Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ចោទ​ក្រុមហ៊ុន​ដាំ​ដូង​ប្រេង​មួយ​ថា​ឈូស​បំផ្លាញ​ព្រៃ​ស្រោង​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បូកគោ

$
0
0

ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា តំបន់​ព្រៃ​ស្រោង​ជាច្រើន​ហិកតារ​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “បូកគោ” ត្រង់​ភូមិសាស្ត្រ​ស្រុក​ឈូក ខេត្ត​កំពត កំពុង​រង​ការ​ឈូស​បំផ្លាញ​ជា​បន្តបន្ទាប់​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​មួយ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ ដើម្បី​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម។ ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ និង​ឈូស​ឆាយ​ព្រៃ​ស្រោង​នេះ​ទៅ​ទៀត បើ​ពុំ​ដូច្នេះ ព្រៃ​ស្រោង​ទាំងនោះ​នឹង​វិនាស​ហិនហោច​ជាក់​ជា​មិន​ខាន។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត ចោទ​ប្រកាន់​ក្រុមហ៊ុន វើធើស ហ្គ្រីន ផ្លេនថេសិន (ខេមបូឌា) ភី.ធី.អ៊ី អិល.ធី.ឌី (VIRTUS GREENS PLANTATIONS (CAMBODIA) PTE LTD ឬ​ហៅ​កាត់​ថា ក្រុមហ៊ុន វី.ជី.ភី (VGP) ថា​បាន​ឈូស​បំផ្លាញ​ព្រៃ​ស្រោង​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “បូកគោ” ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ឈូក ខេត្ត​កំពត។

ពលរដ្ឋ​នៅ​ភូមិ​តេជោពង្រក លោកស្រី សឿង ស្រីមុំ ថ្លែង​ថា ព្រៃ​ឈើ​ដែល​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “បូកគោ” ត្រង់​ភូមិសាស្ត្រ​ស្រុក​ឈូក គឺ​ជា​ប្រភេទ​ព្រៃ​ស្រោង​ដែល​អ្នក​ភូមិ​ធ្លាប់​ទៅ​បោច​វល្លិ និង​ប្រមូល​អនុផល​ព្រៃ​ឈើ​ជា​ហូរហែ ប៉ុន្តែ​ព្រៃ​នេះ​បាន​រង​ការ​ឈូស​បំផ្លាញ​ពី​សំណាក់​ក្រុមហ៊ុន វី.ជី.ភី (VGP) អស់​ជាច្រើន​កន្លែង។ លោកស្រី​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បំផ្លិចបំផ្លាញ​នេះ ហើយ​ថា​បើ​សិន​ជា​សកម្មភាព​បែប​នេះ​នៅ​តែ​បន្ត កូន​ចៅ​ជំនាន់​ក្រោយ​នឹង​លែង​ស្គាល់​ព្រៃ​ឈើ​ត​ទៅ​ទៀត។

លោកស្រី សឿង ស្រីមុំ ថ្លែង​ថា៖ «ព្រៃ​ឈើ​ធំៗ​យើង​ឱប​អត់​ជុំ​ទេ នៅ​លើ​ដី​នោះ ព្រៃ​យើង​ចូល​មិន​ចុះ​តែ​ម្តង សូម្បី​តែ​បោច​វល្លិ​ទៅ​ដល់​កន្លែង​ហ្នឹង សុទ្ធតែ​លូន​ក្រាប មុត​ដៃ​មុត​ជើង​អស់​ហើយ ព្រោះ​ព្រៃ​ណែន​ពេក។ ដល់​ពេល​ឥឡូវ ទៅ​មើល​ព្រៃ​ហ្នឹង គេ​វ៉ៃ (កាប់​បំផ្លាញ) វាល​អស់​ហើយ វាល​ល្វឹង​តែ​ម្តង ដី​វា​ធំៗ ហើយ​សុំ​គេ​ចូល​យក​ឈើ​ដែល​គេ​វ៉ៃ​ហើយ​ហ្នឹង ក៏​គេ​អត់​ឲ្យ​ចូល​យក​ដែរ។ គេ​វ៉ៃ​យក​ពី​ភ្នំ​ចាក់​ចុះ​ទៅ​ខាង​លិច ចំណុច​ស្ទឹង​ស្រមោច។ សំណូមពរ​រដ្ឋាភិបាល​ឲ្យ​ជួយ​រឿង​ព្រៃ​ឈើ​ឧទ្យាន​ជាតិ​ហ្នឹង​ឲ្យ​គាត់​ជួយ​ថែរក្សា​ព្រៃ​ឈើ កុំ​ឲ្យ​ក្រុមហ៊ុន​វ៉ៃ​យក​អស់​អ៊ីចឹង អស់​ហើយ​កូន​ចៅ​ជំនាន់​ក្រោយ»

ចំណែក​ពលរដ្ឋ​ភូមិ​តេជោ​ពង្រក ម្នាក់​ទៀត គឺ​លោក ម៉ិញ សាមី បញ្ជាក់​ថា ព្រៃ​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “បូកគោ” ត្រង់​ភូមិសាស្ត្រ​ស្រុក​ឈូក នេះ ជា​ប្រភេទ​ព្រៃ​ក្រាស់ និង​ជា​ជម្រក​សត្វ​ព្រៃ​ច្រើន​ប្រភេទ ហើយ​ក៏​ជា​ប្រភេទ​ព្រៃ​ទាក់ទាញ​ទឹក​ភ្លៀង​ផង​ដែរ។ ក៏ប៉ុន្តែ​ពេល​នេះ ព្រៃ​នេះ​ប្រែ​ជា​វាល​រហោស្ថាន ដោយសារ​ក្រុមហ៊ុន វី.ជី.ភី (VGP) បាន​ឈូស​បំផ្លាញ​ដើម្បី​យក​ដី​ដាំ​ដុះ​ដំណាំ​ដូង​ប្រេង។ លោក​សំណូមពរ​ដល់​ប្រមុខ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ទប់ស្កាត់​បញ្ហា​នេះ​ជា​បន្ទាន់។

លោក ម៉ិញ សាមី ថ្លែង​ថា៖ «ខ្លាច​បាត់បង់​ព្រៃ​ឈើ​ផង ខ្លាច​ទាំង​បាត់បង់​សត្វ​ព្រៃ​ផង គ្រប់​បែប​យ៉ាង​ទាំងអស់។ សត្វ​ព្រៃ​តូច​ធំ​អី​អត់​នៅ​ទេ តែ​វ៉ៃ (កាប់​ព្រៃ​ឈើ) គ្នា​រត់​អស់​ហើយ។ ជួនកាល​សត្វ​តូចៗ ដូចជា ក្ដាន់​ញ៉ែង ជាដើម វ៉ៃ​ព្រៃ​ទៅ វា​នៅ​ក្នុង​ហ្នឹង ងាប់​ស្អុយ​នៅ​ក្នុង​ហ្នឹង។ ខ្ញុំ​ទៅ​រក​ឧស​ឃើញ​ងាប់​ស្អុយ​ក្នុង​ហ្នឹង។ ខ្លះ​ក៏​រត់​រួច ខ្លះ​ទៀត​ក៏​ងាប់​នៅ​ក្នុង​ហ្នឹង។ ខ្ញុំ​សូម​សំណូមពរ​ដល់​សម្ដេច ហ៊ុន សែន ឲ្យ​គាត់​ជួយ​ឃាត់ឃាំង​ក្រុមហ៊ុន​ទាំងអស់​ដែល​វ៉ៃ​ព្រៃ​ឧទ្យាន​ជាតិ​ហ្នឹង ឲ្យ​ទប់ស្កាត់ វ៉ៃ​ទៅ​វា​ខូច​ឈើ​ធំៗ​ច្រើន​ណាស់ ខូច​អស់​ហើយ»

ឈូស​ឆាយ​ដី​ព្រៃ​ឈើ កំពត ២០១៧ ១៤៤០
ទី​ទួល​ក្នុង​ស្រុក​ឈូក ខេត្ត​កំពត ដែល​ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន វើធើស ហ្គ្រីន ផ្លេនថេសិន (ខេមបូឌា) ភី.ធី.អ៊ី អិល.ធី.ឌី (VIRTUS GREENS PLANTATIONS (CAMBODIA) PTE LTD ឬ​ហៅ​កាត់​ថា ក្រុមហ៊ុន វី.ជី.ភី (VGP) ទើប​ធ្វើ​ការ​ឈូស​ឆាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ រូបថត​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Yang Chandara

កាល​ពី​ដើម​ឆ្នាំ​២០១១ រាជ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​កំណត់​តំបន់​គ្រប់គ្រង​ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “បូកគោ” លើ​ផ្ទៃដី​ទំហំ ៦.៧១៦​ហិកតារ​ទៅ​ជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ជុំគីរី និង​ស្រុក​ឈូក ខេត្ត​កំពត សម្រាប់​ផ្តល់​ជូន​ក្រុមហ៊ុន វើធើស ហ្គ្រីន ផ្លេនថេសិន (ខេមបូឌា) ភី.ធី.អ៊ី អិល.ធី.ឌី (VIRTUS GREENS PLANTATIONS (CAMBODIA) PTE LTD) ដើម្បី​ធ្វើ​ការ​វិនិយោគ​អភិវឌ្ឍ​លើ​វិស័យ​ដំណាំ​កសិឧស្សាហកម្ម។

ប្រធាន​ក្រុមហ៊ុន វើធើស ហ្គ្រីន ផ្លេនថេសិន (ខេមបូឌា) ភី.ធី.អ៊ី អិល.ធី.ឌី (VIRTUS GREENS PLANTATIONS (CAMBODIA) PTE LTD និង​ជា​ចាងហ្វាង​កាសែត​ខ្មែរ​ថាមស៍ (Khmer Times) លោក ធី ម៉ូហាន (T. Mohan) ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ។ លោក​ថា ក្រុមហ៊ុន​របស់​លោក​បាន​អនុវត្ត​ការងារ​ទៅ​តាម​ច្បាប់ និង​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល ហើយ​ជា​រៀង​រាល់ ៣​ខែ​ម្តង ប្រតិភូ​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម តែង​ចុះ​ទៅ​អង្កេត និង​តាមដាន​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម។ លោក​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​បាន​សុំ​ច្បាប់​អនុញ្ញាត​មុន​ពេល​ឈូស​ឆាយ និង​ដាំ​ដុះ ហើយ​ក៏​បាន​បង់​ពន្ធ​ចំពោះ​សំណល់​ឈើ​ផង​ដែរ៖ «រដ្ឋាភិបាល​ទៅ​ទស្សនកិច្ច​តំបន់​នោះ​ជា​រៀង​រាល់​បី​ខែ​ម្តង មិន​ដែល​ខាន។ គ្រប់​ពេល​ដែល​យើង​ឈូស​ឆាយ​ដី និង​ដាំ​ដុះ​រួច យើង​ត្រូវ​ដាក់​របាយការណ៍​ជូន​រដ្ឋាភិបាល​ពិនិត្យ ហើយ​មន្ត្រី​រដ្ឋាភិបាល​តែងតែ​ចុះ​ទៅ​អង្កេត​មុន​ពេល​អនុញ្ញាត​ឲ្យ​យើង​ឈូស​ឆាយ​ដី ៥០០​ហិកតារ​បន្ត​ទៀត។ ខ្ញុំ​គិត​ថា​លោក​ច្រឡំ​ក្រុមហ៊ុន​យើង​ទៅ​នឹង​ក្រុមហ៊ុន​ពីរ​ផ្សេង​ទៀត ដែល​នៅ​ក្បែរ​នោះ។ យើង​អនុវត្ត​ការងារ​ស្រប​តាម​ច្បាប់​ជា​កំហិត។ ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់ ដែល​អ្នក​និយាយ​ថា ពួក​គេ​ត្អូញត្អែរ​អំពី​រឿង​នេះ ពីព្រោះ​ពេល​នេះ​យើង​លែង​ធ្វើ​អ្វី​នៅ​តំបន់​តេជោ​អភិវឌ្ឍន៍​ទៀត​ហើយ។ យើង​បាន​ដាំ​ដុះ​រួច​រាល់​អស់​ហើយ និង​បាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ផ្លូវ និង​ស្ពាន ហើយ​តំបន់​តេជោ​អភិវឌ្ឍន៍​មាន​ដូច​សព្វថ្ងៃ​នេះ ក៏​ដោយសារ​តែ​ក្រុមហ៊ុន​របស់​ខ្ញុំ​ដែរ។ យើង​បាន​ចំណាយ​លុយ​ជាច្រើន​សម្រាប់​កិច្ច​ការងារ​សង្គម​នៅ​ទីនោះ»

អ្នក​ជំនួញ​ជនជាតិ​ម៉ាឡេស៊ី ដែល​មាន​ឈ្មោះ​ក្នុង​សារ​បែក​ធ្លាយ​ថា​មាន​ទំនាក់ទំនង​ជាមួយ​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត និង​ថៅកែ​កាស៊ីណូ​ណាហ្គា រូប​នេះ​បញ្ជាក់​ថា គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​២០១៦ ក្រុមហ៊ុន​របស់​លោក​បាន​ដាំ​ដុះ​ដំណាំ​ដូង​ប្រេង​បាន​នៅ​លើ​ផ្ទៃដី ២​ពាន់​ហិកតារ ហើយ​នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​គ្រោង​ដាំ​ឲ្យ​បាន ១.៥០០​ហិកតារ។ លោក​ថា បើ​រដ្ឋាភិបាល​មិន​មាន​ការ​ផ្លាស់ប្ដូរ​គោល​នយោបាយ​អ្វី​នោះ​ទេ ក្រុមហ៊ុន​គ្រោង​នឹង​បញ្ចប់​ការ​ដាំ​ដុះ​លើ​ផ្ទៃដី​ទាំងអស់​ក្នុង​រយៈពេល ៣​ឆ្នាំ​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា នាយក​ខុទ្ទកាល័យ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បញ្ជាក់​ថា លោក​មិន​ដែល​ស្គាល់​ក្រុមហ៊ុន វី.ជី.ភី (VGP) នោះ​ទេ ហើយ​លោក​ក៏​មិន​ដឹង​ដែរ​ថា តើ​ដី​សម្បទាន​ដែល​ក្រុមហ៊ុន​នេះ​ទទួល​បាន​ស្ថិត​នៅ​ក្នុង ឬ​នៅ​ខាង​ក្រៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​នោះ​ដែរ។ មន្ត្រី​រូប​នេះ​អះអាង​ថា បើ​សិន​ជា​ក្រុមហ៊ុន​បាន​ទទួល​គោលការណ៍​ពី​រដ្ឋាភិបាល​ហើយ ពួក​គេ​មាន​សិទ្ធិ​ឈូស​ឆាយ​ដាំ​ដុះ និង​អភិវឌ្ឍ​ដី​នោះ​ទៅ​តាម​កិច្ចសន្យា ឬ​ផែនការ​មេ​របស់​ខ្លួន៖ «ខ្ញុំ​អត់​ដឹង​ថា គម្រោង​ហ្នឹង​នៅ​ក្នុង​តំបន់​ការពារ ឬ​ក៏​អត់​ទេ។ ខ្ញុំ​និយាយ​ជា​រួម បើ​សិន​ជា​គាត់​ទទួល​បាន​ការ​អនុញ្ញាត ការ​យល់ព្រម​ទៅ​លើ​ប្លង់​មេ គាត់​អនុវត្ត​ទៅ​តាម​ហ្នឹង គឺ​គាត់​អត់​ខុស​ទេ»

ជុំវិញ​រឿង​នេះ មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ដាក់​ការ​សង្ស័យ​ចំពោះ​ការ​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ម៉ាឡេស៊ី នេះ។ លោក​ថា ការ​ផ្តល់​សម្បទាន​ដី​ក្នុង​តំបន់​ព្រៃ​ស្រោង​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ ចំណែក​ឯ​ការ​ឈូស​ឆាយ​បំផ្លាញ​ព្រៃ​ទាំងនោះ គឺ​បទល្មើស​ឧក្រិដ្ឋ​ដែល​អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់៖ «វា​ផ្ទុយ​ពី​អ្វី​ដែល​យើង​បាន​ដឹង ដែល​យើង​បាន​សិក្សា​ទៅ​លើ​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង គឺ​តំបន់​ព្រៃ​ស្រោង និង​ពាក់​កណ្ដាល​ស្រោង គឺ​មិន​ត្រូវ​ផ្តល់​ដី​សម្បទាន​ដាច់ខាត ក៏ប៉ុន្តែ​កន្លង​ទៅ យើង​ឃើញ​នៅ​តែ​មាន​បំពាន​ទៅ​លើ​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​និង​ប្រសាសន៍​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី ដែល​ថា​ដាច់ខាត លោក​មិន​យក​ដំណាំ​អភិវឌ្ឍន៍​ហ្នឹង​ទៅ​ដូរ​ជាមួយ​តំបន់​ព្រៃ​ស្រោង និង​ពាក់​កណ្ដាល​ស្រោង​នោះ​ទេ។ ហើយ​ដោយសារ​មាន​អំពើ​ពុក​រលួយ​ហ្នឹង​ហើយ បាន​ជា​មន្ត្រី​មួយ​ចំនួន​លែង​គិតគូរ​ពី​តម្លៃ​នៃ​តំបន់​ព្រៃ​ឈើ​ក្រាស់​ហ្នឹង ធ្វើ​យ៉ាង​ម៉េច​ឲ្យ​តែ​បាន​ផល​ប្រយោជន៍​របស់​ខ្លួន។ យើង​មិន​ដឹង​ថា តើ​មន្ត្រី​ដែល​សិក្សា​ពី​ផល​ប៉ះពាល់​ហ្នឹង លោក​រាយការណ៍​ទៅ​ថ្នាក់​ដឹកនាំ​យ៉ាង​ម៉េច​ទៅ បាន​ជា​ចេញ​មក គឺ​ថា​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​សុទ្ធតែ​នៅ​លើ​តំបន់​ព្រៃ​ស្រោង»

ឈូស​ឆាយ​ដី​ព្រៃ​ឈើ កំពត ២០១៧ ១៤៤០
ព្រៃ​ឈើ​ក្នុង​ស្រុក​ឈូក ខេត្ត​កំពត ដែល​ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន វើធើស ហ្គ្រីន ផ្លេនថេសិន (ខេមបូឌា) ភី.ធី.អ៊ី អិល.ធី.ឌី (VIRTUS GREENS PLANTATIONS (CAMBODIA) PTE LTD ឬ​ហៅ​កាត់​ថា ក្រុមហ៊ុន វី.ជី.ភី (VGP) ទើប​ធ្វើ​ការ​ឈូស​ឆាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ រូបថត​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Yang Chandara

លោក ប៉ែន បុណ្ណារ៍ បញ្ជាក់​ថា ការ​បាត់បង់​ព្រៃ​ស្រោង​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ដោយសារ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ មាន​ទំហំ​ធំធេង​ណាស់​ទាំង​ទៅ​លើ​បរិស្ថាន និង​ជីវិត​មនុស្ស​សត្វ​នៅ​តំបន់​នោះ ដូច្នេះ​លោក​នឹង​ប្ដឹង​ករណី​នេះ​ទៅ​សាលា​ដំបូង​ខេត្ត​កំពត។ ក្រៅ​ពី​នេះ លោក​ទាមទារ​ក្រសួង​បរិស្ថាន ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់ និង​ឈាន​ដល់​ការ​បិទ​បញ្ចប់​ការ​ឈូស​ឆាយ​បំផ្លាញ​ព្រៃ​ស្រោង​នៅ​តំបន់​ឧទ្យាន​ជាតិ​មួយ​នេះ​ឲ្យ​បាន​ជា​ស្ថាពរ៖ «ទី​មួយ យើង​ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន ដែល​លោក​ឆ្លើយ​ថា មិន​បាន​ដឹង​អំពី​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​តំបន់​ហ្នឹង ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់ ហើយ​ត្រូវ​ប្រកាស​ផ្សាយ​ជា​សាធារណៈ។ ទី​ពីរ ត្រូវ​បញ្ឈប់​សកម្មភាព​ការ​កាប់​រាន​ឈូស​ឆាយ​ដី​ព្រៃ​ស្រោង​នៅ​កន្លែង​ហ្នឹង​ជា​បន្ទាន់។ ហើយ​យើង​សុំ​ឲ្យ​លុប​សម្បទាន​ដី​សេដ្ឋកិច្ច​ហ្នឹង កុំ​ឲ្យ​មាន​ការ​ធ្វើ​សកម្មភាព​ជា​បន្ត​ទៀត ព្រោះ​វា​ប៉ះពាល់​លើ​តំបន់​ព្រៃ​ស្រោង​ខ្លាំង​ណាស់»

តំបន់​ឧទ្យាន​ជាតិ ត្រូវ​បាន​ចាត់​បញ្ចូល​ក្នុង​តំបន់​ការពារ​ធម្មជាតិ ដែល​ត្រូវ​បាន​ការពារ​តឹងរ៉ឹង​ដោយ​ច្បាប់។ ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ត្រង់​មាត្រា​៤១ ចែង​ថា សកម្មភាព​ដែល​នាំ​ឲ្យ​ខូចខាត ឬ​ប៉ះពាល់​អវិជ្ជមាន​ដល់​តំបន់​ការពារ​ធម្មជាតិ​ត្រូវ​បាន​ហាមឃាត់។ សកម្មភាព​ទាំងនោះ​មាន​ដូចជា ការ​កាប់ ផ្ដួល រំលំ គ្រៀវ កាប់​បំផ្លាញ​ដើម​ឈើ ឬ​បំពុល ឬ​គាស់​រម្លើង​គល់​ឈើ​ជាដើម។

ជន​ប្រព្រឹត្តិ​ល្មើស​នឹង​ច្បាប់​នេះ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ទោស​ដាក់​ពន្ធនាគារ​ពី ៥ ដល់ ១០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ១៥០​លាន​រៀល។ ចំណែក​មន្ត្រី​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ឬ​ភ្នាក់ងារ​អធិការកិច្ច ឬ​មន្ត្រី​បរិស្ថាន​រូប​ណា​ដែល​មាន​ការ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​ទៅ​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល ឬ/និង ត្រូវ​ចោទ​ប្រកាន់​ចំពោះ​មុខ​តុលាការ។ ហើយ​បើ​មន្ត្រី​ទាំងនោះ​សម​គំនិត​នឹង​អ្នក​ប្រព្រឹត្តិ​បទល្មើស ឬ​ជួយ​សម្រួល​ការ​ប្រព្រឹត្ត​បទល្មើស​នេះ ពួក​គេ​ក៏​ត្រូវ​ផ្ដន្ទាទោស​ដូច​ជន​ប្រព្រឹត្តិ​ដែរ។

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “បូកគោ” មាន​ផ្ទៃដី​ទំហំ​ជាង ១៥​ម៉ឺន​ហិកតារ (១៥៤.៤៥៨​ហិកតារ) ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់ស្ពឺ។ ក្រៅ​ពី​ការ​ឈូស​ឆាយ​ព្រៃ​ស្រោង​ដោយ​ក្រុមហ៊ុន វី.ជី.ភី (VGP) ប្រជាពលរដ្ឋ​អះអាង​ថា បទល្មើស​ព្រៃ​ឈើ និង​ការ​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ​ឧទ្យាន​ជាតិ​នេះ ក៏​កំពុង​កើត​មាន​ពេញ​បន្ទុក និង​ក្លាយ​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​តំបន់​ការពារ​ធម្មជាតិ​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles