ៕