គណបក្សក្រៅរដ្ឋាភិបាល ចង់ឲ្យរដ្ឋាភិបាលយកតួនាទីរបស់លោក សុខ អាន ដែលកាន់កាប់ស្ថាប័នជាតិជាច្រើនលើសលប់នោះ ផ្ដល់សិទ្ធិជូនក្រសួងស្ថាប័នសាមី និងឲ្យក្មេងជំនាន់ក្រោយកាន់តួនាទីទាំងនោះវិញម្ដង ព្រោះសម័យកាលនេះក៏មានមនុស្សដែលមានសមត្ថភាពដូចលោក សុខ អាន ច្រើនដែរនៅក្នុងជួររដ្ឋាភិបាលនោះ។
ម្យ៉ាងវិញទៀត ក្រុមគណបក្សក្រៅរដ្ឋាភិបាលមើលឃើញថា គណបក្សប្រជាជនកម្ពុជា នឹងចុះខ្សោយនៅពេលគណបក្សនេះបាត់បង់មនុស្សដ៏សំខាន់នៅក្នុងបក្ស។ ទន្ទឹមនឹងនេះ ក្រុមគណបក្សក្រៅរដ្ឋាភិបាល និងអង្គទូតមួយចំនួន សម្ដែងការសោកស្ដាយចំពោះការបាត់បង់លោក សុខ អាន នេះ។
ក្រោយពីលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ទទួលមរណភាពទៅ ត្រូវបានគេមើលឃើញថា គណបក្សប្រជាជនកម្ពុជា បាត់បង់ធនធានមនុស្សដ៏សំខាន់នៅក្នុងបក្ស។
ទន្ទឹមនឹងនេះ គណបក្សនៅក្រៅរដ្ឋាភិបាលក៏សម្ដែងការសោកស្ដាយចំពោះការបាត់បង់ធនធានមនុស្សសម្រាប់ជាតិ គឺការបាត់បង់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន នៅពេលនេះ ព្រោះថាទោះបីជាយ៉ាងណាក៏ដោយ ពួកគេលើកឡើងថា លោក សុខ អាន ក៏ធ្លាប់ធ្វើកិច្ចការជាច្រើនសម្រាប់ជាតិដែរ។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ដែលជាអ្នកនយោបាយជើងចាស់ និងធ្លាប់ធ្វើជាសហឧបនាយករដ្ឋមន្ត្រីជាមួយលោក សុខ អាន ដែរនោះ កោតសរសើរថា លោក សុខ អាន ជាមនុស្សមានសមត្ថភាព។ លោកសម្ដែងការសោកស្ដាយចំពោះការបាត់បង់លោក សុខ អាន នៅពេលនេះ៖ «»។
ក្រោយពីលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ទទួលមរណភាពកាលពីថ្ងៃទី១៥ មីនា រដ្ឋាភិបាលនៅថ្ងៃទី១៦ មីនា បានតែងតាំងលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ឲ្យជំនួសតួនាទីលោក សុខ អាន វិញភ្លាមៗ គឺទទួលបន្ទុកជារដ្ឋមន្ត្រីស្ដីទីនៃទីស្ដីការគណៈរដ្ឋមន្ត្រី។ ក្រៅពីតួនាទីនេះ លោក សុខ អាន នៅមានតួនាទីស្ទើរតែរាប់មិនអស់ទៀតនៅស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដែលនៅពេលនេះ រដ្ឋាភិបាលមិនទាន់ប្រកាសតែងតាំងអ្នកផ្សេងមកជំនួសនៅឡើយ។
ទោះបីជាយ៉ាងនេះក្ដី ក្រុមគណបក្សក្រៅរដ្ឋាភិបាល និងស្ថានទូតសហរដ្ឋអាមេរិក សម្ដែងការសោកស្ដាយចំពោះការបាត់បង់ធនធានមនុស្សនៅក្នុងជួររដ្ឋាភិបាល គឺលោកឧបនាយករដ្ឋមន្ត្រី សុខ អាន នៅពេលនេះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា លោកសោកស្ដាយចំពោះការបាត់បង់លោក សុខ អាន នៅពេលនេះ។ លោកបញ្ជាក់ថា អាជីពជាអ្នកនយោបាយតែងតែមានខុស និងត្រូវ។ ទោះជាយ៉ាងនេះក្ដី លោក អេង ឆៃអ៊ាង បញ្ជាក់ថា លោក សុខ អាន បានធ្វើកិច្ចការសំខាន់ៗជាច្រើនសម្រាប់ប្រទេសជាតិ៖ «»។
មរណភាពរបស់លោក សុខ អាន នេះ មិនមែនមានតែគណបក្សនយោបាយទេដែលសម្ដែងការសោកស្ដាយនេះ ចំពោះស្ថានទូតសហរដ្ឋអាមេរិកវិញ ក៏បានសរសេរសាររំលែកទុក្ខដល់ក្រុមគ្រួសារលោក សុខ អាន នៅលើគេហទំព័រស្ថានទូតដែរនៅថ្ងៃទី១៦ មីនា នេះ។ ស្ថានទូតសហរដ្ឋអាមេរិក លើកឡើងថា លោក សុខ អាន មានវិជ្ជាជីវៈពិសេសមួយទៀតក្នុងវិស័យសេដ្ឋកិច្ច ច្បាប់ ការអប់រំ សាសនា ការថែរក្សាវប្បធម៌ និងការទូត ហើយលោកជាដៃគូយូរអង្វែងជាមួយស្ថានទូតសហរដ្ឋអាមេរិក ស្ដីពីការអភិរក្សវប្បធម៌ក្នុងនាមលោកជាប្រធានអាជ្ញាធរអប្សរា។ ដូចគ្នានេះដែរ លោកបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ឬហៅថាតុលាការខ្មែរក្រហម ដែលលោក សុខ អាន ជាប្រធានក្រុមការងារដើម្បីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។
រីឯប្រធានកម្មវិធីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋាន នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ ក៏ចូលរួមរំលែកទុក្ខចំពោះការបាត់បង់លោក សុខ អាន ដែរ ក៏ប៉ុន្តែលោកបញ្ជាក់ថា ក្រោយពីលោក សុខ អាន ទទួលមរណភាពនេះទៅ លោកចង់ឃើញរដ្ឋាភិបាលធ្វើកំណែទម្រង់ និងបែងចែកតួនាទីលោក សុខ អាន ដែលបានកាន់កាប់នៅស្ថាប័នជាតិសំខាន់ៗមួយចំនួនជាង ២០តួនាទីនោះ ឲ្យក្មេងៗជំនាន់ក្រោយដឹកនាំវិញម្ដង ដែលមិនឲ្យមនុស្សតែម្នាក់ក្ដោបក្ដាប់៖ «»។
លោក សុខ អាន ក្រៅពីជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីនោះ លោកមានតួនាទីជាច្រើនទៀតដែលមានមិនក្រោម ២០ នោះទេ គឺលោកជាប្រធានក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភា ប្រធានអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិប្រេងកាត ប្រធានក្រុមការងារដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម ប្រធានក្រុមប្រឹក្សាភិបាលទទួលស្គាល់គុណភាពអប់រំកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលកំណែទម្រង់រដ្ឋបាល ប្រធានគណៈកម្មាធិការជាតិភាសាខ្មែរ និងតួនាទីជាច្រើនទៀត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការបាត់បង់លោក សុខ អាន នៅពេលនេះ គឺរដ្ឋាភិបាលបានតែងតាំងលោក ប៊ិន ឈិន មកជំនួសលោក សុខ អាន វិញភ្លាមៗ គឺរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកគណៈរដ្ឋមន្ត្រី គ្មានអ្វីរាំងស្ទះក្នុងការដឹកនាំរដ្ឋាភិបាលទេ។ ចំពោះតួនាទីផ្សេងទៀត លោកមិនទាន់ដឹងថា តើរដ្ឋាភិបាលនឹងដាក់អ្នកណាជំនួសនោះឡើយ៖ «»។
ប្រធានគណបក្សខ្មែររួបរួមជាតិ លោកបណ្ឌិត ហ៊ាង ឫទ្ធី ក៏សម្ដែងការសោកស្ដាយចំពោះការបាត់បង់ក្បាលម៉ាស៊ីនដឹកនាំគណបក្សកាន់អំណាចនៅពេលនេះដែរ។ លោកបញ្ជាក់ថា ការបាត់បង់លោក សុខ អាន គឺនឹងធ្វើឲ្យប៉ះពាល់ដល់ការដឹកនាំគណបក្សប្រជាជនកម្ពុជា ឬធ្វើឲ្យគណបក្សនេះចុះខ្សោយក៏ថាបាន៖ «»។
ចំពោះលោក សុខ អាន មានមុខងារច្រើននៅក្នុងស្ថាប័នជាតិវិញ លោកបណ្ឌិត ហ៊ាង ឫទ្ធី បញ្ជាក់ថា ជាការអនុវត្តផ្ទុយពីរបបប្រកាន់លទ្ធិប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា ប្រទេសនៅលើពិភពលោក គ្មានប្រទេសណាដែលមានមនុស្សតែម្នាក់ច្បាមតួនាទីលើសលប់ដូច្នេះទេ៖ «»។
លោក សុខ អាន មិនត្រឹមតែជាមនុស្សដែលមានឥទ្ធិពលនៅក្នុងគណបក្សប្រជាជនកម្ពុជា និងនៅក្នុងជួររដ្ឋាភិបាលប៉ុណ្ណោះទេ លោកក៏ត្រូវបានគេស្គាល់ជាអន្តរជាតិដែរ ក្នុងការបំពេញការងាររបស់លោកជាង ២០ឆ្នាំមកនេះ។ លោកបានរួមចំណែកក្នុងការស្វែងរកដំណោះស្រាយរួមនៃជម្លោះកម្ពុជា គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងបញ្ហាមួយចំនួនទៀត៕