ក្រុមអ្នកជំនាញក្នុងសន្និសីទអន្តរជាតិមួយ ព្រួយបារម្ភថា ប្រសិនបើទំនប់វារីអគ្គិសនីត្រូវបានសាងសង់ឡើងបន្ថែមទៀតនៅតាមដងទន្លេមេគង្គ ដោយមិនមានការសិក្សាពីផលប៉ះពាល់សង្គម និងបរិស្ថាន និងរៀបចំផែនការដោះស្រាយត្រឹមត្រូវ នោះជីវិតប្រជាជនដែលរស់នៅពឹងលើទឹកទន្លេ និងបរិស្ថានទន្លេ នឹងត្រូវវិនាស។
សន្និសីទអន្តរជាតិស្ដីពីទន្លេមេគង្គក្រោម រយៈពេលបីថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី១៨ មីនា នៅរាជធានីភ្នំពេញ បាននាំក្រុមអ្នកស្រាវជ្រាវផ្នែកធនធានទឹកមកជជែកពិភាក្សា និងបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវផ្សេងៗ ស្ដីពីការប្រែប្រួលបរិស្ថាន ការធ្វើកសិកម្មបែបនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ទន្លេមេគង្គក្រោម។
ទន្លេសាប និងបណ្ដាញទន្លេបី រួមមានទន្លេសេសាន ទន្លេសេកុង និងទន្លេស្រែពក ជាប្រភពទឹកដែលស្ថិតនៅក្នុងតំបន់ទន្លេមេគង្គក្រោម ដែលហូរកាត់ប្រទេសកម្ពុជា។
អត្ថបទស្រាវជ្រាវស្ដីពីបណ្ដាញទន្លេបី ដែលត្រូវបានបង្ហាញនៅក្នុងសន្និសីទអន្តរជាតិ បង្ហាញថា ទន្លេទាំងបីដើរតួនាទីសំខាន់ខ្លាំង ជាប្រភពជីវចម្រុះ ពិសេសសត្វស្លាបកម្រ និងព្រៃការពារ និងប្រភពទឹកសម្រាប់ប្រជាជន។
ចំណែកទន្លេសាបវិញ ការសិក្សាស្រាវជ្រាវមួយទៀតបង្ហាញថា មានប្រជាជនកម្ពុជា ជាង ១លាន ៥សែននាក់ រស់នៅជុំវិញបឹងទន្លេសាប ដែលពឹងផ្នែកលើប្រព័ន្ធអេកូឡូស៊ីសម្រាប់ការចិញ្ចឹមជីវិត ដូចជាទឹក និងដីជីល្បាប់សម្រាប់កសិកម្ម ឧសដុត និងប្រូតេអ៊ីន។ ទិន្នន័យនៅឆ្នាំ២០០៦ បង្ហាញថា ត្រីចន្លោះពីជាង ២៨ម៉ឺនទៅ ៤៣ម៉ឺនតោន ត្រូវបានគេនេសាទនៅបឹងទន្លេសាបក្នុងមួយឆ្នាំៗ។
អ្នកជំនាញព្រួយបារម្ភថា ការកើនឡើងនូវការប្រែប្រួលអាកាសធាតុ ពិសេសការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេខាងលើ កំពុងគំរាមកំហែងដល់អនាគតនៃលំហូរទឹកហូរចាក់ចូលទន្លេខាងក្រោម។ ក្រៅពីនេះ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការវិនិយោគធនធានរ៉ែ និងការកាប់ព្រៃឈើដោយខុសច្បាប់ ក៏កំពុងប៉ះពាល់ដល់ទន្លេដែរ។
លោកបណ្ឌិត សៀក សូផាត ប្រធានដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងបញ្ជាក់ថា ដើម្បីបញ្ចៀសនូវហានិភ័យលើទន្លេ និងជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅពឹងផ្អែកលើទន្លេ អ្នកធ្វើសេចក្តីសម្រេចចិត្ត និងអាជ្ញាធរ គួរសិក្សាឲ្យបានល្អិតល្អន់ និងរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីទប់នឹងការមកដល់នៃផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍៖ «កាលណាយើងមិនមានរៀបចំយុទ្ធសាស្ត្រ ចេះតែអនុវត្ត តែយើងត្រូវរៀបចំផែនការយុទ្ធសាស្ត្រផ្អែកទៅតាមលទ្ធផលការស្រាវជ្រាវ។ ឧបមាបើយើងធ្វើទំនប់រៀបហ្នឹង តើយើងបម្រើតែផ្នែកអគ្គិសនី ឬបម្រើផ្នែកកសិកម្ម ឬក៏គិតគូរពីទឹកសម្រាប់ធ្វើកសិកម្មតទៀត។ ឥឡូវយើងនិយាយពីការប្រែប្រួលអាកាសធាតុ យើងត្រូវគិតមើលគ្រប់ចំណុចទាំងអស់ហ្នឹង ថាតើបម្រើផ្នែកអគ្គិសនី ឬកសិកម្មសម្រាប់ទុកទឹកធ្វើកសិកម្ម»។
រដ្ឋាភិបាលកាលពីឆ្នាំ២០០៣ បានកំណត់ទីតាំងដែលមានសក្ដានុពលសម្រាប់ការអភិវឌ្ឍថាមពលវារីអគ្គិសនីចំនួន ៦០កន្លែងនៅទូទាំងប្រទេសកម្ពុជា ដែលទីតាំងទាំងនោះភាគច្រើនលើសលប់ស្ថិតនៅតាមដងទន្លេមេគង្គ និងដៃទន្លេមេគង្គ។
កាលពីខែតុលា ឆ្នាំ២០១៦ រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) រៀបចំការសិក្សាវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គម មុននឹងសម្រេចសាងសង់ទំនប់វារីអគ្គិសនីថ្មីចំនួនបីទៀត ដូចជាទំនប់ស្ទឹងត្រែង ទំនប់សេកុងក្រោម និងទំនប់សំបូរ។
ក្រសួងរ៉ែ និងថាមពល នៅពេលថ្មីៗនេះបញ្ជាក់ពីឆន្ទៈរបស់រដ្ឋាភិបាលថា នឹងមិនអនុញ្ញាតឲ្យមានគម្រោងវិនិយោគនៅតាមដងទន្លេនោះទេ ប្រសិនបើវាប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជន និងបរិស្ថាន៕