Clik here to view.

អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទាត់ចោលការលើកឡើងរបស់ប្រធានក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ ដែលប្រាប់ក្រុមអ្នកសារព័ត៌មាន ថា គណបក្សប្រជាជនកម្ពុជា បានធានាជាមួយមន្ត្រីស្ថានទូត ដោយមិនរំលាយ គណបក្សសង្គ្រោះជាតិ។
លោក សុខ ឥសាន បានប្រាប់វិទ្យុបាយ័នដែលស្និតនឹងរដ្ឋាភិបាល ថា គណបក្សប្រជាជនកម្ពុជា មានតែជំរុញឲ្យរំលាយបក្សប្រឆាំង។
លោក សុន ឆ័យ កាលពីព្រឹកថ្ងៃទី១០ តុលា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មន្ត្រីស្ថានទូត បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានធានាជាមួយស្ថានទូត ថា នឹងមិនរំលាយគណបក្សប្រឆាំងនោះទេ។ ប៉ុន្តែលោកមិនប្រាប់ពីទូតប្រទេសណាមួយនោះទេ។ ទន្ទឹមនឹងការមិនរំលាយនេះ លោក សុន ឆ័យ ប្រាប់ថា គណបក្សប្រឆាំងកំពុងព្យាយាមចរចាដើម្បីបន្ថយកម្ដៅនយោបាយនៅកម្ពុជា។
អ្នកវិភាគ និងអ្នកនយោបាយព្រួយបារម្ភថា ក្រោយមានការរំលាយគណបក្សប្រឆាំងនៅកម្ពុជា ពលរដ្ឋខ្មែរនឹងបែកបាក់ ហើយរាស្ត្រខ្មែរនឹងមិនសុខចិត្តនោះទេ ខណៈដែលកម្ពុជាអាចនឹងប្រឈមការផ្ដាច់ជំនួយ និងការដាក់ទណ្ឌកម្មពីអន្តរជាតិ។
បើទោះជាបែបនេះក្ដី អ្នកនយោបាយខាងគណបក្សកាន់អំណាចវិញ ហាក់មិនសូវខ្វល់ និងផ្គើនការគំរាមនេះ ហើយមានគម្រោងយកតំណែងទាំងអស់របស់បក្សប្រឆាំង ទៅចែកឲ្យគណបក្សផ្សេង ដែលពលរដ្ឋខ្មែរមិនពេញចិត្ត តាមរយៈការធ្វើវិសោធនកម្មច្បាប់មួយចំនួន នៅថ្ងៃទី១២ តុលា៕