Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អធិការ​រង​និង​អភិបាល​ស្រុក​កណ្ដៀង​រង​ការ​ចោទ​ថា​គំរាម​សកម្មជន​បក្ស​ប្រឆាំង

$
0
0

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​ឃុំ​រាំងទិល ចោទ​អធិការ​រង និង​អភិបាល​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ ថា​បាន​យាយី​ធ្វើ​បាប និង​គំរាម​ឲ្យ​ដក​ខ្លួន​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ចំណែក​អធិការ​រង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដៀង បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

បេក្ខជន​ឈរ​ឈ្មោះ​នៅ​លេខ​រៀង​ទី​១ និង​ទី​៣ សម្រាប់​ការ​ប្រកួត​ប្រជែង​យក​តំណែង​មេ​ឃុំ ឬ​ជំទប់​ឃុំ​រាំងទិល ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​គាប​សង្កត់​ពួក​គេ​តាម​រូបភាព​ផ្សេងៗ ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ ដែល​ពួក​គេ​ចេញ​មុខ​គាំទ្រ​គណបក្ស​ប្រឆាំង។ ជាក់ស្ដែង​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០១៧ នេះ អធិការ​រង​ស្រុក​ម្នាក់​ឈ្មោះ ចិន អៀត ព្រមាន​កម្ទេច​ឧបករណ៍​នេសាទ។

បេក្ខជន​ឈរ​ឈ្មោះ​នៅ​លេខ​រៀង​ទី​៣ គឺ​លោក ពេញ សុភី មាន​ប្រសាសន៍​ថា ក្រោយ​ការ​ព្រមាន​របស់​លោក អៀត ដែល​ជា​អធិការ​រង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដៀង ពីរ​បី​ថ្ងៃ ស្រាប់​តែ​អភិបាល​ស្រុក លោក ផាយ ឡេង ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​បំផ្លាញ​ឧបករណ៍​នេសាទ​របស់​លោក​ប្រភេទ​បរ​តែ​មួយ​គត់ ចំណែក​ឧបករណ៍​ល្មើស​ជាច្រើន​នៅ​ក្បែរៗ​នោះ​ដែរ អាជ្ញាធរ​មិន​បាន​បំផ្លាញ​ទេ«បើ​ធ្វើ​សម្រាប់​ទូទៅ អា​ហ្នឹង​វា​អត់​មាន​បញ្ហា​អី​ទេ! អ្នក​ផ្សេង​អត់​អី ដល់​អី អី​តែ​យើង។ យើង​គិត​ថា​របរ​ហ្នឹង​ខុស​ច្បាប់​មែន ប៉ុន្តែ​បើ​គាត់​បង្ក្រាប​ទូទៅ អត់​គិត​ថា​អ្នក​នេះ​គណបក្ស​នេះ អ្នក​នេះ​គណបក្ស​នោះ អា​ហ្នឹង​យើង​អត់​សូវ​ឈឺ​ចាប់​ទេ តែ​សម្រាប់​គ្នា​គាត់​ដូចជា​អត់​មាន​បញ្ហា​អី​ទេ មាន​បញ្ហា​តែ​យើង​រហូត។ ទើប​ដែល​ខ្ញុំ​ចូល​គណបក្ស​នេះ​ទេ ដែល​មាន​បញ្ហា​រហូត ពី​មុន​មក​អត់​មាន​អី​ទេ»

អ្នក​ភូមិ​នៃ​ឃុំ​រាំងទិល ស្រុក​កណ្ដៀង ភាគច្រើន​រស់នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប និង​ប្រកប​របរ​នេសាទ។

លោក ពេញ សុភី ថា​ពលរដ្ឋ​ស្ទើរ​គ្រប់​គ្នា​បាន​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ដើម្បី​ចាប់​ត្រី តែ​មិន​ដែល​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ ឬ​កម្ទេច​ឧបករណ៍​ទាំងនោះ​ទេ ប៉ុន្តែ​ចំពោះ​រូប​លោក និង​សកម្មជន​បក្ស​ប្រឆាំង​ខ្លះ​ទៀត ត្រូវ​គេ​រឹតត្បិត និង​គំរាម​កំហែង​កម្ទេច​ឧបករណ៍​នេសាទ​ដែល​ជា​ឆ្នាំង​បាយ​ពួក​គេ​ចោល។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​អភិបាល​ស្រុក​កណ្ដៀង លោក ផាយ ឡេង ដើម្បី​សុំ​បំភ្លឺ​តប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា។ ប៉ុន្តែ​អធិការ​រង លោក ចិន អៀត ហ៊ាន​ស្បថ​ថា លោក​មិន​បាន​គំរាម​លោក ពេញ សុភី នោះ​ទេ«ខ្ញុំ​ដូច​អត់​មាន​គំរាម​ណា​ផង​បង! អ្នក​ណា​ទៅ​ហ៊ាន​ដល់​ម្ល៉ឹង។ ពេញ សុភី ខ្ញុំ​ស្គាល់​តើ! មាន​តែ​និយាយ​លេង បើ​ឲ្យ​និយាយ​រឿង​ពាក់ព័ន្ធ​អ៊ីចឹងៗ​ស្បថ​ជូន​ម៉ង អត់​មាន​ទេ ហើយ​ចាំ​ខ្ញុំ​តេ (ទូរស័ព្ទ) សួរ​គាត់។ ខ្ញុំ​ណា​ហ៊ាន​និយាយ​ដល់​ប៉ុណ្ណឹង​នោះ​បង»

ទោះ​ជា​យ៉ាង​ណា បេក្ខភាព​មេ​ឃុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ប៉ាន់ ឆៃឡេង ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់​ពុំ​មាន​តម្លាភាព ដោយ​មាន​ការ​រឹតត្បិត​ខ្លាំង​តែ​ចំពោះ​ពលរដ្ឋ​ណា​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច។ លោកស្រី​ថា ភូមិ-ឃុំ រហូត​ដល់​ស្រុក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​កុំ​មាន​សំឡេង​គណបក្ស​ប្រឆាំង​នៅ​ឃុំ​រាំងទិល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles