Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

កុមារ​កំព្រា​អំពាវនាវ​ឲ្យ​សាធារណជន​ជួយ​សម្អាត​ឆ្នេរ​សមុទ្រ

$
0
0

កុមារ​កំព្រា​ទុរគត​មក​ពី​ខេត្ត​កំពង់ស្ពឺ ផ្ញើ​សារ​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ ឲ្យ​ចូលរួម​សម្អាត​អនាម័យ​តាម​ទី​សាធារណៈ ពិសេស​តំបន់​ឆ្នេរសមុទ្រ​ឲ្យ​បាន​ល្អ ដោយ​ត្រូវ​វេច​ខ្ចប់ និង​ត្រូវ​ទុក​ដាក់​កាកសំណល់​គ្រប់​ប្រភេទ​ឲ្យ​បាន​ត្រឹមត្រូវ។

​សារ​អំពាវនាវ​ឲ្យ​សាធារណជន​ចូលរួម​សំអាត​អនាម័យ​របស់​ក្រុម​កុមារ​កំព្រា​ពេល​នេះ នៅ​គ្រា​ពួកគេ​ទទួល​បាន​ការ​ផ្ដល់​ជូន​ដំណើរ​កម្សាន្ត​មនុស្ស​ធម៌​ពី​ប្រតិបត្តិករ​ទេសចរណ៍​មក​ទស្សនា​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង ខេត្ត​ព្រះសីហនុ រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា។

លោកគ្រូ អ្នកគ្រូ និង​កុមារ​ទុរគត​ជិត ១០០​នាក់ មក​ពី​មណ្ឌល​កុមារ​កំព្រា​ក្នុង​ក្តី​សង្ឃឹម​ថ្មី ខេត្ត​កំពង់ស្ពឺ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​ឋានសួគ៌​ឆ្នេរ ភ្លោះ​កោះរ៉ុង ក្នុង​ដំណើរ​កម្សាន្ត​មនុស្ស​ធម៌​គាំទ្រ​ដោយ​ស្ថាបនិក​អភិវឌ្ឍ​ឆ្នេរ​កម្សាន្ត​ថ្មី​នេះ បង្ហាញ​ចំណាប់​អារម្មណ៍​អំពី​ការ​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​ឲ្យ​មាន​សោភណភាព​យូរអង្វែង។

យុវតី សយ យ៉ាដា មក​ពី​មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ស្ពឺ ផ្ដល់​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែ​មីនា ក្នុង​ឱកាស​ដើរ​រើស​សំរាម​នៅ​តាម​ឆ្នេរ​កោះ​ឋានសួគ៌ ដោយ​ស្នើ​ឲ្យ​សាធារណជន​ទូទៅ ពិសេស​ភ្ញៀវ​ទេសចរ ត្រូវ​ចូលរួម​សំអាត​​ឆ្នេរ​ឲ្យ​បាន​ទាំង​អស់​គ្នា។

យុវតី​រូប​នេះ​ស្នើ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ដែល​ចូល​មក​ទស្សនា​នៅ​តាម​តំបន់​ឆ្នេរសមុទ្រ​នានា នា​ខេត្ត​ព្រះសីហនុ ត្រូវ​ចូល​រួម​វេច​ខ្ចប់​កាកសំណល់​សល់​ឲ្យ​បាន​ត្រឹមត្រូវ និង​ទុក​ដាក់​ឲ្យ​មាន​របៀបរៀបរយ ដើម្បី​ឲ្យ​ឆ្នេរសមុទ្រ​កម្ពុជា មាន​អនាម័យ និង​សោភណភាព​ល្អ​រហូត៖ «ខ្ញុំ​យល់​ថា ការ​រើស​សំរាម​នេះ បើសិនជា​យើង​សំអាត​បរិស្ថាន​ឆ្នេរ​ឲ្យ​មាន​​ស្អាត គឺ​វា​ធ្វើ​ឲ្យ​បង្កើន​សោភណភាព​ឆ្នេរ និង​ធ្វើ​ឲ្យ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​តំបន់​ឆ្នេរ​នេះ បើសិនជា​ឃើញ​បរិស្ថាន​ស្អាត ពិត​ជា​ចង់​មក​ទស្សនា​ជា​ថ្មី​ម្ដង​ទៀត។ ប៉ុន្តែ​បើសិនជា​មក​ទស្សនា​តំបន់​ឆ្នេរ​ឃើញ​មាន​តែ​សំរាម និង​កាកសំណល់​ផ្សេងៗ​នៅ​តាម​ឆ្នេរ នឹង​ធ្វើ​ឲ្យ​អារម្មណ៍​មិន​ស្រស់ស្រាយ​ទេ ព្រោះ​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​តាម​ឆ្នេរ​នានា គឺ​ចង់​បាន​ឲ្យ​អារម្មណ៍ ឬ​ចិត្ត​របស់​ពួកគេ​ជ្រះ​ថ្លា»

​ចំណែក​យុវជន វ៉ាន់ ស៊ុយ មក​ពី​មណ្ឌល​កុមារ​កំព្រា ខេត្ត​កំពង់ស្ពឺ ម្នាក់​ទៀត ក៏​ចាប់​អារម្មណ៍​ទៅ​លើ​ការងារ​សំអាត​បរិស្ថាន​ឆ្នេរ​នេះ​ដែរ។ យុវជន​រូប​នេះ ទទូច​ដល់​ប្រតិបត្តិករ​ទេសចរណ៍ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ត្រូវ​ចូល​រួម​ថែរក្សា​អនាម័យ​ឆ្នេរ​សមុទ្រ​ទាំង​អស់​គ្នា និង​ត្រូវ​លះបង់​ទម្លាប់​បោះ​ចោល​កាកសំណល់​គ្មាន​របៀបរៀបរយ​នៅ​តាម​ទី​សាធារណៈ និង​តាម​ឆ្នេរសមុទ្រ​តទៅ​ទៀត៖ «បើសិនជា​បរិស្ថាន​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​កាន់​តែ​មាន​អនាម័យ​ស្រស់​ស្អាត គឺ​អាច​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ។ ជាង​នេះ​ទៀត ក៏​អាច​ធ្វើ​ឲ្យ​សង្គម​ជាតិ​យើង​អាច​ផ្លាស់ប្ដូរ»

ទៀ វិចិត្រ ក្មេង​កំព្រា ៨៥៥
លោក ទៀ វិចិត្រ ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ក្រុម​កុមារ​កំព្រា​នៅ​មណ្ឌល​កុមារ​កំព្រា​ក្នុង​ក្ដី​សង្ឃឹម​ថ្មី នៅ​ឆ្នេរ​កោះ នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Den Ayuthyea RFA/Den Ayuthyea

ស្ថាបនិក​បង្កើត​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះរ៉ុង និង​ជា​ប្រធាន​ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីតបូត (G.T.V.C, Speed Boat) លោក ទៀ វិចិត្រ បាន​កោត​សរសើរ​ស្មារតី​ក្មេងៗ មកពី​មណ្ឌល​កុមារ​កំព្រា ក្នុង​ក្ដី​សង្ឃឹម​ថ្មី​ដែល​បង្ហាញ​ទឹក​ចិត្ត​ចង់​ចូលរួម​ថែរក្សា​បរិស្ថាន​ឆ្នេរ​ឲ្យ​មាន​អនាម័យ​ល្អ។ លោក​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​កុមារ​កំព្រា​ទាំង​នោះ​បាន​ចេញ​ធ្វើ​សកម្មភាព​ដើរ​រើស​សំរាម​នៅ​តាម​ឆ្នេរ​កោះ​ឋានសួគ៌ និង​ផ្ញើ​សារ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ពិសេស​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ត្រូវ​ចូលរួម​សំអាត​បរិស្ថាន​ឆ្នេរ​ឲ្យ​បាន​ល្អ​ទាំង​អស់​គ្នា។

លោក ទៀ វិចិត្រ ដែល​ជា​អ្នក​ឧបត្ថម្ភ​ដំណើរ​កម្សាន្ត​មនុស្ស​ធម៌​ជូន​កុមារ​ទុរគត និង​បុគ្គលិក​មក​ពី​មណ្ឌល​កុមារ​កំព្រា​ក្នុង​ក្ដី​សង្ឃឹម​ថ្មី  មាន​ចំនួន​ជិត ១០០​នាក់ ផ្ដល់​សម្ភាសន៍​ថា ការ​ផ្ដល់​ដំណើរ​កម្សាន្ត​មនុស្ស​ធម៌​ជូន​កុមារ​កំព្រា​ឲ្យ​មក​ទស្សនា​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង ក្នុង​ឱកាស​នេះ ក៏​ចង់​បណ្ដុះ​គំនិត​ដល់​ក្រុម​យុវជន ឬ​កុមារ​តូចៗ ឲ្យ​ពួកគេ​មាន​គំនិត​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​ឲ្យ​បាន​ល្អ​នៅ​ថ្ងៃ​អនាគត ប៉ុន្តែ​លោក​មាន​ការ​ភ្ញាក់ផ្អើល ព្រោះ​កុមារ​ភាគ​ច្រើន​ពួកគេ​បាន​យល់​ដឹង​អំពី​ការងារ​ថែរក្សា​បរិស្ថាន​អនាម័យ​ឆ្នេរ​ស្ទើរ​គ្រប់ៗ​អស់​ទៅ​ហើយ។

លោក​បន្ត​ថា ការ​ផ្ដល់​ដំណើរ​កម្សាន្ត​មនុស្ស​ធម៌​ជូន​កុមារ​កំព្រា​ពេល​នេះ ក៏​មាន​កម្មវិធី​ពន្លែង​កូន​ត្រី​ស្ពង់ និង​កូន​ក្ដាមសេះ​ជាង ២​ម៉ឺន​កូន ចូល​ទៅ​ក្នុង​ដៃ​ព្រែក​ធម្មជាតិ​នៃ​ឆ្នេរ​កោះ​ឋានសួគ៌​ដែរ។ ជាង​នេះ​ទៀត បុគ្គលិក​ក្រុមហ៊ុន ជី.ធី.វី.ស៊ី ក៏​បាន​បង្កើត​ឲ្យ​កម្មវិធី​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ការ​ប្រគំ​តន្ត្រី​សម័យ​កម្សាន្ត​ជូន​ភ្ញៀវទេសចរ ផ្ដល់​ការ​កម្សាន្ត​ជូន​កុមារ និង​ឲ្យ​កុមារ​ឆ្លើយ​សំណួរ​ទាក់ទង​ការងារ​សំអាត​បរិស្ថាន​ឆ្នេរ ដើម្បី​ផ្ដល់​រង្វាន់​អនុស្សាវរីយ៍​ជា​សម្ភារៈ​សិក្សា និង​ថវិកា​ជូន​កុមារ​ថែម​ទៀត។

ស្ថាបនិក​អភិវឌ្ឍ​កោះ​ឋានសួគ៌ លោក ទៀ វិចិត្រ នៅ​ចំពោះ​មុខ​កុមារ​មក​ពី​មណ្ឌល​កុមារ​កំព្រា បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ខំ​ថែរក្សា​បរិស្ថាន​ឆ្នេរ ថែរក្សា​ព្រៃ​កោងកាង មច្ឆា​សមុទ្រ ផ្កាថ្ម ព្រៃឈើ ឲ្យ​បាន​គង់វង្ស​តាម​បែប​ធម្មជាតិ និង​ថែរក្សា​អនាម័យ​ឆ្នេរ​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង ដែល​ទើប​បង្កើត​ថ្មី​នេះ​ឲ្យ​មាន​សោភណភាព​ល្អ​រហូត​ថ្ងៃ​អនាគត៖ «ខ្ញុំ​សូម​ផ្ដាំផ្ញើ​ទៅ​បងៗ​ជា​ភ្ញៀវ​ទេសចរ​ទាំង​អស់​ដែល​តែង​តែ​គាំទ្រ និង​ចូល​ចិត្ត​ដើរ​កម្សាន្ត​នៅ​តាម​កោះ​ ដោយ​សូម​ផ្តាំ​ថា នៅ​កោះ​ឋានសួគ៌​នេះ គឺ​ជា​ឆ្នេរ​ទើប​បង្កើត​ថ្មី ឬ​ជា​កោះ​ទើប​អភិវឌ្ឍ​ថ្មី ដែល​រូប​ខ្ញុំ​ជា​ស្ថាបនិក​ក៏​ទើប​ចាប់​ផ្ដើម​ស្ថាបនា​ថ្មីៗ​នេះ​ដែរ។ កោះ​ឋានសួគ៌​នេះ ខ្ញុំ​មាន​គំនិត​ថា នឹង​អភិវឌ្ឍ​ប្រែក្លាយ​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះរ៉ុង​នេះ ឲ្យ​ក្លាយ​ជា​ទីកន្លែង​កម្សាន្ត​ដ៏​អស្ចារ្យ គឺ​ថែរក្សា​ឆ្នេរ​ឲ្យ​មាន​អនាម័យ​ស្រស់​ស្អាត​ជា​ប្រចាំ និង​ថែរក្សា​ដាំ​ដើម​កោងកាង ពន្លែង​មច្ឆា​សមុទ្រ ចូល​ទៅ​ក្នុង​ព្រែក​ឲ្យ​បាន​ច្រើន​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​អនាគត។ ជាង​នេះ យើង​ក៏​ព្យាយាម​ប្ដេជ្ញា​ចិត្ត​ថែរក្សា​បរិស្ថាន​ធម្មជាតិ ដែល​មាន​នៅ​កោះ​ឋានសួគ៌ ឲ្យ​បាន​ល្អ​មួយ​រយ​ភាគរយ»

​នាយិកា​មណ្ឌល​កុមារ​កំព្រា ក្នុង​ក្ដី​សង្ឃឹម​ថ្មី អ្នកស្រី លី ទីវន្នី  ដែល​ចូលរួម​ជាមួយ​កុមារ​ដើរ​រើស​សំរាម​អណ្ដែត​តាម​រលក​សមុទ្រ មក​ទើរ​នៅ​តាម​ឆ្នេរ​កោះ​ឋានសួគ៌ កាល​ពី​ថ្ងៃ​ពុធ ទី​១៥ ខែ​មីនា។ អ្នកស្រី​ក៏​ភ្ញាក់​ផ្អើល​ចំពោះ​គំនិត​រួម​គ្នា​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​សម្រាប់​ទាំង​អស់​គ្នា​របស់​កុមារ​កំព្រា​ទុរគត​ទាំង​នេះ​ដែរ។

អ្នកស្រី ទីវន្នី អំពាវនាវ​ដល់​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី​នៅ​ទូទាំង​ប្រទេស ត្រូវ​ចូលរួម​សំអាត​អនាម័យ​នៅ​តាម​ទី​សាធារណៈ និង​ឆ្នេរ​សមុទ្រ​ជាដើម ឲ្យ​បាន​ស្រុះ​គ្នា​ដើម្បី​សុខភាព​តាម​ក្រុម​គ្រួសារ​នីមួយៗ និង​ជាពិសេស​ចូលរួម​លើក​ស្ទួយ​កិត្តិយស​ប្រទេស​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ។

ថ្លែង​ទាំង​អួល​ដើម​ក និង​លើក​ដៃ​សំពះ​ផង នាយិកា​មណ្ឌល​កុមារ​កំព្រា  អ្នកស្រី លី ទីវន្នី ក៏​ស្នើ​ឱកាស​នេះ ថ្លែង​អំណរគុណ​ចំពោះ​ទឹក​ចិត្ត​សប្បុរស​របស់​ស្ថាបនិក​អភិវឌ្ឍ​កោះ​ឋានសួគ៌ និង​ជា​ប្រធាន​ក្រុមហ៊ុន ជី.ធី.វី.ស៊ី ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ​ដែល​បាន​ផ្ដល់​ឱកាស​កម្សាន្ត​ជូន​កុមារ​កំព្រា​ខ្វះ​ទី​ពឹង​ក្នុង​ដំណើរ​កម្សាន្ត​មក​ឆ្នេរ​កោះ​ឋានសួគ៌ នៃ​សង្កាត់​កោះរ៉ុង រយៈពេល ២​ថ្ងៃ។

អ្នកស្រី​បង្ហាញ​អារម្មណ៍​ពិត​ថា រូប​អ្នកស្រី​ក៏​ដូចជា​លោកគ្រូ អ្នកគ្រូ និង​កុមារ​កំព្រា​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ក្នុង​ក្តី​សង្ឃឹម​ថ្មី​ខេត្ត​កំពង់ស្ពឺ ទាំង​អស់​មិន​នឹក​ស្មាន​ថា អាច​មាន​ឱកាស​កម្សាន្ត​ដ៏​អស្ចារ្យ​មួយ​នេះ​សម្រាប់​ជីវិត​ពួកគេ​នោះ​ទេ៖ «ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ក្នុង​ចិត្ត​ពន់ពេក មិន​ដឹង​ជា​ទៅ​រក​ពាក្យ​អ្វី​មក​និយាយ​រ៉ាប់រាយ​ពី​ទឹក​ចិត្ត​សប្បាយ​រីករាយ ដែល​បាន​ចូល​មក​ទស្សនា​ផ្ទាល់​ដល់​ឆ្នេរ​កោះ​ឋានសួគ៌​នេះ​ទេ គឺ​មាន​តែ​ការ​ថ្លែង​អំណរគុណ​ដល់​លោក​ឧកញ៉ា ទៀត វិចិត្រ ដែល​បើក​ចិត្ត​ទូលាយ​ទទួល​ពួក​យើង​ខ្ញុំ​មក​ពី​មណ្ឌល​កុមារ​កំព្រា​បាន​ចូល​មក​ទស្សនា ខេត្ត​កោះ​ឋានសួគ៌​ទាំង​អស់​គ្នា​នៅ​ពេល​នេះ។ ជាង​នេះ ខ្ញុំ​ក៏​អរគុណ​ដល់​ក្រុម​ការងារ​របស់​ក្រុមហ៊ុន​អូប័រ ឬ​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​របស់​ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីតបូត ទាំង​អស់ ដែល​ជួយ​ការពារ​មើល​ការងារ​ខុស​ត្រូវ​ក្មេងៗ​កំព្រា​តូច​ទាំង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត»

ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះសីហនុ លោក សាមុត សុធារិទ្ធ បាន​អំពាវនាវ​ជា​បន្តបន្ទាប់​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ពិសេស​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ឲ្យ​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​បាន​ទាំង​អស់​គ្នា។ លោក​ថា អនាម័យ​បរិស្ថាន​ស្អាត និង​ឆ្នេរ​មាន​សោភណភាព​ល្អ ត្រូវ​ចាប់​ផ្ដើម​ពី​យើង​ទាំង​អស់​គ្នា។

ទាក់ទិន​ការ​សំអាត​អនាម័យ​នេះ​ដែរ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៧ បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ ចំនួន ៦​រូប បាន​ធ្វើ​ដំណើរ​មក​ទស្សនា​ខេត្ត​ព្រះសីហនុ និង​បាន​ដើរ​រើស​សំរាម​នៅ​តាម​ឆ្នេរ​ឯករាជ្យ​ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ដល់​សាធារណជន​ឲ្យ​ចូលរួម​ថែរក្សា​សំអាត​អនាម័យ​បរិស្ថាន​នៅ​តាម​ទី​សាធារណៈ និង​តាម​តំបន់​ឆ្នេរ​សមុទ្រ​ឲ្យ​បាន​ទាំង​អស់​គ្នា។

កំពូលស្រី​ស្អាត​លំដាប់​ពិភពលោក​ទាំង ៦​នាក់ បាន​យក​ឱកាស​នោះ អំពាវនាវ​ដល់​យុវជន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ពិសេស​ប្រតិបត្តិករ​ទេសចរ និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ត្រូវ​ចូល​រួម​សហការ​សម្អាត​អនាម័យ​បរិស្ថាន​ឆ្នេរ​ឲ្យ​បាន​ស្អាត​ដើម្បី​ថែរក្សា​សុខភាព និង​លើក​កិត្តិយស​ប្រទេស​កម្ពុជា ក៏​ដូចជា​លើក​កិត្តិយស​ខេត្ត​ព្រះសីហនុ។

ថ្លែង​នៅ​ចំពោះ​មុខ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ក្រុម​អ្នក​សារព័ត៌មាន​នៅ​សាល​ប្រជុំ​របស់​សាលា​វិទ្យាល័យ​ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ ទាំង ៦​រូប បាន​អំពាវនាវ​ដល់​ក្រុម​យុវជន ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ត្រូវ​រួមគ្នា​សម្អាត​បរិស្ថាន​ឲ្យ​មាន​អនាម័យ ទោះ​នៅ​តាម​ផ្ទះ តាម​ទីប្រជុំជន​នានា តាម​ផ្លូវ​សាធារណៈ និង​នៅ​តាម​តំបន់​ឆ្នេរ​ជាដើម​ឲ្យ​បាន​ទាំង​អស់​គ្នា និង​គ្រប់​ពេល​វេលា។

ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥) មាន​ខ្សាច់​ស​ស្អាត ទឹក​សមុទ្រ​ថ្លា​ឆ្លុះ ឆ្នេរ​រាក់ ទឹក​ធ្លាក់ មច្ឆា​សមុទ្រ ផ្កាថ្ម ឧទ្យានជាតិ និង​មាន​កោះ​ចំនួន ៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់​ស្អាត ជា​សក្ដានុពល​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles