Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ស្រូវ​ប្រាំង​រាប់​រយ​ហិកតារ​នៅ​ស្រុក​ស្ទោង​មិន​ទាន់​មាន​ទឹក​ស្រោចស្រព​នៅ​ឡើយ

$
0
0

ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ នៅ​តែ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​សង្គ្រោះ​ស្រូវ​ប្រាំង​របស់​ពួក​គាត់​រាប់​រយ​ហិកតារ​ដែល​កំពុង​រង​ការ​ខូចខាត ដោយសារ​គ្មាន​ទឹក​ស្រោចស្រព។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ស្រុក​បាន​ចុះ​ពិនិត្យ​ទីតាំង​ស្រូវ​ប្រាំង​ទាំងនោះ​ជាច្រើន​ដង ប៉ុន្តែ​នៅ​ក្បែរ​នោះ​គ្មាន​ប្រភព​ទឹក។

ស្រប​ពេល​ដែល​អាជ្ញាធរ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ មិន​ទាន់​មាន​មធ្យោបាយ​ជួយ​សង្គ្រោះ​ស្រូវ​ស្រែ​ប្រាំង​រាប់​សិប​ហិកតារ ដែល​កំពុង​ខ្វះ​ទឹក​ស្រោចស្រព។ ប្រជាពលរដ្ឋ​ហាក់​អស់​សង្ឃឹម ពីព្រោះ​ដើម​ទុន​ធ្វើ​ស្រូវ​ប្រាំង​ទាំងនោះ ភាគច្រើន​ពួក​គេ​ខ្ចី​បុល​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ប្រាក់​ឯកជន​ខ្លះ ដើម្បី​ធ្វើ​ដើម​ទុន និង​បង់​ជូន​ទៅ​អ្នក​គ្រប់គ្រង​អាង​ស្តុក​ទឹក​បញ្ចូល​ស្រែ។

អភិបាល​ស្រុក​ស្ទោង លោក ព្រឹម រដ្ឋា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ មីនា ថា អាជ្ញាធរ​ស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​មើល​ទីតាំង​ស្រែ​ប្រាំង​របស់​ពលរដ្ឋ​នៅ​តំបន់​ចក​សារ៉ាយ ស្ថិត​នៅ​ក្នុង​ឃុំ​ចំណារក្រោម ជាច្រើន​ដង ប៉ុន្តែ​បញ្ហា​ប្រឈម​ខ្លាំង គឺ​តំបន់​នោះ​មិន​មាន​ប្រភព​ទឹក​ឡើយ។ បន្ថែម​ពី​នេះ ពលរដ្ឋ​ដែល​មាន​ស្រែ​នៅ​ផ្នែក​ខាង​ក្រោម ធ្លាប់​យក​ប្រភព​ទឹក​ពី​អូរ ឬ​ត្រពាំង ក៏​កំពុង​មាន​បញ្ហា​ជាមួយ​ពលរដ្ឋ​ដាំ​ឈូក​ថែម​ទៀត​ផង៖ «ខ្ញុំ​ដូចជា​មិន​មាន​ជម្រើស​អី​សោះ​បង ពីព្រោះ​ថា​អត់​ដឹង។ វា​អត់​មាន​ប្រភព​ទឹក។ បើ​មាន​ប្រភព​ទឹក ខ្ញុំ​សុំ​ប្រេង ខ្ញុំ​សុំ​ម៉ាស៊ីន​បូម​ទឹក​ពី​ធនធាន​ទឹក​យក​ទៅ​ដាក់​ឲ្យ​ហើយ​បង ប៉ុន្តែ​វា​អស់​រលីង​តែ​ម្តង»

ស្រូវ​ស្រែ​ប្រាំង​នៅ​តំបន់​២ និង​តំបន់​៣ ចំណុច​ចក​សារ៉ាយ មាន​ទំហំ​ជាង ៦០០​ហិកតារ។

អភិបាល​ស្រុក​បញ្ជាក់​ថា ស្រូវ​ដែល​ប្រឈម​ការ​ខូចខាត​ទាំង​ស្រុង​មាន​ទំហំ​ជាង ២០០​ហិកតារ និង​ប៉ះពាល់​លើ​ពលរដ្ឋ​ប្រហែល ១០០​គ្រួសារ។ ចំណែក​ស្រូវ​ប្រមាណ ៤០០​ហិកតារ​ទៀត អាច​ទទួល​ផល​បាន​មួយ​ចំនួន។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំណារលើ លោក លឹម ស្រេន ឲ្យ​ដឹង​ថា ដី​របស់​លោក​ចំនួន ២​ហិកតារ​នៅ​តំបន់​៣ គឺ​គ្មាន​សង្ឃឹម​ថា​នឹង​ទទួល​បាន​ផល​ឡើយ ពីព្រោះ​ស្រូវ​ចាប់​ផ្តើម​ក្រៀម​ស្វិត ហើយ​ដី​ក៏​បាន​បែក​ប្រហែង​ធំៗ​ថែម​ទៀត។ លោក​បន្ត​ថា ដើម​ទុន​ធ្វើ​ស្រូវ​ប្រាំង​ក្នុង ១​ហិកតារ​ចំណាយ​ជាង ១​លាន​រៀល​ទៅ ២​លាន​រៀល ហើយ​ភាគច្រើន ពលរដ្ឋ​នាំ​គ្នា​ខ្ចី​បុល​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឬ​ប្រាក់​ឯកជន ប៉ុន្តែ​នៅ​ពេល​ស្រូវ​រង​ការ​ខូចខាត ពួក​គាត់​រឹត​តែ​ប្រឈម​ក្នុង​ជីវភាព​រស់នៅ៖ «អើយ! បង​ជិត​បី​ខែ​ហើយ តាំង​ពី​យើង​ចាប់​ផ្ដើម​ព្រោះ​មក។ តែ​ឥឡូវ ស្រូវ​យើង​ចេញ​ខ្លះ​អី​ខ្លះ​ហើយ ប៉ុន្តែ​វា​អត់​ទឹក ហើយ​ខូច​អស់​ហើយ ស្រូវ​ខ្ញុំ​គ្មាន​បាន​ទេ»

ប្រភព​ដដែល​អះអាង​ថា នៅ​ពេល​អាង​ទឹក​មួយ​កន្លែង​ឈ្មោះ​អាង​ទឹក​យាយ​អូន ជា​កម្មសិទ្ធិ​របស់​ប្រជា​សហគមន៍ ស្រូវ​ប្រាំង​របស់​ពួក​គាត់​មិន​សូវ​ជួប​បញ្ហា​ប្រឈម​ទេ ប៉ុន្តែ​ចាប់​តាំង​ពី​អាង​ទឹក​មួយ​នេះ ត្រូវ​បាន​ឈ្មួញ​ម្នាក់​ឈ្មោះ គាំ សារឿន គ្រប់គ្រង​មក ស្រូវ​ប្រាំង​របស់​ពួក​គាត់​ជួប​បញ្ហា​ប្រឈម​ខ្វះខាត​ទឹក​ស្រោចស្រព​រហូត។ លោក​យល់​ថា មូលហេតុ​ពលរដ្ឋ​ត្រូវ​ខ្វះ​ទឹក​ដាក់​ស្រែ ព្រោះ​ឈ្មួញ​គ្រប់គ្រង​ទឹក​មិន​បាន​ល្អ ហើយ​ពួក​គាត់​ស្នើ​ឲ្យ​អាជ្ញាធរ​យក​អាង​ទឹក​មក​រក្សា​ទុក​ជា​សម្បត្តិ​រួម​វិញ។

យ៉ាង​នេះ​ក្តី អភិបាល​ស្រុក​ស្ទោង ដដែល​ឲ្យ​ដឹង​ថា ការ​ទាមទារ​យក​អាង​ទឹក​មិន​រក្សា​ទុក​ជា​សម្បត្តិ​រួម​របស់​ពលរដ្ឋ គឺ​ទាល់​តែ​ម្ចាស់​អាង​ទឹក​នោះ​យល់ព្រម។ លើស​ពី​នេះ លោក ព្រឹម រដ្ឋា ថែម​ទាំង​បញ្ជាក់​ជំនួស​ម្ចាស់​អាង​ទឹក​ថា មូលហេតុ​ខ្វះខាត​ទឹក​ស្រោចស្រព​ស្រូវ​ប្រាំង​នៅ​ផ្នែក​ខាង​ក្រោម ពីព្រោះ​ទំនប់​អាង​ស្តុក​ទឹក​ខូចខាត​ច្រើន ហើយ​លោក គាំ សារឿន ក៏​បាន​ប្រាប់​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ស្រែ​នៅ​ផ្នែក​ខាង​ក្រោម​ទេ ប៉ុន្តែ​ពលរដ្ឋ​មិន​ព្រម​ស្តាប់។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ ដែល​តាមដាន​ករណី​នេះ លោក ញូង សាមឿន មាន​ប្រសាសន៍​ថា ការ​ទាមទារ​យក​អាង​ទឹក​មក​រក្សា​ទុក​ជា​សម្បត្តិ​រួម​អាច​ជួប​ការ​លំបាក ពីព្រោះ​ឈ្មួញ​ជា​អ្នក​ចំណាយ​ថវិកា​ដើម្បី​កសាង​អាង​ទឹក​នោះ ប៉ុន្តែ​តាម​ច្បាប់ ពលរដ្ឋ​អាច​មាន​សិទ្ធិ​គ្រប់គ្រង​បាន៖ «ខ្ញុំ​គិត​ថា​អាច​ដំណើរការ​ទៅ​បាន​តាម​នីតិវិធី ប៉ុន្តែ​ពួក​គាត់​មិន​មាន​ផល​ទុន​ទាក់ទង​ទៅ​នឹង​ធនធាន​ថវិកា»

ចំពោះ​ការ​ខូចខាត​ស្រូវ​រាប់​រយ​ហិកតារ​វិញ លោក ញូង សាមឿន ថា​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​ផ្នែក​របស់​អាជ្ញាធរ ដោយ​ពួក​គេ​អាច​ជួយ​សម្របសម្រួល​រវាង​ភាគី​ពលរដ្ឋ និង​ឈ្មួញ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​តាម​រយៈ​ជួយ​ដល់​ការ​ខូចខាត​របស់​អ្នក​ស្រុក ពីព្រោះ​ជា​ផ្នែក​មួយ​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ ព្រម​ទាំង​ការ​ចំណាក​ស្រុក ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles