Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

រដ្ឋបាល​ក្រុង​ព្រះសីហនុ​ព្រមាន​ដាក់​ពិន័យ​អ្នក​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់

$
0
0

រដ្ឋបាល​ក្រុង​ព្រះសីហនុ ព្រមាន​ដាក់​ពិន័យ​ចំពោះ​អ្នក​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ទី​សាធារណៈ និង​តាម​ឆ្នេរ​សមុទ្រ​ជាដើម។ ករណី​នេះ អាជ្ញាធរ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ ពិសេស​ប្រតិបត្តិករ​ទេសចរ​ទាំងអស់ ត្រូវ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​មូលដ្ឋាន​នេះ​ឲ្យ​បាន​ទាំងអស់​គ្នា ប្រយោជន៍​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ងាក​មក​ចាប់​អារម្មណ៍ និង​ជ្រើស​យក​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​សម្រាប់​ជម្រើស​កម្សាន្ត​របស់​ពួក​គេ ឲ្យ​បាន​ច្រើន​នា​ថ្ងៃ​អនាគត។

អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង ផ្តល់​សម្ភាស​តាម​ទូរស័ព្ទ​ថា បន្ទាប់​ពី​ក្រុម​ការងារ​របស់​សាលា​ក្រុង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​បិទ​ស្ទីកឃ័រ​នៅ​ពី​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​ឯករាជ្យ អំពី​ម៉ោង​បញ្ចេញ​សំរាម​ចេញ​ពី​ផ្ទះ ឬ​ទីកន្លែង​ធ្វើ​អាជីវកម្ម​នានា និង​ម៉ោង​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីនទ្រី (CINTRI) នៅ​តាម​ផ្លូវ​ឯករាជ្យ​រយៈពេល ៣​ថ្ងៃ ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៧ រួច​មក។

លោក​សង្កេត​ឃើញ​ថា ចាប់​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ​មក រដ្ឋបាល​ក្រុង​បាន​តាមដាន​ការ​អនុវត្ត​ម៉ោង​បញ្ចេញ​សំរាម​របស់​ប្រជាពលរដ្ឋ និង​ការ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីនទ្រី ជា​ប្រចាំ ដោយ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិករ​ទេសចរ និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។

កិច្ច​ប្រជុំ​របស់​រដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​កំណត់​ពេល​ម៉ោង​បញ្ចេញ​សំរាម​ពី​ផ្ទះ ឬ​ទីតាំង​ផ្សេងៗ​របស់​ពលរដ្ឋ​នៅ​តាម​ផ្លូវ​ឯករាជ្យ ចាប់​ពី​ម៉ោង ៨​យប់​ដល់​ម៉ោង ៤​ភ្លឺ និង​ម៉ោង​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ចាប់​ពី​ម៉ោង ៤​ភ្លឺ ដល់​ម៉ោង ៧​ព្រឹក។ ការ​កំណត់​ម៉ោង​បញ្ចេញ​សំរាម និង​ប្រមូល​សំរាម​នេះ គឺ​រដ្ឋបាល​ក្រុង​មិន​ចង់​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ ពួក​គេ​មើល​ឃើញ​សំរាម​ត្រូវ​គេ​ដាក់​គរ​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ​ពេល​ថ្ងៃ និង​ប៉ះពាល់​ដល់​សោភ័ណភាព​ក្រុង​ទេសចរណ៍​មួយ​នេះ។

តាម​អនុក្រឹត្យ​លេខ​១១៣ មាត្រា​៤០ ប្រជាពលរដ្ឋ​បញ្ចេញ​សំរាម​ខុស​ម៉ោង​អនុញ្ញាត ត្រូវ​ទទួល​ការ​ពិន័យ​ថវិកា​ចំនួន ២​ម៉ឺន​ដល់ ៤​ម៉ឺន​រៀល ហើយ​ក្នុង​ករណី​ក្រុមហ៊ុន​ស៊ីនទ្រី ប្រមូល​សំរាម​ខុស​ម៉ោង​អនុញ្ញាត ត្រូវ​ទទួល​ពិន័យ​ទ្វេ​ដង។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ ស្នើ​ឲ្យ​គាំទ្រ​សកម្មភាព​របស់​រដ្ឋបាល​ក្រុង​ព្រះសីហនុ ដែល​កំណត់​ពេល​ម៉ោង​បញ្ចេញ​សំរាម និង​ប្រមូល​សំរាម​នៅ​តាម​ផ្លូវ​ឯករាជ្យ ក្នុង​គោលដៅ​ថែរក្សា​បរិស្ថាន​អនាម័យ​ក្រុង​ទេសចរណ៍​មួយ​នេះ​ឲ្យ​មាន​សោភ័ណភាព​ល្អ ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​នា​ថ្ងៃ​អនាគត។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ ស្នើ​ដល់​អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង និង​ផ្នែក​ពាក់ព័ន្ធ ត្រូវ​ពង្រីក​សកម្មភាព​ការងារ​សម្អាត​អនាម័យ​បរិស្ថាន​នៅ​តាម​ទី​សាធារណៈ និង​នៅ​តាម​តំបន់​ឆ្នេរ​ខេត្ត​ទេសចរណ៍​មួយ​នេះ ឲ្យ​បាន​ទូលំទូលាយ​ថែម​ទៀត។ ជាង​នេះ លោក ប៊ួន ណារិទ្ធ ក៏​ស្នើ​ដល់​ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិករ​ទេសចរ ពិសេស​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ត្រូវ​ចូលរួម​វេច​ខ្ចប់​កាក​សំណល់​សល់​ពី​ម្ហូប​អាហារ​ទទួល​ទាន​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ទុក​ដាក់​ឲ្យ​មាន​របៀប​រៀបរយ​ទាំងអស់​គ្នា ដើម្បី​ទីក្រុង​ស្អាត និង​មាន​សោភ័ណភាព​ល្អ គឺ​ត្រូវ​ចាប់​ផ្តើម​ពី​ខ្លួន​យើង​ម្នាក់ៗ៖ «ខ្ញុំ​គាំទ្រ​គោលការណ៍​របស់​រដ្ឋបាល​ក្រុង​ព្រះសីហនុ ព្រោះ​បាន​កំណត់​ឲ្យ​ប្រជាជន​យើង​ចេះ​ទុក​ដាក់​សំរាម ដើម្បី​ឲ្យ​ទីក្រុង​យើង​មាន​សោភ័ណភាព ត្រឹមត្រូវ និង​មាន​ពេលវេលា​កំណត់​នៃ​ការ​បញ្ចេញ​សំរាម និង​ប្រមូល​សំរាម​មាន​ពេលវេលា​ជាក់លាក់។ ជៀសវាង​ទុក​សំរាម​ចោល​រប៉ាត់រប៉ាយ​នៅ​តាម​ផ្លូវ​សាធារណៈ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ យើង​នេះ»

ត្រង់​ចំណុច​នេះ អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង ក៏​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ឯករាជ្យ ត្រូវ​ចូលរួម​អនុវត្ត​តាម​ម៉ោង​កំណត់​ឲ្យ​បញ្ចេញ​សំរាម​នេះ​ឲ្យ​បាន​ទាំងអស់​គ្នា គឺ​ក្នុង​គោល​បំណង​រួម​គ្នា​សម្អាត​អនាម័យ​ទីក្រុង​ស្អាត និង​មាន​បរិស្ថាន​ល្អ។

ចំណែក​ផ្លូវ​ផ្សេងៗ​ទៀត មាន​ផ្លូវ​ជាប់​តំបន់​ឆ្នេរ​សមុទ្រ ឬ​ផ្លូវ​នៅ​តាម​ទីប្រជុំជន ឬ​ផ្លូវ​ជាប់​ទីផ្សារ​ធំៗ ជាដើម លោក អ៊ី សុខឡេង បញ្ជាក់​ថា រដ្ឋបាល​ក្រុង​ព្រះសីហនុ នឹង​បន្ត​ពិភាក្សា​កំណត់​ពេល​ម៉ោង​បញ្ចេញ​សំរាម និង​ប្រមូល​សំរាម​នេះ​ឲ្យ​បាន​ច្រើន​ផ្លូវ​ថែម​ទៀត​នា​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles